ម៉ាថាយ 18:1-10

ម៉ាថាយ 18:1-10 គកស១៦

នៅ​វេលា​នោះ ពួក​សិស្ស​ចូល​មក​ជិត​ព្រះ‌យេស៊ូវ​ទូល​សួរ​ថា៖ «តើ​អ្នក​ណា​ធំ​ជាង​គេ​នៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌?» ព្រះ‌អង្គ​ហៅ​ក្មេង​តូច​ម្នាក់​មក​ឲ្យ​ឈរ​នៅ​កណ្តាល​ពួក​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​ប្រែ ហើយ​ត្រឡប់​ដូច​ជា​ក្មេង​តូចៗ​ទេ អ្នក​រាល់​គ្នា​មិន​អាច​ចូល​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​បាន​ឡើយ។ អ្នក​ណា​បន្ទាប​ខ្លួន​ដូច​ក្មេង​តូច​នេះ អ្នក​នោះ​ជា​អ្នក​ធំ​ជាង​គេ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌។ អ្នក​ណា​ទទួល​ក្មេង​តូច​ណា​ម្នាក់ ដូច​ក្មេង​នេះ ក្នុង​នាម​ខ្ញុំ អ្នក​នោះ​ទទួល​ខ្ញុំ​ហើយ។ ប៉ុន្តែ បើ​អ្នក​ណា​ធ្វើ​ឲ្យ​ក្មេង​តូច​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​ដែល​ជឿ​ដល់​ខ្ញុំ​នេះ​ជំពប់​ដួល នោះ​ស៊ូ​ឲ្យ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ​មក​ចង​ក​អ្នក​នោះ ហើយ​ពន្លិច​ទៅ​ក្នុង​បាត​សមុទ្រ នោះ​ប្រសើរ​ដល់​អ្នក​នោះ​ជា​ជាង។ វេទនា​ដល់​មនុស្ស​លោក​ព្រោះ​តែ​ហេតុ​ដែល​នាំ​ឲ្យ​ជំពប់​ដួល! ដ្បិត​ឱកាស​ដែល​នាំ​ឲ្យ​ជំពប់​ដួល​ត្រូវ​តែ​មក តែ​វេទនា​ដល់​អ្នក​ដែល​នាំ​ឲ្យ​មាន​ហេតុ​ជំពប់​ដួល​នោះ។ ប្រសិន‌បើ​ដៃ ឬ​ជើង​របស់​អ្នក នាំ​អ្នក​ឲ្យ​ជំពប់​ដួល ចូរ​កាត់​វា​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត មាន​តែ​ដៃ​ម្ខាង ឬ​ជើង​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ដៃ​ពីរ ឬ​មាន​ជើង​ពីរ ហើយ​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់​កល្ប​ជានិច្ច។ ប្រសិន‌បើ​ភ្នែក​របស់​អ្នក​នាំ​អ្នក​ឲ្យ​ជំពប់​ដួល ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​តែ​ភ្នែក​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ពីរ ហើយ​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​នរក។ ចូរ​ប្រយ័ត្ន កុំ​មើល​ងាយ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច‌តាច​ទាំង​នេះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថាន‌សួគ៌ ទេវតា​របស់​ពួក​គេ​ឃើញ​ព្រះ‌ភក្ត្រ​ព្រះ‌វរបិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ជានិច្ច។

អាន ម៉ាថាយ 18