លូកា 4:22-44
លូកា 4:22-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រប់គ្នាស្ងើចសរសើរព្រះអង្គ ហើយមានសេចក្ដីអស្ចារ្យក្នុងចិត្តនឹងព្រះបន្ទូលប្រកបដោយព្រះគុណ ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ ហើយគេនិយាយថា៖ «តើអ្នកនេះមិនមែនជាកូនយ៉ូសែបទេឬ?» ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ពិតប្រាកដជាអ្នករាល់គ្នានឹងនិយាយសុភាសិតនេះដាក់ខ្ញុំថា៖ "គ្រូពេទ្យអើយ ចូរមើលខ្លួនឯងឲ្យជាសិនទៅ!" អ្វីដែលយើងបានឮថា អ្នកធ្វើនៅក្រុងកាពើណិម ចូរធ្វើនៅទីនេះ ក្នុងស្រុករបស់ខ្លួនផងទៅ!»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានហោរាណាដែលគេរាប់អាននៅក្នុងស្រុករបស់ខ្លួននោះទេ។ ប៉ុន្ដែ ខ្ញុំប្រាប់សេចក្ដីពិតដល់អ្នករាល់គ្នាថា មានស្ត្រីមេម៉ាយជាច្រើននៅស្រុកអ៊ីស្រាអែលក្នុងជំនាន់លោកអេលីយ៉ា កាលរាំងបីឆ្នាំប្រាំមួយខែ ក៏មានអំណត់ជាខ្លាំងកើតឡើងពេញក្នុងស្រុក តែព្រះមិនបានចាត់លោកអេលីយ៉ា ឲ្យទៅរកស្រីមេម៉ាយណាម្នាក់ក្នុងពួកគេឡើយ គឺទ្រង់បានចាត់លោកទៅរកស្រីមេម៉ាយម្នាក់ នៅក្រុងសារិបតា ក្នុងស្រុកស៊ីដូនវិញ ។ នៅជំនាន់ហោរាអេលីសេ ក៏មានមនុស្សឃ្លង់ជាច្រើន ក្នុងស្រុកអ៊ីស្រាអែលដែរ តែគ្មានអ្នកណាម្នាក់បានជាស្អាតសោះ មានតែលោកណាម៉ាន ជាសាសន៍ស៊ីរីម្នាក់ប៉ុណ្ណោះ»។ កាលគេបានឮសេចក្តីទាំងនេះ អ្នកដែលនៅក្នុងសាលាប្រជុំទាំងប៉ុន្មានមានចិត្តក្រេវក្រោធជាខ្លាំង។ ពួកគេក្រោកឡើង ដេញព្រះអង្គចេញពីភូមិ ហើយបណ្តើរព្រះអង្គទៅដល់ជម្រាលភ្នំ ដែលគេបានសង់ធ្វើភូមិ ដើម្បីនឹងច្រានព្រះអង្គទម្លាក់ពីលើចំណោត។ ប៉ុន្តែ ព្រះអង្គយាងកាត់កណ្តាលចំណោមពួកគេ ហើយចេញទៅបាត់។ ព្រះអង្គយាងចុះទៅកាពើណិម ជាក្រុងមួយក្នុងស្រុកកាលីឡេ ហើយបង្រៀនគេនៅថ្ងៃសប្ប័ទ។ គេនឹកប្លែកក្នុងចិត្តនឹងសេចក្តីបង្រៀនរបស់ព្រះអង្គ ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច។ នៅក្នុងសាលាប្រជុំនោះ មានបុរសម្នាក់ដែលមានវិញ្ញាណអារក្សអសោចិ៍ចូល វាស្រែកឡើងជាខ្លាំងថា៖ «ហ៊ឹះ ព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែតអើយ តើព្រះអង្គត្រូវធ្វើដូចម្តេចជាមួយយើង? តើព្រះអង្គមកបំផ្លាញយើងឬ? ខ្ញុំស្គាល់ហើយថាព្រះអង្គជាអ្នកណា ទ្រង់ជាព្រះអង្គបរិសុទ្ធនៃព្រះ»។ ព្រះយេស៊ូវបន្ទោសវាថា៖ «ចូរស្ងៀម ហើយចេញពីបុរសនេះទៅ!»។ កាលអារក្សបានផ្តួលបុរសនោះក្នុងចំណោមពួកគេ វាក៏ចេញទៅ ឥតមានធ្វើឲ្យគាត់ឈឺអ្វីឡើយ។ គ្រប់គ្នាមានសេចក្ដីអស្ចារ្យក្នុងចិត្ត ហើយនិយាយគ្នាថា៖ «តើពាក្យសម្ដីនេះជាអ្វី? ដ្បិតលោកបង្គាប់វិញ្ញាណអសោចិ៍ ទាំងមានអំណាច និងចេស្ដា ហើយវាក៏ចេញទៅ»។ ឯដំណឹងអំពីព្រះអង្គក៏ល្បីសុសសាយគ្រប់ទីកន្លែងពាសពេញក្នុងតំបន់នោះ។ ក្រោយពីយាងចេញពីសាលាប្រជុំហើយ ព្រះអង្គយាងចូលទៅក្នុងផ្ទះរបស់ស៊ីម៉ូន។ រីឯម្តាយក្មេករបស់ស៊ីម៉ូនកំពុងគ្រុនជាខ្លាំង ហើយគេទូលសូមឲ្យព្រះអង្គប្រោសគាត់។ ពេលនោះ ព្រះអង្គឱនទៅលើគាត់ ហើយបន្ទោសជំងឺគ្រុន រួចជំងឺគ្រុនក៏ចេញបាត់ទៅ។ គាត់ក៏ក្រោកឡើងភ្លាម ហើយបម្រើពួកគេ។ លុះពេលថ្ងៃលិច អស់អ្នកដែលមានបងប្អូនឈឺជំងឺផ្សេងៗ បាននាំអ្នកទាំងនោះមករកព្រះអង្គ។ ព្រះអង្គដាក់ព្រះហស្តលើអ្នកទាំងនោះ ហើយប្រោសគេឲ្យបានជាសះស្បើយគ្រប់ៗគ្នា។ មានអារក្សក៏ចេញពីមនុស្សជាច្រើន ទាំងស្រែកឡើងថា៖ «ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះ!»។ ប៉ុន្តែ ព្រះអង្គបន្ទោសវា ហើយហាមមិនឲ្យវានិយាយសោះ ព្រោះវាដឹងថា ព្រះអង្គជាព្រះគ្រីស្ទ។ លុះព្រឹកឡើង ព្រះអង្គយាងចេញទៅកន្លែងស្ងាត់។ មហាជននាំគ្នាតាមរកព្រះអង្គ ហើយពេលគេបានជួបព្រះអង្គ គេឃាត់មិនឲ្យព្រះអង្គយាងចេញពីពួកគេឡើយ។ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំត្រូវប្រាប់ដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះ ដល់ក្រុងឯទៀតៗដែរ ដ្បិតព្រះវរបិតាបានចាត់ខ្ញុំឲ្យមកសម្រាប់គោលបំណងនេះឯង»។ ដូច្នេះ ព្រះអង្គក៏បន្តប្រកាសដំណឹងល្អនៅតាមសាលាប្រជុំរបស់សាសន៍យូដា។
លូកា 4:22-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រប់គ្នាជាសាក្សីពីទ្រង់ ក៏អស្ចារ្យក្នុងចិត្តពីព្រះបន្ទូលដ៏ផ្អែមពីរោះ ដែលចេញពីព្រះឱស្ឋទ្រង់មក ហើយគេនិយាយថា តើអ្នកនេះមិនមែនជាកូនយ៉ូសែបទេឬអី តែទ្រង់មានបន្ទូលទៅគេថា ពិតប្រាកដជាអ្នករាល់គ្នានឹងនិយាយពាក្យប្រៀបនេះដាក់ខ្ញុំថា គ្រូពេទ្យអើយ ចូរមើលខ្លួនអ្នកឲ្យជាសិនចុះ ការអ្វីដែលយើងបានឮថា អ្នកធ្វើនៅក្រុងកាពើណិម នោះចូរធ្វើនៅស្រុករបស់ខ្លួននេះដែរ ទ្រង់ក៏មានបន្ទូលទៀតថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានហោរាណាដែលគេរាប់អាននៅក្នុងស្រុករបស់ខ្លួននោះទេ ខ្ញុំក៏និយាយប្រាកដនឹងអ្នករាល់គ្នាថា នៅជាន់លោកអេលីយ៉ា កាលរាំង៣ឆ្នាំ៦ខែ ហើយមានអំណត់អត់ជាខ្លាំង នៅពេញក្នុងស្រុក នោះមានមេម៉ាយជាច្រើន នៅស្រុកអ៊ីស្រាអែលដែរ តែព្រះទ្រង់មិនបានចាត់លោកអេលីយ៉ា ឲ្យទៅឯមេម៉ាយណាមួយនោះសោះ គឺបានចាត់លោកទៅឯស្រីមេម៉ាយម្នាក់ នៅក្រុងសារិបតា ក្នុងស្រុកស៊ីដូនវិញ ហើយនៅជាន់ហោរាអេលីសេ ក៏មានមនុស្សឃ្លង់ជាច្រើន ក្នុងស្រុកអ៊ីស្រាអែលដែរ តែគ្មានអ្នកណាមួយបានជាស្អាតសោះ បានជាតែលោកណាម៉ាន ជាសាសន៍ស៊ីរី១ប៉ុណ្ណោះ កាលពួកអ្នកនៅក្នុងសាលាប្រជុំ បានឮសេចក្ដីទាំងនោះហើយ គេមានពេញដោយសេចក្ដីក្រោធ ក៏ក្រោកឡើង ដេញទ្រង់ចេញពីភូមិ បណ្តើរទៅដល់ចំរែះនៅលើភ្នំដែលគេបានកធ្វើភូមិ ដើម្បីនឹងច្រានទំលាក់ចុះទៅក្រោម ប៉ុន្តែទ្រង់យាងកាត់កណ្តាលពួកគេចេញបាត់ទៅ។ ទ្រង់យាងចុះទៅដល់កាពើណិម ជាទីក្រុងស្រុកកាលីឡេ ក៏តែងតែបង្រៀនគេរាល់ថ្ងៃឈប់សំរាក គេក៏នឹកប្លែកពីសេចក្ដីដែលទ្រង់បង្រៀនណាស់ ពីព្រោះទ្រង់មានបន្ទូលដោយអំណាច រីឯនៅក្នុងសាលានោះ មានមនុស្សម្នាក់ ដែលមានវិញ្ញាណអារក្សអសោចិ៍ចូល វាស្រែកឡើងជាខ្លាំងថា ហ៊ឹះ នែព្រះយេស៊ូវពីណាសារ៉ែតអើយ តើយើង ហើយនឹងទ្រង់មានហេតុអ្វីនឹងគ្នា តើទ្រង់មកបំផ្លាញយើងឬអី ខ្ញុំស្គាល់ជាក់ហើយ ទ្រង់ជាព្រះអង្គបរិសុទ្ធនៃព្រះ ព្រះយេស៊ូវក៏កំហែងវាថា ចូរស្ងៀមចុះ ហើយចេញពីមនុស្សនេះទៅ លុះអារក្សបានផ្តួលអ្នកនោះទៅកណ្តាលពួកគេ នោះក៏ចេញទៅឥតមានធ្វើឲ្យឈឺអ្វីឡើយ គ្រប់គ្នាក៏នឹកស្ងើចក្នុងចិត្ត ទាំងសួរគ្នាថា តើពាក្យបែបយ៉ាងណានេះ ដែលលោកបង្គាប់ដល់វិញ្ញាណអសោចិ៍ ដោយអំណាចនឹងឫទ្ធិបាន ហើយវាក៏ចេញទៅដូច្នេះ នោះក៏ឮល្បីខ្ចរខ្ចាយពីទ្រង់ សុសសាយទៅគ្រប់ទីកន្លែងជុំវិញ។ រួចទ្រង់ក្រោកឡើង យាងចេញពីសាលា ចូលទៅក្នុងផ្ទះស៊ីម៉ូន រីឯម្តាយក្មេកស៊ីម៉ូន នាងកំពុងគ្រុនជាខ្លាំង ហើយគេសូមអង្វរទ្រង់ឲ្យនាង ទ្រង់ក៏ឈរឈ្ងោកទៅនាង ទាំងកំហែងដល់គ្រុន នោះគ្រុនក៏បាត់ទៅ រួចនាងក្រោកឡើងភ្លាម បំរើដល់ទាំងអស់គ្នា។ ដល់ពេលថ្ងៃលិច អស់អ្នកដែលមានបងប្អូនឈឺជំងឺផ្សេងៗ គេនាំអ្នកទាំងនោះមកឯទ្រង់ ហើយទ្រង់ប្រោសគេគ្រប់គ្នាឲ្យបានជា ដោយដាក់ព្រះហស្តលើ ក៏មានអារក្សចេញពីមនុស្សជាច្រើនដែរ វាស្រែកឡើងថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ តែទ្រង់បន្ទោស ហាមមិនឲ្យវានិយាយសោះ ពីព្រោះវាដឹងថា ទ្រង់ជាព្រះគ្រីស្ទពិត។ លុះព្រឹកឡើង ទ្រង់យាងចេញទៅឯកន្លែងស្ងាត់ ឯបណ្តាមនុស្សគេតាមរកទ្រង់ ក៏មកដល់ ហើយឃាត់ទ្រង់ ដើម្បីមិនឲ្យទ្រង់យាងចេញពីគេឡើយ តែទ្រង់មានបន្ទូលថា ខ្ញុំត្រូវប្រាប់ដំណឹងល្អពីនគរព្រះ ដល់អស់ទាំងស្រុកឯទៀតដែរ គឺហេតុនោះបានជាព្រះវរបិតាចាត់ឲ្យខ្ញុំមក ទ្រង់ក៏ប្រកាសក្នុងអស់ទាំងសាលាប្រជុំនៅស្រុកកាលីឡេទួទៅ។
លូកា 4:22-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឮដូច្នេះ គេស្ងើចសរសើរព្រះយេស៊ូគ្រប់ៗគ្នា ទាំងនឹកឆ្ងល់អំពីព្រះបន្ទូល ប្រកបដោយព្រះហឫទ័យប្រណីសន្ដោស ដែលហូរចេញពីព្រះឱស្ឋរបស់ព្រះអង្គ។ គេពោលថា៖ «អ្នកនេះមិនមែនជាកូនរបស់ជាងយ៉ូសែបទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាប្រហែលជាចង់យកសុភាសិតដែលចែងថា “គ្រូពេទ្យអើយ ចូរមើលជំងឺរបស់ខ្លួនឲ្យជាសិនទៅ” មកផ្ចាញ់ផ្ចាលខ្ញុំទេដឹង! ឬមួយអ្នករាល់គ្នាចង់និយាយមកខ្ញុំទៀតថា “យើងឮគេនិយាយអំពីកិច្ចការទាំងអស់ ដែលអ្នកធ្វើនៅក្រុងកាពើណិម ចូរធ្វើការដដែលនៅទីនេះ ជាស្រុកកំណើតរបស់អ្នក ឲ្យយើងឃើញផង!”»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនដែលមានព្យាការី*ណាម្នាក់ត្រូវគេគោរព នៅក្នុងស្រុកកំណើតរបស់ខ្លួនឡើយ។ ខ្ញុំសុំបញ្ជាក់ថា នៅជំនាន់លោកអេលីយ៉ា មេឃរាំងអស់រយៈពេលបីឆ្នាំកន្លះ បណ្ដាលឲ្យមានទុរ្ភិក្សយ៉ាងខ្លាំងពេញទាំងស្រុក។ នៅស្រុកអ៊ីស្រាអែល មានស្ត្រីមេម៉ាយជាច្រើន។ ក៏ប៉ុន្តែ ព្រះជាម្ចាស់ពុំបានចាត់ព្យាការីអេលីយ៉ាឲ្យទៅជួយស្ត្រីមេម៉ាយណាម្នាក់ នៅស្រុកអ៊ីស្រាអែលឡើយ គឺព្រះអង្គបានចាត់លោកឲ្យទៅជួយស្ត្រីមេម៉ាយម្នាក់ ដែលរស់នៅភូមិសារិបតា ក្នុងក្រុងស៊ីដូនវិញ។ នៅជំនាន់ព្យាការីអេលីសេ មានមនុស្សឃ្លង់ជាច្រើនក្នុងស្រុកអ៊ីស្រាអែល ប៉ុន្តែ គ្មានអ្នកណាម្នាក់បានជាសោះឡើយ គឺមានតែលោកណាម៉ាន់ជាជនជាតិស៊ីរីម្នាក់ប៉ុណ្ណោះ»។ កាលបានឮព្រះបន្ទូលទាំងនេះ អ្នកនៅក្នុងសាលាប្រជុំ*ទាំងប៉ុន្មានខឹងព្រះយេស៊ូគ្រប់ៗគ្នា។ គេក្រោកឡើង ចាប់ប្រអូសប្រទាញព្រះយេស៊ូចេញពីភូមិ ដែលសង់លើកំពូលភ្នំ នាំឆ្ពោះទៅមាត់ជ្រោះ បម្រុងនឹងច្រានព្រះអង្គទម្លាក់ទៅក្រោម។ ប៉ុន្តែ ព្រះអង្គយាងចេញពីកណ្ដាលចំណោមគេបាត់ទៅ។ ព្រះយេស៊ូយាងទៅក្រុងកាពើណិម ក្នុងស្រុកកាលីឡេ។ នៅទីនោះ ព្រះអង្គបង្រៀនបណ្ដាជនជារៀងរាល់ថ្ងៃសប្ប័ទ*។ មនុស្សគ្រប់គ្នាងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច។ នៅក្នុងសាលាប្រជុំ*មានបុរសម្នាក់ ដែលមានវិញ្ញាណរបស់អារក្សអសោចនៅក្នុងខ្លួន ស្រែកឡើងខ្លាំងៗថា៖ «ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតអើយ! តើព្រះអង្គចង់ធ្វើអ្វីយើង? ព្រះអង្គមកបំផ្លាញយើង! ខ្ញុំស្គាល់ព្រះអង្គហើយ ព្រះអង្គជាព្រះដ៏វិសុទ្ធ*ដែលមកពីព្រះជាម្ចាស់»។ ព្រះយេស៊ូគំរាមវិញ្ញាណរបស់អារក្សអសោចនោះថា៖ «ស្ងៀម ចេញពីអ្នកនេះទៅ!»។ អារក្សក៏ផ្ដួលបុរសនោះ នៅកណ្ដាលចំណោមបណ្ដាជន រួចចេញទៅ ដោយពុំមានធ្វើឲ្យគាត់ឈឺចាប់អ្វីឡើយ។ មនុស្សម្នាភ័យស្រឡាំងកាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «ចុះពាក្យសម្ដីរបស់លោកនេះអីក៏ពូកែម៉្លេះ មើល៍លោកមានអំណាច និងឫទ្ធានុភាពអាចបញ្ជាទៅវិញ្ញាណអាក្រក់ឲ្យវាចេញ ហើយវាធ្វើតាម»។ បន្ទាប់មក ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយពាសពេញតំបន់នោះ។ ព្រះយេស៊ូយាងចេញពីសាលាប្រជុំ*ទៅផ្ទះលោកស៊ីម៉ូន ពេលនោះ ម្ដាយក្មេករបស់លោកស៊ីម៉ូនគ្រុនយ៉ាងខ្លាំង គេទូលសូមព្រះអង្គមេត្តាប្រោសគាត់ឲ្យជា។ ព្រះយេស៊ូឱនទៅលើអ្នកជំងឺ ព្រះអង្គគំរាមជំងឺគ្រុន ជំងឺគ្រុនក៏ចេញបាត់ទៅ ហើយម្ដាយក្មេករបស់លោកស៊ីម៉ូនក៏ជា។ រំពេចនោះ គាត់ក្រោកឡើង បម្រើភ្ញៀវ។ នៅពេលថ្ងៃលិច អ្នកស្រុកទាំងអស់នាំបងប្អូនដែលមានជំងឺផ្សេងៗមករកព្រះយេស៊ូ។ ព្រះអង្គដាក់ព្រះហស្ដលើអ្នកទាំងនោះ ហើយប្រោសគេឲ្យជាសះស្បើយគ្រប់ៗគ្នា។ មានអារក្សចេញពីមនុស្សជាច្រើន ទាំងស្រែកថា៖ «ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ ប៉ុន្តែ ព្រះយេស៊ូគំរាមអារក្សទាំងនោះមិនឲ្យនិយាយជាដាច់ខាត ព្រោះពួកវាដឹងថា ព្រះអង្គជាព្រះគ្រិស្ត*។ លុះព្រលឹមឡើង ព្រះយេស៊ូយាងចេញពីក្រុងទៅកន្លែងស្ងាត់។ បណ្ដាជននាំគ្នាដើររកព្រះអង្គ។ លុះជួបហើយ គេឃាត់ព្រះអង្គឲ្យនៅជាមួយ មិនចង់ឲ្យយាងចាកចោលគេឡើយ។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំត្រូវនាំដំណឹងល្អ*អំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ទៅក្រុងឯទៀតៗដែរ ដ្បិតព្រះអង្គបានចាត់ខ្ញុំឲ្យមកបំពេញការនេះឯង»។ បន្ទាប់មក ព្រះយេស៊ូប្រកាសដំណឹងល្អ*តាមសាលាប្រជុំ*នានា ក្នុងស្រុកកាលីឡេ។