លូកា 2:21-35
លូកា 2:21-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះដល់គម្រប់ប្រាំបីថ្ងៃ កាលត្រូវកាត់ស្បែកព្រះឱរស នោះគេថ្វាយព្រះនាមថា «យេស៊ូវ» ជានាមដែលទេវតាបានប្រាប់ មុនពេលទ្រង់ចាប់កំណើតក្នុងផ្ទៃ។ លុះដល់កំណត់ សម្រាប់ពួកគេត្រូវធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ តាមក្រឹត្យវិន័យរបស់លោកម៉ូសេ នោះគេក៏នាំព្រះឱរសឡើងទៅក្រុងយេរូសាឡិម ដើម្បីថ្វាយដល់ព្រះអម្ចាស់ ដូចមានសេចក្តីចែងទុកក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់ថា៖ «គ្រប់ទាំងកូនប្រុសៗ ដែលកើតពីផ្ទៃម្តាយមកមុនបង្អស់ នោះត្រូវរាប់ជាបរិសុទ្ធថ្វាយព្រះអម្ចាស់» ហើយគេថ្វាយយញ្ញបូជា តាមសេចក្តីដែលបានចែងទុកក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់ គឺថា «លលកមួយគូ ឬព្រាបជំទើរពីរ» ។ នៅក្រុងយេរូសាឡិម មានបុរសម្នាក់ឈ្មោះស៊ីម្មាន ជាមនុស្សសុចរិត ហើយគោរពកោតខ្លាចព្រះ គាត់កំពុងរង់ចាំវេលាសម្រាលទុក្ខរបស់សាសន៍អ៊ីស្រាអែល។ ព្រះវិញ្ញាណបរិសុទ្ធក៏សណ្ឋិតលើគាត់។ ព្រះវិញ្ញាណបរិសុទ្ធបានសម្តែងឲ្យគាត់ដឹងថា គាត់មិនស្លាប់ឡើយ រហូតទាល់តែបានឃើញព្រះគ្រីស្ទរបស់ព្រះអម្ចាស់។ ព្រះវិញ្ញាណបាននាំគាត់ចូលមកក្នុងព្រះវិហារ ហើយពេលមាតាបិតានាំព្រះឱរសព្រះយេស៊ូវចូលមក ដើម្បីថ្វាយដល់ព្រះអម្ចាស់តាមទម្លាប់ក្រឹត្យវិន័យ នោះគាត់ក៏ទទួលព្រះឱរសមកបី រួចសរសើរតម្កើងព្រះ ដោយពាក្យថា៖ «ឱព្រះអម្ចាស់អើយ ឥឡូវនេះ ព្រះអង្គបានបើកឲ្យបាវបម្រើ របស់ព្រះអង្គចេញទៅដោយសុខសាន្ត តាមព្រះបន្ទូលរបស់ព្រះអង្គហើយ ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះរបស់ព្រះអង្គ ដែលទ្រង់បានរៀបចំនៅមុខមនុស្សទាំងអស់ ជាពន្លឺសម្រាប់បើកសម្តែងឲ្យសាសន៍ដទៃឃើញ ហើយជាសិរីល្អរបស់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ»។ រីឯយ៉ូសែប និងម៉ារា មានសេចក្តីអស្ចារ្យនឹងពាក្យទាំងប៉ុន្មាន ដែលគេនិយាយអំពីព្រះអង្គ។ ស៊ីម្មានជូនពរពួកគេ ហើយនិយាយទៅកាន់ម៉ារា ជាមាតាព្រះអង្គថា៖ «មើល៍! បុត្រនេះបានតាំងឡើង សម្រាប់ធ្វើឲ្យសាសន៍អ៊ីស្រាអែលជាច្រើនដួល ហើយងើបឡើងវិញ និងសម្រាប់ជាទីសម្គាល់ដែលគេនឹងនិយាយប្រឆាំង ឯនាងវិញ នឹងមានដាវចាក់ទម្លុះព្រលឹងនាងដែរ ដើម្បីឲ្យគំនិតក្នុងចិត្តរបស់មនុស្សជាច្រើនបានសម្តែងចេញមក»។
