ម៉ាថាយ 14:22-36

ម៉ាថាយ 14:22-36 ពគប

ស្រាប់​តែ​ទ្រង់​បង្ខំ​ពួក​សិស្ស ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង​មុន​ទ្រង់ ទាល់​តែ​ទ្រង់​បាន​ឲ្យ​ហ្វូង​មនុស្ស​វិល​ទៅ​វិញ​អស់ លុះ​បាន​ឲ្យ​គេ​ទៅ​ផុត​អស់​ហើយ នោះ​ទ្រង់​យាង​ឡើង​លើ​ភ្នំ​ដោយ‌ឡែក ដើម្បី​នឹង​អធិស្ឋាន លុះ​ពេល​ព្រលប់​ហើយ ទ្រង់​ក៏​នៅ​ទី​នោះ​តែ​១​អង្គ​ទ្រង់ ឯ​ទូក​នៅ​កណ្តាល​សមុទ្រ ត្រូវ​រលក​បោក​ជា​ខ្លាំង ដោយ​ព្រោះ​ច្រាស​ខ្យល់ ដល់​យាម​៤​យប់ នោះ​ទ្រង់​យាង​កាត់​លើ​ទឹក​សមុទ្រ​ទៅ​ឯ​ពួក​សិស្ស កាល​គេ​ឃើញ​ទ្រង់​យាង​លើ​ទឹក​ដូច្នោះ នោះ​ក៏​ភ័យ​វល់ ហើយ​និយាយ​ថា ខ្មោច​លង​ហើយ រួច​គេ​ស្រែក​ឡើង ដោយ​សេចក្ដី​តក់‌ស្លុត តែ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ដល់​គេ​ភ្លាម​ថា ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ឲ្យ​ភ័យ​ឡើយ ពេត្រុស​ទូល​តប​ថា ព្រះ‌អម្ចាស់​អើយ បើ​ជា​ទ្រង់​មែន នោះ​សូម​ឲ្យ​ទូលបង្គំ​ដើរ​លើ​ទឹក​ទៅ​ឯ​ទ្រង់​ផង ទ្រង់​មាន​បន្ទូល​ថា ចូរ​មក​ចុះ ពេត្រុស​ក៏​ចុះ​ចេញ​ពី​ទូក​ដើរ​លើ​ទឹក ដើម្បី​ទៅ​ឯ​ព្រះ‌យេស៊ូវ តែ​កាល​គាត់​ឃើញ​ខ្យល់​បក់​ជា​ខ្លាំង នោះ​គាត់​មាន​ចិត្ត​ភ័យ ហើយ​ដោយ​ព្រោះ​ចាប់​តាំង​លិច​ទៅ បាន​ជា​គាត់​ស្រែក​ឡើង​ថា ព្រះ‌អម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង ស្រាប់​តែ​ព្រះ‌យេស៊ូវ​ទ្រង់​លូក​ព្រះ‌ហស្ត​ទៅ​ចាប់​គាត់​ភ្លាម ដោយ​បន្ទូល​ថា ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​សង្ស័យ រួច​កាល​ទ្រង់​នឹង​គាត់​បាន​ឡើង​ទៅ​ក្នុង​ទូក​ហើយ នោះ​ខ្យល់​ក៏​ស្ងប់​ឈឹង ឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​ទូក ក៏​មក​ថ្វាយ‌បង្គំ​ទ្រង់​ទូល​ថា ទ្រង់​ប្រាកដ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន។ លុះ​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង​ហើយ នោះ​ក៏​ចូល​ទៅ​ក្នុង​ស្រុក​គេនេ‌សារ៉ែត ពួក​មនុស្ស​នៅ​ទី​នោះ​បាន​ចំណាំ​ស្គាល់​ទ្រង់ ហើយ​គេ​ចាត់​ឲ្យ​ទៅ​គ្រប់​ក្នុង​ស្រុក​ជុំ‌វិញ នាំ​យក​មនុស្ស​ទាំង​ប៉ុន្មាន ដែល​មាន​ជំងឺ​មក​ឯ​ទ្រង់ ក៏​អង្វរ​ឲ្យ​ទ្រង់​អនុញ្ញាត ឲ្យ​អ្នក​ទាំង​នោះ​បាន​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់​ប៉ុណ្ណោះ ឯ​អស់​អ្នក​ដែល​បាន​ពាល់ នោះ​ក៏​បាន​ជាទាំង​អស់​គ្នា។

អាន ម៉ាថាយ 14