ម៉ាថាយ 15:1-20

ម៉ាថាយ 15:1-20 គខប

មាន​ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​អាចារ្យ​ពី​ក្រុង​យេរូ‌សាឡឹម ចូល​មក​គាល់​ព្រះ‌យេស៊ូ ហើយ​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក មិន​គោរព​តាម​ទំនៀម‌ទម្លាប់​របស់​ចាស់​បុរាណ គឺ​មិន​ធ្វើ​ពិធី​លាង​ដៃ​មុន​ពេល​បរិភោគ​ដូច្នេះ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ចុះ​អ្នក​រាល់​គ្នា ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ល្មើស​នឹង​បទ‌បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ទៅ​កាន់​តាម​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា​វិញ​ដូច្នេះ? ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: “ចូរ​គោរព​មាតា‌បិតា​របស់​អ្នក អ្នក​ណា​ជេរ​ប្រទេច​ផ្ដាសា​មាតា‌បិតា​របស់​ខ្លួន នឹង​ត្រូវ​មាន​ទោស​ដល់​ជីវិត” ។ រីឯ​អ្នក​រាល់​គ្នា​វិញ​បែរ​ជា​ពោល​ថា: បើ​អ្នក​ណា​និយាយ​ទៅ​ឪពុក​ម្ដាយ​ថា “អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្ដាយ​នោះ ខ្ញុំ​បាន​ទុក​ថ្វាយ​ព្រះ‌ជាម្ចាស់​រួច​ទៅ​ហើយ” អ្នក​នោះ​មិន​បាច់​គោរព​ឪពុក​ម្ដាយ​ទេ។ ត្រង់​ហ្នឹង​ហើយ ដែល​អ្នក​រាល់​គ្នា​បំបាត់​តម្លៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ទៅ​ប្រព្រឹត្ត​តាម​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា​វិញ!។ មនុស្ស​មាន​ពុត​អើយ ពាក្យ​ដែល​ព្យាការី*​អេសាយ​ថ្លែង​ទុក​អំពី​អ្នក​រាល់​គ្នា​ត្រូវ​ណាស់​គឺ: “ប្រជា​រាស្ត្រ​នេះ​គោរព​យើង​តែ​បបូរ​មាត់ រីឯ​ចិត្ត​គេ​នៅ​ឆ្ងាយ​ពី​យើង។ គេ​ថ្វាយ‌បង្គំ​យើង​ឥត​បាន​ការ​អ្វី​សោះ ព្រោះ​គេ​បង្រៀន​តែ​ក្បួន​ច្បាប់​របស់​មនុស្ស ប៉ុណ្ណោះ” »។ បន្ទាប់​មក ព្រះ‌យេស៊ូ​ត្រាស់​ហៅ​បណ្ដា‌ជន រួច​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ស្ដាប់ ហើយ​យល់​ឲ្យ​ច្បាស់​ថា អ្វីៗ​ដែល​ចូល​តាម​មាត់​មនុស្ស​ពុំ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ ឡើយ ផ្ទុយ​ទៅ​វិញ មាន​តែ​អ្វីៗ​ដែល​ចេញ​ពី​មាត់​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​មនុស្ស​ត្រឡប់​ទៅ​ជា​មិន​បរិសុទ្ធ»។ ពេល​នោះ សិស្ស*​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ ហើយ​ទូល​ថា៖ «សូម​ព្រះ‌គ្រូ​ជ្រាប ពួក​ខាង​គណៈ​ផារីស៊ី*​ទាស់​ចិត្ត​ណាស់ មក​ពី​ឮ​ព្រះ‌គ្រូ​មាន​ប្រសាសន៍​ដូច្នេះ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ព្រះ‌បិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​នឹង​ដក​រុក្ខ‌ជាតិ​ទាំង‌ឡាយ​ណា ដែល​ព្រះអង្គ​មិន​បាន​ដាំ។ កុំ​អំពល់​នឹង​គេ​ធ្វើ​អ្វី អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ខ្វាក់ ដឹក​នាំ​មនុស្ស​ខ្វាក់។ បើ​មនុស្ស​ខ្វាក់​ដឹក​ដៃ​មនុស្ស​ខ្វាក់ គេ​មុខ​ជា​ធ្លាក់​រណ្ដៅ​ទាំង​ពីរ​នាក់​មិន​ខាន»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «សូម​ព្រះ‌គ្រូ​បក​ស្រាយ​ពាក្យ​ប្រស្នា​នេះ​ឲ្យ​យើង​ខ្ញុំ​យល់​ផង»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​គ្មាន​ប្រាជ្ញា​ដូច​គេ​ដែរ​ឬ!។ អ្នក​រាល់​គ្នា​ត្រូវ​យល់​ថា អ្វីៗ​ដែល​ចូល​តាម​មាត់​មនុស្ស ត្រូវ​ចូល​ទៅ​ក្នុង​ពោះ រួច​ធ្លាក់​ទៅ​ទី​បន្ទោ​បង់!។ ផ្ទុយ​ទៅ​វិញ អ្វីៗ​ដែល​ចេញ​ពី​មាត់​មនុស្ស​សុទ្ធ​តែ​ផុស​ចេញ​ពី​ចិត្ត​មក គឺ​សេចក្ដី​នោះ​ឯង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ* ដ្បិត​គំនិត​អាក្រក់ ការ​កាប់​សម្លាប់ អំពើ​ផិត​ក្បត់ កាម‌គុណ​ថោក​ទាប ការ​លួច​ប្លន់ ពាក្យ​កុហក ពាក្យ​ត្មះ‌តិះ‌ដៀល សុទ្ធ​តែ​ចេញ​មក​ពី​ចិត្ត​មនុស្ស​ទាំង​អស់ គឺ​ការ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ។ រីឯ​ការ​បរិភោគ​ដោយ​មិន​បាន​ធ្វើ​ពិធី​លាង​ដៃ​នោះ ឥត​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​ឡើយ»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាថាយ 15:1-20