ម៉ាថាយ 18:1-10
ម៉ាថាយ 18:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ សិស្សនាំគ្នាចូលមកគាល់ព្រះយេស៊ូ ហើយទូលថា៖ «តើអ្នកណាមានឋានៈធំជាងគេនៅក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ*?»។ ព្រះអង្គហៅក្មេងតូចម្នាក់ឲ្យមកឈរនៅកណ្ដាលចំណោមពួកសិស្ស រួចមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមិនដូរចិត្តគំនិតឲ្យបានដូចក្មេងតូចៗទេ អ្នករាល់គ្នាមិនអាចចូលទៅក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ*ឡើយ។ អ្នកណាដាក់ខ្លួនដូចក្មេងតូចនេះ អ្នកនោះមានឋានៈធំជាងគេ ក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ អ្នកណាទទួលក្មេងតូចណាម្នាក់ដូចក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ»។ «អ្នកណានាំអ្នកតូចតាចម្នាក់ក្នុងបណ្ដាអ្នកដែលជឿលើខ្ញុំនេះឲ្យប្រព្រឹត្តអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងកគាត់ ទម្លាក់ទៅក្នុងបាតសមុទ្រឲ្យលង់ទឹក ប្រសើរជាងទុកគាត់ឲ្យនៅរស់!។ មនុស្សលោកមុខជាត្រូវវេទនាមិនខាន ដ្បិតមានហេតុផ្សេងៗជាច្រើននាំឲ្យគេប្រព្រឹត្តអំពើបាប។ ហេតុផ្សេងៗដែលនាំឲ្យគេប្រព្រឹត្តអំពើបាបនោះត្រូវតែមាន ចៀសមិនផុត ប៉ុន្តែ អ្នកណានាំគេឲ្យប្រព្រឹត្តអំពើបាប អ្នកនោះត្រូវវេទនាហើយ!។ ប្រសិនបើដៃ ឬជើងរបស់អ្នក នាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរកាត់វាបោះចោលឲ្យឆ្ងាយទៅ បើអ្នកចូលទៅក្នុងជីវិតមានតែដៃម្ខាង ឬជើងម្ខាង នោះប្រសើរជាងមានដៃពីរ ឬមានជើងពីរ ហើយត្រូវធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច។ ប្រសិនបើភ្នែករបស់អ្នកនាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរខ្វេះវាចេញ ហើយបោះចោលឲ្យឆ្ងាយទៅ បើអ្នកចូលទៅក្នុងជីវិតមានតែភ្នែកម្ខាង នោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវធ្លាក់ទៅក្នុងភ្លើងនរក។ ចូរប្រយ័ត្ន កុំមាក់ងាយនរណាម្នាក់ក្នុងចំណោមអ្នកតូចតាចនេះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវតា*របស់ពួកគេស្ថិតនៅឯស្ថានបរមសុខ* ទាំងឃើញព្រះភ័ក្ត្ររបស់ព្រះបិតា ដែលគង់នៅស្ថានបរមសុខគ្រប់ពេលវេលាផង
ម៉ាថាយ 18:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅវេលានោះ ពួកសិស្សចូលមកជិតព្រះយេស៊ូវទូលសួរថា៖ «តើអ្នកណាធំជាងគេនៅក្នុងព្រះរាជ្យនៃស្ថានសួគ៌?» ព្រះអង្គហៅក្មេងតូចម្នាក់មកឲ្យឈរនៅកណ្តាលពួកគេ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនផ្លាស់ប្រែ ហើយត្រឡប់ដូចជាក្មេងតូចៗទេ អ្នករាល់គ្នាមិនអាចចូលព្រះរាជ្យនៃស្ថានសួគ៌បានឡើយ។ អ្នកណាបន្ទាបខ្លួនដូចក្មេងតូចនេះ អ្នកនោះជាអ្នកធំជាងគេក្នុងព្រះរាជ្យនៃស្ថានសួគ៌។ អ្នកណាទទួលក្មេងតូចណាម្នាក់ ដូចក្មេងនេះ ក្នុងនាមខ្ញុំ អ្នកនោះទទួលខ្ញុំហើយ។ ប៉ុន្តែ បើអ្នកណាធ្វើឲ្យក្មេងតូចណាម្នាក់ ក្នុងចំណោមអ្នកដែលជឿដល់ខ្ញុំនេះជំពប់ដួល នោះស៊ូឲ្យគេយកថ្មត្បាល់កិនយ៉ាងធំមកចងកអ្នកនោះ ហើយពន្លិចទៅក្នុងបាតសមុទ្រ នោះប្រសើរដល់អ្នកនោះជាជាង។ វេទនាដល់មនុស្សលោកព្រោះតែហេតុដែលនាំឲ្យជំពប់ដួល! ដ្បិតឱកាសដែលនាំឲ្យជំពប់ដួលត្រូវតែមក តែវេទនាដល់អ្នកដែលនាំឲ្យមានហេតុជំពប់ដួលនោះ។ ប្រសិនបើដៃ ឬជើងរបស់អ្នក នាំអ្នកឲ្យជំពប់ដួល ចូរកាត់វាចេញ ហើយបោះចោលឲ្យឆ្ងាយ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិត មានតែដៃម្ខាង ឬជើងម្ខាង នោះប្រសើរជាងមានដៃពីរ ឬមានជើងពីរ ហើយត្រូវបោះទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច។ ប្រសិនបើភ្នែករបស់អ្នកនាំអ្នកឲ្យជំពប់ដួល ចូរខ្វេះវាចេញ ហើយបោះចោលឲ្យឆ្ងាយ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតមានតែភ្នែកម្ខាង នោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវបោះទៅក្នុងភ្លើងនរក។ ចូរប្រយ័ត្ន កុំមើលងាយអ្នកណាម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌ ទេវតារបស់ពួកគេឃើញព្រះភក្ត្រព្រះវរបិតារបស់ខ្ញុំ ដែលគង់នៅស្ថានសួគ៌ជានិច្ច។
ម៉ាថាយ 18:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ សិស្សនាំគ្នាចូលមកគាល់ព្រះយេស៊ូ ហើយទូលថា៖ «តើអ្នកណាមានឋានៈធំជាងគេនៅក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ*?»។ ព្រះអង្គហៅក្មេងតូចម្នាក់ឲ្យមកឈរនៅកណ្ដាលចំណោមពួកសិស្ស រួចមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមិនដូរចិត្តគំនិតឲ្យបានដូចក្មេងតូចៗទេ អ្នករាល់គ្នាមិនអាចចូលទៅក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ*ឡើយ។ អ្នកណាដាក់ខ្លួនដូចក្មេងតូចនេះ អ្នកនោះមានឋានៈធំជាងគេ ក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ អ្នកណាទទួលក្មេងតូចណាម្នាក់ដូចក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ»។ «អ្នកណានាំអ្នកតូចតាចម្នាក់ក្នុងបណ្ដាអ្នកដែលជឿលើខ្ញុំនេះឲ្យប្រព្រឹត្តអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងកគាត់ ទម្លាក់ទៅក្នុងបាតសមុទ្រឲ្យលង់ទឹក ប្រសើរជាងទុកគាត់ឲ្យនៅរស់!។ មនុស្សលោកមុខជាត្រូវវេទនាមិនខាន ដ្បិតមានហេតុផ្សេងៗជាច្រើននាំឲ្យគេប្រព្រឹត្តអំពើបាប។ ហេតុផ្សេងៗដែលនាំឲ្យគេប្រព្រឹត្តអំពើបាបនោះត្រូវតែមាន ចៀសមិនផុត ប៉ុន្តែ អ្នកណានាំគេឲ្យប្រព្រឹត្តអំពើបាប អ្នកនោះត្រូវវេទនាហើយ!