លូកា 4

4
ព្រះ‌យេស៊ូវ​ឈ្នះ​ការ​ល្បួង
(ម៉ាថាយ ៤.១-១១ ម៉ាកុស ១.១២-១៣)
1ព្រះ‌យេស៊ូវ​បាន​វិល​ពី​ទន្លេ​យ័រដាន់​វិញ ទាំង​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ព្រះ‌វិញ្ញាណ​នាំ​ព្រះ‌អង្គ​ទៅ​ទី​រហោ‌ស្ថាន 2ព្រះ‌អង្គ​ត្រូវ​អារក្ស​ល្បួង​អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ។ ក្នុង​ថ្ងៃ​ទាំង​នោះ ព្រះ‌អង្គ​មិន​បាន​សោយ​អ្វី​សោះ។ លុះ​ផុត​ថ្ងៃ​ទាំង​នោះ​ទៅ ទ្រង់​ក៏​ឃ្លាន។ 3អារក្ស​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​អ្នក​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​មែន សូម​បង្គាប់​ឲ្យ​ថ្ម​នេះ​ត្រឡប់​ជា​នំបុ័ង​មើល៍»។ 4ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វា​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ថា "មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ" »។
5បន្ទាប់មក អារក្ស​បាន​នាំ​ព្រះ‌អង្គ​ឡើង​ទៅ​កន្លែង​មួយ​ខ្ពស់ ហើយ​បង្ហាញ​នគរ​ទាំង​អស់​របស់​លោកីយ៍​ឲ្យ​ព្រះ‌អង្គ​ឃើញ ក្នុង​រយៈ​ពេល​មួយ​ដ៏​ខ្លី 6ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​នឹង​ឲ្យ​អំណាច និង​សិរី​ល្អ​នៃ​នគរ​ទាំង​នេះ​ដល់​អ្នក ដ្បិត​បាន​ប្រគល់​មក​ខ្ញុំ​ហើយ ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​ណា​ស្រេច​តែ​នឹង​ចិត្ត​ខ្ញុំ។ 7ដូច្នេះ ប្រសិន‌បើ​អ្នក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ នោះ​ទាំង​អស់​នឹង​បាន​ជា​របស់​អ្នក»។ 8ព្រះ‌យេស៊ូវ​ឆ្លើយ​ទៅ​វា​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ថា "ត្រូវ​ថ្វាយ​បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​ត្រូវ​បម្រើ​តែ​ព្រះ‌អង្គ​មួយ​ប៉ុណ្ណោះ"» ។
9បន្ទាប់មក អារក្ស​បាន​នាំ​ព្រះ‌អង្គ​ទៅ​ក្រុង​យេរូ‌សាឡិម ដាក់​ព្រះ‌អង្គ​នៅ​លើ​កំពូល​ព្រះ‌វិហារ ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​អ្នក​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​មែន សូម​ទម្លាក់​ខ្លួន​ពី​នេះ​ទៅ​ក្រោម​មើល៍ 10ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា "ព្រះ‌អង្គ​នឹង​បង្គាប់​ពួក​ទេវតា​របស់​ព្រះ‌អង្គ​ពី​ដំណើរ​អ្នក ដើម្បី​ថែ​រក្សា​អ្នក 11ហើយ​ទេវតា​ទាំង​នោះ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​ជើង​អ្នក​ទង្គិច​នឹង​ថ្ម"» ។ 12ព្រះ‌យេស៊ូវ​ឆ្លើយ​ទៅ​វា​ថា៖ «បទ​គម្ពីរ​ចែង​ថា "កុំ​ល្បង​ល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ"» ។ 13កាល​អារក្ស​បាន​ល្បួង​សព្វ​គ្រប់​ហើយ វា​ក៏​ថយ​ចេញ​ពី​ព្រះ‌អង្គ​ទៅ រហូត​ដល់​ពេល​មាន​ឱកាស។
ការ​ចាប់​ផ្ដើម​ព្រះ‌រាជ‌កិច្ច​នៅ​ស្រុក​កាលីឡេ
(ម៉ាថាយ ៤.១២-១៧, ១៣.៥៣-៥៨ ម៉ាកុស ១.១៤-១៥, ៦.១-៦)
14បន្ទាប់​មក ព្រះ‌យេស៊ូវ​យាង​ត្រឡប់​ទៅ​ស្រុក​កាលីឡេ​វិញ ទាំង​ពេញ​ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ ហើយ​ដំណឹង​អំពី​ព្រះ‌អង្គ​លេច​ឮ​សុស‌សាយ ពាស​ពេញ​ស្រុក​ដែល​នៅ​ជុំ‌វិញ។ 15ព្រះ‌អង្គ​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ ហើយ​គេ​សរសើរ​តម្កើង​ព្រះ‌អង្គ​គ្រប់​គ្នា។
អ្នក​ភូមិ​ណាសារ៉ែត​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ព្រះយេស៊ូវ
16កាល​ព្រះ‌អង្គ​យាង​ទៅ​ណាសា‌រ៉ែត ជា​ស្រុក​ដែល​ព្រះ‌អង្គ​គង់​នៅ​ពី​កុមារ ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នៅ​ថ្ងៃ​សប្ប័ទ តាម​ទម្លាប់​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ក្រោក​ឈរ​ឡើង ដើម្បី​អាន​គម្ពីរ 17គេ​ក៏​យក​គម្ពីរ​ហោរា​អេសាយ​មក​ថ្វាយ​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​បើក​គម្ពីរ ហើយ​រក​ឃើញ​កន្លែង​ដែល​មាន​ចែង​ទុក​មក​ថា៖
18«ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​សណ្ឋិត​លើ​ខ្ញុំ
ព្រោះ​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ
ឲ្យ​ប្រកាស​ដំណឹង​ល្អ​ដល់​មនុស្ស​ក្រី‌ក្រ។
ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក
ដើម្បី​ប្រកាស​ពី​ការ​ដោះ​លែង​ដល់​ពួក​ឈ្លើយ
និង​សេចក្តី​ភ្លឺ​ឡើង​វិញ​ដល់​មនុស្ស​ខ្វាក់
ហើយ​រំ​ដោះ​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់​សង្កិត​ឲ្យ​រួច
19ព្រម​ទាំង​ប្រកាស​ពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់
គាប់​ព្រះ‌ហឫ‌‌ទ័យ» ។
20កាល​ព្រះ‌អង្គ​បាន​បិទ​គម្ពីរ ប្រគល់​ទៅ​អ្នក​ថែរក្សា​វិញ​ហើយ ព្រះ‌អង្គ​ក៏​គង់​ចុះ។ ភ្នែក​របស់​មនុស្ស​ទាំង​អស់​នៅ​ក្នុង​សាលា​ប្រជុំ បាន​សម្លឹង​មើល​ព្រះ‌អង្គ។ 21ពេល​នោះ ព្រះ‌អង្គ​ចាប់​ផ្ដើម​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នៅ​ថ្ងៃ​នេះ បទ​គម្ពីរ​នេះ​បាន​សម្រេច​នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ហើយ»។ 22គ្រប់​គ្នា​ស្ងើច​សរសើរ​ព្រះ‌អង្គ ហើយ​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត​នឹង​ព្រះ‌បន្ទូល​ប្រកប​ដោយ​ព្រះ‌គុណ ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ ហើយ​គេ​និយាយ​ថា៖ «តើ​អ្នក​នេះ​មិន​មែន​ជា​កូន​យ៉ូសែប​ទេ​ឬ?» 23ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពិត​ប្រាកដ​ជា​អ្នក​រាល់​គ្នា​នឹង​និយាយ​សុភាសិត​នេះ​ដាក់​ខ្ញុំ​ថា៖ "គ្រូ‌ពេទ្យ​អើយ ចូរ​មើល​ខ្លួន​ឯង​ឲ្យ​ជា​សិន​ទៅ!" អ្វី​ដែល​យើង​បាន​ឮ​ថា អ្នក​ធ្វើ​នៅ​ក្រុង​កាពើណិម ចូរ​ធ្វើ​នៅ​ទី​នេះ ក្នុង​ស្រុក​របស់​ខ្លួន​ផង​ទៅ!»។ 24ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្មាន​ហោរា​ណា​ដែល​គេ​រាប់‌អាន​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​នោះ​ទេ។ 25ប៉ុន្ដែ ខ្ញុំ​ប្រាប់​សេចក្ដី​ពិត​ដល់​អ្នក​រាល់​គ្នា​ថា មាន​ស្ត្រី​មេម៉ាយ​ជា​ច្រើន​នៅ​ស្រុក​អ៊ីស្រា‌អែល​ក្នុង​ជំនាន់​លោក​អេលី‌យ៉ា កាល​រាំង​បី​ឆ្នាំ​ប្រាំ​មួយ​ខែ ក៏​មាន​អំណត់​ជា​ខ្លាំង​កើត​ឡើង​ពេញ​ក្នុង​ស្រុក 26តែ​ព្រះ​មិន​បាន​ចាត់​លោក​អេលី‌យ៉ា ឲ្យ​ទៅ​រក​ស្រី​មេម៉ាយ​ណា​ម្នាក់​ក្នុង​ពួកគេ​ឡើយ គឺ​ទ្រង់​បាន​ចាត់​លោក​ទៅ​រក​ស្រី​មេម៉ាយ​ម្នាក់ នៅ​ក្រុង​សារិបតា ក្នុង​ស្រុក​ស៊ីដូន​វិញ ។ 27នៅ​ជំនាន់​ហោរា​អេលី‌សេ ក៏​មាន​មនុស្ស​ឃ្លង់​ជា​ច្រើន ក្នុង​ស្រុក​អ៊ីស្រា‌អែល​ដែរ តែ​គ្មាន​អ្នក​ណា​ម្នាក់​បាន​ជា​ស្អាត​សោះ មាន​តែ​លោក​ណាម៉ាន ជា​សាសន៍​ស៊ីរី​ម្នាក់​ប៉ុណ្ណោះ»។ 28កាល​គេ​បាន​ឮ​សេចក្តី​ទាំង​នេះ អ្នក​ដែល​នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន​មាន​ចិត្ត​ក្រេវ​ក្រោធ​ជា​ខ្លាំង។ 29ពួកគេ​ក្រោក​ឡើង ដេញ​ព្រះ‌អង្គ​ចេញ​ពី​ភូមិ ហើយ​បណ្តើរ​ព្រះ‌អង្គ​ទៅ​ដល់​ជម្រាល​ភ្នំ ដែល​គេ​បាន​សង់​ធ្វើ​ភូមិ ដើម្បី​នឹង​ច្រាន​ព្រះ‌អង្គ​ទម្លាក់​ពី​លើ​ចំណោត។ 30ប៉ុន្តែ ព្រះ‌អង្គ​យាង​កាត់​កណ្តាល​ចំណោម​ពួក​គេ ហើយ​ចេញ​ទៅ​បាត់។
ព្រះ‌យេស៊ូវ​ប្រោស​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល
(ម៉ាកុស ១.២១-២៨)
31ព្រះ‌អង្គ​យាង​ចុះ​ទៅ​កាពើណិម ជា​ក្រុង​មួយ​ក្នុង​ស្រុក​កាលីឡេ ហើយ​បង្រៀន​គេ​នៅ​ថ្ងៃ​សប្ប័ទ។ 32គេ​នឹក​ប្លែក​ក្នុង​ចិត្ត​នឹង​សេចក្តី​បង្រៀនរបស់​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ប្រកប​ដោយ​អំណាច។ 33នៅ​ក្នុង​សាលា​ប្រជុំ​នោះ មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អារក្ស‌អសោចិ៍​ចូល វា​ស្រែក​ឡើង​ជា​ខ្លាំង​ថា៖ 34«ហ៊ឹះ ព្រះ‌យេស៊ូវ​ជា​អ្នក​ស្រុក​ណាសា‌រ៉ែត​អើយ តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូច​ម្តេច​ជា​មួយ​យើង? តើ​ព្រះ‌អង្គ​មក​បំផ្លាញ​យើង​ឬ? ខ្ញុំ​ស្គាល់​ហើយ​ថា​ព្រះ‌អង្គ​ជា​អ្នក​ណា ទ្រង់​ជា​ព្រះ‌អង្គ​បរិសុទ្ធ​នៃ​ព្រះ»។ 35ព្រះ‌យេស៊ូវ​បន្ទោស​វា​ថា៖ «ចូរ​ស្ងៀម ហើយ​ចេញ​ពី​បុរស​នេះ​ទៅ!»