ម៉ាថាយ 14:22-36

ម៉ាថាយ 14:22-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រំពេច​នោះ ព្រះ‌យេស៊ូ​បញ្ជា​ពួក​សិស្ស*​ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​មុន​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រាប់​មហា‌ជន​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ​ដែរ។ កាល​ព្រះអង្គ​ឲ្យ​មហា‌ជន​ចេញ​ផុត​អស់​ហើយ ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ ដាច់​ឡែក​ពី​គេ ដើម្បី​អធិស្ឋាន*។ លុះ​ដល់​យប់ ព្រះអង្គ​គង់​នៅ​ទី​នោះ​តែ​មួយ​អង្គ​ឯង។ ពេល​នោះ ទូក​ចេញ​ឆ្ងាយ​ពី​ច្រាំង​ហើយ ក៏​ត្រូវ​រលក​បក់​បោក ព្រោះ​បញ្ច្រាស​ខ្យល់។ ដល់​ពេល​ជិត​ភ្លឺ ព្រះអង្គ​យាង​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ពួក​សិស្ស។ កាល​ពួក​គេ​ឃើញ​ព្រះអង្គ​យាង​លើ​ទឹក​សមុទ្រ​ដូច្នេះ គេ​ភ័យ​រន្ធត់ ហើយ​ស្រែក​ឡើង​ថា «ខ្មោច​លង!» ព្រោះ​គេ​ភ័យ​ពេក។ រំពេច​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​តាំង​ចិត្ត​ក្លាហាន​ឡើង ខ្ញុំ​ទេ​តើ កុំ​ខ្លាច​អី!»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ ប្រសិន​បើ​ពិត​ជា​លោក​មែន សូម​បញ្ជា​ឲ្យ​ខ្ញុំ​អាច​ដើរ​លើ​ទឹក​ទៅ​រក​លោក​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អញ្ជើញ​មក!» លោក​ពេត្រុស​ក៏​ចុះ​ពី​ទូក ដើរ​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ព្រះ‌យេស៊ូ។ ប៉ុន្តែ កាល​លោក​ឃើញ​ខ្យល់​បក់​ខ្លាំង លោក​ភ័យ​ណាស់ ហើយ​ចាប់​ផ្ដើម​លិច​ទៅ​ក្នុង​ទឹក។ លោក​ស្រែក​ឡើង​ថា៖ «លោក​ម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ផង!»។ ព្រះ‌យេស៊ូ​ក៏​លូក​ព្រះ‌ហស្ដ​ទាញ​គាត់​ឡើង​ភ្លាម ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​ទុក​ចិត្ត​ដូច្នេះ?»។ បន្ទាប់​មក ព្រះអង្គ និង​លោក​ពេត្រុស​ចូល​មក​ក្នុង​ទូក ហើយ​ខ្យល់​ក៏​ស្ងប់។ អ្នក​នៅ​ក្នុង​ទូក​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ ទាំង​ពោល​ថា៖ «ព្រះអង្គ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន!»។ ព្រះ‌យេស៊ូ និង​ពួក​សិស្ស*​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង ត្រង់​ស្រុក​គេនេ‌សារ៉ែត។ អ្នក​ស្រុក​នោះ​ស្គាល់​ព្រះអង្គ​ភ្លាម ហើយ​យក​ដំណឹង​ទៅ​ផ្សព្វ‌ផ្សាយ​ពាស‌ពេញ​តំបន់​ទាំង​មូល។ គេ​នាំ​អ្នក​ជំងឺ​ទាំង​អស់​មក​រក​ព្រះអង្គ អង្វរ​សូម​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​ប៉ុណ្ណោះ អស់​អ្នក​ដែល​ពាល់ ក៏​ជា​សះ‌ស្បើយ គ្រប់ៗ​គ្នា។

