ម៉ាថាយ 15:1-20

ម៉ាថាយ 15:1-20 គកស១៦

បន្ទាប់​មក ពួក​ផារិស៊ី និង​ពួក​អាចារ្យ​មក​ពី​ក្រុង​យេរូ‌សាឡិម​បាន​ចូល​មក​ជិត​ព្រះ‌យេស៊ូវ​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​របស់​លោក​ប្រព្រឹត្ត​ល្មើស​នឹង​ទំនៀម‌ទម្លាប់​របស់​ចាស់​បុរាណ​ដូច្នេះ? ដ្បិត​ពេល​គេ​បរិ‌ភោគ គេ​មិន​លាង​ដៃ​ទេ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ចុះ​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​ប្រព្រឹត្ត​ល្មើស​នឹង​បទ‌បញ្ជា​របស់​ព្រះ ដោយ‌សារ​តែ​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា​ទៅ​វិញ? ដ្បិត​ព្រះ​បាន​បង្គាប់​ថា៖ "ចូរ​គោរព​ឪពុក‌ម្តាយ​របស់​អ្នក" ហើយ​ថា "អ្នក​ណា​និយាយ​អាក្រក់​ពី​ឪពុក‌ម្តាយ នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន" ។ តែ​អ្នក​រាល់​គ្នា​បែរ​ជា​និយាយ​ថា "បើ​អ្នក​ណា​ប្រាប់​ឪពុក‌ម្តាយ​របស់​ខ្លួន​ថា អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្តាយ នោះ​បាន​ថ្វាយ​ដល់​ព្រះ​ហើយ អ្នក​នោះ​មិន​បាច់​គោរព​ឪពុក‌ម្តាយ​ទេ"។ ដូច្នេះ ដោយ‌សារ​តែ​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​បំបាត់​តម្លៃ​ព្រះ‌បន្ទូល​របស់​ព្រះ។ មនុស្ស​មាន​ពុត​អើយ! ហោរា​អេសាយ​បាន​ទាយ​ពី​អ្នក​រាល់​គ្នា​ត្រូវ​ណាស់​ថា "ប្រជា‌ជន​នេះ​គោរព​យើង​តែ​បបូរ​មាត់ ប៉ុន្តែ ចិត្ត​របស់​គេ​នៅ​ឆ្ងាយ​ពី​យើង គេ​ថ្វាយ‌បង្គំ​យើង​ជា​ឥត​ប្រយោជន៍ ដោយ​បង្រៀន​សេចក្តី​ដែល​ជា​គំនិត របស់​មនុស្ស" »។ បន្ទាប់​មក ព្រះ‌អង្គ​ហៅ​បណ្តា‌ជន​មក​ជិត ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ស្តាប់ ហើយ​យល់​ចុះ! មិន​មែន​អ្វី​ដែល​ចូល​ទៅ​ក្នុង​មាត់ ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​នោះ​ទេ ប៉ុន្តែ អ្វី​ដែល​ចេញ​ពី​មាត់​នោះ​វិញ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ»។ ពេល​នោះ ពួក​សិស្ស​ចូល​មក​ជិត ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «តើ​លោក​គ្រូ​ជ្រាប​ថា ពួក​ផារិស៊ី​អន់​ចិត្ត​ឬ​ទេ ពេល​គេ​ឮ​សេចក្តី​នេះ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អស់​ទាំង​រុក្ខជាតិ​ណា​ដែល​ព្រះ‌វរបិតា​របស់​ខ្ញុំ​នៅ​ស្ថាន‌សួគ៌​មិន​បាន​ដាំ នឹង​ត្រូវ​ដក​ចេញ។ កុំ​អំពល់​នឹង​គេ គេ​ជា​មនុស្ស​ខ្វាក់​ដែល​នាំ​មនុស្ស​ខ្វាក់ ហើយ​បើ​មនុស្ស​ខ្វាក់​នាំ​មនុស្ស​ខ្វាក់ នោះ​ទាំង​ពីរ​នាក់​នឹង​ធ្លាក់​ក្នុង​រណ្តៅ»។ ពេល​នោះ ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «សូម​ពន្យល់​រឿង​ប្រៀប​ធៀប​នេះ​ដល់​យើង​ខ្ញុំ​ផង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ទៀត​ឬ? តើ​អ្នក​រាល់​គ្នា​មិន​យល់​ទេ​ឬ​ថា អ្វី​ដែល​ចូល​ទៅ​ក្នុង​មាត់ វា​ចូល​ទៅ​ក្នុង​ពោះ ហើយ​ចេញ​ទៅ​ក្នុង​បង្គន់? តែ​អ្វី​ដែល​ចេញ​ពី​មាត់ វា​ចេញ​មក​ពី​ក្នុង​ចិត្ត នេះ​ហើយ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ។ ដ្បិត​បំណង​អាក្រក់ ការ​សម្លាប់​មនុស្ស អំពើ​ផិត​ក្បត់ សហាយ‌ស្មន់ ការ​លួច​ប្លន់ ការ​ធ្វើ​បន្ទាល់​ក្លែង‌ក្លាយ ពាក្យ​មួល​បង្កាច់ សុទ្ធ​តែ​ចេញ​មក​ពី​ក្នុង​ចិត្ត​ទាំង​អស់។ សេចក្តី​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ តែ​ដែល​បរិ‌ភោគ​មិន​លាង​ដៃ មិន​មែន​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​នោះ​ឡើយ»។

អាន ម៉ាថាយ 15

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាថាយ 15:1-20