លូកា 9:10-27

លូកា 9:10-27 គកស១៦

ពេល​ពួក​សាវក​បាន​ត្រឡប់​មក​វិញ រៀប​រាប់​រឿង​ទូល​ព្រះ‌យេស៊ូវ​ពី​ការ​ដែល​គេ​បាន​ធ្វើ​ទាំង​ប៉ុន្មាន ព្រះ‌អង្គ​ក៏​នាំ​គេ​ទៅ​ទី​ស្ងាត់​ដោយ​ឡែក ជិត​ភូមិ​មួយ​ឈ្មោះ​បេតសៃដា។ កាល​មហា‌ជន​បាន​ដឹង គេ​ក៏​ទៅ​តាម​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​រាក់​ទាក់​ទទួល​គេ ដោយ​មាន​ព្រះ‌បន្ទូល​ប្រាប់​អំពី​ព្រះរាជ្យ​របស់​ព្រះ ទាំង​ប្រោស​អស់​អ្នក​ដែល​ត្រូវ​ការ​ឲ្យ​បាន​ជា​ផង។ លុះ​ដល់​ថ្ងៃ​កាន់​តែ​ទាប​ហើយ អ្នក​ទាំង​ដប់​ពីរ មក​ទូល​ព្រះ‌អង្គ​ថា៖ «សូម​ឲ្យ​បណ្ដាជន​ទៅ​រក​កន្លែង​ស្នាក់​នៅ ទៅ​រក​ស្បៀង​អាហារ​នៅ​តាម​ភូមិ និង​ស្រុក​ស្រែ​ជុំ‌វិញ​នេះ​ទៅ ព្រោះ​ទី​នេះ​ស្ងាត់​ណាស់»។ តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិ‌ភោគ​ទៅ» ពួក​សិស្ស​ទូល​ថា៖ «យើង​ខ្ញុំ​មាន​តែ​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​ទេ មាន​តែ​យើង​ខ្ញុំ​ទៅ​ទិញ​ស្បៀង​អាហារ​ថែម​ទៀត សម្រាប់​មនុស្ស​ទាំង​នេះ»។ នៅ​ទី​នោះ មាន​បុរស​ប្រាំ​ពាន់​នាក់ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​ឲ្យ​គេ​អង្គុយ​ជា​ជួរ​ទៅ ក្នុង​មួយ​ជួរ​ហា‌សិប​នាក់»។ ពួក​សិស្ស​ក៏​ឲ្យ​មនុស្ស​ទាំង​អស់​អង្គុយ​ដូច្នោះ ព្រះ‌អង្គ​បាន​យក​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​ពីរ ងើប​ទត​ទៅ​លើ​មេឃ ហើយ​អរ​ព្រះ‌គុណ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ឲ្យ​បណ្តា​ជន​បរិ‌ភោគ។ គេ​បាន​បរិ‌ភោគ​ឆ្អែត​ទាំង​អស់​គ្នា រួច​ប្រមូល​ចំណិត​ដែល​នៅ​សល់ បាន​ដប់​ពីរ​កន្ត្រក។ ថ្ងៃ​មួយ ពេល​ព្រះ‌អង្គ​កំពុង​តែ​អធិស្ឋាន​ដោយ​ឡែក ហើយ​ពួក​សិស្ស​ក៏​នៅ​ជា​មួយ ព្រះ‌អង្គ​សួរ​គេ​ថា៖ «តើ​មហា‌ជន​ថា​ខ្ញុំ​ជា​អ្នក​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «ជា​យ៉ូហាន-បាទីស្ទ ខ្លះ​ថា​ជា​អេលី‌យ៉ា ខ្លះ​ទៀត​ថា​ជា​ហោរា​ណា​មួយ​ពី​ចាស់​បុរាណ បាន​រស់​ឡើង​វិញ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​ថា​ខ្ញុំ​ជា​អ្នក​ណា?» ពេត្រុស​ទូល​ឆ្លើយ​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌គ្រីស្ទ​នៃ​ព្រះ»។ ព្រះ‌យេស៊ូវ​ហាម​ផ្តាច់ មិន​ឲ្យ​គេ​ប្រាប់​អ្នក​ណា​ពី​សេចក្តី​នេះ​ឡើយ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «កូន​មនុស្ស​ត្រូវ​រង​ទុក្ខ​ជា​ច្រើន ត្រូវ​ពួក​ចាស់​ទុំ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​បោះ‌បង់​ចោល ត្រូវ​គេ​សម្លាប់ ហើយ​បី​ថ្ងៃ​ក្រោយ​មក​នឹង​រស់​ឡើង​វិញ»។ រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​មនុស្ស​ទាំង​អស់​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​រាល់​តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​អ្នក​ណា​ដែល​ចង់​រក្សា​ជីវិត​ខ្លួន អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​ជីវិត​វិញ។ ប្រសិន‌បើ​មនុស្ស​ណា​ម្នាក់​បាន​ពិភពលោក​ទាំង​មូល ប៉ុន្តែ ធ្វើ​ឲ្យ​ខ្លួន​ឯង​វិនាស ឬ​ឲ្យ​បាត់‌បង់ តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ? ដ្បិត​អ្នក​ណា​ដែល​មាន​សេចក្តី​ខ្មាស ដោយ​ព្រោះ​ខ្ញុំ និង​ដោយ​ព្រោះ​ពាក្យ​ខ្ញុំ នោះ​កូន​មនុស្ស​នឹង​មាន​សេចក្តី​ខ្មាស ដោយ​ព្រោះ​អ្នក​នោះ​ដែរ នៅ​ពេល​ដែល​លោក​មក​ក្នុង​សិរី​ល្អ​របស់​លោក សិរី​ល្អ​របស់​ព្រះ‌វរបិតា និង​សិរី​ល្អ​របស់​ពួក​ទេវតា​បរិសុទ្ធ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មាន​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នេះ នឹង​មិន​ភ្លក់​សេចក្តី​ស្លាប់​ឡើយ រហូត​ដល់​គេ​បាន​ឃើញ​ព្រះរាជ្យ​របស់​ព្រះ»។

អាន លូកា 9