លូកា 1:5-35
លូកា 1:5-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្នុងរាជ្យហេរ៉ូឌ ជាស្តេចស្រុកយូដា នោះមានសង្ឃម្នាក់ក្នុងពួកលោកអ័ប៊ីយ៉ា នាមសាការី ប្រពន្ធឈ្មោះអេលីសាបិត ជាពូជលោកអើរ៉ុន អ្នកទាំងពីរនោះជាមនុស្សសុចរិតនៅចំពោះព្រះ បានកាន់តាមបទបញ្ជា និងច្បាប់របស់ព្រះអម្ចាស់ទាំងប៉ុន្មាន ឥតកន្លែងបន្ទោសបានឡើយ។ លោកគ្មានកូនសោះ ដ្បិតអេលីសាបិតជាស្ត្រីអារ ហើយអ្នកទាំងពីរក៏មានវ័យចាស់ណាស់ផង។ កាលលោកកំពុងបម្រើការងារជាសង្ឃនៅចំពោះព្រះ តាមវេនរបស់លោក គេបានជ្រើសរើសលោក ដោយចាប់ឆ្នោតតាមទំនៀមទម្លាប់របស់ពួកសង្ឃ ឲ្យលោកចូលទៅដុតគ្រឿងក្រអូបនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់។ ពេលលោកដុតគ្រឿងក្រអូប បណ្តាជនទាំងអស់នៅខាងក្រៅ កំពុងតែអធិស្ឋាន។ ពេលនោះ មានទេវតារបស់ព្រះអម្ចាស់មួយរូបលេចឲ្យលោកឃើញ ឈរខាងស្តាំអាសនាគ្រឿងក្រអូប។ ពេលសាការីឃើញទេវតា លោកក៏ភាន់ភាំង ហើយមានចិត្តភ័យខ្លាច។ ប៉ុន្តែ ទេវតាពោលទៅគាត់ថា៖ «កុំខ្លាចអី សាការីអើយ ព្រោះពាក្យដែលលោកទូលអង្វរ នោះបានទទួលហើយ ឯអេលីសាបិត ប្រពន្ធរបស់លោកនឹងបង្កើតកូនប្រុសមួយឲ្យលោក ហើយលោកត្រូវដាក់ឈ្មោះកូននោះថា "យ៉ូហាន"។ លោកនឹងមានចិត្តរីករាយ និងអំណរ ហើយមនុស្សជាច្រើននឹងអបអរសាទរកំណើតរបស់កូននោះ ដ្បិតកូននោះនឹងបានជាធំនៅចំពោះព្រះអម្ចាស់។ កូននោះនឹងមិនផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងទេ កូននោះនឹងបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ តាំងពីផ្ទៃម្តាយមក ។ កូននោះនឹងបង្វែរកូនចៅសាសន៍អ៊ីស្រាអែលជាច្រើន ឲ្យត្រឡប់វិលមករកព្រះអម្ចាស់ ជាព្រះរបស់គេវិញ។ កូននោះនឹងនាំមុខព្រះអង្គ ដោយវិញ្ញាណ និងអំណាចរបស់លោកអេលីយ៉ា ដើម្បីបំបែរចិត្តឪពុកមករកកូន និងពួកចចេសមករកប្រាជ្ញារបស់មនុស្សសុចរិត ហើយរៀបចំប្រជារាស្រ្តមួយជាស្រេច ទុកសម្រាប់ព្រះអម្ចាស់» ។ សាការីសួរទេវតាថា៖ «តើខ្ញុំដឹងសេចក្តីនោះដូចម្តេចបាន? ដ្បិតខ្ញុំចាស់ហើយ ឯប្រពន្ធខ្ញុំក៏ចាស់ណាស់ដែរ»។ ទេវតាឆ្លើយតបវិញថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល ដែលឈរនៅចំពោះព្រះ ព្រះអង្គបានចាត់ខ្ញុំឲ្យមកនិយាយនឹងលោក ហើយនាំដំណឹងល្អនេះមកប្រាប់លោក ។ មើល៍! លោកនឹងត្រូវគ និយាយមិនបាន រហូតដល់ថ្ងៃដែលការទាំងនេះកើតមក ព្រោះលោកមិនបានជឿពាក្យខ្ញុំ ដែលនឹងសម្រេចនៅវេលាកំណត់»។ ក្នុងពេលជាមួយគ្នានោះ ប្រជាជនកំពុងរង់ចាំសាការី ហើយងឿងឆ្ងល់នឹងការដែលលោកនៅក្នុងព្រះវិហារយូរដល់ម្ល៉េះ។ កាលលោកចេញមក លោកមិនអាចនិយាយទៅគេបានឡើយ ហើយគេយល់ថា លោកច្បាស់ជាបានឃើញនិមិត្តណាមួយនៅក្នុងព្រះវិហារជាមិនខាន។ លោកចេះតែធ្វើសញ្ញាឲ្យគេដឹង ហើយក៏នៅតែគនិយាយមិនកើត។ លុះពេលដែលលោកបំពេញការងារចប់ហើយ លោកក៏ត្រឡប់ទៅផ្ទះវិញ។ ក្រោយមក អេលីសាបិត