លូកា 1:57-80

លូកា 1:57-80 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ដល់​ពេល​ដែល​អេលី‌សាបិត​ត្រូវ​សម្រាល​កូន នោះ​នាង​សម្រាល​បាន​កូន​ប្រុស​មួយ។ អ្នក​ជិត​ខាង និង​ញាតិ​សន្តាន​របស់​គាត់​បាន​ឮ​ថា ព្រះ‌អម្ចាស់​បាន​សម្តែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ជា​ខ្លាំង​ដល់​គាត់ គេ​ក៏​មាន​ចិត្ត​អរ​សប្បាយ​ជា​មួយ​គាត់។ នៅ​ថ្ងៃ​ទី​ប្រាំ​បី គេ​មក​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​ទារក​នោះ ហើយ​គេ​ចង់​ដាក់​ឈ្មោះ​ទារក​នោះ​ថា "សាការី" តាម​ឈ្មោះ​ឪពុក តែ​ម្តាយ​និយាយ​ថា៖ «ទេ ត្រូវ​ដាក់​ឈ្មោះ​ថា "យ៉ូហាន" វិញ»។ គេ​តប​ទៅ​គាត់​ថា៖ «ក្នុង​ញាតិ​សន្តាន​របស់​អ្នក គ្មាន​អ្នក​ណា​មាន​ឈ្មោះ​នេះ​ទេ»។ គេ​ធ្វើ​សញ្ញា​សួរ​ទៅ​ឪពុក ដោយ​ចង់​ដឹង​ថា​លោក​ដាក់​ឈ្មោះ​អ្វី​ឲ្យ​កូន។ លោក​សុំ​ឲ្យ​គេ​យក​ក្តារឆ្នួន​មួយ​មក ហើយ​សរសេរ​ថា៖ «កូន​នេះ​ឈ្មោះ យ៉ូហាន»។ គេ​ទាំង​អស់​គ្នា​ក៏​មាន​សេចក្តី​អស្ចារ្យ។ រំពេច​នោះ មាត់​របស់​លោក​ក៏​បើក​ឡើង ហើយ​អណ្តាត​ក៏​រលាស់​បាន រួច​លោក​ចាប់​ផ្តើម​ពោល​សរសើរ​ព្រះ។ អ្នក​ជិត​ខាង​ទាំង​ប៉ុន្មាន ក៏​មាន​ចិត្ត​កោត​ខ្លាច ហើយ​គេ​និយាយ​រឿង​នេះ​សុស‌សាយ​ពេញ​តំបន់​ភ្នំ​ទាំង​មូល​នៃ​ស្រុក​យូដា។ អស់​អ្នក​ដែល​បាន​ឮ ក៏​ចង​ចាំ​រឿង​នេះ​ទុក​ក្នុង​ចិត្ត ហើយ​ពោល​ថា៖ «ដូច្នេះ តើ​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា?» ដ្បិត​ព្រះ‌ហស្ត​របស់​ព្រះ‌អម្ចាស់​បាន​នៅ​ជា​មួយ​កូន​នេះ។ ពេល​នោះ សាការី​ជា​ឪពុក​ក៏​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ថ្លែង​ជា​ទំនាយ​ថា៖ «សូម​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​ប្រកប​ដោយ​ព្រះពរ ដ្បិត​ព្រះ‌អង្គ​បាន​ទត​មើល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ក៏​បាន​ប្រោស​លោះ​គេ។ ព្រះ‌អង្គ​បាន​ប្រ​ទាន​ព្រះ​សង្រ្គោះ ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​មួយ​អង្គ​ដល់​យើង ក្នុង​ពូជពង្ស​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​ព្រះ‌អង្គ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល តាម​រយៈ​មាត់​ពួក​ហោរា​បរិសុទ្ធ របស់​ព្រះ‌អង្គ​ពី​ជំនាន់​ដើម ដើម្បី​ឲ្យ​យើង​បាន​សង្គ្រោះ​រួច​ពី ខ្មាំង​សត្រូវ​របស់​យើង