លូកា 11:1-28

លូកា 11:1-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​មួយ​ថ្ងៃ ព្រះ‌យេស៊ូ​អធិស្ឋាន​នៅ​កន្លែង​មួយ។ កាល​ព្រះអង្គ​អធិស្ឋាន​រួច​ហើយ មាន​សិស្ស*​ម្នាក់​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! សូម​បង្រៀន​យើង​ខ្ញុំ​ឲ្យ​ចេះ​អធិស្ឋាន ដូច​លោក​យ៉ូហាន​បាន​បង្រៀន​សិស្ស​របស់​លោក​នោះ​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ថា៖ «ពេល​អ្នក​រាល់​គ្នា​អធិស្ឋាន ត្រូវ​ពោល​ថា: ឱ​ព្រះ‌បិតា​អើយ សូម​សម្តែង​ព្រះ‌នាម​ដ៏វិសុទ្ធ របស់​ព្រះអង្គ ឲ្យ​មនុស្ស​លោក​ស្គាល់ សូម​ឲ្យ​ព្រះ‌រាជ្យ*​ព្រះអង្គ​បាន​មក​ដល់។ សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ ជា​រៀង​រាល់​ថ្ងៃ។ សូម​អត់‌ទោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​បាប ដ្បិត​យើង​ខ្ញុំ​អត់‌ទោស​ឲ្យ​អស់​អ្នក ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​យើង​ខ្ញុំ។ សូម​កុំ​បណ្ដោយ​ឲ្យ​យើង​ខ្ញុំ​ចាញ់ ការ​ល្បួង​ឡើយ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​ម្នាក់​មាន​មិត្ត​សម្លាញ់​មក​រក​ទាំង​ពាក់​កណ្ដាល​អធ្រាត្រ ហើយ​ពោល​ថា “សម្លាញ់​អើយ! ឲ្យ​គ្នា​ខ្ចី​នំប៉័ង​បី​ដុំ​សិន​មក ព្រោះ​មាន​មិត្ត‌ភក្ដិ​ទើប​នឹង​ធ្វើ​ដំណើរ​មក​ដល់ ហើយ​គ្មាន​អ្វី​ទទួល​គេ​សោះ”។ អ្នក​នៅ​ក្នុង​ផ្ទះ​ឆ្លើយ​មក​វិញ​ថា “កុំ​រំខាន​គ្នា​ធ្វើ​អ្វី គ្នា​បាន​ខ្ទាស់​ទ្វារ​ទៅ​ហើយ ម្យ៉ាង​ទៀត កូន​ចៅ​គ្នា​កំពុង​ដេក​លក់ គ្នា​មិន​អាច​ក្រោក​ទៅ​យក​នំប៉័ង​ឲ្យ​សម្លាញ់​ឯង​ទេ”។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ម្ចាស់​ផ្ទះ​ប្រាកដ​ជា​ក្រោក​ទៅ​យក​នំប៉័ង ព្រម​ទាំង​អ្វីៗ​ដែល​មិត្ត​សម្លាញ់​របស់​គាត់​ត្រូវ​ការ​មិន​ខាន។ គាត់​ក្រោក​ទៅ​យក​ដូច្នេះ មិន​មែន​មក​ពី​គាត់​យោគ‌យល់​មិត្ត​សម្លាញ់​ទេ គឺ​មក​ពី​មិត្ត​សម្លាញ់​នោះ​ចេះ​តែ​រំខាន​មិន​ឈប់។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​សូម នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ ចូរ​ស្វែង​រក គង់​តែ​នឹង​ឃើញ ចូរ​គោះ​ទ្វារ នោះ​ព្រះអង្គ​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ជា​ពុំ‌ខាន ដ្បិត​អ្នក​ណា​សូម អ្នក​នោះ​តែងតែ​ទទួល អ្នក​ណា​ស្វែង​រក​តែងតែ​ឃើញ ហើយ​គេ​តែងតែ​បើក​ទ្វារ​ឲ្យ​អ្នក​ដែល​គោះ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​កូន​សុំ​ត្រី​មិន​ដែល​មាន​ឪពុក​ណា​យក​ពស់​អសិរ‌ពិស​ឲ្យ​វា​ទេ បើ​កូន​សុំ​ពង​មាន់ ក៏​មិន​ដែល​មាន​ឪពុក​ណា​យក​ខ្យា‌ដំរី​ឲ្យ​វា​ដែរ។ សូម្បី​តែ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ ក៏​ចេះ​ឲ្យ​របស់​ល្អៗ​ទៅ​កូន ចុះ​ចំណង់​បើ​ព្រះ‌បិតា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* តើ​ព្រះអង្គ​នឹង​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​ឲ្យ​អស់​អ្នក ដែល​ទូល​សូម​ពី​ព្រះអង្គ​យ៉ាង​ណា​ទៅ​ទៀត»។ ព្រះ‌យេស៊ូ​កំពុង​បណ្ដេញ​អារក្ស​ចេញ​ពី​មនុស្ស គ​ម្នាក់។ លុះ​អារក្ស​ចេញ​ផុត​ទៅ មនុស្ស​គ​នោះ​និយាយ​បាន ហើយ​មហា‌ជន​ក៏​ស្ងើច​សរសើរ​ក្រៃ‌លែង។ ប៉ុន្តែ មាន​អ្នក​ខ្លះ​និយាយ​ថា៖ «អ្នក​នេះ​ដេញ​អារក្ស​បាន​ដូច្នេះ ព្រោះ​បេលសេ‌ប៊ូល​ជា​ស្ដេច​អារក្ស​បាន​ប្រគល់​អំណាច​ឲ្យ​គាត់»។ មាន​អ្នក​ខ្លះ​ទៀត​ចង់​ចាប់​កំហុស​ព្រះអង្គ ក៏​សូម​ឲ្យ​ព្រះអង្គ​សម្តែង​ទី​សម្គាល់​មួយ បញ្ជាក់​ថា ព្រះអង្គ​បាន​ទទួល​អំណាច​មក​ពី​ព្រះ‌ជាម្ចាស់។ ព្រះ‌យេស៊ូ​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​គេ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នគរ​ណា​ក៏​ដូច​ជា​នគរ​ណា​ដែរ ប្រសិន​បើ​ពល​រដ្ឋ​បាក់​បែក​ទាស់‌ទែង​គ្នា​ឯង នគរ​នោះ​មុខ​ជា​ត្រូវ​វិនាស ហើយ​ផ្ទះ​ទាំង​ប៉ុន្មាន​មុខ​ជា​រលំ​សង្កត់​លើ​គ្នា​មិន​ខាន។ យ៉ាង​ណា‌មិញ ប្រសិន​បើ​មារ​សាតាំង*​បាក់​បែក​ទាស់‌ទែង​គ្នា​ឯង ធ្វើ​ម្ដេច​នឹង​ឲ្យ​រាជ្យ​របស់​វា​នៅ​ស្ថិត‌ស្ថេរ​បាន! ខ្ញុំ​និយាយ​ដូច្នេះ ព្រោះ​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ដេញ​អារក្ស​ដោយ​អំណាច​បេលសេ‌ប៊ូល។ ប្រសិន​បើ​ខ្ញុំ​ដេញ​អារក្ស​ដោយ​អំណាច​បេលសេ‌ប៊ូល​មែន តើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដេញ​អារក្ស​ដោយ​អំណាច​នរណា​វិញ? ដូច្នេះ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា។ ផ្ទុយ​ទៅ​វិញ បើ​ខ្ញុំ​ដេញ​អារក្ស ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ នោះ​បាន​សេចក្ដី​ថា ព្រះ‌រាជ្យ*​របស់​ព្រះអង្គ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។ បើ​មនុស្ស​ណា​ម្នាក់​ខ្លាំង​ពូកែ មាន​អាវុធ​ការពារ​ផ្ទះ​របស់​ខ្លួន ទ្រព្យ‌សម្បត្តិ​របស់​គេ​នឹង​បាន​គង់‌វង្ស។ ប៉ុន្តែ បើ​មាន​ម្នាក់​ទៀត​ខ្លាំង​ពូកែ​ជាង​មក​វាយ​យក​ជ័យ‌ជម្នះ​បាន គេ​នឹង​ដក​ហូត​គ្រឿង​អាវុធ ព្រម​ទាំង​រឹប​អូស​ទ្រព្យ‌សម្បត្តិ​ពី​អ្នក​នោះ យក​ទៅ​ចែក​ឲ្យ​អ្នក​ផ្សេង​ថែម​ទៀត​ផង។ អ្នក​ណា​មិន​នៅ​ខាង​ខ្ញុំ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ណា​មិន​ជួយ​ប្រមូល​ផ្ដុំ​ជា​មួយ​ខ្ញុំ​ទេ អ្នក​នោះ​ជា​អ្នក​កម្ចាត់‌កម្ចាយ។ កាល​បើ​អារក្ស​ចេញ​ពី​មនុស្ស​ណា​ម្នាក់​ហើយ វា​តែង​ស្វែង​រក​ទី​ជម្រក​នៅ​វាល​ហួត‌ហែង តែ​ប្រសិន​បើ​វា​រក​ពុំ​ឃើញ​ទេ នោះ​វា​មុខ​ជា​និយាយ​ថា “អញ​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ​ដែល​អញ​ទើប​នឹង​ចេញ​មក”។ លុះ​ទៅ​ដល់ ឃើញ​ផ្ទះ​នោះ​បោស​ស្អាត ហើយ​តុប‌តែង​ល្អ វា​នឹង​ចេញ​ទៅ​បបួល​អារក្ស​ប្រាំ‌ពីរ​ទៀត ដែល​សុទ្ធ​តែ​អាក្រក់​ជាង​វា មក​ចូល​អ្នក​នោះ បណ្ដាល​ឲ្យ​គាត់​រឹង‌រឹត​តែ​អាក្រក់​លើស​ដើម​ទៅ​ទៀត»។ កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មាន​ស្ត្រី​ម្នាក់​បន្លឺ​សំឡេង​ចេញ​ពី​ចំណោម​បណ្ដា‌ជន ទូល​ព្រះអង្គ​ថា៖ «ស្ត្រី​ដែល​បាន​បង្កើត​លោក ព្រម​ទាំង​បាន​បំបៅ​លោក ពិត​ជា​មាន​សុភមង្គល*​មែន!»។ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​ណា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ហើយ​អនុវត្ត​តាម គឺ​អ្នក​នោះ​ហើយ​ដែល​មាន​សុភមង្គល​ពិត​មែន»។

ចែក​រំលែក
អាន លូកា 11

លូកា 11:1-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​បាន​អធិស្ឋាន​នៅ​កន្លែង​មួយ ហើយ​ក្រោយ​ពី​ព្រះ‌អង្គ​អធិស្ឋាន​ចប់ សិស្ស​របស់​ព្រះ‌អង្គ​ម្នាក់​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​យើង​ខ្ញុំ ឲ្យ​ចេះ​អធិស្ឋាន ដូច​លោក​យ៉ូហាន​បាន​បង្រៀន​ដល់​សិស្ស​លោក​ផង»។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​អធិស្ឋាន ត្រូវ​ពោល​ថា ឱ​ព្រះ‌វរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​អើយ សូម​ឲ្យ​ព្រះ‌នាមព្រះ‌អង្គ​បាន​បរិសុទ្ធ សូម​ឲ្យព្រះ​រាជ្យរបស់​ព្រះ‌អង្គ​បាន​មក​ដល់ សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន‌សួគ៌​ដែរ។ សូម​ប្រទាន​អាហារ ដែល​យើង​ខ្ញុំ​ត្រូវ​ការ​ជា​រៀង​រាល់​ថ្ងៃ។ សូម​អត់​ទោស​អំពើ​បាប​របស់​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​ក៏​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ ហើយ​សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ [តែ​សូម​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​សេចក្តី​អាក្រក់​វិញ]»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​មិត្ត​សម្លាញ់​ម្នាក់ ហើយ​ទៅ​រក​អ្នក​នោះ​ទាំង​ពាក់​កណ្តាល​អធ្រាត្រ​ថា "សម្លាញ់​អើយ សូម​ឲ្យ​ខ្ញុំ​ខ្ចី​នំបុ័ង​បី​ដុំ​សិន ដ្បិត​មាន​សម្លាញ់​ខ្ញុំ​ម្នាក់ ធ្វើ​ដំណើរ​មក​ដល់​ផ្ទះ​ខ្ញុំ ហើយ​ខ្ញុំ​គ្មាន​អ្វី​ទទួល​គេ​សោះ"។ អ្នក​នោះ​នឹង​ឆ្លើយ​ពី​ក្នុង​ផ្ទះ​មក​ថា "កុំ​មក​រំខាន​ចិត្ត​ខ្ញុំ​អី ព្រោះ​ទ្វារ​បិទ​ហើយ កូន​ខ្ញុំ​ក៏​ដេក​លើ​គ្រែ​ជា​មួយ​ខ្ញុំ​ដែរ ខ្ញុំ​ក្រោក​ទៅ​យក​ឲ្យ​ឯង​ពុំ​បាន​ទេ"។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទោះ​បើ​អ្នក​នោះ​មិន​ក្រោក​ឡើង យក​ទៅ​ឲ្យ ដោយ​ព្រោះ​ជា​សម្លាញ់​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​យក​ឲ្យ តាម​អ្នក​នោះ​ត្រូវ​ការ​ជា​មិន​ខាន ដោយ​ព្រោះ​អ្នក​នោះ​ចេះ​តែ​ទទូច​អង្វរ​ជា‌និច្ច។ ដូច្នេះ បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក។ ដ្បិត​អស់​អ្នក​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ក៏​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ជា​ឪពុក បើ​កូន​សូម​នំបុ័ង តើ​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ទៅ​កូន ឬ​បើ​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​វិញ​ឬ? បើ​កូន​សូម​ពង​មាន់ តើ​នឹង​ឲ្យ​ខ្យាដំរី​ឬ? បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ ចុះ​ចំណង់​បើ​ព្រះ‌វរបិតា​ដែល​គង់​ស្ថាន‌សួគ៌ តើ​ព្រះ‌អង្គ​នឹង​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត»?។ គ្រា​នោះ ព្រះ‌អង្គ​កំពុង​តែ​ដេញ​អារក្ស​គ​ពី​មនុស្ស​ម្នាក់ ពេ​ល​វា​បាន​ចេញ​ទៅ​បាត់​ហើយ មនុស្ស​គ​នោះ​ក៏​និយាយ​បាន ហើយ​មហា‌ជន​មាន​សេចក្តី​អស្ចារ្យ តែ​ខ្លះ​និយាយ​ថា៖ «អ្នក​នេះ​ដេញ​អារក្ស​ដោយ‌សារ​តែ​បេលសេ‌ប៊ូល ជា​មេ​អារក្ស​ទេ»។ អ្នក​ខ្លះ​ទៀត​ល្បង​ព្រះ‌អង្គ ដោយ​សូម​ទី​សម្គាល់​មួយ​មក​ពី​លើ​មេឃ។ ព្រះ‌យេស៊ូវ​ជ្រាប​ពី​គំនិត​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «អស់​ទាំង​នគរ​ណា​ដែល​បែក​ខ្ញែក​ទាស់​តែ​គ្នា​ឯង នគរ​នោះ​នឹង​ត្រូវ​វិនាស​ទៅ ហើយ​ផ្ទះ​ណា​ដែល​ទាស់​ទែង​គ្នា​ឯង ផ្ទះ​នោះ​នឹង​ត្រូវ​រលំ​ទៅ​ជា​មិន​ខាន។ ប្រសិន‌បើ​សាតាំង​បែក​បាក់​ទាស់​ទែង​គ្នា​ឯង ធ្វើ​ដូច​ម្តេច​ឲ្យ​រាជ្យ​របស់​វា​នៅ​ស្ថិត​ស្ថេរ​បាន? ដ្បិត​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ដេញ​អារក្ស ដោយ​អាង​បេលសេ‌ប៊ូល។ ប្រសិន‌បើ​ខ្ញុំ​ដេញ​អារក្ស ដោយ​អាង​បេលសេ‌ប៊ូល​មែន​នោះ តើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដេញ​អារក្ស ដោយ‌សារអ្នក​ណា​វិញ? ដូច្នេះ កូន​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ចៅ‌ក្រម​ជំនុំ‌ជម្រះ​អ្នក​រាល់​គ្នា​ហើយ។ ប៉ុន្តែ បើ​ខ្ញុំ​ដេញ​អារក្ស ដោយ‌សារ​អង្គុលី​ព្រះ‌ហស្ត​នៃ​ព្រះ នោះ​ព្រះរាជ្យ​របស់​ព្រះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។ កាល​ណា​មនុស្ស​ខ្លាំង​ពូកែ​កាន់​គ្រឿង​អាវុធ ប្រុង​ប្រៀប​នឹង​ការពារ​ផ្ទះ​របស់​ខ្លួន នោះ​ទ្រព្យ​សម្បត្តិ​របស់​គាត់​នឹង​បាន​គង់​វង់​នៅ ប៉ុន្តែ បើ​អ្នក​ណា​ខ្លាំង​ជាង មក​វាយ​ឈ្នះ​គាត់​កាល​ណា នោះ​គេ​ដណ្តើម​យក​អស់​ទាំង​គ្រឿង​អាវុធ ដែល​គាត់​ទុក​ចិត្ត​នោះ រួច​ប្លន់​យក​ជ័យ‌ភណ្ឌ​ទៅ​ចែក​គ្នា​ហើយ។ អ្នក​ណា​ដែល​មិន​នៅ​ខាង​ខ្ញុំ អ្នក​នោះ​គឺ​ទាស់​នឹង​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មិន​ប្រមូល​មក​ខាង​ខ្ញុំ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​កម្ចាត់​កម្ចាយ​វិញ»។ «កាល​ណា​អារក្ស‌អសោចិ៍​បាន​ចេញ​ពី​មនុស្ស​ណា នោះ​វា​ដើរ​កាត់​កន្លែង​ហួត‌ហែង ទៅ​រក​ទី​ឈប់​សម្រាក តែ​ដោយ​រក​មិន​បាន​សោះ នោះ​វា​គិត​ថា "អញ​នឹង​ត្រឡប់​ទៅ​ឯ​ផ្ទះ​អញ ដែល​ទើប​ចេញ​មក​នោះ​វិញ"។ ពេល​ណា​វា​មក​ដល់ ឃើញ​ផ្ទះ​បោស​ស្អាត ហើយ​បាន​តុប‌តែង​យ៉ាង​ល្អ នោះ​វា​ក៏​ចេញ​ទៅ​នាំ​យក​អារក្ស​ប្រាំ​ពីរ​ទៀត ដែល​កាចៗ​ជាង​វា ចូល​ទៅ​នៅ​ទី​នោះ​ផង ហើយ​សណ្ឋាន​ក្រោយ​របស់​មនុស្ស​នោះ​ក៏​រឹត​តែ​អាក្រក់​ជាង​មុន​ទៅ​ទៀត»។ កាល​ព្រះ‌អង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មាន​ស្ត្រី​ម្នាក់​ស្រែក​ឡើង​ពី​ក្នុង​ហ្វូង​មនុស្ស​ថា៖ «មាន​ពរ​ហើយ ផ្ទៃ​ណា​ដែល​បាន​រក្សា​លោក ហើយ​ដោះ​ណា​ដែល​លោក​បាន​បៅ»។ តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ស៊ូ​ថា​ដូច្នេះ​វិញ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្តាប់​ព្រះ‌បន្ទូល ហើយ​ប្រព្រឹត្តតាម»។

ចែក​រំលែក
អាន លូកា 11

លូកា 11:1-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​មក កាល​ទ្រង់​កំពុង​តែ​អធិស្ឋាន​នៅ​កន្លែង​១ លុះ​ទ្រង់​ឈប់​ហើយ នោះ​សិស្ស​ម្នាក់​ទូល​ថា ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​បង្រៀន​យើង​ខ្ញុំ ឲ្យ​ចេះ​អធិស្ឋាន​ផង ដូច​ជា​លោក​យ៉ូហាន​បាន​បង្រៀន​ដល់​សិស្ស​លោក​ដែរ ទ្រង់​ក៏​មាន​បន្ទូល​ទៅ​គេ​ថា កាល​ណា​អ្នក​រាល់​គ្នា​អធិស្ឋាន នោះ​ត្រូវ​ថា ឱ​ព្រះវរ‌បិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​អើយ សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​បរិសុទ្ធ សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ‌ហឫទ័យ​ទ្រង់ បាន​សំរេច នៅ​ផែនដី ដូច​នៅ​ស្ថាន‌សួគ៌​ដែរ សូម​ប្រទាន​អាហារ ដែល​យើង​ខ្ញុំ​ត្រូវ​ការ មក​ជា​រាល់​ថ្ងៃ សូម​អត់​ទោស​បាប​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​ក៏​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ ហើយ​សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​បាន​រួច​ពី​សេចក្ដី​អាក្រក់​វិញ។ ទ្រង់​ក៏​មាន​បន្ទូល​ទៅ​គេ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​មិត្រ​សំឡាញ់​ម្នាក់ ហើយ​ទៅ​និយាយ​នឹង​អ្នក​នោះ ទាំង​ពាក់​កណ្តាល​អធ្រាត្រ​ថា សំឡាញ់​អើយ សូម​ឲ្យ​អញ​ខ្ចី​នំបុ័ង​៣​ដុំ​សិន ដ្បិត​មាន​សំឡាញ់​អញ​ម្នាក់ មាន​ដំណើរ​មក​ឯ​ផ្ទះ អញ​គ្មាន​អ្វី​ទទួល​គេ​សោះ តែ​អ្នក​នោះ​នឹង​ឆ្លើយ​ពី​ក្នុង​ផ្ទះ​មក​ថា កុំ​មក​រំខាន​ចិត្ត​អញ​អី ព្រោះ​ទ្វារ​បិទ​ហើយ កូន​អញ​ក៏​ដេក​នៅ​គ្រែ​ជា​មួយ​នឹង​អញ​ផង អញ​ក្រោក​ទៅ​យក​ឲ្យ​ឯង​ពុំ​បាន​ទេ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទោះ​បើ​អ្នក​នោះ​មិន​ក្រោក​ឡើង យក​ទៅ​ឲ្យ ដោយ​ព្រោះ​ជា​សំឡាញ់​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​យក​ឲ្យ តាម​អ្នក​នោះ​ត្រូវ​ការ​ជា​មិន​ខាន ដោយ​ព្រោះ​អ្នក​នោះ​ចេះ​តែ​ទទូច​អង្វរ​ជានិច្ច បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក ដ្បិត​អស់​អ្នក​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ក៏​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ ឯ​អ្នក​រាល់​គ្នា​ដែល​ជា​ឪពុក បើ​កូន​សូម​នំបុ័ង តើ​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ទៅ​វា ឬ​បើ​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​វិញ​ឬ បើ​វា​សូម​ពង​មាន់ តើ​នឹង​ឲ្យ​ខ្យា‌ដំរី​ឬ​អី បើ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ទៅ​កូន​យ៉ាង​ដូច្នេះ នោះ​ចំណង់​បើ​ព្រះវរ‌បិតា ដែល​គង់​ស្ថាន‌សួគ៌ តើ​ទ្រង់​នឹង​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ មក​អស់​អ្នក​ដែល​សូម ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។ គ្រា​នោះ ទ្រង់​កំពុង​តែ​ដេញ​អារក្ស​គ​ពី​មនុស្ស​ម្នាក់ កាល​វា​បាន​ចេញ​ទៅ​បាត់​ហើយ នោះ​មនុស្ស​គ​ក៏​និយាយ​ឡើង​បាន ហើយ​បណ្តា​មនុស្ស​គេ​កើត​មាន​សេចក្ដី​អស្ចារ្យ តែ​ខ្លះ​និយាយ​ថា អ្នក​នេះ​ដេញ​អារក្ស​ដោយ‌សារ​តែ​បេល‌សេប៊ូល