លូកា 2:21-35

លូកា 2:21-35 គកស១៦

លុះ​ដល់​គម្រប់​ប្រាំ​បី​ថ្ងៃ កាល​ត្រូវ​កាត់​ស្បែក​ព្រះ‌ឱរស នោះ​គេ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ» ជា​នាម​ដែល​ទេវតា​បាន​ប្រាប់ មុន​ពេល​ទ្រង់​ចាប់​កំណើត​ក្នុង​ផ្ទៃ។ លុះ​ដល់​កំណត់ សម្រាប់​ពួក​គេ​ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ តាម​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ នោះ​គេ​ក៏​នាំ​ព្រះ‌ឱរស​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ថ្វាយ​ដល់​ព្រះ‌អម្ចាស់ ដូច​មាន​សេចក្តី​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់​ថា៖ «គ្រប់​ទាំង​កូន​ប្រុសៗ ដែល​កើត​ពី​ផ្ទៃ​ម្តាយ​មក​មុន​បង្អស់ នោះ​ត្រូវ​រាប់​ជា​បរិសុទ្ធ​ថ្វាយ​ព្រះ‌អម្ចាស់» ហើយ​គេ​ថ្វាយ​យញ្ញ‌បូជា តាម​សេចក្តី​ដែល​បាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ គឺ​ថា «លលក​មួយ​គូ ឬ​ព្រាប​ជំទើរ​ពីរ» ។ នៅ​ក្រុង​យេរូ‌សាឡិម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន ជា​មនុស្ស​សុចរិត ហើយ​គោរព​កោត​ខ្លាច​ព្រះ គាត់​កំពុង​រង់‌ចាំ​វេលា​សម្រាល​ទុក្ខ​របស់​សាសន៍​អ៊ីស្រា‌អែល។ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​សណ្ឋិត​លើ​គាត់។ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​សម្តែង​ឲ្យ​គាត់​ដឹង​ថា គាត់​មិន​ស្លាប់​ឡើយ រហូត​ទាល់​តែ​បាន​ឃើញ​ព្រះ‌គ្រីស្ទ​របស់​ព្រះ‌អម្ចាស់។ ព្រះ‌វិញ្ញាណ​បាន​នាំ​គាត់​ចូល​មក​ក្នុង​ព្រះ‌វិហារ ហើយ​ពេល​មាតា‌បិតា​នាំ​ព្រះ​ឱរស​ព្រះ‌យេស៊ូវ​ចូល​មក ដើម្បី​ថ្វាយ​ដល់​ព្រះ‌អម្ចាស់​តាម​ទម្លាប់​ក្រឹត្យ‌វិន័យ នោះ​គាត់​ក៏​ទទួល​ព្រះ​ឱរស​មក​បី រួច​សរសើរ​តម្កើង​ព្រះ ដោយ​ពាក្យ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បើក​ឲ្យ​បាវ​បម្រើ របស់​ព្រះ‌អង្គ​ចេញ​ទៅ​ដោយ​សុខ‌សាន្ត តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ហើយ ដ្បិត​ភ្នែក​ទូល​បង្គំ​បាន​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​រៀបចំ​នៅ​មុខ​មនុស្ស​ទាំង​អស់ ជា​ពន្លឺ​សម្រាប់​បើក​សម្តែង​ឲ្យ​សាសន៍​ដទៃ​ឃើញ ហើយ​ជា​សិរី​ល្អ​របស់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ»។ រីឯ​យ៉ូសែប និង​ម៉ារា មាន​សេចក្តី​អស្ចារ្យ​នឹង​ពាក្យ​ទាំង​ប៉ុន្មាន ដែល​គេ​និយាយ​អំពី​ព្រះ‌អង្គ។ ស៊ីម្មាន​ជូន​ពរ​ពួក​គេ ហើយ​និយាយ​ទៅ​កាន់​ម៉ារា ជា​មាតា​ព្រះ‌អង្គ​ថា៖ «មើល៍! បុត្រ​នេះ​បាន​តាំង​ឡើង សម្រាប់​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ជា​ច្រើន​ដួល ហើយ​ងើប​ឡើង​វិញ និង​សម្រាប់​ជា​ទី​សម្គាល់​ដែល​គេ​នឹង​និយាយ​ប្រឆាំង ឯ​នាង​វិញ នឹង​មាន​ដាវ​ចាក់​ទម្លុះ​ព្រលឹង​នាង​ដែរ ដើម្បី​ឲ្យ​គំនិត​ក្នុង​ចិត្ត​របស់​មនុស្ស​ជា​ច្រើន​បាន​សម្តែង​ចេញ​មក»។

អាន លូកា 2

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 2:21-35