លូកា 2:21-35

លូកា 2:21-35 ពគប

លុះ​ដល់​គំរប់​៨​ថ្ងៃ កាល​ត្រូវ​កាត់​ស្បែក​ព្រះ‌ឱរស នោះ​គេ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ» ជា​នាម​ដែល​ទេវតា​បាន​ប្រាប់ មុន​ដែល​ទ្រង់​មក​ចាប់​ទំ​ផ្ទៃ។ លុះ​ដល់​កំណត់ កាល​ត្រូវ​ញែក​ចេញ​ជា​បរិសុទ្ធ តាម​ក្រិត្យ‌វិន័យ​របស់​លោក​ម៉ូសេ នោះ​ក៏​នាំ​យក​ព្រះ‌ឱរស​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​ថ្វាយ​ដល់​ព្រះ‌អម្ចាស់ ដូច​ជា​មាន​កត់​ទុក​មក​ក្នុង​ក្រិត្យ‌វិន័យ​ព្រះ‌អម្ចាស់​ថា «គ្រប់​ទាំង​កូន​ប្រុសៗ ដែល​កើត​ពី​ផ្ទៃ​ម្តាយ​មក​មុន​បង្អស់ នោះ​ត្រូវ​រាប់​ជា​បរិសុទ្ធ​ថ្វាយ​ព្រះ‌អម្ចាស់» ហើយ​នឹង​ថ្វាយ​យញ្ញ‌បូជា តាម​សេចក្ដី​ដែល​បាន​កត់​ទុក​ក្នុង​ក្រិត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ គឺ​ថា «លលក​១​គូ ឬ​ព្រាប​ជំទើរ​២»។ នោះ​មើល នៅ​ក្រុង​យេរូ‌សាឡិម មាន​មនុស្ស​ម្នាក់​ឈ្មោះ​ស៊ីម្មាន ជា​អ្នក​សុចរិត ដែល​កោត‌ខ្លាច​ដល់​ព្រះ គាត់​រង់‌ចាំ​សេចក្ដី​ដោះ​ទុក្ខ​របស់​សាសន៍​អ៊ីស្រាអែល ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​សណ្ឋិត​លើ​គាត់ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​សំដែង​ឲ្យ​គាត់​ដឹង​ថា គាត់​មិន​ស្លាប់​ឡើយ​ទាល់​តែ​បាន​ឃើញ​ព្រះ‌គ្រីស្ទ​នៃ​ព្រះ‌អម្ចាស់ គាត់​ចូល​មក​ក្នុង​ព្រះ‌វិហារ​ដោយ​នូវ​ព្រះ‌វិញ្ញាណ រួច​កាល​មាតា‌បិតា​នាំ​យក​ព្រះ‌យេស៊ូវ ជា​ឱរស​ចូល​មក ដើម្បី​ធ្វើ​តាម​ទំលាប់​ក្រិត្យ‌វិន័យ​ដល់​ទ្រង់ នោះ​គាត់​ក៏​ទទួល​មក​បី ហើយ​សរសើរ​ដល់​ព្រះ ដោយ​ពាក្យ​ថា ឥឡូវ​នេះ ឱ​ព្រះ​ដ៏​ជា​ម្ចាស់​អើយ សូម​បើក​ឲ្យ​បាវ​បំរើ​ទ្រង់​ទៅ​ដោយ​សុខ‌សាន្ត តាម​ព្រះ‌បន្ទូល​ទ្រង់​ចុះ ដ្បិត​ភ្នែក​ទូលបង្គំ​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ផង​ទ្រង់ ដែល​ទ្រង់​បាន​រៀបចំ​នៅ​មុខ​បណ្តាជន​ទាំង‌ឡាយ ជា​ពន្លឺ​សំរាប់​បំភ្លឺ​ដល់​សាសន៍​ដទៃ ហើយ​ជា​សិរី‌ល្អ របស់​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់ ឯ​យ៉ូសែប នឹង​មាតា​ទ្រង់ ក៏​អស្ចារ្យ​ពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​គេ​ថ្លែង​ពី​ទ្រង់ ស៊ីម្មាន​ក៏​ឲ្យ​ពរ ហើយ​និយាយ​ទៅ​ម៉ារា ជា​មាតា​ទ្រង់​ថា មើល បុត្រ​នេះ​បាន​តាំង​ឡើង​សំរាប់​ធ្វើ​ឲ្យ​ពួក​សាសន៍​អ៊ីស្រាអែល​ជា​ច្រើន​ដួល ហើយ​ងើប​ឡើង​វិញ ក៏​សំរាប់​ជា​ទី​សំគាល់ ដែល​គេ​នឹង​ស្រដី​ទទឹង​ផង ឯ​នាង​វិញ នឹង​មាន​ដាវ​ចាក់​ទំលុះ​ព្រលឹង​នាង​ដែរ ដើម្បី​ឲ្យ​គំនិត​ក្នុង​ចិត្ត​របស់​មនុស្ស​ជា​ច្រើន​បាន​សំដែង​ចេញ​មក។

អាន លូកា 2

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 2:21-35