ម៉ាថាយ 21:23-46

ម៉ាថាយ 21:23-46 គកស១៦

កាល​ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​របស់​ប្រជា‌ជន នាំ​គ្នា​ចូល​មក​រក​ព្រះ‌អង្គ​ពេល​ទ្រង់​កំពុង​បង្រៀន ហើយ​សួរ​ថា៖ «តើ​លោក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី ហើយ​អ្នក​ណា​ប្រគល់​អំណាច​នេះ​ឲ្យ​លោក?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​ក៏​នឹង​សួរ​អស់​លោក​មួយ​សំណួរ​ដែរ បើ​អស់​លោក​ឆ្លើយ​ប្រាប់​ខ្ញុំ នោះ​ខ្ញុំ​ក៏​នឹង​ប្រាប់​អស់​លោក​វិញ​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី។ តើ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន​មក​ពី​ណា? មក​ពី​ស្ថាន‌សួគ៌ ឬ​មក​ពី​មនុស្ស?» គេ​ក៏​រិះ​គិត​គ្នា​ថា៖ «បើ​យើង​ថា "មក​ពី​ស្ថាន‌សួគ៌" គាត់​នឹង​សួរ​យើង​ថា "ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ?" តែ​បើ​យើង​ថា "មក​ពី​មនុស្ស" យើង​ខ្លាច​បណ្ដា‌ជន ដ្បិត​គេ​ទាំង​អស់​គ្នា​ចាត់​ទុក​យ៉ូហាន​ជា​ហោរា»។ ដូច្នេះ គេ​ទូល​ឆ្លើយ​ទៅ​ព្រះ‌យេស៊ូវ​ថា៖ «យើង​មិន​ដឹង​ទេ» ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី​ដែរ»។ «តើ​អ្នក​រាល់​គ្នា​យល់​យ៉ាង​ណា? បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ គាត់​ចូល​ទៅ​ប្រាប់​កូន​ទី​មួយ​ថា "កូន​អើយ ថ្ងៃ​នេះ ចូរ​កូន​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​ទំពាំង​បាយ​ជូរ​ទៅ!" កូន​នោះ​តប​ថា៖ "ខ្ញុំ​មិន​ទៅ​ទេ" ប៉ុន្តែ ក្រោយ​មក កូន​នោះ​ដូរ​គំនិត ហើយ​ក៏​ទៅ។ បន្ទាប់​មក ឪពុក​ចូល​ទៅ​ប្រាប់​កូន​ទី​ពីរ​ដូច​គ្នា កូន​នោះ​តប​ថា "ខ្ញុំ​ទៅ លោក​ឪពុក" តែ​មិន​បាន​ទៅ​ទេ។ ក្នុង​ចំណោម​កូន​ទាំង​ពីរ តើ​កូន​ណា​មួយ​បាន​ធ្វើ​តាម​បំណង​របស់​ឪពុក?» គេ​ឆ្លើយ​ថា៖ «កូន​ច្បង»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពួក​អ្នក​ទារ​ពន្ធ និង​ពួក​ស្ត្រី​ពេស្យា​នឹង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​មុន​អ្នក​រាល់​គ្នា ដ្បិត​លោក​យ៉ូហាន​បាន​មក​រក​អ្នក​រាល់​គ្នា​ក្នុង​ផ្លូវ​សុចរិត តែ​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​លោក​ទេ រីឯ​ពួក​អ្នក​ទារ​ពន្ធ និង​ពួក​ស្ត្រី​ពេស្យា​បាន​ជឿ​លោក ទោះ​ជា​អ្នក​រាល់​គ្នា​បាន​ឃើញ ក៏​អ្នក​រាល់​គ្នា​នៅ​តែ​មិន​បាន​ដូរ​គំនិត ហើយ​ជឿ​លោក​ដែរ»។ «ចូរ​ស្តាប់​រឿង​ប្រៀប​ធៀប​មួយ​ទៀត មាន​បុរស​ម្នាក់​ជា​ម្ចាស់​ចម្ការ បាន​ធ្វើ​ចម្ការ​ទំពាំង​បាយ​ជូរ​មួយ គាត់​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ ជីក​កន្លែង​បញ្ជាន់​ផ្លែ​ក្នុង​ចម្ការ ហើយ​សង់​ប៉ម​មួយ។ បន្ទាប់​មក គាត់​ប្រវាស់​ចម្ការ​នោះ​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចម្ការ ហើយ​ក៏​ចេញ​ទៅ​ស្រុក​មួយ​ផ្សេង​ទៀត។ លុះ​រដូវ​ប្រមូល​ផល​មក​ដល់ គាត់​ក៏​ចាត់​ពួក​អ្នក​បម្រើ​របស់​ខ្លួន​ឲ្យ​ទៅ​ជួប​ពួក​អ្នក​ធ្វើ​ចម្ការ ដើម្បី​ទទួល​យក​ផល​ដែល​ជា​ចំណែក​របស់​គាត់។ ប៉ុន្តែ ពួក​អ្នក​ធ្វើ​ចម្ការ​បាន​ចាប់​ពួក​អ្នក​បម្រើ​របស់​គាត់ គេ​វាយ​ម្នាក់ សម្លាប់​ម្នាក់ ហើយ​ម្នាក់​ទៀត​ចោល​នឹង​ថ្ម។ បន្ទាប់​មក គាត់​ក៏​ចាត់​អ្នក​បម្រើ​ផ្សេង​ទៀត​ច្រើន​ជាង​មុន​ឲ្យ​ទៅ តែ​គេ​ប្រព្រឹត្ត​នឹង​អ្នក​ទាំង​នោះ​ដូច​គ្នា។ នៅ​ទី​បំផុត គាត់​ចាត់​កូន​ប្រុស​របស់​គាត់​ឲ្យ​ទៅ​ជួប​ពួក​គេ ដោយ​គិត​ថា "គេ​មុខ​ជា​គោរព​កូន​ប្រុស​របស់​ខ្ញុំ​មិន​ខាន" ប៉ុន្តែ ពេល​ពួក​អ្នក​ចម្ការ​បាន​ឃើញ​កូន​ប្រុស​នោះ គេ​ពិគ្រោះ​គ្នា​ថា "នេះ​ជា​កូន​គ្រង​មត៌ក​ហើយ មក​យើង​សម្លាប់​វា​ចោល ហើយ​យក​មត៌ក​របស់​វា!" គេ​ក៏​ចាប់​កូន​នោះ បោះ​ទៅ​ខាង​ក្រៅ​ចម្ការ ហើយ​សម្លាប់​ចោល។ ដូច្នេះ ពេល​ម្ចាស់​ចម្ការ​មក​ដល់ តើ​គាត់​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ធ្វើ​ចម្ការ​ទាំង​នោះ?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «គាត់​នឹង​សម្លាប់​ជន​ពាល​ទាំង​នោះ​ឥត​ត្រា​ប្រណី ហើយ​ប្រវាស់​ចម្ការ​ទៅ​ឲ្យ​អ្នក​ធ្វើ​ចម្ការ​ផ្សេង​ទៀត ដែល​នឹង​ប្រគល់​ផល​ជូន​គាត់​នៅ​រដូវ​ប្រមូល​ផល»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​ដែល​អាន​ទេ​ឬ? នៅ​ក្នុង​បទ​គម្ពីរ​ចែង​ថា៖ "ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​បោះ​ចោល បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​នេះ ហើយ​ជា​ការ​ដ៏​អស្ចារ្យ​នៅ​ចំពោះ​ភ្នែក​យើង​ខ្ញុំ "។ ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះរាជ្យ​របស់​ព្រះ​នឹង​ត្រូវ​យក​ចេញ​ពី​អ្នក​រាល់​គ្នា ហើយ​ប្រគល់​ទៅ​ឲ្យ​សាសន៍​មួយ​ទៀត ដែល​នឹង​បង្កើត​ផល​របស់​ព្រះរាជ្យ។ អ្នក​ណា​ដែល​ធ្លាក់​លើ​ថ្ម​នេះ​នឹង​ត្រូវ​បាក់​បែក តែ​អ្នក​ណា​ដែល​ថ្ម​នេះ​ធ្លាក់​លើ អ្នក​នោះ​នឹង​ត្រូវ​កិន​ខ្ទេច‌ខ្ទី​ទៅ»។ កាល​ពួក​សង្គ្រាជ និង​ពួក​ផារិស៊ី​បាន​ឮ​រឿង​ប្រៀប​ធៀប​របស់​ព្រះ‌អង្គ គេ​ក៏​យល់​ថា ទ្រង់​មាន​ព្រះ‌បន្ទូល​អំពី​ពួក​គេ។ ពួក​គេ​ចង់​ចាប់​ព្រះ‌អង្គ ប៉ុន្តែ គេ​ខ្លាច​មហា‌ជន ព្រោះ​មហា‌ជន​ចាត់​ទុក​ព្រះ‌អង្គ​ជា​ហោរា។

អាន ម៉ាថាយ 21