លូកា 9:10-27

លូកា 9:10-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ពួក​សាវក​បាន​ត្រឡប់​មក​វិញ រៀប​រាប់​រឿង​ទូល​ព្រះ‌យេស៊ូវ​ពី​ការ​ដែល​គេ​បាន​ធ្វើ​ទាំង​ប៉ុន្មាន ព្រះ‌អង្គ​ក៏​នាំ​គេ​ទៅ​ទី​ស្ងាត់​ដោយ​ឡែក ជិត​ភូមិ​មួយ​ឈ្មោះ​បេតសៃដា។ កាល​មហា‌ជន​បាន​ដឹង គេ​ក៏​ទៅ​តាម​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​រាក់​ទាក់​ទទួល​គេ ដោយ​មាន​ព្រះ‌បន្ទូល​ប្រាប់​អំពី​ព្រះរាជ្យ​របស់​ព្រះ ទាំង​ប្រោស​អស់​អ្នក​ដែល​ត្រូវ​ការ​ឲ្យ​បាន​ជា​ផង។ លុះ​ដល់​ថ្ងៃ​កាន់​តែ​ទាប​ហើយ អ្នក​ទាំង​ដប់​ពីរ មក​ទូល​ព្រះ‌អង្គ​ថា៖ «សូម​ឲ្យ​បណ្ដាជន​ទៅ​រក​កន្លែង​ស្នាក់​នៅ ទៅ​រក​ស្បៀង​អាហារ​នៅ​តាម​ភូមិ និង​ស្រុក​ស្រែ​ជុំ‌វិញ​នេះ​ទៅ ព្រោះ​ទី​នេះ​ស្ងាត់​ណាស់»។ តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិ‌ភោគ​ទៅ» ពួក​សិស្ស​ទូល​ថា៖ «យើង​ខ្ញុំ​មាន​តែ​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​ទេ មាន​តែ​យើង​ខ្ញុំ​ទៅ​ទិញ​ស្បៀង​អាហារ​ថែម​ទៀត សម្រាប់​មនុស្ស​ទាំង​នេះ»។ នៅ​ទី​នោះ មាន​បុរស​ប្រាំ​ពាន់​នាក់ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​ឲ្យ​គេ​អង្គុយ​ជា​ជួរ​ទៅ ក្នុង​មួយ​ជួរ​ហា‌សិប​នាក់»។ ពួក​សិស្ស​ក៏​ឲ្យ​មនុស្ស​ទាំង​អស់​អង្គុយ​ដូច្នោះ ព្រះ‌អង្គ​បាន​យក​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​ពីរ ងើប​ទត​ទៅ​លើ​មេឃ ហើយ​អរ​ព្រះ‌គុណ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ឲ្យ​បណ្តា​ជន​បរិ‌ភោគ។ គេ​បាន​បរិ‌ភោគ​ឆ្អែត​ទាំង​អស់​គ្នា រួច​ប្រមូល​ចំណិត​ដែល​នៅ​សល់ បាន​ដប់​ពីរ​កន្ត្រក។ ថ្ងៃ​មួយ ពេល​ព្រះ‌អង្គ​កំពុង​តែ​អធិស្ឋាន​ដោយ​ឡែក ហើយ​ពួក​សិស្ស​ក៏​នៅ​ជា​មួយ ព្រះ‌អង្គ​សួរ​គេ​ថា៖ «តើ​មហា‌ជន​ថា​ខ្ញុំ​ជា​អ្នក​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «ជា​យ៉ូហាន-បាទីស្ទ ខ្លះ​ថា​ជា​អេលី‌យ៉ា ខ្លះ​ទៀត​ថា​ជា​ហោរា​ណា​មួយ​ពី​ចាស់​បុរាណ បាន​រស់​ឡើង​វិញ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា?» ពេត្រុស​ទូល​ឆ្លើយ​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌គ្រីស្ទ​នៃ​ព្រះ»។ ព្រះ‌យេស៊ូវ​ហាម​ផ្តាច់ មិន​ឲ្យ​គេ​ប្រាប់​អ្នក​ណា​ពី​សេចក្តី​នេះ​ឡើយ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «កូន​មនុស្ស​ត្រូវ​រង​ទុក្ខ​ជា​ច្រើន ត្រូវ​ពួក​ចាស់​ទុំ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​បោះ‌បង់​ចោល ត្រូវ​គេ​សម្លាប់ ហើយ​បី​ថ្ងៃ​ក្រោយ​មក​នឹង​រស់​ឡើង​វិញ»។ រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​មនុស្ស​ទាំង​អស់​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​រាល់​តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​អ្នក​ណា​ដែល​ចង់​រក្សា​ជីវិត​ខ្លួន អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​ជីវិត​វិញ។ ប្រសិន‌បើ​មនុស្ស​ណា​ម្នាក់​បាន​ពិភពលោក​ទាំង​មូល ប៉ុន្តែ ធ្វើ​ឲ្យ​ខ្លួន​ឯង​វិនាស ឬ​ឲ្យ​បាត់‌បង់ តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ? ដ្បិត​អ្នក​ណា​ដែល​មាន​សេចក្តី​ខ្មាស ដោយ​ព្រោះ​ខ្ញុំ និង​ដោយ​ព្រោះ​ពាក្យ​ខ្ញុំ នោះ​កូន​មនុស្ស​នឹង​មាន​សេចក្តី​ខ្មាស ដោយ​ព្រោះ​អ្នក​នោះ​ដែរ នៅ​ពេល​ដែល​លោក​មក​ក្នុង​សិរី​ល្អ​របស់​លោក សិរី​ល្អ​របស់​ព្រះ‌វរបិតា និង​សិរី​ល្អ​របស់​ពួក​ទេវតា​បរិសុទ្ធ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មាន​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នេះ នឹង​មិន​ភ្លក់​សេចក្តី​ស្លាប់​ឡើយ រហូត​ដល់​គេ​បាន​ឃើញ​ព្រះរាជ្យ​របស់​ព្រះ»។

ចែក​រំលែក
អាន លូកា 9

លូកា 9:10-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សាវ័ក*​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ រៀប​រាប់​ទូល​ព្រះ‌យេស៊ូ​នូវ​គ្រប់​កិច្ចការ​ទាំង​អស់​ដែល​គេ​បាន​ធ្វើ។ ព្រះអង្គ​នាំ​គេ​ចេញ​ដាច់​ឡែក​ពី​មហា‌ជន តម្រង់​ទៅ​ភូមិ​មួយ​ឈ្មោះ​បេតសៃ‌ដា តែ​មហា‌ជន​ដឹង ក៏​នាំ​គ្នា​ទៅ​តាម​ព្រះអង្គ។ ព្រះ‌យេស៊ូ​ទទួល​ពួក​គេ ហើយ​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ឲ្យ​គេ​ស្ដាប់ ព្រម​ទាំង​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​ផង។ ដល់​ថ្ងៃ​ជិត​លិច សិស្ស​ទាំង​ដប់‌ពីរ​រូប​ចូល​ទៅ​ទូល​ព្រះអង្គ​ថា៖ «សូម​ព្រះអង្គ​ប្រាប់​ឲ្យ​បណ្ដា‌ជន​ចេញ​ទៅ​រក​ម្ហូប​អាហារ រក​កន្លែង​ស្នាក់​តាម​ផ្ទះ តាម​ភូមិ​ជិតៗ​នេះ​ទៅ ព្រោះ​ទី​នេះ​ស្ងាត់​ណាស់»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ទៅ»។ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​មាន​នំប៉័ង​តែ​ប្រាំ​ដុំ និង​ត្រី‌ងៀត​ពីរ​កន្ទុយ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​គ្រាន់ មាន​តែ​ទៅ​ទិញ​អាហារ​សម្រាប់​ប្រជា‌ជន​ទាំង​នេះ!»។ នៅ​ទី​នោះ មាន​មនុស្ស​ប្រុស​ប្រមាណ​ប្រាំ​ពាន់​នាក់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សិស្ស​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រាប់​គេ​ឲ្យ​អង្គុយ​ចុះ​ជា​ក្រុមៗ ក្នុង​មួយ​ក្រុម​ហា‌សិប​នាក់»។ ពួក​សិស្ស​ក៏​ធ្វើ​តាម គឺ​ប្រាប់​គេ​ឲ្យ​អង្គុយ​ចុះ​ទាំង​អស់​គ្នា។ ព្រះ‌យេស៊ូ​យក​នំប៉័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ ព្រះអង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង​លើ សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​សិស្ស ដើម្បី​ឲ្យ​គេ​ចែក​បណ្ដា‌ជន​បរិភោគ។ គេ​បាន​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា រួច​ប្រមូល​នំប៉័ង​ដែល​នៅ​សល់​បាន​ពេញ​ដប់‌ពីរ​ល្អី។ ថ្ងៃ​មួយ ពេល​ព្រះ‌យេស៊ូ​នៅ​អធិស្ឋាន*​ដាច់​ឡែក​ពី​បណ្ដា‌ជន ពួក​សិស្ស*​ក៏​នៅ​ជា​មួយ​ព្រះអង្គ​ដែរ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​មហា‌ជន​ទាំង‌ឡាយ​ថា​ខ្ញុំ​ជា​នរណា?»