ក្រោយមក កាលទ្រង់កំពុងតែអធិស្ឋាននៅកន្លែង១ លុះទ្រង់ឈប់ហើយ នោះសិស្សម្នាក់ទូលថា ព្រះអម្ចាស់អើយ សូមទ្រង់បង្រៀនយើងខ្ញុំ ឲ្យចេះអធិស្ឋានផង ដូចជាលោកយ៉ូហានបានបង្រៀនដល់សិស្សលោកដែរ ទ្រង់ក៏មានបន្ទូលទៅគេថា កាលណាអ្នករាល់គ្នាអធិស្ឋាន នោះត្រូវថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់ បានសំរេច នៅផែនដី ដូចនៅស្ថានសួគ៌ដែរ សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការ មកជារាល់ថ្ងៃ សូមអត់ទោសបាបយើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ ហើយសូមកុំនាំយើងខ្ញុំទៅក្នុងសេចក្ដីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំបានរួចពីសេចក្ដីអាក្រក់វិញ។ ទ្រង់ក៏មានបន្ទូលទៅគេថា ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានមិត្រសំឡាញ់ម្នាក់ ហើយទៅនិយាយនឹងអ្នកនោះ ទាំងពាក់កណ្តាលអធ្រាត្រថា សំឡាញ់អើយ សូមឲ្យអញខ្ចីនំបុ័ង៣ដុំសិន ដ្បិតមានសំឡាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ តែអ្នកនោះនឹងឆ្លើយពីក្នុងផ្ទះមកថា កុំមករំខានចិត្តអញអី ព្រោះទ្វារបិទហើយ កូនអញក៏ដេកនៅគ្រែជាមួយនឹងអញផង អញក្រោកទៅយកឲ្យឯងពុំបានទេ ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបើអ្នកនោះមិនក្រោកឡើង យកទៅឲ្យ ដោយព្រោះជាសំឡាញ់ក៏ដោយ គង់តែនឹងក្រោកឡើងយកឲ្យ តាមអ្នកនោះត្រូវការជាមិនខាន ដោយព្រោះអ្នកនោះចេះតែទទូចអង្វរជានិច្ច បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ដ្បិតអស់អ្នកដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ក៏បើកឲ្យអ្នកណាដែលគោះដែរ ឯអ្នករាល់គ្នាដែលជាឪពុក បើកូនសូមនំបុ័ង តើអ្នកណានឹងឲ្យថ្មទៅវា ឬបើសូមត្រី តើនឹងឲ្យពស់វិញឬ បើវាសូមពងមាន់ តើនឹងឲ្យខ្យាដំរីឬអី បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ នោះចំណង់បើព្រះវរបិតា ដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត។ គ្រានោះ ទ្រង់កំពុងតែដេញអារក្សគពីមនុស្សម្នាក់ កាលវាបានចេញទៅបាត់ហើយ នោះមនុស្សគក៏និយាយឡើងបាន ហើយបណ្តាមនុស្សគេកើតមានសេចក្ដីអស្ចារ្យ តែខ្លះនិយាយថា អ្នកនេះដេញអារក្សដោយសារតែបេលសេប៊ូល ជាមេអារក្សទេ អ្នកខ្លះទៀតល្បងទ្រង់ ដោយសូមទីសំគាល់១មកពីលើមេឃ តែទ្រង់ជ្រាបគំនិតគេ ក៏មានបន្ទូលថា អស់ទាំងនគរណាដែលបែកខ្ញែកទាស់តែគ្នាឯង នោះនឹងត្រូវវិនាសទៅ ហើយផ្ទះណាដែលទាស់ទែងគ្នាឯង នោះនឹងត្រូវរលំទៅជាមិនខាន បើសាតាំងបែកទាស់គ្នាវាហើយ នោះធ្វើដូចម្តេចឲ្យនគរវានៅស្ថិតស្ថេរបាន នេះព្រោះដ្បិតអ្នករាល់គ្នាថា ខ្ញុំដេញអារក្ស ដោយអាងបេលសេប៊ូល បើសិនជាខ្ញុំដេញអារក្ស ដោយអាងបេលសេប៊ូលមែន នោះតើកូនចៅអ្នករាល់គ្នាដេញវា ដោយសារអ្វីវិញ ដូច្នេះ វារាល់គ្នានឹងធ្វើជាចៅក្រមជំនុំជំរះអ្នករាល់គ្នាហើយ ប៉ុន្តែ បើខ្ញុំដេញអារក្ស ដោយសារអង្គុលីព្រះហស្តនៃព្រះវិញ នោះច្បាស់ជានគរព្រះបានមកដល់អ្នករាល់គ្នាហើយ កាលណាមនុស្សខ្លាំងពូកែកាន់គ្រឿងអាវុធ ប្រុងប្រៀបនឹងការពារផ្ទះរបស់ខ្លួន នោះទ្រព្យសម្បត្តិក៏បានគង់វង់នៅ តែបើមានមនុស្សខ្លាំងជាង មកបង្គ្របឲ្យឈ្នះគាត់កាលណា នោះក៏ដណ្តើមយកអស់ទាំងគ្រឿងអាវុធ ដែលគាត់ទុកចិត្តនោះចេញ រួចប្លន់យករបឹបទៅចែកគ្នាវិញ អ្នកណាដែលមិននៅខាងខ្ញុំ អ្នកនោះគឺទាស់នឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលមកខាងខ្ញុំ អ្នកនោះឈ្មោះថាជាអ្នកកំចាត់កំចាយវិញ កាលណាអារក្សអសោចិ៍បានចេញពីមនុស្សណា នោះវាដើរកាត់កន្លែងហួតហែង ទៅរកទីឈប់សំរាក តែដោយរកមិនបានសោះ បានជាវាគិតថា អញនឹងត្រឡប់ទៅឯផ្ទះអញវិញ ដែលទើបនឹងចេញមកនោះ រួចកាលណាវាមកដល់ ឃើញផ្ទះបោសស្អាត ហើយបានតុបតែងយ៉ាងល្អ នោះវាក៏ចេញទៅនាំយកអារក្ស៧ទៀត ដែលកាចៗជាងវា ចូលទៅនៅទីនោះផង ហើយសណ្ឋានក្រោយរបស់មនុស្សនោះក៏រឹងរឹតតែអាក្រក់ជាងមុនទៅទៀត។ កាលទ្រង់កំពុងតែមានបន្ទូលសេចក្ដីទាំងនេះនៅឡើយ នោះមានស្ត្រីម្នាក់ស្រែកឡើង ពីក្នុងហ្វូងមនុស្សថា មានពរហើយ ផ្ទៃណាដែលបានរក្សាលោក ហើយដោះណាដែលលោកបានបៅ តែទ្រង់មានបន្ទូលតបថា ស៊ូថាដូច្នេះវិញ មានពរហើយ អស់អ្នកដែលស្តាប់ព្រះបន្ទូល ហើយកាន់តាម។
អាន លូកា 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 11:1-28
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