លូកា 2:21-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រាំបីថ្ងៃក្រោយមក ដល់ពេលកំណត់ធ្វើពិធីកាត់ស្បែក*ថ្វាយព្រះឱរស គេថ្វាយព្រះនាមថា «យេស៊ូ» ជាព្រះនាមដែលទេវតា*បានប្រាប់នាងម៉ារី មុនពេលមានផ្ទៃពោះ។ លុះដល់ពេលកំណត់ដែលលោកយ៉ូសែប និងនាងម៉ារី ត្រូវធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ* តាមវិន័យ*លោកម៉ូសេ* បានចែងទុក អ្នកទាំងពីរក៏នាំព្រះឱរសទៅថ្វាយព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម ដ្បិតក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់មានចែងទុកមកថា៖ «កូនប្រុសច្បងទាំងអស់ត្រូវទុកជាចំណែកថ្វាយព្រះអម្ចាស់» ។ អ្នកទាំងពីរថ្វាយយញ្ញបូជាស្របតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ដែលតម្រូវឲ្យថ្វាយ “លលកមួយគូ ឬព្រាបស្ទាវពីរ” ។ នៅក្រុងយេរូសាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម្មានជាមនុស្សសុចរិត* គាត់គោរពកោតខ្លាចព្រះជាម្ចាស់ ព្រមទាំងទន្ទឹងរង់ចាំពេលព្រះអង្គយាងមកសម្រាលទុក្ខប្រជារាស្ដ្រអ៊ីស្រាអែល។ ព្រះវិញ្ញាណដ៏វិសុទ្ធ*សណ្ឋិតលើគាត់ ហើយសម្តែងឲ្យគាត់ដឹងថាគាត់មិនត្រូវស្លាប់ ដរាបណាមិនទាន់បានឃើញព្រះគ្រិស្ត* ដែលព្រះអម្ចាស់ចាត់ឲ្យមកទេនោះ។ ព្រះវិញ្ញាណនាំលោកស៊ីម្មានចូលក្នុងព្រះវិហារ*។ ពេលមាតាបិតានាំព្រះឱរសយេស៊ូមកថ្វាយព្រះជាម្ចាស់ ដូចមានចែងទុកក្នុងក្រឹត្យវិន័យ* លោកស៊ីម្មានក៏យកព្រះឱរសមកបី រួចសរសើរតម្កើងព្រះជាម្ចាស់ថា៖ «បពិត្រព្រះដ៏ជាចៅហ្វាយ! ឥឡូវនេះ ព្រះអង្គបានសម្រេចតាម ព្រះបន្ទូលសន្យាហើយ។ ដូច្នេះ សូមឲ្យទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ លាចាកលោកនេះទៅ ដោយសុខសាន្តផងចុះ ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ ដែលព្រះអង្គបានប្រទានមកឲ្យ ប្រជាជាតិទាំងអស់ គឺជាពន្លឺដែលនាំឲ្យមនុស្ស គ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ និងជាសិរីរុងរឿងរបស់អ៊ីស្រាអែល ជាប្រជារាស្ត្រព្រះអង្គ»។ មាតាបិតារបស់ព្រះយេស៊ូងឿងឆ្ងល់នឹងសេចក្ដី ដែលលោកស៊ីម្មានមានប្រសាសន៍អំពីព្រះឱរសណាស់។ លោកស៊ីម្មានជូនពរអ្នកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារីជាមាតាថា៖ «ព្រះជាម្ចាស់បានចាត់បុត្រនេះមក ដើម្បីឲ្យជនជាតិអ៊ីស្រាអែលច្រើននាក់ដួល ឬងើបឡើងវិញ។ បុត្រនេះជាទីសម្គាល់មួយបង្ហាញអំពីការសង្គ្រោះរបស់ព្រះជាម្ចាស់ តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។ បុត្រនេះធ្វើឲ្យគំនិតលាក់កំបាំងរបស់មនុស្សជាច្រើនលេចច្បាស់ឡើង រីឯនាងវិញ នាងនឹងឈឺចុកចាប់យ៉ាងខ្លាំង ដូចមានដាវមួយមកចាក់ទម្លុះដួងចិត្ត របស់នាង»។