។ ប្រសិនបើដៃ ឬជើងរបស់អ្នក នាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរកាត់វាបោះចោលឲ្យឆ្ងាយទៅ បើអ្នកចូលទៅក្នុងជីវិតមានតែដៃម្ខាង ឬជើងម្ខាង នោះប្រសើរជាងមានដៃពីរ ឬមានជើងពីរ ហើយត្រូវធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច។ ប្រសិនបើភ្នែករបស់អ្នកនាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរខ្វេះវាចេញ ហើយបោះចោលឲ្យឆ្ងាយទៅ បើអ្នកចូលទៅក្នុងជីវិតមានតែភ្នែកម្ខាង នោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវធ្លាក់ទៅក្នុងភ្លើងនរក។ ចូរប្រយ័ត្ន កុំមាក់ងាយនរណាម្នាក់ក្នុងចំណោមអ្នកតូចតាចនេះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវតា*របស់ពួកគេស្ថិតនៅឯស្ថានបរមសុខ* ទាំងឃើញព្រះភ័ក្ត្ររបស់ព្រះបិតា ដែលគង់នៅស្ថានបរមសុខគ្រប់ពេលវេលាផង
ម៉ាថាយ 18:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅវេលានោះឯង ពួកសិស្សមកឯព្រះយេស៊ូវទូលសួរថា តើអ្នកណាធំជាងគេក្នុងនគរស្ថានសួគ៌ តែទ្រង់ហៅកូនក្មេងតូច១មក ដាក់នៅកណ្តាលពួកគេ រួចមានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ ដូច្នេះ អ្នកណាដែលបន្ទាបខ្លួន ឲ្យបានដូចកូនតូចនេះ អ្នកនោះឯងឈ្មោះថាធំជាងគេក្នុងនគរស្ថានសួគ៌ហើយ អ្នកណាដែលទទួលកូនតូចណាមួយដូចកូននេះ ដោយនូវឈ្មោះខ្ញុំ នោះក៏ឈ្មោះថាទទួលខ្ញុំដែរ ប៉ុន្តែបើអ្នកណាធ្វើឲ្យកូនតូចណាមួយនេះ ដែលជឿដល់ខ្ញុំ រវាតចិត្តចេញ នោះស៊ូឲ្យគេយកថ្មត្បាល់កិនយ៉ាងធំ ចងកអ្នកនោះ ហើយពន្លង់ទៅក្នុងសមុទ្រទីជ្រៅវិញ ធ្វើយ៉ាងនោះនឹងមានប្រយោជន៍ដល់អ្នកនោះជាជាង វេទនាដល់លោកីយ ដោយព្រោះអស់ទាំងហេតុដែលនាំឲ្យរវាតចិត្ត ដ្បិតសេចក្ដីនោះត្រូវតែមាន តែវេទនាដល់មនុស្សណាដែលបង្កើតហេតុឲ្យរវាតចិត្តនោះ បើសិនជាដៃ ឬជើងអ្នក នាំឲ្យគេរវាតចិត្ត នោះចូរកាត់ចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតកំបុតដៃជើងវិញ ជាជាងមានដៃជើងទាំង២ នឹងត្រូវបោះទៅក្នុងភ្លើង ដែលឆេះនៅអស់កល្បជានិច្ច ហើយបើភ្នែកអ្នកនាំឲ្យគេរវាតចិត្ត ចូរខ្វែះវាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិត មានភ្នែកតែ១វិញ ជាជាងមានភ្នែកទាំង២ នឹងត្រូវបោះទៅក្នុងភ្លើងនរក ចូរប្រយ័ត កុំឲ្យមើលងាយចំពោះកូនតូចណាមួយនោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ទេវតារបស់វា ដែលនៅស្ថានសួគ៌តែងតែឃើញព្រះភក្ត្រព្រះវរបិតាខ្ញុំជានិច្ច ដែលទ្រង់គង់នៅស្ថានសួគ៌