ចែក​រំលែក
អាន ម៉ាថាយ 14

ម៉ាថាយ 14:22-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ភ្លាម​នោះ ព្រះ‌អង្គ​បញ្ជា​ពួក​សិស្ស​ឲ្យ​ចុះ​ទូក ឆ្លង​ទៅ​ត្រើយ​ម្ខាង​មុន តែ​ព្រះ‌អង្គ​នៅ​ប្រាប់​បណ្តា‌ជន​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ។ កាល​ព្រះ‌អង្គ​ប្រាប់​ឲ្យ​បណ្តា‌ជន​ចេញ​ផុត​អស់​ហើយ ទ្រង់​ក៏​យាង​ឡើង​លើ​ភ្នំ​តែ​មួយ​អង្គ​ឯង ដើម្បី​អធិស្ឋាន។ លុះ​ដល់​ពេល​ព្រលប់ ព្រះ‌អង្គ​គង់​នៅ​ទី​នោះ​តែ​មួយ​ព្រះ‌អង្គ​ឯង ហើយ​នៅ​វេលា​នោះ ទូក​ដែល​បាន​ចេញ​ឆ្ងាយ​ពី​ច្រាំង ត្រូវ​រលក​បោក​ជា​ខ្លាំង ព្រោះ​បញ្រ្ចាស​ខ្យល់។ នៅ​យាម​ទី​បួន យប់​នោះ ព្រះ‌អង្គ​បាន​យាង​លើ​ទឹក​សមុទ្រ សំដៅ​ទៅ​រក​ពួក​សិស្ស។ កាល​ពួក​សិស្ស​ឃើញ​ព្រះ‌អង្គ​យាង​លើ​ទឹក​ដូច្នោះ ពួក​គេ​មាន​ការ​ភ័យ​រន្ធត់ ហើយ​ពោល​ថា៖ «ខ្មោច​លង!» រួច​គេ​ស្រែក​ឡើង​ទាំង​ភ័យ​ខ្លាច។ តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ភ្លាម​ថា៖ «ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ខ្លាច​អី!» ពេត្រុស​ទូល​តប​ទៅ​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់ បើ​ពិត​ជា​ព្រះ‌អង្គ​មែន សូម​បញ្ជា​ឲ្យ​ទូល‌បង្គំ​ដើរ​លើ​ទឹក​ទៅ​រក​ព្រះ‌អង្គ​ផង»។ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «មក​ចុះ!» ដូច្នេះ ពេត្រុស​ក៏​ចេញ​ពី​ទូក ហើយ​ចាប់​ផ្ដើម​ដើរ​លើ​ទឹក សំដៅ​ទៅ​រក​ព្រះ‌យេស៊ូវ។ ប៉ុន្តែ កាល​លោក​ឃើញ​ខ្យល់​បក់​ខ្លាំង លោក​ភ័យ​ណាស់ ហើយ​ដោយ​ព្រោះ​ចាប់​ផ្ដើម​លិច លោក​ក៏​ស្រែក​ឡើង​ថា៖ «ព្រះ‌អម្ចាស់ ជួយ​ទូល‌បង្គំ​ផង!»។ រំពេច​នោះ ព្រះ‌យេស៊ូវ​លូក​ព្រះ‌ហស្ត​ទៅ​ចាប់​គាត់​ភ្លាម ទាំង​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​សង្ស័យ​ដូច្នេះ?» ពេល​ព្រះ‌អង្គ និង​ពេត្រុស​ចូល​ដល់​ក្នុង​ទូក ខ្យល់​ក៏​ស្ងប់​ឈឹង ហើយ​អស់​អ្នក​ដែល​នៅ​ក្នុង​ទូក ក៏​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទាំង​ពោល​ថា៖ «ព្រះ‌អង្គ​ពិត​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន!»។ ពេល​ឆ្លង​ដល់​ត្រើយ​ម្ខាង​ហើយ គេ​ក៏​ចូល​ទៅ​ស្រុក​គេ‌នេសារ៉ែត។ ក្រោយ​ពី​ប្រជា‌ជន​នៅ​ទី​នោះ​បាន​ស្គាល់​ព្រះ‌អង្គ គេ​ក៏​យក​ដំណឹង​ទៅ​ផ្សព្វ‌ផ្សាយ​ពាស‌ពេញ​តំបន់​នោះ​ទាំង​មូល ហើយ​នាំ​យក​អស់​អ្នក​ដែល​មាន​ជំងឺ​មក​រក​ព្រះ‌អង្គ រួច​អង្វរ​ព្រះ‌អង្គ សូម​ឲ្យ​គ្រាន់​តែ​អ្នក​ទាំង​នោះ​បាន​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ប៉ុណ្ណោះ។ អស់​អ្នក​ដែល​បាន​ពាល់​ទាំង​ប៉ុន្មាន បាន​ជា​សះ​ស្បើយ គ្រប់​គ្នា។