ជា​មេ​អារក្ស​ទេ អ្នក​ខ្លះ​ទៀត​ល្បង​ទ្រង់ ដោយ​សូម​ទី​សំគាល់​១​មក​ពី​លើ​មេឃ តែ​ទ្រង់​ជ្រាប​គំនិត​គេ ក៏​មាន​បន្ទូល​ថា អស់​ទាំង​នគរ​ណា​ដែល​បែក‌ខ្ញែក​ទាស់​តែ​គ្នា​ឯង នោះ​នឹង​ត្រូវ​វិនាស​ទៅ ហើយ​ផ្ទះ​ណា​ដែល​ទាស់‌ទែង​គ្នា​ឯង នោះ​នឹង​ត្រូវ​រលំ​ទៅ​ជា​មិន​ខាន បើ​សាតាំង​បែក​ទាស់​គ្នា​វា​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​នគរ​វា​នៅ​ស្ថិត‌ស្ថេរ​បាន នេះ​ព្រោះ​ដ្បិត​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ដេញ​អារក្ស ដោយ​អាង​បេល‌សេប៊ូល បើ​សិន​ជា​ខ្ញុំ​ដេញ​អារក្ស ដោយ​អាង​បេល‌សេប៊ូល​មែន នោះ​តើ​កូន​ចៅ​អ្នក​រាល់​គ្នា​ដេញ​វា ដោយ‌សារ​អ្វី​វិញ ដូច្នេះ វា​រាល់​គ្នា​នឹង​ធ្វើ​ជា​ចៅ‌ក្រម​ជំនុំ​ជំរះ​អ្នក​រាល់​គ្នា​ហើយ ប៉ុន្តែ បើ​ខ្ញុំ​ដេញ​អារក្ស ដោយ‌សារ​អង្គុលី​ព្រះ‌ហស្ត​នៃ​ព្រះ​វិញ នោះ​ច្បាស់​ជា​នគរ​ព្រះ​បាន​មក​ដល់​អ្នក​រាល់​គ្នា​ហើយ កាល​ណា​មនុស្ស​ខ្លាំង​ពូកែ​កាន់​គ្រឿង​អាវុធ ប្រុង​ប្រៀប​នឹង​ការ‌ពារ​ផ្ទះ​របស់​ខ្លួន នោះ​ទ្រព្យ​សម្បត្តិ​ក៏​បាន​គង់​វង់​នៅ តែ​បើ​មាន​មនុស្ស​ខ្លាំង​ជាង មក​បង្គ្រប​ឲ្យ​ឈ្នះ​គាត់​កាល​ណា នោះ​ក៏​ដណ្តើម​យក​អស់​ទាំង​គ្រឿង​អាវុធ ដែល​គាត់​ទុក​ចិត្ត​នោះ​ចេញ រួច​ប្លន់​យក​របឹប​ទៅ​ចែក​គ្នា​វិញ អ្នក​ណា​ដែល​មិន​នៅ​ខាង​ខ្ញុំ អ្នក​នោះ​គឺ​ទាស់​នឹង​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មិន​ប្រមូល​មក​ខាង​ខ្ញុំ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​កំចាត់‌កំចាយ​វិញ កាល​ណា​អារក្ស‌អសោចិ៍​បាន​ចេញ​ពី​មនុស្ស​ណា នោះ​វា​ដើរ​កាត់​កន្លែង​ហួត‌ហែង ទៅ​រក​ទី​ឈប់​សំរាក តែ​ដោយ​រក​មិន​បាន​សោះ បាន​ជា​វា​គិត​ថា អញ​នឹង​ត្រឡប់​ទៅ​ឯ​ផ្ទះ​អញ​វិញ ដែល​ទើប​នឹង​ចេញ​មក​នោះ រួច​កាល​ណា​វា​មក​ដល់ ឃើញ​ផ្ទះ​បោស​ស្អាត ហើយ​បាន​តុប‌តែង​យ៉ាង​ល្អ នោះ​វា​ក៏​ចេញ​ទៅ​នាំ​យក​អារក្ស​៧​ទៀត ដែល​កាចៗ​ជាង​វា ចូល​ទៅ​នៅ​ទី​នោះ​ផង ហើយ​សណ្ឋាន​ក្រោយ​របស់​មនុស្ស​នោះ​ក៏​រឹង‌រឹត‌តែ​អាក្រក់​ជាង​មុន​ទៅ​ទៀត។ កាល​ទ្រង់​កំពុង​តែ​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​នៅ​ឡើយ នោះ​មាន​ស្ត្រី​ម្នាក់​ស្រែក​ឡើង ពី​ក្នុង​ហ្វូង​មនុស្ស​ថា មាន​ពរ​ហើយ ផ្ទៃ​ណា​ដែល​បាន​រក្សា​លោក ហើយ​ដោះ​ណា​ដែល​លោក​បាន​បៅ តែ​ទ្រង់​មាន​បន្ទូល​តប​ថា ស៊ូ​ថា​ដូច្នេះ​វិញ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្តាប់​ព្រះ‌បន្ទូល ហើយ​កាន់​តាម។

ចែក​រំលែក
អាន លូកា 11