និង​រួច​ពី​កណ្តាប់​ដៃ របស់​អស់​អ្នក​ដែល​ស្អប់​យើង។ ដើម្បី​សម្ដែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ដែល​បាន​សន្យា​ដល់​បុព្វ‌បុរស​របស់​យើង ហើយ​បាន​នឹក​ចាំ​ពី​សេចក្តី​សញ្ញា​បរិសុទ្ធ​របស់​ព្រះ‌អង្គ គឺ​ជា​សម្បថ​ដែល​ទ្រង់​បាន​ស្បថ​នឹង​លោក​អ័ប្រា‌ហាំ ជា​បុព្វ‌បុរស​របស់​យើង​ថា ទ្រង់​នឹង​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ ពួក​ខ្មាំង​សត្រូវ​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​គោរព​បម្រើ ព្រះ‌អង្គ​ដោយ​ឥត​ភ័យ​ខ្លាច ដោយ​បរិសុទ្ធ និង​សុចរិត នៅ​ចំពោះ​ព្រះ‌អង្គ អស់​មួយ​ជីវិត​របស់​យើង។ រីឯ​កូន​វិញ គេ​នឹង​ហៅ​កូន​ថា ជា​ហោរា​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​កូន​នឹង​ដើរ​មុខ​ព្រះ‌អម្ចាស់ ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ ហើយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ បាន​ស្គាល់​សេចក្តី​សង្គ្រោះ ដោយ​អត់​ទោស​ឲ្យ​គេ​រួច​ពី​បាប ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ដ៏​ទន់​សន្ដោស​របស់​ព្រះ​នៃ​យើង ដែល​ព្រះ‌អង្គ​ប្រទាន​ថ្ងៃ​រះ​ពី​ស្ថាន​ដ៏​ខ្ពស់​មក​ដល់​យើង ដើម្បី​បំភ្លឺ​ដល់​អស់​អ្នក​ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត និង​ក្នុង​ម្លប់​នៃ​សេចក្តី​ស្លាប់ ហើយ​តម្រង់​ជើង​យើង​ទៅ​រក​ផ្លូវ​នៃ​សេចក្ដី​សុខ‌សាន្ត» ។ កូន​នោះ មាន​វ័យ​ចម្រើន​ឡើង​ជា​លំដាប់ ហើយ​មាន​ភាព​រឹង​មាំ​ខាង​វិញ្ញាណ​ជា​ខ្លាំង ក៏​រស់​នៅ​តែ​ក្នុង​ទី​រហោ‌ស្ថាន រហូត​ដល់​ថ្ងៃ​ដែល​គាត់​បង្ហាញ​ខ្លួន​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​បាន​ឃើញ។

ចែក​រំលែក
អាន លូកា 1

លូកា 1:57-80 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​នាង​អេលី‌សាបិត​គ្រប់​ខែ​ហើយ គាត់​សម្រាល​បាន​កូន​ប្រុស​មួយ។ អ្នក​ជិត​ខាង និង​ញាតិ‌សន្ដាន​នាំ​គ្នា​អបអរ‌សាទរ​ជា​មួយ​គាត់ ព្រោះ​គេ​បាន​ឮ​ដំណឹង​ថា ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​គាត់​យ៉ាង​ច្រើន​អនេក។ ប្រាំ​បី​ថ្ងៃ​ក្រោយ​មក គេ​ធ្វើ​ពិធី​កាត់​ស្បែក*​ឲ្យ​ទារក​នោះ ហើយ​ចង់​ដាក់​ឈ្មោះ​ថា​“សាការី”​ដូច​ឪពុក​ដែរ តែ​ម្ដាយ​ប្រាប់​ថា៖ «ទេ! ត្រូវ​ដាក់​ឈ្មោះ​ថា​“យ៉ូហាន”​វិញ»។ ពួក​គេ​តប​ថា៖ «ក្នុង​ញាតិ‌សន្ដាន​របស់​អ្នក