ចែក​រំលែក
អាន ម៉ាថាយ 14

ម៉ាថាយ 14:22-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ស្រាប់​តែ​ទ្រង់​បង្ខំ​ពួក​សិស្ស ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង​មុន​ទ្រង់ ទាល់​តែ​ទ្រង់​បាន​ឲ្យ​ហ្វូង​មនុស្ស​វិល​ទៅ​វិញ​អស់ លុះ​បាន​ឲ្យ​គេ​ទៅ​ផុត​អស់​ហើយ នោះ​ទ្រង់​យាង​ឡើង​លើ​ភ្នំ​ដោយ‌ឡែក ដើម្បី​នឹង​អធិស្ឋាន លុះ​ពេល​ព្រលប់​ហើយ ទ្រង់​ក៏​នៅ​ទី​នោះ​តែ​១​អង្គ​ទ្រង់ ឯ​ទូក​នៅ​កណ្តាល​សមុទ្រ ត្រូវ​រលក​បោក​ជា​ខ្លាំង ដោយ​ព្រោះ​ច្រាស​ខ្យល់ ដល់​យាម​៤​យប់ នោះ​ទ្រង់​យាង​កាត់​លើ​ទឹក​សមុទ្រ​ទៅ​ឯ​ពួក​សិស្ស កាល​គេ​ឃើញ​ទ្រង់​យាង​លើ​ទឹក​ដូច្នោះ នោះ​ក៏​ភ័យ​វល់ ហើយ​និយាយ​ថា ខ្មោច​លង​ហើយ រួច​គេ​ស្រែក​ឡើង ដោយ​សេចក្ដី​តក់‌ស្លុត តែ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ដល់​គេ​ភ្លាម​ថា ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ឲ្យ​ភ័យ​ឡើយ ពេត្រុស​ទូល​តប​ថា ព្រះ‌អម្ចាស់​អើយ បើ​ជា​ទ្រង់​មែន នោះ​សូម​ឲ្យ​ទូលបង្គំ​ដើរ​លើ​ទឹក​ទៅ​ឯ​ទ្រង់​ផង ទ្រង់​មាន​បន្ទូល​ថា ចូរ​មក​ចុះ ពេត្រុស​ក៏​ចុះ​ចេញ​ពី​ទូក​ដើរ​លើ​ទឹក ដើម្បី​ទៅ​ឯ​ព្រះ‌យេស៊ូវ តែ​កាល​គាត់​ឃើញ​ខ្យល់​បក់​ជា​ខ្លាំង នោះ​គាត់​មាន​ចិត្ត​ភ័យ ហើយ​ដោយ​ព្រោះ​ចាប់​តាំង​លិច​ទៅ បាន​ជា​គាត់​ស្រែក​ឡើង​ថា ព្រះ‌អម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង ស្រាប់​តែ​ព្រះ‌យេស៊ូវ​ទ្រង់​លូក​ព្រះ‌ហស្ត​ទៅ​ចាប់​គាត់​ភ្លាម ដោយ​បន្ទូល​ថា ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​សង្ស័យ រួច​កាល​ទ្រង់​នឹង​គាត់​បាន​ឡើង​ទៅ​ក្នុង​ទូក​ហើយ នោះ​ខ្យល់​ក៏​ស្ងប់​ឈឹង ឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​ទូក ក៏​មក​ថ្វាយ‌បង្គំ​ទ្រង់​ទូល​ថា ទ្រង់​ប្រាកដ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន។ លុះ​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង​ហើយ នោះ​ក៏​ចូល​ទៅ​ក្នុង​ស្រុក​គេនេ‌សារ៉ែត ពួក​មនុស្ស​នៅ​ទី​នោះ​បាន​ចំណាំ​ស្គាល់​ទ្រង់ ហើយ​គេ​ចាត់​ឲ្យ​ទៅ​គ្រប់​ក្នុង​ស្រុក​ជុំ‌វិញ នាំ​យក​មនុស្ស​ទាំង​ប៉ុន្មាន ដែល​មាន​ជំងឺ​មក​ឯ​ទ្រង់ ក៏​អង្វរ​ឲ្យ​ទ្រង់​អនុញ្ញាត ឲ្យ​អ្នក​ទាំង​នោះ​បាន​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់​ប៉ុណ្ណោះ ឯ​អស់​អ្នក​ដែល​បាន​ពាល់ នោះ​ក៏​បាន​ជាទាំង​អស់​គ្នា។

ចែក​រំលែក
អាន ម៉ាថាយ 14

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