ម៉ាថាយ 14:22-36

ម៉ាថាយ 14:22-36 គកស១៦

ភ្លាម​នោះ ព្រះ‌អង្គ​បញ្ជា​ពួក​សិស្ស​ឲ្យ​ចុះ​ទូក ឆ្លង​ទៅ​ត្រើយ​ម្ខាង​មុន តែ​ព្រះ‌អង្គ​នៅ​ប្រាប់​បណ្តា‌ជន​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ។ កាល​ព្រះ‌អង្គ​ប្រាប់​ឲ្យ​បណ្តា‌ជន​ចេញ​ផុត​អស់​ហើយ ទ្រង់​ក៏​យាង​ឡើង​លើ​ភ្នំ​តែ​មួយ​អង្គ​ឯង ដើម្បី​អធិស្ឋាន។ លុះ​ដល់​ពេល​ព្រលប់ ព្រះ‌អង្គ​គង់​នៅ​ទី​នោះ​តែ​មួយ​ព្រះ‌អង្គ​ឯង ហើយ​នៅ​វេលា​នោះ ទូក​ដែល​បាន​ចេញ​ឆ្ងាយ​ពី​ច្រាំង ត្រូវ​រលក​បោក​ជា​ខ្លាំង ព្រោះ​បញ្រ្ចាស​ខ្យល់។ នៅ​យាម​ទី​បួន យប់​នោះ ព្រះ‌អង្គ​បាន​យាង​លើ​ទឹក​សមុទ្រ សំដៅ​ទៅ​រក​ពួក​សិស្ស។ កាល​ពួក​សិស្ស​ឃើញ​ព្រះ‌អង្គ​យាង​លើ​ទឹក​ដូច្នោះ ពួក​គេ​មាន​ការ​ភ័យ​រន្ធត់ ហើយ​ពោល​ថា៖ «ខ្មោច​លង!» រួច​គេ​ស្រែក​ឡើង​ទាំង​ភ័យ​ខ្លាច។ តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ភ្លាម​ថា៖ «ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ខ្លាច​អី!» ពេត្រុស​ទូល​តប​ទៅ​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់ បើ​ពិត​ជា​ព្រះ‌អង្គ​មែន សូម​បញ្ជា​ឲ្យ​ទូល‌បង្គំ​ដើរ​លើ​ទឹក​ទៅ​រក​ព្រះ‌អង្គ​ផង»។ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «មក​ចុះ!» ដូច្នេះ ពេត្រុស​ក៏​ចេញ​ពី​ទូក ហើយ​ចាប់​ផ្ដើម​ដើរ​លើ​ទឹក សំដៅ​ទៅ​រក​ព្រះ‌យេស៊ូវ។ ប៉ុន្តែ កាល​លោក​ឃើញ​ខ្យល់​បក់​ខ្លាំង លោក​ភ័យ​ណាស់ ហើយ​ដោយ​ព្រោះ​ចាប់​ផ្ដើម​លិច លោក​ក៏​ស្រែក​ឡើង​ថា៖ «ព្រះ‌អម្ចាស់ ជួយ​ទូល‌បង្គំ​ផង!»។ រំពេច​នោះ ព្រះ‌យេស៊ូវ​លូក​ព្រះ‌ហស្ត​ទៅ​ចាប់​គាត់​ភ្លាម ទាំង​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​សង្ស័យ​ដូច្នេះ?» ពេល​ព្រះ‌អង្គ និង​ពេត្រុស​ចូល​ដល់​ក្នុង​ទូក ខ្យល់​ក៏​ស្ងប់​ឈឹង ហើយ​អស់​អ្នក​ដែល​នៅ​ក្នុង​ទូក ក៏​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទាំង​ពោល​ថា៖ «ព្រះ‌អង្គ​ពិត​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន!»។ ពេល​ឆ្លង​ដល់​ត្រើយ​ម្ខាង​ហើយ គេ​ក៏​ចូល​ទៅ​ស្រុក​គេ‌នេសារ៉ែត។ ក្រោយ​ពី​ប្រជា‌ជន​នៅ​ទី​នោះ​បាន​ស្គាល់​ព្រះ‌អង្គ គេ​ក៏​យក​ដំណឹង​ទៅ​ផ្សព្វ‌ផ្សាយ​ពាស‌ពេញ​តំបន់​នោះ​ទាំង​មូល ហើយ​នាំ​យក​អស់​អ្នក​ដែល​មាន​ជំងឺ​មក​រក​ព្រះ‌អង្គ រួច​អង្វរ​ព្រះ‌អង្គ សូម​ឲ្យ​គ្រាន់​តែ​អ្នក​ទាំង​នោះ​បាន​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ប៉ុណ្ណោះ។ អស់​អ្នក​ដែល​បាន​ពាល់​ទាំង​ប៉ុន្មាន បាន​ជា​សះ​ស្បើយ គ្រប់​គ្នា។

អាន ម៉ាថាយ 14