លូកា 2:21-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់គំរប់៨ថ្ងៃ កាលត្រូវកាត់ស្បែកព្រះឱរស នោះគេថ្វាយព្រះនាមថា «យេស៊ូវ» ជានាមដែលទេវតាបានប្រាប់ មុនដែលទ្រង់មកចាប់ទំផ្ទៃ។ លុះដល់កំណត់ កាលត្រូវញែកចេញជាបរិសុទ្ធ តាមក្រិត្យវិន័យរបស់លោកម៉ូសេ នោះក៏នាំយកព្រះឱរសទៅឯក្រុងយេរូសាឡិម ដើម្បីថ្វាយដល់ព្រះអម្ចាស់ ដូចជាមានកត់ទុកមកក្នុងក្រិត្យវិន័យព្រះអម្ចាស់ថា «គ្រប់ទាំងកូនប្រុសៗ ដែលកើតពីផ្ទៃម្តាយមកមុនបង្អស់ នោះត្រូវរាប់ជាបរិសុទ្ធថ្វាយព្រះអម្ចាស់» ហើយនឹងថ្វាយយញ្ញបូជា តាមសេចក្ដីដែលបានកត់ទុកក្នុងក្រិត្យវិន័យរបស់ព្រះអម្ចាស់ គឺថា «លលក១គូ ឬព្រាបជំទើរ២»។ នោះមើល នៅក្រុងយេរូសាឡិម មានមនុស្សម្នាក់ឈ្មោះស៊ីម្មាន ជាអ្នកសុចរិត ដែលកោតខ្លាចដល់ព្រះ គាត់រង់ចាំសេចក្ដីដោះទុក្ខរបស់សាសន៍អ៊ីស្រាអែល ហើយព្រះវិញ្ញាណបរិសុទ្ធក៏សណ្ឋិតលើគាត់ ព្រះវិញ្ញាណបរិសុទ្ធបានសំដែងឲ្យគាត់ដឹងថា គាត់មិនស្លាប់ឡើយទាល់តែបានឃើញព្រះគ្រីស្ទនៃព្រះអម្ចាស់ គាត់ចូលមកក្នុងព្រះវិហារដោយនូវព្រះវិញ្ញាណ រួចកាលមាតាបិតានាំយកព្រះយេស៊ូវ ជាឱរសចូលមក ដើម្បីធ្វើតាមទំលាប់ក្រិត្យវិន័យដល់ទ្រង់ នោះគាត់ក៏ទទួលមកបី ហើយសរសើរដល់ព្រះ ដោយពាក្យថា ឥឡូវនេះ ឱព្រះដ៏ជាម្ចាស់អើយ សូមបើកឲ្យបាវបំរើទ្រង់ទៅដោយសុខសាន្ត តាមព្រះបន្ទូលទ្រង់ចុះ ដ្បិតភ្នែកទូលបង្គំបានឃើញសេចក្ដីសង្គ្រោះរបស់ផងទ្រង់ ដែលទ្រង់បានរៀបចំនៅមុខបណ្តាជនទាំងឡាយ ជាពន្លឺសំរាប់បំភ្លឺដល់សាសន៍ដទៃ ហើយជាសិរីល្អ របស់អ៊ីស្រាអែល ជារាស្ត្រទ្រង់ ឯយ៉ូសែប នឹងមាតាទ្រង់ ក៏អស្ចារ្យពីសេចក្ដីទាំងប៉ុន្មាន ដែលគេថ្លែងពីទ្រង់ ស៊ីម្មានក៏ឲ្យពរ ហើយនិយាយទៅម៉ារា ជាមាតាទ្រង់ថា មើល បុត្រនេះបានតាំងឡើងសំរាប់ធ្វើឲ្យពួកសាសន៍អ៊ីស្រាអែលជាច្រើនដួល ហើយងើបឡើងវិញ ក៏សំរាប់ជាទីសំគាល់ ដែលគេនឹងស្រដីទទឹងផង ឯនាងវិញ នឹងមានដាវចាក់ទំលុះព្រលឹងនាងដែរ ដើម្បីឲ្យគំនិតក្នុងចិត្តរបស់មនុស្សជាច្រើនបានសំដែងចេញមក។