នៅឆ្នាំទីដប់ប្រាំ ក្នុងរាជ្យសេសារ-ទីប៊ើរ កាលលោកប៉ុនទាស-ពីឡាត់ ធ្វើជាទេសាភិបាលនៅស្រុកយូដា ហេរ៉ូឌ ជាស្តេចអនុរាជនៅស្រុកកាលីឡេ ភីលីព អនុជទ្រង់ ជាស្តេចអនុរាជនៅតំបន់អ៊ីទូរេ និងត្រាខូនីត ហើយលីសានាស ជាស្តេចអនុរាជនៅស្រុកអាប៊ីលេន ក្នុងកាលដែលលោកអាណ និងលោកកៃផាធ្វើជាសម្តេចសង្ឃ នោះព្រះទ្រង់មានព្រះបន្ទូលមកកាន់យ៉ូហាន ជាកូនសាការី នៅទីរហោស្ថាន។ គាត់បានធ្វើដំណើរទៅពាសពេញក្នុងតំបន់ជុំវិញទន្លេយ័រដាន់ ហើយប្រកាសប្រាប់ពីពិធីជ្រមុជទឹកខាងឯការប្រែចិត្ត សម្រាប់ការអត់ទោសឲ្យរួចពីបាប។ ដូចជាមានសេចក្តីចែងទុកមកក្នុងគម្ពីរ ដែលកត់ពាក្យទំនាយរបស់ហោរាអេសាយថា៖ «មានសំឡេងមនុស្សម្នាក់ស្រែកឡើងនៅទីរហោស្ថានថា "ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវតូចថ្វាយព្រះអង្គ ។ គ្រប់ទាំងច្រកភ្នំត្រូវលុបបំពេញ គ្រប់ទាំងភ្នំធំតូចត្រូវពង្រាបឲ្យរាប ផ្លូវវៀចត្រូវតម្រង់ឲ្យត្រង់ ហើយផ្លូវរដិបរដុបធ្វើឲ្យស្មើ នោះគ្រប់ទាំងមនុស្សនឹងឃើញ ការសង្គ្រោះរបស់ព្រះ"»។ គាត់ពោលទៅកាន់មហាជនដែលមកទទួលពិធីជ្រមុជពីគាត់ថា៖ «ឱពូជពស់វែកអើយ! តើអ្នកណាបានប្រាប់ឲ្យអ្នករាល់គ្នារត់ពីសេចក្តីក្រោធដែលត្រូវមកដូច្នេះ? ចូរបង្កើតផលឲ្យសមនឹងការប្រែចិត្តចុះ។ មិនត្រូវចាប់ផ្ដើមនឹកក្នុងចិត្តថា "យើងមានលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើង" នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំពីថ្មទាំងនេះក៏បាន។ សូម្បីតែឥឡូវនេះ ពូថៅបានដាក់នៅឫសដើមឈើជាស្រេចហើយ ដូច្នេះ អស់ទាំងដើមណាដែលមិនមានផ្លែល្អ នោះត្រូវកាប់រំលំ ហើយបោះទៅក្នុងភ្លើង»។
អាន លូកា 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 3:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