ជាប្រពន្ធរបស់លោក ក៏មានផ្ទៃពោះ ហើយនាងលាក់ខ្លួនរយៈពេលប្រាំខែ ដោយពោលថា៖ «ព្រះអម្ចាស់បានប្រោសប្រណីដល់ខ្ញុំយ៉ាងដូច្នេះ ក្នុងគ្រាដែលព្រះអង្គទតមកខ្ញុំ ហើយបានដោះសេចក្តីខ្មាសរបស់ខ្ញុំ ចេញពីកណ្តាលមនុស្ស»។ ប្រាំមួយខែក្រោយមក ព្រះបានចាត់ទេវតាកាព្រីយ៉ែល ឲ្យទៅភូមិមួយឈ្មោះណាសារ៉ែត ក្នុងស្រុកកាលីឡេ ដើម្បីជួបនឹងស្ត្រីព្រហ្មចារីម្នាក់ ដែលជាគូដណ្តឹងរបស់បុរសម្នាក់ឈ្មោះយ៉ូសែប ជាពូជព្រះបាទដាវីឌ ហើយស្ត្រីព្រហ្មចារីនោះឈ្មោះម៉ារា។ ទេវតាក៏ចូលមកជួបនាង ពោលថា៖ «ជម្រាបសួរនាង ឱនាងដែលប្រកបដោយព្រះគុណអើយ! ព្រះអម្ចាស់គង់នៅជាមួយនាង»។ ប៉ុន្តែ នាងមានចិត្តងឿងឆ្ងល់យ៉ាងខ្លាំងដោយឮពាក្យនោះ ហើយរិះគិតក្នុងចិត្តពីពាក្យជម្រាបសួរនេះមានន័យដូចម្តេច។ ទេវតាពោលទៅនាងថា៖ «កុំខ្លាចអី ម៉ារាអើយ ដ្បិតព្រះគាប់ព្រះហឫទ័យនឹងនាងហើយ។ មើល៍! នាងនឹងមានគភ៌ ប្រសូតបានបុត្រាមួយ ហើយនាងត្រូវថ្វាយព្រះនាមថា "យេស៊ូវ"។ បុត្រនោះនឹងបានជាធំឧត្តម ហើយគេនឹងហៅទ្រង់ថា "ព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត" ហើយព្រះអម្ចាស់ដ៏ជាព្រះ នឹងប្រទានរាជ្យបល្ល័ងរបស់ព្រះបាទដាវីឌ ជាបុព្វបុរសរបស់ព្រះអង្គថ្វាយដល់ព្រះអង្គ។ ព្រះអង្គនឹងសោយរាជ្យលើពួកវង្សរបស់យ៉ាកុបអស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងមិនផុតឡើយ» ម៉ារាសួរទៅទេវតាថា៖ «តើធ្វើដូចម្តេចឲ្យការនេះសម្រេចទៅបាន បើខ្ញុំនៅក្រមុំព្រហ្មចារីដូច្នេះ?» ទេវតាក៏ឆ្លើយទៅនាងថា៖ «ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុតនឹងគ្របបាំងនាងដោយស្រមោល ហេតុនេះ បុត្រដែលនឹងប្រសូតមកនោះ ជាបុត្របរិសុទ្ធ គេនឹងហៅទ្រង់ថា "ព្រះរាជបុត្រានៃព្រះ"។
លូកា 1:5-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រាដែលព្រះបាទហេរ៉ូដគ្រងរាជ្យក្នុងស្រុកយូដា មានបូជាចារ្យ*មួយរូបឈ្មោះ សាការី ជាសមាជិកក្រុមបូជាចារ្យអប៊ីយ៉ា ភរិយាលោកឈ្មោះអេលីសាបិត កើតក្នុងត្រកូលរបស់លោកមហាបូជាចារ្យ*អើរ៉ុន ស្វាមីភរិយាទាំងពីររូបនេះជាមនុស្សសុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយគាត់គោរពតាមបទបញ្ជា និងឱវាទរបស់ព្រះអម្ចាស់ ឥតមានទាស់ត្រង់ណាឡើយ។ អ្នកទាំងពីរគ្មានកូនសោះ ព្រោះនាងអេលីសាបិតជាស្ត្រីអារ ហើយម្យ៉ាងទៀត អ្នកទាំងពីរក៏មានវ័យចាស់ណាស់ទៅហើយផង។ ថ្ងៃមួយ លោកសាការីបំពេញមុខងារជាបូជាចារ្យ តាមវេនក្រុមរបស់លោក។ គេបានជ្រើសរើសលោក ដោយចាប់ឆ្នោតតាមទំនៀមទម្លាប់របស់ក្រុមបូជាចារ្យ ឲ្យលោកចូលទៅដុតគ្រឿងក្រអូបនៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។ ពេលលោកដុតគ្រឿងក្រអូប ប្រជាជនច្រើនកុះករនៅខាងក្រៅកំពុងអធិស្ឋាន*។ រំពេចនោះ លោកសាការីឃើញទេវតា*របស់ព្រះអម្ចាស់មួយរូប ឈរនៅខាងស្ដាំអាសនៈសម្រាប់ដុតគ្រឿងក្រអូប។ ