ម៉ាថាយ 15:1-20

ម៉ាថាយ 15:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ពួក​ផារិស៊ី និង​ពួក​អាចារ្យ​មក​ពី​ក្រុង​យេរូ‌សាឡិម​បាន​ចូល​មក​ជិត​ព្រះ‌យេស៊ូវ​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​របស់​លោក​ប្រព្រឹត្ត​ល្មើស​នឹង​ទំនៀម‌ទម្លាប់​របស់​ចាស់​បុរាណ​ដូច្នេះ? ដ្បិត​ពេល​គេ​បរិ‌ភោគ គេ​មិន​លាង​ដៃ​ទេ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ចុះ​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​ប្រព្រឹត្ត​ល្មើស​នឹង​បទ‌បញ្ជា​របស់​ព្រះ ដោយ‌សារ​តែ​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា​ទៅ​វិញ? ដ្បិត​ព្រះ​បាន​បង្គាប់​ថា៖ "ចូរ​គោរព​ឪពុក‌ម្តាយ​របស់​អ្នក" ហើយ​ថា "អ្នក​ណា​និយាយ​អាក្រក់​ពី​ឪពុក‌ម្តាយ នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន" ។ តែ​អ្នក​រាល់​គ្នា​បែរ​ជា​និយាយ​ថា "បើ​អ្នក​ណា​ប្រាប់​ឪពុក‌ម្តាយ​របស់​ខ្លួន​ថា អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្តាយ នោះ​បាន​ថ្វាយ​ដល់​ព្រះ​ហើយ អ្នក​នោះ​មិន​បាច់​គោរព​ឪពុក‌ម្តាយ​ទេ"។ ដូច្នេះ ដោយ‌សារ​តែ​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​បំបាត់​តម្លៃ​ព្រះ‌បន្ទូល​របស់​ព្រះ។ មនុស្ស​មាន​ពុត​អើយ! ហោរា​អេសាយ​បាន​ទាយ​ពី​អ្នក​រាល់​គ្នា​ត្រូវ​ណាស់​ថា "ប្រជា‌ជន​នេះ​គោរព​យើង​តែ​បបូរ​មាត់ ប៉ុន្តែ ចិត្ត​របស់​គេ​នៅ​ឆ្ងាយ​ពី​យើង គេ​ថ្វាយ‌បង្គំ​យើង​ជា​ឥត​ប្រយោជន៍ ដោយ​បង្រៀន​សេចក្តី​ដែល​ជា​គំនិត របស់​មនុស្ស" »។ បន្ទាប់​មក ព្រះ‌អង្គ​ហៅ​បណ្តា‌ជន​មក​ជិត ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ស្តាប់ ហើយ​យល់​ចុះ! មិន​មែន​អ្វី​ដែល​ចូល​ទៅ​ក្នុង​មាត់ ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​នោះ​ទេ ប៉ុន្តែ អ្វី​ដែល​ចេញ​ពី​មាត់​នោះ​វិញ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ»។ ពេល​នោះ ពួក​សិស្ស​ចូល​មក​ជិត ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «តើ​លោក​គ្រូ​ជ្រាប​ថា ពួក​ផារិស៊ី​អន់​ចិត្ត​ឬ​ទេ ពេល​គេ​ឮ​សេចក្តី​នេះ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អស់​ទាំង​រុក្ខជាតិ​ណា​ដែល​ព្រះ‌វរបិតា​របស់​ខ្ញុំ​នៅ​ស្ថាន‌សួគ៌​មិន​បាន​ដាំ នឹង​ត្រូវ​ដក​ចេញ។ កុំ​អំពល់​នឹង​គេ គេ​ជា​មនុស្ស​ខ្វាក់​ដែល​នាំ​មនុស្ស​ខ្វាក់ ហើយ​បើ​មនុស្ស​ខ្វាក់​នាំ​មនុស្ស​ខ្វាក់ នោះ​ទាំង​ពីរ​នាក់​នឹង​ធ្លាក់​ក្នុង​រណ្តៅ»។ ពេល​នោះ ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «សូម​ពន្យល់​រឿង​ប្រៀប​ធៀប​នេះ​ដល់​យើង​ខ្ញុំ​ផង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ទៀត​ឬ? តើ​អ្នក​រាល់​គ្នា​មិន​យល់​ទេ​ឬ​ថា អ្វី​ដែល​ចូល​ទៅ​ក្នុង​មាត់ វា​ចូល​ទៅ​ក្នុង​ពោះ ហើយ​ចេញ​ទៅ​ក្នុង​បង្គន់? តែ​អ្វី​ដែល​ចេញ​ពី​មាត់ វា​ចេញ​មក​ពី​ក្នុង​ចិត្ត នេះ​ហើយ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ។ ដ្បិត​បំណង​អាក្រក់ ការ​សម្លាប់​មនុស្ស អំពើ​ផិត​ក្បត់ សហាយ‌ស្មន់ ការ​លួច​ប្លន់ ការ​ធ្វើ​បន្ទាល់​ក្លែង‌ក្លាយ ពាក្យ​មួល​បង្កាច់ សុទ្ធ​តែ​ចេញ​មក​ពី​ក្នុង​ចិត្ត​ទាំង​អស់។ សេចក្តី​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ តែ​ដែល​បរិ‌ភោគ​មិន​លាង​ដៃ មិន​មែន​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​នោះ​ឡើយ»។

ចែក​រំលែក
អាន ម៉ាថាយ 15

ម៉ាថាយ 15:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​អាចារ្យ​ពី​ក្រុង​យេរូ‌សាឡឹម ចូល​មក​គាល់​ព្រះ‌យេស៊ូ ហើយ​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក មិន​គោរព​តាម​ទំនៀម‌ទម្លាប់​របស់​ចាស់​បុរាណ គឺ​មិន​ធ្វើ​ពិធី​លាង​ដៃ​មុន​ពេល​បរិភោគ​ដូច្នេះ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ចុះ​អ្នក​រាល់​គ្នា ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ល្មើស​នឹង​បទ‌បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ទៅ​កាន់​តាម​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា​វិញ​ដូច្នេះ? ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: “ចូរ​គោរព​មាតា‌បិតា​របស់​អ្នក អ្នក​ណា​ជេរ​ប្រទេច​ផ្ដាសា​មាតា‌បិតា​របស់​ខ្លួន នឹង​ត្រូវ​មាន​ទោស​ដល់​ជីវិត” ។ រីឯ​អ្នក​រាល់​គ្នា​វិញ​បែរ​ជា​ពោល​ថា: បើ​អ្នក​ណា​និយាយ​ទៅ​ឪពុក​ម្ដាយ​ថា “អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្ដាយ​នោះ ខ្ញុំ​បាន​ទុក​ថ្វាយ​ព្រះ‌ជាម្ចាស់​រួច​ទៅ​ហើយ” អ្នក​នោះ​មិន​បាច់​គោរព​ឪពុក​ម្ដាយ​ទេ។ ត្រង់​ហ្នឹង​ហើយ ដែល​អ្នក​រាល់​គ្នា​បំបាត់​តម្លៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ទៅ​ប្រព្រឹត្ត​តាម​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា​វិញ!។ មនុស្ស​មាន​ពុត​អើយ ពាក្យ​ដែល​ព្យាការី*​អេសាយ​ថ្លែង​ទុក​អំពី​អ្នក​រាល់​គ្នា​ត្រូវ​ណាស់​គឺ: “ប្រជា​រាស្ត្រ​នេះ​គោរព​យើង​តែ​បបូរ​មាត់ រីឯ​ចិត្ត​គេ​នៅ​ឆ្ងាយ​ពី​យើង។ គេ​ថ្វាយ‌បង្គំ​យើង​ឥត​បាន​ការ​អ្វី​សោះ ព្រោះ​គេ​បង្រៀន​តែ​ក្បួន​ច្បាប់​របស់​មនុស្ស ប៉ុណ្ណោះ” »។ បន្ទាប់​មក ព្រះ‌យេស៊ូ​ត្រាស់​ហៅ​បណ្ដា‌ជន រួច​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ស្ដាប់ ហើយ​យល់​ឲ្យ​ច្បាស់​ថា អ្វីៗ​ដែល​ចូល​តាម​មាត់​មនុស្ស​ពុំ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ ឡើយ ផ្ទុយ​ទៅ​វិញ មាន​តែ​អ្វីៗ​ដែល​ចេញ​ពី​មាត់​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​មនុស្ស​ត្រឡប់​ទៅ​ជា​មិន​បរិសុទ្ធ»។ ពេល​នោះ សិស្ស*​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ ហើយ​ទូល​ថា៖ «សូម​ព្រះ‌គ្រូ​ជ្រាប ពួក​ខាង​គណៈ​ផារីស៊ី*​ទាស់​ចិត្ត​ណាស់ មក​ពី​ឮ​ព្រះ‌គ្រូ​មាន​ប្រសាសន៍​ដូច្នេះ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ព្រះ‌បិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​នឹង​ដក​រុក្ខ‌ជាតិ​ទាំង‌ឡាយ​ណា ដែល​ព្រះអង្គ​មិន​បាន​ដាំ។ កុំ​អំពល់​នឹង​គេ​ធ្វើ​អ្វី អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ខ្វាក់ ដឹក​នាំ​មនុស្ស​ខ្វាក់។ បើ​មនុស្ស​ខ្វាក់​ដឹក​ដៃ​មនុស្ស​ខ្វាក់ គេ​មុខ​ជា​ធ្លាក់​រណ្ដៅ​ទាំង​ពីរ​នាក់​មិន​ខាន»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «សូម​ព្រះ‌គ្រូ​បក​ស្រាយ​ពាក្យ​ប្រស្នា​នេះ​ឲ្យ​យើង​ខ្ញុំ​យល់​ផង»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​គ្មាន​ប្រាជ្ញា​ដូច​គេ​ដែរ​ឬ!។ អ្នក​រាល់​គ្នា​ត្រូវ​យល់​ថា អ្វីៗ​ដែល​ចូល​តាម​មាត់​មនុស្ស ត្រូវ​ចូល​ទៅ​ក្នុង​ពោះ រួច​ធ្លាក់​ទៅ​ទី​បន្ទោ​បង់!។ ផ្ទុយ​ទៅ​វិញ អ្វីៗ​ដែល​ចេញ​ពី​មាត់​មនុស្ស​សុទ្ធ​តែ​ផុស​ចេញ​ពី​ចិត្ត​មក គឺ​សេចក្ដី​នោះ​ឯង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ* ដ្បិត​គំនិត​អាក្រក់ ការ​កាប់​សម្លាប់ អំពើ​ផិត​ក្បត់ កាម‌គុណ​ថោក​ទាប ការ​លួច​ប្លន់ ពាក្យ​កុហក ពាក្យ​ត្មះ‌តិះ‌ដៀល សុទ្ធ​តែ​ចេញ​មក​ពី​ចិត្ត​មនុស្ស​ទាំង​អស់ គឺ​ការ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ។ រីឯ​ការ​បរិភោគ​ដោយ​មិន​បាន​ធ្វើ​ពិធី​លាង​ដៃ​នោះ ឥត​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​ឡើយ»។

ចែក​រំលែក
អាន ម៉ាថាយ 15

ម៉ាថាយ 15:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ដែល​នៅ​ក្រុង​យេរូ‌សាឡិម គេ​ក៏​មក​ឯ​ព្រះ‌យេស៊ូវ​ទូល​ថា ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​លោក​ធ្វើ​ខុស​នឹង​ទំនៀម‌ទំលាប់ ដែល​ពួក​ចាស់‌ទុំ​បាន​តាំង​ទុក​ពី​បុរាណ​មក​ដូច្នេះ ដ្បិត​កាល​ណា​បរិភោគ នោះ​គេ​មិន​លាង​ដៃ​សោះ តែ​ទ្រង់​មាន​បន្ទូល​តប​ថា ឯ​អ្នក​រាល់​គ្នា​វិញ តើ​ហេតុ​អ្វី​បាន​ជា​ធ្វើ​ខុស​នឹង​បញ្ញត្ត​ព្រះ ដោយ​កាន់​តាម​ទំនៀម‌ទំលាប់​បុរាណ​របស់​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ ដ្បិត​ព្រះ‌ទ្រង់​បាន​បង្គាប់​ថា «ចូរ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្តាយ​ឯង» ហើយ​ថា «អ្នក​ណា​ដែល​និយាយ​អាក្រក់​ពី​ឪពុក​ម្តាយ នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន» តែ​អ្នក​រាល់​គ្នា​និយាយ​ដូច្នេះ​វិញ បើ​អ្នក​ណា​នឹង​និយាយ​ទៅ​ឪពុក​ម្តាយ​ថា របស់​អ្វី​ដែល​ខ្ញុំ​អាច​នឹង​ជួយ​ម៉ែ​ឪ​បាន នោះ​បាន​ថ្វាយ​ជា​ដង្វាយ​ហើយ យ៉ាង​នោះ​មិន​ចាំ​បាច់​ឲ្យ​អ្នក​នោះ​គោរព​ប្រតិ‌បត្តិ ដល់​ឪពុក​ម្តាយ​ទៀត​ទេ ដូច្នេះ​ឈ្មោះ​ថា​អ្នក​រាល់​គ្នា​លើក​បញ្ញត្ត​នៃ​ព្រះ​ចោល​ហើយ ដោយ‌សារ​ទំនៀម‌ទំលាប់​ពី​បុរាណ​របស់​អ្នក​រាល់​គ្នា ឱ​ពួក​មនុស្ស​កំពុត​អើយ ហោរា​អេសាយ​បាន​ទាយ​ពី​អ្នក​រាល់​គ្នា​ត្រូវ​ណាស់ ថា «បណ្តាជន​នេះ គេ​គោរព​ប្រតិ‌បត្តិ​ដល់​អញ​តែ​បបូរ​មាត់​ទេ ឯ​ចិត្ត​គេ នោះ​នៅ​ឆ្ងាយ​ពី​អញ​ណាស់ គេ​ថ្វាយ‌បង្គំ​អញ​ជា​ឥត​ប្រយោជន៍​ទេ ព្រោះ​គេ​បង្រៀន​សេចក្ដី​ដែល​ជា​បញ្ញត្ត​របស់​មនុស្ស​វិញ»។ រួច​ទ្រង់​ហៅ​ហ្វូង​មនុស្ស​មក មាន​បន្ទូល​ទៅ​គេ​ថា ចូរ​ស្តាប់​ហើយ​យល់​ចុះ មិន​មែន​ជា​របស់​ចូល​តាម​មាត់ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្មោក‌គ្រោក​នោះ​ទេ ឯ​របស់​ដែល​ធ្វើ​ឲ្យ​គេ​ស្មោក‌គ្រោក នោះ​គឺ​ជា​សេចក្ដី​ដែល​ចេញ​ពី​មាត់​វិញ​ទេ​តើ។ នោះ​ពួក​សិស្ស​ក៏​មក​ទូល​ថា តើ​ទ្រង់​ជ្រាប​ថា ពួក​ផារិស៊ី គេ​អន់​ចិត្ត ដោយ​ឮ​សេចក្ដី​នោះ​ឬ​ទេ តែ​ទ្រង់​មាន​បន្ទូល​តប​ថា អស់​ទាំង​ដើម​ណា​ដែល​ព្រះវរ‌បិតា​ខ្ញុំ​នៅ​ស្ថាន‌សួគ៌​មិន​បាន​ដាំ នោះ​នឹង​ត្រូវ​រំលើង​ចោល តាម​តែ​គេ​ចុះ គេ​ជា​មនុស្ស​ខ្វាក់​ដែល​នាំ​មនុស្ស​ខ្វាក់ បើ​មនុស្ស​ខ្វាក់​នាំ​មនុស្ស​ខ្វាក់​ដូច្នេះ នោះ​ទាំង​២​នាក់​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ហើយ រួច​ពេត្រុស​ទូល​ថា សូម​ស្រាយ​ន័យ​ពាក្យ​ប្រៀប​នេះ ឲ្យ​យើង​ខ្ញុំ​យល់​ផង ទ្រង់​មាន​បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ទៀត​ឬ​អី តើ​មិន​ទាន់​ឃើញ​ទេ​ឬ​អី​ថា របស់​អ្វី​ដែល​ចូល​តាម​មាត់ នោះ​តែង​ចុះ​ទៅ​ក្នុង​ពោះ រួច​ចេញ​ទៅ​ក្នុង​បង្គន់ តែ​ឯ​សេចក្ដី​ដែល​ចេញ​ពី​មាត់​មក នោះ​មក​អំពី​ចិត្ត​វិញ គឺ​សេចក្ដី​ទាំង​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្មោក‌គ្រោក ដ្បិត​គឺ​ពី​ក្នុង​ចិត្ត​នោះ​ឯង​ដែល​ចេញ​អស់​ទាំង​គំនិត​អាក្រក់ គឺ​ការ​កាប់​សំឡាប់​គេ ផិត​គ្នា សហាយ‌ស្មន់ លួច​ប្លន់ ធ្វើ​បន្ទាល់​ក្លែង‌ក្លាយ ហើយ​នឹង​ជេរ​ប្រមាថ សេចក្ដី​ទាំង​នេះ​ទើប​ធ្វើ​ឲ្យ​មនុស្ស​ស្មោក‌គ្រោក​មែន តែ​ដែល​បរិភោគ​ឥត​លាង​ដៃ នោះ​មិន​មែន​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​ទេ។

ចែក​រំលែក
អាន ម៉ាថាយ 15