លូកា 9:10-27

លូកា 9:10-27 ពគប

កាល​ពួក​សាវក​បាន​ត្រឡប់​មក​វិញ ក៏​រ៉ាយ​រឿង​ទូល​ព្រះ‌យេស៊ូវ ពី​ការ​ដែល​គេ​បាន​ធ្វើ​ទាំង​ប៉ុន្មាន នោះ​ទ្រង់​នាំ​គេ​ទៅ​ដោយ‌ឡែក​នៅ​ទី​ស្ងាត់ ជិត​ភូមិ​១​ឈ្មោះ​បេត‌សៃដា កាល​បណ្តា​មនុស្ស​បាន​ដឹង ក៏​តាម​ទ្រង់​ទៅ ទ្រង់​រាក់‌ទាក់​ទទួល​គេ ហើយ​មាន​បន្ទូល​ប្រាប់​ពី​នគរ​ព្រះ ទាំង​ប្រោស​ដល់​អស់​អ្នក​ដែល​ត្រូវ​ការ ឲ្យ​គេ​បាន​ជា​ផង វេលា​នោះ ថ្ងៃ​កាន់​តែ​ទាប​ហើយ នោះ​ពួក​១២​នាក់​មក​ទូល​ទ្រង់​ថា សូម​ឲ្យ​មនុស្ស​ទាំង‌ឡាយ​ទៅ ដើម្បី​ឲ្យ​ទៅ​រក​ទី​ស្នាក់ នឹង​ស្បៀង​អាហារ នៅ​ក្នុង​ភូមិ​នឹង​ស្រុក​ស្រែ​ជុំ‌វិញ ដ្បិត​ទី​នេះ​ស្ងាត់​ណាស់ តែ​ទ្រង់​មាន​បន្ទូល​ថា ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ ពួក​សិស្ស​ទូល​ថា យើង​ខ្ញុំ​មាន​តែ​នំបុ័ង​៥​ដុំ នឹង​ត្រី​២​ទេ លើក​តែ​យើង​ខ្ញុំ​ទៅ​ទិញ​ស្បៀង​អាហារ​ទៀត សំរាប់​មនុស្ស​ទាំង​នេះ​វិញ (រីឯ​ពួក​មនុស្ស​ទាំង​នោះ មាន​ប្រុសៗ​ចំនួន​៥​ពាន់​នាក់) តែ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​ឲ្យ​គេ​អង្គុយ​ដោយ​ជួរៗ​ទៅ ក្នុង​១​ជួរ​៥០​នាក់ ពួក​សិស្ស​ក៏​ឲ្យ​មនុស្ស​ទាំង​អស់​អង្គុយ​ដូច្នោះ នោះ​ទ្រង់​យក​នំបុ័ង​៥ នឹង​ត្រី​២ ងើប​ទត​ទៅ​លើ​មេឃ ហើយ​ប្រទាន​ពរ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ឲ្យ​បណ្តា​មនុស្ស គេ​ក៏​បរិភោគ​ឆ្អែត​ទាំង​អស់​គ្នា រួច​ប្រមូល​ចំណិត​ដែល​នៅ​សល់​បាន​១២​កន្ត្រក។ គ្រា​មួយ កាល​ទ្រង់​កំពុង​តែ​អធិស្ឋាន​ដោយ‌ឡែក ហើយ​ពួក​សិស្ស​ក៏​នៅ​ជា​មួយ នោះ​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​ហ្វូង​មនុស្ស​ទាំង‌ឡាយ​ថា​ខ្ញុំ​ជា​អ្នក​ណា គេ​ទូល​ឆ្លើយ​ថា ជា​យ៉ូហាន-បាទីស្ទ ខ្លះ​ថា​ជា​អេលីយ៉ា ខ្លះ​ទៀត​ថា​ជា​ហោរា​ណា​មួយ​ពី​ចាស់​បុរាណ បាន​រស់​ឡើង​វិញ ទ្រង់​មាន​បន្ទូល​សួរ​គេ​ថា ចុះ​ឯ​អ្នក​រាល់​គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា នោះ​ពេត្រុស​ទូល​ឆ្លើយ​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ​នៃ​ព្រះ ទ្រង់​ហាម​ផ្តាច់ មិន​ឲ្យ​គេ​ប្រាប់​ដល់​អ្នក​ណា ពី​សេចក្ដី​នេះ​ឡើយ ដោយ​មាន​បន្ទូល​ថា ត្រូវ​ឲ្យ​កូន​មនុស្ស​រង​ទុក្ខ​ជា​ច្រើន ត្រូវ​ពួក​ចាស់‌ទុំ ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ​បោះ​បង់​ចោល ត្រូវ​គេ​សំឡាប់ ហើយ​៣​ថ្ងៃ​ក្រោយ​មក​នឹង​រស់​ឡើង​វិញ រួច​ទ្រង់​មាន​បន្ទូល​ទៅ​មនុស្ស​ទាំង​អស់​ថា បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​រាល់​តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​ជីវិត​វិញ ដ្បិត​បើ​សិន​ជា​មនុស្ស​ណា​នឹង​បាន​លោកីយ​ទាំង​មូល ប៉ុន្តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​វិនាស ឬ​ឲ្យ​បាត់‌បង់ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ ដ្បិត​អ្នក​ណា​ដែល​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​ខ្ញុំ នឹង​ពាក្យ​ខ្ញុំ នោះ​កូន​មនុស្ស​នឹង​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​អ្នក​នោះ​ដែរ ក្នុង​កាល​ដែល​លោក​មក​ក្នុង​សិរី‌ល្អ​របស់​លោក របស់​ព្រះវរ‌បិតា ហើយ​នឹង​ពួក​ទេវតា​បរិសុទ្ធ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​ដែល​ឈរ​នៅ​ទី​នេះ មាន​អ្នក​ខ្លះ​ដែល​មិន​ត្រូវ​ភ្លក់​សេចក្ដី​ស្លាប់ ទាល់​តែ​បាន​ឃើញ​នគរ​ព្រះ។

អាន លូកា 9