គ្មាន​នរណា​មាន​ឈ្មោះ​ហ្នឹង​ទេ»។ គេ​ធ្វើ​សញ្ញា​សួរ​ទៅ​លោក​សាការី​ថា ចង់​ដាក់​ឈ្មោះ​អ្វី​ឲ្យ​កូន។ លោក​សាការី​សុំ​ឲ្យ​គេ​យក​ក្ដារ‌ឆ្នួន​មួយ​មក ហើយ​សរសេរ​ថា «កូន​នេះ​ឈ្មោះ យ៉ូហាន»។ ពួក​គេ​ងឿង‌ឆ្ងល់​គ្រប់​គ្នា។ រំពេច​នោះ ស្រាប់​តែ​លោក​និយាយ​បាន​ដូច​ដើម​វិញ រួច​លោក​បន្លឺ​សំឡេង​សរសើរ​ព្រះ‌ជាម្ចាស់។ អ្នក​ជិត​ខាង​កោត​ស្ញប់‌ស្ញែង ​គ្រប់ៗ​គ្នា ហើយ​ព្រឹត្តិ‌ការណ៍​នេះ​ឮ​សុស‌សាយ​ពេញ​តំបន់​ភ្នំ​ក្នុង​ស្រុក​យូដា។ អស់​អ្នក​ដែល​បាន​ឮ​ក៏​ចង​ចាំ​រឿង​នេះ​ទុក​ក្នុង​ចិត្ត ហើយ​ដណ្ដឹង​សួរ​ខ្លួន​ឯង​ថា៖ «តើ​ថ្ងៃ​ក្រោយ កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា?» ដ្បិត​ព្រះ‌បារមី របស់​ព្រះ‌អម្ចាស់​តាម​ជួយ​ថែ‌រក្សា​កូន​នេះ។ ពេល​នោះ លោក​សាការី​ជា​ឪពុក​របស់​ទារក បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ហើយ​ថ្លែង​ពាក្យ​ក្នុង​ព្រះ‌នាម​ព្រះអង្គ​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ‌នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដ្បិត​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​យាង​មក រំដោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​ប្រទាន​ព្រះ‌សង្គ្រោះ ដ៏​មាន​ឫទ្ធិ​មួយ​ព្រះអង្គ​ពី​ក្នុង​ចំណោម ព្រះ‌ញាតិ​វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​ព្រះអង្គ​មក​ឲ្យ​យើង។ ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌សង្គ្រោះ​នេះ​មក​យើង ស្រប​នឹង​ព្រះ‌បន្ទូល​សន្យា​ថ្លែង​តាម​រយៈ ព្យាការី*​របស់​ព្រះអង្គ​នៅ​ជំនាន់​ដើម គឺ​ព្រះអង្គ​សង្គ្រោះ​យើង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ និង​រួច​ពី​អំណាច​របស់​អស់​អ្នក​ដែល​ស្អប់​យើង។ ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​ដល់​បុព្វបុរស*​របស់​យើង ហើយ​គោរព​តាម​សម្ពន្ធ‌មេត្រី* ដ៏វិសុទ្ធ​យ៉ាង​ស្មោះ‌ស្ម័គ្រ គឺ​ព្រះអង្គ​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ដល់ លោក​អប្រាហាំ*​ជា​បុព្វបុរស​របស់​យើង​ថា ព្រះអង្គ​នឹង​រំដោះ​យើង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ដើម្បី​យើង​អាច​គោរព​បម្រើ​ព្រះអង្គ​បាន ដោយ​ឥត​ភ័យ​ខ្លាច