នៅឆ្នាំទី១៥ក្នុងរាជ្យសេសារ-ទីប៊ើរ កាលលោកប៉ុនទាស-ពីឡាត់ ធ្វើជាចៅហ្វាយនៅស្រុកយូដា ហេរ៉ូឌ ជាស្តេចអនុរាជនៅស្រុកកាលីឡេ ភីលីព អនុជទ្រង់ ជាស្តេចអនុរាជនៅស្រុកអ៊ីទូរេ នឹងនៅក្រវល់ស្រុកត្រាខូនីត លីសានាស ជាស្តេចអនុរាជនៅស្រុកអាប៊ីលេន ហើយក្នុងកាលដែលលោកអាណ នឹងលោកកៃផាធ្វើជាសំដេចសង្ឃ នោះព្រះទ្រង់មានបន្ទូលមកយ៉ូហាន ជាកូនសាការី នៅទីរហោស្ថាន គាត់ក៏ទៅពេញក្នុងស្រុកជុំវិញទន្លេយ័រដាន់ទាំងអស់ ព្រមទាំងប្រកាសប្រាប់ពីបុណ្យជ្រមុជទឹក ខាងឯការប្រែចិត្ត ប្រយោជន៍ឲ្យបានរួចពីបាប ដូចជាមានសេចក្ដីចែងទុកមកក្នុងគម្ពីរ ដែលកត់ពាក្យទំនាយរបស់ហោរាអេសាយថា «ជាសំឡេងមនុស្សម្នាក់ ដែលកំពុងតែស្រែកនៅទីរហោស្ថានថា ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរដំរង់ផ្លូវតូចថ្វាយទ្រង់ចុះ គ្រប់ទាំងច្រកភ្នំនឹងបានលុបឲ្យពេញ គ្រប់ទាំងភ្នំធំតូចនឹងត្រូវបន្ទាបទៅ ផ្លូវក្ងិចក្ងក់នឹងទៅជាត្រង់ ហើយផ្លូវរដិបរដុបនឹងបានរាបស្មើទៅវិញ នៅគ្រប់ទាំងមនុស្សនឹងឃើញសេចក្ដីសង្គ្រោះរបស់ព្រះ»។ គាត់ក៏ពោលដល់មនុស្សទាំងហ្វូង ដែលមកទទួលបុណ្យជ្រមុជពីគាត់ថា ឱពូជពស់វែកអើយ តើអ្នកណាបានប្រាប់ឲ្យអ្នករាល់គ្នារត់ពីសេចក្ដីក្រោធ ដែលត្រូវមកដូច្នេះ បើដូច្នេះ ចូរបង្កើតផលដែលសំណំនឹងការប្រែចិត្តចុះ កុំឲ្យចាប់តាំងនឹកក្នុងចិត្តថា មានលោកអ័ប្រាហាំជាឰយុកោខ្លួននោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះទ្រង់អាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំ ពីថ្មទាំងនេះក៏បានដែរ ប៉ុន្តែ ពូថៅបានដាក់នៅឫសដើមឈើហើយ ដូច្នេះអស់ទាំងដើមណាដែលមានផ្លែមិនល្អ នោះត្រូវកាប់បោះចោលទៅក្នុងភ្លើងចេញ
អាន លូកា 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 3:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