។ ពួក​សិស្ស​ទូល​ឆ្លើយ​ថា៖ «អ្នក​ខ្លះ​ថា​លោក​គ្រូ​ជា​លោក​យ៉ូហាន‌បាទីស្ដ អ្នក​ខ្លះ​ថា លោក​ជា​ព្យាការី​អេលីយ៉ា ហើយ​អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​ព្យាការី​មួយ​រូប​ពី​សម័យ​បុរាណ ដែល​រស់​ឡើង​វិញ»។ ព្រះ‌យេស៊ូ​សួរ​ទៀត​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ថា​ខ្ញុំ​ជា​នរណា​ដែរ?»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «លោក​ជា​ព្រះ‌គ្រិស្ត*​ដែល​ព្រះ‌ជាម្ចាស់​ចាត់​ឲ្យ​មក»។ ព្រះ‌យេស៊ូ​ក៏​ហាម‌ប្រាម​គេ​មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​ណា​ជា​ដាច់​ខាត។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «បុត្រ​មនុស្ស*​ត្រូវ​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង។ ពួក​ព្រឹទ្ធា‌ចារ្យ* ពួក​នាយក​បូជា‌ចារ្យ* ពួក​អាចារ្យ* នឹង​បោះ​បង់​លោក​ចោល ថែម​ទាំង​សម្លាប់​លោក​ទៀត​ផង។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទាំង​អស់​គ្នា​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះ‌បង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន​រៀង​រាល់​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់​បង់​ជីវិត​ពុំ‌ខាន ប៉ុន្តែ អ្នក​ណា​បាត់​បង់​ជីវិត ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​រួច​ជីវិត​វិញ។ បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល​មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត នោះ​មាន​ប្រយោជន៍​អ្វី។ បើ​អ្នក​ណា​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​ខ្ញុំ មិន​ហ៊ាន​ទទួល​ពាក្យ​របស់​ខ្ញុំ​ទេ លុះ​ដល់​បុត្រ​មនុស្ស*​យាង​មក ប្រកប​ដោយ​សិរី‌រុងរឿង​របស់​ព្រះអង្គ ព្រម​ទាំង​សិរី‌រុងរឿង​របស់​ព្រះ‌បិតា និង​របស់​ទេវតា*​ដ៏វិសុទ្ធ* ព្រះអង្គ​ក៏​នឹង​ខ្មាស​អៀន មិន​ហ៊ាន​ទទួល​ស្គាល់​អ្នក​នោះ​វិញ​ដែរ។ ប្រាកដ​មែន ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មនុស្ស​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ មុន​បាន​ឃើញ​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់»។

ចែក​រំលែក
អាន លូកា 9

លូកា 9:10-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ពួក​សាវក​បាន​ត្រឡប់​មក​វិញ ក៏​រ៉ាយ​រឿង​ទូល​ព្រះ‌យេស៊ូវ ពី​ការ​ដែល​គេ​បាន​ធ្វើ​ទាំង​ប៉ុន្មាន នោះ​ទ្រង់​នាំ​គេ​ទៅ​ដោយ‌ឡែក​នៅ​ទី​ស្ងាត់ ជិត​ភូមិ​១​ឈ្មោះ​បេត‌សៃដា កាល​បណ្តា​មនុស្ស​បាន​ដឹង ក៏​តាម​ទ្រង់​ទៅ ទ្រង់​រាក់‌ទាក់​ទទួល​គេ ហើយ​មាន​បន្ទូល​ប្រាប់​ពី​នគរ​ព្រះ ទាំង​ប្រោស​ដល់​អស់​អ្នក​ដែល​ត្រូវ​ការ ឲ្យ​គេ​បាន​ជា​ផង វេលា​នោះ ថ្ងៃ​កាន់​តែ​ទាប​ហើយ នោះ​ពួក​១២​នាក់​មក​ទូល​ទ្រង់​ថា សូម​ឲ្យ​មនុស្ស​ទាំង‌ឡាយ​ទៅ ដើម្បី​ឲ្យ​ទៅ​រក​ទី​ស្នាក់ នឹង​ស្បៀង​អាហារ នៅ​ក្នុង​ភូមិ​នឹង​ស្រុក​ស្រែ​ជុំ‌វិញ ដ្បិត​ទី​នេះ​ស្ងាត់​ណាស់ តែ​ទ្រង់​មាន​បន្ទូល​ថា ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ ពួក​សិស្ស​ទូល​ថា យើង​ខ្ញុំ​មាន​តែ​នំបុ័ង​៥​ដុំ នឹង​ត្រី​២​ទេ លើក​តែ​យើង​ខ្ញុំ​ទៅ​ទិញ​ស្បៀង​អាហារ​ទៀត សំរាប់​មនុស្ស​ទាំង​នេះ​វិញ (រីឯ​ពួក​មនុស្ស​ទាំង​នោះ មាន​ប្រុសៗ​ចំនួន​៥​ពាន់​នាក់) តែ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​ឲ្យ​គេ​អង្គុយ​ដោយ​ជួរៗ​ទៅ ក្នុង​១​ជួរ​៥០​នាក់ ពួក​សិស្ស​ក៏​ឲ្យ​មនុស្ស​ទាំង​អស់​អង្គុយ​ដូច្នោះ នោះ​ទ្រង់​យក​នំបុ័ង​៥ នឹង​ត្រី​២ ងើប​ទត​ទៅ​លើ​មេឃ ហើយ​ប្រទាន​ពរ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ឲ្យ​បណ្តា​មនុស្ស គេ​ក៏​បរិភោគ​ឆ្អែត​ទាំង​អស់​គ្នា រួច​ប្រមូល​ចំណិត​ដែល​នៅ​សល់​បាន​១២​កន្ត្រក។ គ្រា​មួយ កាល​ទ្រង់​កំពុង​តែ​អធិស្ឋាន​ដោយ‌ឡែក ហើយ​ពួក​សិស្ស​ក៏​នៅ​ជា​មួយ នោះ​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​ហ្វូង​មនុស្ស​ទាំង‌ឡាយ​ថា​ខ្ញុំ​ជា​អ្នក​ណា គេ​ទូល​ឆ្លើយ​ថា ជា​យ៉ូហាន-បាទីស្ទ ខ្លះ​ថា​ជា​អេលីយ៉ា ខ្លះ​ទៀត​ថា​ជា​ហោរា​ណា​មួយ​ពី​ចាស់​បុរាណ បាន​រស់​ឡើង​វិញ ទ្រង់​មាន​បន្ទូល​សួរ​គេ​ថា ចុះ​ឯ​អ្នក​រាល់​គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា នោះ​ពេត្រុស​ទូល​ឆ្លើយ​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ​នៃ​ព្រះ ទ្រង់​ហាម​ផ្តាច់ មិន​ឲ្យ​គេ​ប្រាប់​ដល់​អ្នក​ណា ពី​សេចក្ដី​នេះ​ឡើយ ដោយ​មាន​បន្ទូល​ថា ត្រូវ​ឲ្យ​កូន​មនុស្ស​រង​ទុក្ខ​ជា​ច្រើន ត្រូវ​ពួក​ចាស់‌ទុំ ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ​បោះ​បង់​ចោល ត្រូវ​គេ​សំឡាប់ ហើយ​៣​ថ្ងៃ​ក្រោយ​មក​នឹង​រស់​ឡើង​វិញ រួច​ទ្រង់​មាន​បន្ទូល​ទៅ​មនុស្ស​ទាំង​អស់​ថា បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​រាល់​តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​ជីវិត​វិញ ដ្បិត​បើ​សិន​ជា​មនុស្ស​ណា​នឹង​បាន​លោកីយ​ទាំង​មូល ប៉ុន្តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​វិនាស ឬ​ឲ្យ​បាត់‌បង់ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ ដ្បិត​អ្នក​ណា​ដែល​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​ខ្ញុំ នឹង​ពាក្យ​ខ្ញុំ នោះ​កូន​មនុស្ស​នឹង​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​អ្នក​នោះ​ដែរ ក្នុង​កាល​ដែល​លោក​មក​ក្នុង​សិរី‌ល្អ​របស់​លោក របស់​ព្រះវរ‌បិតា ហើយ​នឹង​ពួក​ទេវតា​បរិសុទ្ធ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​ដែល​ឈរ​នៅ​ទី​នេះ មាន​អ្នក​ខ្លះ​ដែល​មិន​ត្រូវ​ភ្លក់​សេចក្ដី​ស្លាប់ ទាល់​តែ​បាន​ឃើញ​នគរ​ព្រះ។

ចែក​រំលែក
អាន លូកា 9