លូកា 3:1-9
លូកា 3:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅឆ្នាំទីដប់ប្រាំ ក្នុងរាជ្យសេសារ-ទីប៊ើរ កាលលោកប៉ុនទាស-ពីឡាត់ ធ្វើជាទេសាភិបាលនៅស្រុកយូដា ហេរ៉ូឌ ជាស្តេចអនុរាជនៅស្រុកកាលីឡេ ភីលីព អនុជទ្រង់ ជាស្តេចអនុរាជនៅតំបន់អ៊ីទូរេ និងត្រាខូនីត ហើយលីសានាស ជាស្តេចអនុរាជនៅស្រុកអាប៊ីលេន ក្នុងកាលដែលលោកអាណ និងលោកកៃផាធ្វើជាសម្តេចសង្ឃ នោះព្រះទ្រង់មានព្រះបន្ទូលមកកាន់យ៉ូហាន ជាកូនសាការី នៅទីរហោស្ថាន។ គាត់បានធ្វើដំណើរទៅពាសពេញក្នុងតំបន់ជុំវិញទន្លេយ័រដាន់ ហើយប្រកាសប្រាប់ពីពិធីជ្រមុជទឹកខាងឯការប្រែចិត្ត សម្រាប់ការអត់ទោសឲ្យរួចពីបាប។ ដូចជាមានសេចក្តីចែងទុកមកក្នុងគម្ពីរ ដែលកត់ពាក្យទំនាយរបស់ហោរាអេសាយថា៖ «មានសំឡេងមនុស្សម្នាក់ស្រែកឡើងនៅទីរហោស្ថានថា "ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវតូចថ្វាយព្រះអង្គ ។ គ្រប់ទាំងច្រកភ្នំត្រូវលុបបំពេញ គ្រប់ទាំងភ្នំធំតូចត្រូវពង្រាបឲ្យរាប ផ្លូវវៀចត្រូវតម្រង់ឲ្យត្រង់ ហើយផ្លូវរដិបរដុបធ្វើឲ្យស្មើ នោះគ្រប់ទាំងមនុស្សនឹងឃើញ ការសង្គ្រោះរបស់ព្រះ"»។ គាត់ពោលទៅកាន់មហាជនដែលមកទទួលពិធីជ្រមុជពីគាត់ថា៖ «ឱពូជពស់វែកអើយ! តើអ្នកណាបានប្រាប់ឲ្យអ្នករាល់គ្នារត់ពីសេចក្តីក្រោធដែលត្រូវមកដូច្នេះ? ចូរបង្កើតផលឲ្យសមនឹងការប្រែចិត្តចុះ។ មិនត្រូវចាប់ផ្ដើមនឹកក្នុងចិត្តថា "យើងមានលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើង" នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំពីថ្មទាំងនេះក៏បាន។ សូម្បីតែឥឡូវនេះ ពូថៅបានដាក់នៅឫសដើមឈើជាស្រេចហើយ ដូច្នេះ អស់ទាំងដើមណាដែលមិនមានផ្លែល្អ នោះត្រូវកាប់រំលំ ហើយបោះទៅក្នុងភ្លើង»។
លូកា 3:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅឆ្នាំទីដប់ប្រាំនៃរជ្ជកាលព្រះចៅអធិរាជរ៉ូម៉ាំង ព្រះនាមទីប៊ើរ លោកប៉ុនទាស-ពីឡាតធ្វើជាទេសាភិបាលនៅស្រុកយូដា ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ*គ្រប់គ្រងស្រុកកាលីឡេ ព្រះបាទភីលីពអនុជរបស់ព្រះបាទហេរ៉ូដជាស្ដេចអនុរាជគ្រប់គ្រងតំបន់អ៊ីទូរេ និងតំបន់ត្រាខូនីត ព្រះបាទលីសាណាសជាស្ដេចអនុរាជគ្រប់គ្រងស្រុកអាប៊ីឡែន លោកអាណ និងលោកកៃផាធ្វើជាមហាបូជាចារ្យ*។ ពេលនោះ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូហាន ជាកូនរបស់លោកសាការី នៅក្នុងវាលរហោស្ថាន*។ លោកយ៉ូហានធ្វើដំណើរគ្រប់ទីកន្លែង ក្នុងតំបន់ទន្លេយ័រដាន់ ហើយប្រកាសឲ្យមនុស្សកែប្រែចិត្តគំនិតដោយទទួលពិធីជ្រមុជទឹក* ដើម្បីព្រះជាម្ចាស់លើកលែងទោសឲ្យរួចពីបាប។ លោកប្រកាសដូច្នេះ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរព្យាការីអេសាយ ថា៖ «មានសំឡេងបុរសម្នាក់ស្រែកឡើង នៅវាលរហោស្ថានថា: ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ។ ត្រូវបំពេញច្រកភ្នំទាំងអស់ឲ្យរាបស្មើ និងពង្រាបភ្នំតូចធំទាំងប៉ុន្មានឲ្យរាប ត្រូវតម្រង់ផ្លូវកោងឲ្យត្រង់ ព្រមទាំងលុបផ្លូវរដិបរដុបឲ្យរាបស្មើដែរ នោះមនុស្សទាំងអស់នឹងឃើញការសង្គ្រោះ របស់ព្រះជាម្ចាស់»។ លោកយ៉ូហានតែងតែបន្ទោសមហាជន ដែលមកទទួលពិធីជ្រមុជទឹក*ពីលោកថា៖ «នែ៎ ពូជពស់វែកអើយ! តើនរណាប្រាប់ឲ្យអ្នករាល់គ្នារត់គេចពីព្រះពិរោធរបស់ព្រះជាម្ចាស់ ដែលជិតមកដល់ដូច្នេះ? ចូរប្រព្រឹត្តអំពើល្អ ដើម្បីបញ្ជាក់ថា អ្នករាល់គ្នាបានកែប្រែចិត្តគំនិតមែន។ កុំអាងខ្លួនថាមានលោកអប្រាហាំជាបុព្វបុរស*នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ក៏អាចធ្វើឲ្យថ្មទាំងនេះទៅជាកូនចៅលោកអប្រាហាំបានដែរ។ ពូថៅនៅជិតគល់ឈើជាស្រេចហើយ ដើមឈើណាមិនផ្ដល់ផ្លែល្អទេ ត្រូវកាប់រំលំបោះទៅក្នុងភ្លើង»។
លូកា 3:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅឆ្នាំទី១៥ក្នុងរាជ្យសេសារ-ទីប៊ើរ កាលលោកប៉ុនទាស-ពីឡាត់ ធ្វើជាចៅហ្វាយនៅស្រុកយូដា ហេរ៉ូឌ ជាស្តេចអនុរាជនៅស្រុកកាលីឡេ ភីលីព អនុជទ្រង់ ជាស្តេចអនុរាជនៅស្រុកអ៊ីទូរេ នឹងនៅក្រវល់ស្រុកត្រាខូនីត លីសានាស ជាស្តេចអនុរាជនៅស្រុកអាប៊ីលេន ហើយក្នុងកាលដែលលោកអាណ នឹងលោកកៃផាធ្វើជាសំដេចសង្ឃ នោះព្រះទ្រង់មានបន្ទូលមកយ៉ូហាន ជាកូនសាការី នៅទីរហោស្ថាន គាត់ក៏ទៅពេញក្នុងស្រុកជុំវិញទន្លេយ័រដាន់ទាំងអស់ ព្រមទាំងប្រកាសប្រាប់ពីបុណ្យជ្រមុជទឹក ខាងឯការប្រែចិត្ត ប្រយោជន៍ឲ្យបានរួចពីបាប ដូចជាមានសេចក្ដីចែងទុកមកក្នុងគម្ពីរ ដែលកត់ពាក្យទំនាយរបស់ហោរាអេសាយថា «ជាសំឡេងមនុស្សម្នាក់ ដែលកំពុងតែស្រែកនៅទីរហោស្ថានថា ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរដំរង់ផ្លូវតូចថ្វាយទ្រង់ចុះ គ្រប់ទាំងច្រកភ្នំនឹងបានលុបឲ្យពេញ គ្រប់ទាំងភ្នំធំតូចនឹងត្រូវបន្ទាបទៅ ផ្លូវក្ងិចក្ងក់នឹងទៅជាត្រង់ ហើយផ្លូវរដិបរដុបនឹងបានរាបស្មើទៅវិញ នៅគ្រប់ទាំងមនុស្សនឹងឃើញសេចក្ដីសង្គ្រោះរបស់ព្រះ»។ គាត់ក៏ពោលដល់មនុស្សទាំងហ្វូង ដែលមកទទួលបុណ្យជ្រមុជពីគាត់ថា ឱពូជពស់វែកអើយ តើអ្នកណាបានប្រាប់ឲ្យអ្នករាល់គ្នារត់ពីសេចក្ដីក្រោធ ដែលត្រូវមកដូច្នេះ បើដូច្នេះ ចូរបង្កើតផលដែលសំណំនឹងការប្រែចិត្តចុះ កុំឲ្យចាប់តាំងនឹកក្នុងចិត្តថា មានលោកអ័ប្រាហាំជាឰយុកោខ្លួននោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះទ្រង់អាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំ ពីថ្មទាំងនេះក៏បានដែរ ប៉ុន្តែ ពូថៅបានដាក់នៅឫសដើមឈើហើយ ដូច្នេះអស់ទាំងដើមណាដែលមានផ្លែមិនល្អ នោះត្រូវកាប់បោះចោលទៅក្នុងភ្លើងចេញ