ម៉ាថាយ 18:1-10

ម៉ាថាយ 18:1-10 ពគប

នៅ​វេលា​នោះ​ឯង ពួក​សិស្ស​មក​ឯ​ព្រះ‌យេស៊ូវ​ទូល​សួរ​ថា តើ​អ្នក​ណា​ធំ​ជាង​គេ​ក្នុង​នគរ​ស្ថាន‌សួគ៌ តែ​ទ្រង់​ហៅ​កូន​ក្មេង​តូច​១​មក ដាក់​នៅ​កណ្តាល​ពួក​គេ រួច​មាន​បន្ទូល​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​គំនិត ហើយ​ត្រឡប់​ដូច​ជា​កូន​តូច​នេះ នោះ​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថាន‌សួគ៌​ពុំ​បាន​ឡើយ ដូច្នេះ អ្នក​ណា​ដែល​បន្ទាប​ខ្លួន ឲ្យ​បាន​ដូច​កូន​តូច​នេះ អ្នក​នោះ​ឯង​ឈ្មោះ​ថា​ធំ​ជាង​គេ​ក្នុង​នគរ​ស្ថាន‌សួគ៌​ហើយ អ្នក​ណា​ដែល​ទទួល​កូន​តូច​ណា​មួយ​ដូច​កូន​នេះ ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ខ្ញុំ​ដែរ ប៉ុន្តែ​បើ​អ្នក​ណា​ធ្វើ​ឲ្យ​កូន​តូច​ណា​មួយ​នេះ ដែល​ជឿ​ដល់​ខ្ញុំ រវាត​ចិត្ត​ចេញ នោះ​ស៊ូ​ឲ្យ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ ចង​ក​អ្នក​នោះ ហើយ​ពន្លង់​ទៅ​ក្នុង​សមុទ្រ​ទី​ជ្រៅ​វិញ ធ្វើ​យ៉ាង​នោះ​នឹង​មាន​ប្រយោជន៍​ដល់​អ្នក​នោះ​ជា​ជាង វេទនា​ដល់​លោកីយ ដោយ​ព្រោះ​អស់​ទាំង​ហេតុ​ដែល​នាំ​ឲ្យ​រវាត​ចិត្ត ដ្បិត​សេចក្ដី​នោះ​ត្រូវ​តែ​មាន តែ​វេទនា​ដល់​មនុស្ស​ណា​ដែល​បង្កើត​ហេតុ​ឲ្យ​រវាត​ចិត្ត​នោះ បើ​សិន​ជា​ដៃ ឬ​ជើង​អ្នក នាំ​ឲ្យ​គេ​រវាត​ចិត្ត នោះ​ចូរ​កាត់​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​កំបុត​ដៃ​ជើង​វិញ ជា​ជាង​មាន​ដៃ​ជើង​ទាំង​២ នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង ដែល​ឆេះ​នៅ​អស់‌កល្ប​ជានិច្ច ហើយ​បើ​ភ្នែក​អ្នក​នាំ​ឲ្យ​គេ​រវាត​ចិត្ត ចូរ​ខ្វែះ​វា​ចោល​ទៅ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត មាន​ភ្នែក​តែ​១​វិញ ជា​ជាង​មាន​ភ្នែក​ទាំង​២ នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​នរក ចូរ​ប្រយ័ត កុំ​ឲ្យ​មើល‌ងាយ​ចំពោះ​កូន​តូច​ណា​មួយ​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេវតា​របស់​វា ដែល​នៅ​ស្ថាន‌សួគ៌​តែង‌តែ​ឃើញ​ព្រះ‌ភក្ត្រ​ព្រះវរ‌បិតា​ខ្ញុំ​ជានិច្ច ដែល​ទ្រង់​គង់​នៅ​ស្ថាន‌សួគ៌

អាន ម៉ាថាយ 18