គ្រប់គ្នាស្ងើចសរសើរព្រះអង្គ ហើយមានសេចក្ដីអស្ចារ្យក្នុងចិត្តនឹងព្រះបន្ទូលប្រកបដោយព្រះគុណ ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ ហើយគេនិយាយថា៖ «តើអ្នកនេះមិនមែនជាកូនយ៉ូសែបទេឬ?» ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ពិតប្រាកដជាអ្នករាល់គ្នានឹងនិយាយសុភាសិតនេះដាក់ខ្ញុំថា៖ "គ្រូពេទ្យអើយ ចូរមើលខ្លួនឯងឲ្យជាសិនទៅ!" អ្វីដែលយើងបានឮថា អ្នកធ្វើនៅក្រុងកាពើណិម ចូរធ្វើនៅទីនេះ ក្នុងស្រុករបស់ខ្លួនផងទៅ!»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានហោរាណាដែលគេរាប់អាននៅក្នុងស្រុករបស់ខ្លួននោះទេ។ ប៉ុន្ដែ ខ្ញុំប្រាប់សេចក្ដីពិតដល់អ្នករាល់គ្នាថា មានស្ត្រីមេម៉ាយជាច្រើននៅស្រុកអ៊ីស្រាអែលក្នុងជំនាន់លោកអេលីយ៉ា កាលរាំងបីឆ្នាំប្រាំមួយខែ ក៏មានអំណត់ជាខ្លាំងកើតឡើងពេញក្នុងស្រុក តែព្រះមិនបានចាត់លោកអេលីយ៉ា ឲ្យទៅរកស្រីមេម៉ាយណាម្នាក់ក្នុងពួកគេឡើយ គឺទ្រង់បានចាត់លោកទៅរកស្រីមេម៉ាយម្នាក់ នៅក្រុងសារិបតា ក្នុងស្រុកស៊ីដូនវិញ ។ នៅជំនាន់ហោរាអេលីសេ ក៏មានមនុស្សឃ្លង់ជាច្រើន ក្នុងស្រុកអ៊ីស្រាអែលដែរ តែគ្មានអ្នកណាម្នាក់បានជាស្អាតសោះ មានតែលោកណាម៉ាន ជាសាសន៍ស៊ីរីម្នាក់ប៉ុណ្ណោះ»។ កាលគេបានឮសេចក្តីទាំងនេះ អ្នកដែលនៅក្នុងសាលាប្រជុំទាំងប៉ុន្មានមានចិត្តក្រេវក្រោធជាខ្លាំង។ ពួកគេក្រោកឡើង ដេញព្រះអង្គចេញពីភូមិ ហើយបណ្តើរព្រះអង្គទៅដល់ជម្រាលភ្នំ ដែលគេបានសង់ធ្វើភូមិ ដើម្បីនឹងច្រានព្រះអង្គទម្លាក់ពីលើចំណោត។ ប៉ុន្តែ ព្រះអង្គយាងកាត់កណ្តាលចំណោមពួកគេ ហើយចេញទៅបាត់។ ព្រះអង្គយាងចុះទៅកាពើណិម ជាក្រុងមួយក្នុងស្រុកកាលីឡេ ហើយបង្រៀនគេនៅថ្ងៃសប្ប័ទ។ គេនឹកប្លែកក្នុងចិត្តនឹងសេចក្តីបង្រៀនរបស់ព្រះអង្គ ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច។ នៅក្នុងសាលាប្រជុំនោះ មានបុរសម្នាក់ដែលមានវិញ្ញាណអារក្សអសោចិ៍ចូល វាស្រែកឡើងជាខ្លាំងថា៖ «ហ៊ឹះ ព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែតអើយ តើព្រះអង្គត្រូវធ្វើដូចម្តេចជាមួយយើង? តើព្រះអង្គមកបំផ្លាញយើងឬ? ខ្ញុំស្គាល់ហើយថាព្រះអង្គជាអ្នកណា ទ្រង់ជាព្រះអង្គបរិសុទ្ធនៃព្រះ»។ ព្រះយេស៊ូវបន្ទោសវាថា៖ «ចូរស្ងៀម ហើយចេញពីបុរសនេះទៅ!»។ កាលអារក្សបានផ្តួលបុរសនោះក្នុងចំណោមពួកគេ វាក៏ចេញទៅ ឥតមានធ្វើឲ្យគាត់ឈឺអ្វីឡើយ។ គ្រប់គ្នាមានសេចក្ដីអស្ចារ្យក្នុងចិត្ត ហើយនិយាយគ្នាថា៖ «តើពាក្យសម្ដីនេះជាអ្វី? ដ្បិតលោកបង្គាប់វិញ្ញាណអសោចិ៍ ទាំងមានអំណាច និងចេស្ដា ហើយវាក៏ចេញទៅ»។ ឯដំណឹងអំពីព្រះអង្គក៏ល្បីសុសសាយគ្រប់ទីកន្លែងពាសពេញក្នុងតំបន់នោះ។ ក្រោយពីយាងចេញពីសាលាប្រជុំហើយ ព្រះអង្គយាងចូលទៅក្នុងផ្ទះរបស់ស៊ីម៉ូន។ រីឯម្តាយក្មេករបស់ស៊ីម៉ូនកំពុងគ្រុនជាខ្លាំង ហើយគេទូលសូមឲ្យព្រះអង្គប្រោសគាត់។ ពេលនោះ ព្រះអង្គឱនទៅលើគាត់ ហើយបន្ទោសជំងឺគ្រុន រួចជំងឺគ្រុនក៏ចេញបាត់ទៅ។ គាត់ក៏ក្រោកឡើងភ្លាម ហើយបម្រើពួកគេ។ លុះពេលថ្ងៃលិច អស់អ្នកដែលមានបងប្អូនឈឺជំងឺផ្សេងៗ បាននាំអ្នកទាំងនោះមករកព្រះអង្គ។ ព្រះអង្គដាក់ព្រះហស្តលើអ្នកទាំងនោះ ហើយប្រោសគេឲ្យបានជាសះស្បើយគ្រប់ៗគ្នា។ មានអារក្សក៏ចេញពីមនុស្សជាច្រើន ទាំងស្រែកឡើងថា៖ «ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះ!»។ ប៉ុន្តែ ព្រះអង្គបន្ទោសវា ហើយហាមមិនឲ្យវានិយាយសោះ ព្រោះវាដឹងថា ព្រះអង្គជាព្រះគ្រីស្ទ។ លុះព្រឹកឡើង ព្រះអង្គយាងចេញទៅកន្លែងស្ងាត់។ មហាជននាំគ្នាតាមរកព្រះអង្គ ហើយពេលគេបានជួបព្រះអង្គ គេឃាត់មិនឲ្យព្រះអង្គយាងចេញពីពួកគេឡើយ។ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំត្រូវប្រាប់ដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះ ដល់ក្រុងឯទៀតៗដែរ ដ្បិតព្រះវរបិតាបានចាត់ខ្ញុំឲ្យមកសម្រាប់គោលបំណងនេះឯង»។ ដូច្នេះ ព្រះអង្គក៏បន្តប្រកាសដំណឹងល្អនៅតាមសាលាប្រជុំរបស់សាសន៍យូដា។
អាន លូកា 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 4:22-44
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