ព្រម​ទាំង​ឲ្យ​យើង​រស់​នៅ​បាន​បរិសុទ្ធ* និង​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ជា​រៀង​រាល់​ថ្ងៃ​រហូត​អស់​មួយ​ជីវិត។ ចំណែក​ឯ​កូន​វិញ កូន​នឹង​ទៅ​ជា​ព្យាការី* របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ព្រោះ​កូន​នឹង​ដើរ​មុខ​ព្រះ‌អម្ចាស់ ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះអង្គ។ កូន​នឹង​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ដឹង ថា​ព្រះអង្គ​សង្គ្រោះ​គេ ដោយ​លើក‌លែង​ទោស​ឲ្យ​គេ​រួច​ពី​បាប។ ព្រះ​របស់​យើង​មាន​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​ដ៏​លើស‌លុប ព្រះអង្គ​ប្រទាន​ថ្ងៃ​រះ ពី​ស្ថាន​លើ​មក ដើម្បី​រំដោះ​យើង និង​ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ទី‌ងងឹត ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់ ព្រម​ទាំង​តម្រង់​ផ្លូវ​យើង ឆ្ពោះ​ទៅ​រក​សេចក្ដី​សុខ‌សាន្ត»។ កុមារ​យ៉ូហាន​មាន​វ័យ​ចម្រើន​ឡើង​ជា​លំដាប់ ទាំង​ខាង​រូប​កាយ ទាំង​ខាង​វិញ្ញាណ។ គាត់​រស់​នៅ​តែ​ក្នុង​វាល​រហោ‌ស្ថាន រហូត​ដល់​ថ្ងៃ​ដែល​គាត់​បង្ហាញ​ខ្លួន​ឲ្យ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​ឃើញ។

ចែក​រំលែក
អាន លូកា 1

លូកា 1:57-80 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ពេល​ដែល​អេលី‌សាបិត ត្រូវ​សំរាល​កូន ក៏​មក​ដល់ ហើយ​នាង​សំរាល​បាន​កូន​ប្រុស ចំណែក​ពួក​អ្នក​ជិត​ខាង នឹង​ញាតិ​សន្តាន​គាត់​ទាំង​ប៉ុន្មាន​ក៏​ឮ​ថា ព្រះ‌អម្ចាស់​បាន​ចំរើន​សេចក្ដី​មេត្តា‌ករុណា​ដល់​គាត់ ហើយ​គេ​មាន​សេចក្ដី​រីក‌រាយ​អរ​សប្បាយ​ជា​មួយ​នឹង​គាត់ ដល់​ថ្ងៃ​ទី​៨ គេ​មក​ដើម្បី​កាត់​ស្បែក​ទារក​នោះ ក៏​ឲ្យ​ឈ្មោះ​ថា សាការី តាម​ឈ្មោះ​ឪពុក តែ​ម្តាយ​ឆ្លើយ​ឡើង​ថា ទេ ត្រូវ​ឲ្យ​ឈ្មោះ​យ៉ូហាន​វិញ គេ​ឆ្លើយ​ទៅ​គាត់​ថា ក្នុង​ពួក​ញាតិ​សន្តាន​អ្នក គ្មាន​អ្នក​ណា​ដែល​មាន​ឈ្មោះ​នោះ​ទេ គេ​ក៏​ធ្វើ​គ្រឿង​សំគាល់ សួរ​ដល់​ឪពុក តើ​លោក​ចង់​ឲ្យ​ឈ្មោះ​អ្វី​ដល់​កូន លោក​សូម​ក្តារ‌ខៀន​មក​សរសេរ​ថា វា​ឈ្មោះ​យ៉ូហាន នោះ​គេ​មាន​សេចក្ដី​អស្ចារ្យ​ទាំង​អស់​គ្នា ខណ​នោះ មាត់​លោក​បើក​ឡើង​ជា​១​រំពេច អណ្តាត​ក៏​រលាស់​បាន ហើយ​លោក​ពណ៌នា​សរសើរ​ដល់​ព្រះ ឯ​មនុស្ស​ដែល​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន ក៏​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច រួច​គេ​រ៉ាយ‌រ៉ាប់​រឿង​នេះ​ទួទៅ​ពេញ​ក្នុង​ស្រុក​ភ្នំ​របស់​ខេត្ត​យូដា ហើយ​អស់​អ្នក​ដែល​ឮ ក៏​ទុក​តែ​ក្នុង​ពោះ​ដោយ​ថា ដូច្នេះ តើ​កូន​នេះ​នឹង​បាន​ជា​អ្វី ព្រះ‌ហស្ត​ព្រះ‌អម្ចាស់​ក៏​នៅ​ជា​មួយ​នឹង​វា។ រីឯ​សាការី ជា​ឪពុក ក៏​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ទាយ​ថា សូម​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល បាន​ប្រកប​ដោយ​ព្រះ‌គុណ ពី​ព្រោះ​ទ្រង់​បាន​ទត​មើល ហើយ​ប្រោស​លោះ​រាស្ត្រ​ទ្រង់ ព្រម​ទាំង​បង្កើត​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ នៅ​ក្នុង​ពូជ​ហ្លួង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់ សំរាប់​នឹង​ជួយ​សង្គ្រោះ​យើង​ផង ដូច​ជា​ទ្រង់​មាន​បន្ទូល ដោយ​មាត់​ពួក​ហោរា​បរិសុទ្ធ​របស់​ទ្រង់ តាំង​ពី​បុរាណ​មក គឺ​ជា​សេចក្ដី​សង្គ្រោះ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​យើង ហើយ​ពី​កណ្តាប់​ដៃ​នៃ​អស់​អ្នក​ណា​ដែល​ស្អប់​យើង ដើម្បី​នឹង​សំរេច​សេចក្ដី​មេត្តា‌ករុណា ដល់​ពួក​ឰយុកោ​យើង ហើយ​នឹង​នឹក​ចាំ ពី​សេចក្ដី​សញ្ញា​បរិសុទ្ធ​របស់​ទ្រង់ គឺ​ជា​សម្បថ ដែល​ទ្រង់​បាន​ស្បថ​នឹង​លោក​អ័ប្រាហាំ ជា​ឰយុកោ​យើង​ថា នឹង​បើក​ឲ្យ​យើង​បាន​សង្គ្រោះ រួច​ពី​កណ្តាប់​ដៃ​ពួក​ខ្មាំង​សត្រូវ ដើម្បី​ឲ្យ​បាន​បំរើ​ទ្រង់ ឥត​ភ័យ​ខ្លាច ដោយ​សេចក្ដី​បរិសុទ្ធ នឹង​សេចក្ដី​សុចរិត នៅ​ចំពោះ​ទ្រង់ អស់​១​ជីវិត​យើង ឯ​ឯង​ទារក​អើយ គេ​នឹង​ហៅ​ឯង​ជា​ហោរា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ឯង​នឹង​ដើរ​ចំពោះ​ព្រះ‌អម្ចាស់ ដើម្បី​នឹង​រៀបចំ​ផ្លូវ​ថ្វាយ​ទ្រង់ ប្រយោជន៍​ឲ្យ​រាស្ត្រ​ទ្រង់​បាន​ស្គាល់​សេចក្ដី​សង្គ្រោះ ជា​ការ​ប្រោស​ឲ្យ​គេ​រួច​ពី​បាប ដោយ​ព្រោះ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ​នៃ​យើង ដែល​បណ្តាល​ឲ្យ​បច្ចូស‌កាល ភ្លឺ​មក​ដល់​យើង​ពី​ស្ថាន​ដ៏​ខ្ពស់ ដើម្បី​នឹង​បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​សេចក្ដី​ងងឹត ហើយ​ក្នុង​ម្លប់​នៃ​សេចក្ដី​ស្លាប់ ប្រយោជន៍​ឲ្យ​បាន​ដំរង់​ជើង​យើង តាម​ផ្លូវ​សុខ‌សាន្ត​វិញ។ រីឯ​ទារក​នោះ ក៏​កាន់​តែ​ធំ​ឡើង បាន​ចំរើន​កំឡាំង​ខាង​វិញ្ញាណ​ជា​ខ្លាំង​ឡើង ហើយ​នៅ​តែ​ក្នុង​ទី​រហោ‌ស្ថាន ដរាប​ដល់​ថ្ងៃ ដែល​បង្ហាញ​ខ្លួន ឲ្យ​សាសន៍​អ៊ីស្រាអែល​បាន​ឃើញ។

ចែក​រំលែក
អាន លូកា 1