។ កាល​អារក្ស​បាន​ផ្តួល​បុរស​នោះ​ក្នុង​ចំណោម​ពួកគេ វា​ក៏​ចេញ​ទៅ ឥត​មាន​ធ្វើ​ឲ្យ​គាត់​ឈឺ​អ្វី​ឡើយ។ 36គ្រប់​គ្នា​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​និយាយ​គ្នា​ថា៖ «តើ​ពាក្យ​សម្ដី​នេះ​ជា​អ្វី? ដ្បិត​លោក​បង្គាប់​វិញ្ញាណ​អសោចិ៍ ទាំង​មាន​អំណាច និង​ចេស្ដា ហើយ​វា​ក៏​ចេញ​ទៅ»។ 37ឯ​ដំណឹង​អំពី​ព្រះ‌អង្គ​ក៏​ល្បី​សុស‌សាយ​គ្រប់​ទី​កន្លែង​ពាស​ពេញ​ក្នុង​តំបន់​នោះ។
ព្រះ‌យេស៊ូវ​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា នៅ​ផ្ទះ​លោក​ស៊ីម៉ូន
(ម៉ាថាយ ៨.១៤-១៧ ម៉ាកុស ១.២៩-៣៤)
38ក្រោយ​ពី​យាង​ចេញ​ពី​សាលា​ប្រជុំ​ហើយ ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ស៊ីម៉ូន។ រីឯ​ម្តាយ​ក្មេក​របស់​ស៊ីម៉ូន​កំពុង​គ្រុន​ជា​ខ្លាំង ហើយ​គេ​ទូល​សូម​ឲ្យ​ព្រះ‌អង្គ​ប្រោស​គាត់។ 39ពេល​នោះ ព្រះ‌អង្គ​ឱន​ទៅ​លើ​គាត់ ហើយ​បន្ទោស​ជំងឺ​គ្រុន រួច​ជំងឺ​គ្រុន​ក៏​ចេញ​បាត់​ទៅ។ គាត់​ក៏​ក្រោក​ឡើង​ភ្លាម ហើយ​បម្រើ​ពួក​គេ។
40លុះ​ពេល​ថ្ងៃ​លិច អស់​អ្នក​ដែល​មាន​បង‌ប្អូន​ឈឺ​ជំងឺ​ផ្សេងៗ បាន​នាំ​អ្នក​ទាំង​នោះ​មក​រក​ព្រះ‌អង្គ។ ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ត​លើ​អ្នក​ទាំង​នោះ ហើយ​ប្រោស​គេ​ឲ្យ​បាន​ជា​សះ​ស្បើយ​គ្រប់ៗ​គ្នា។ 41មាន​អារក្ស​ក៏​ចេញ​ពី​មនុស្ស​ជា​ច្រើន ទាំង​ស្រែក​ឡើង​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ!»។ ប៉ុន្តែ ព្រះ‌អង្គ​បន្ទោស​វា ហើយ​ហាម​មិន​ឲ្យ​វា​និយាយ​សោះ ព្រោះ​វា​ដឹង​ថា ព្រះ‌អង្គ​ជា​ព្រះ‌គ្រីស្ទ។
ព្រះ‌យេស៊ូវ​អធិប្បាយ​នៅ​តាម​សាលា​ប្រជុំ​របស់​សាសន៍​យូដា
42លុះ​ព្រឹក​ឡើង ព្រះ‌អង្គ​យាង​ចេញ​ទៅ​កន្លែង​ស្ងាត់។ មហា‌ជន​នាំ​គ្នា​តាម​រក​ព្រះ‌អង្គ ហើយ​ពេល​គេ​បាន​ជួប​ព្រះ‌អង្គ គេ​ឃាត់​មិន​ឲ្យ​ព្រះ‌អង្គ​យាង​ចេញ​ពី​ពួក​គេ​ឡើយ។ 43ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ត្រូវ​ប្រាប់​ដំណឹង​ល្អ​អំពី​ព្រះរាជ្យ​របស់​ព្រះ ដល់​ក្រុង​ឯ​ទៀតៗ​ដែរ ដ្បិត​ព្រះ‌វរបិតា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​សម្រាប់​គោល​បំណង​នេះ​ឯង»។ 44ដូច្នេះ ព្រះ‌អង្គ​ក៏​បន្ត​ប្រកាស​ដំណឹង‌ល្អ​នៅ​តាម​សាលា​ប្រជុំ​របស់​សាសន៍​យូដា។

ទើបបានជ្រើសរើសហើយ៖

លូកា 4: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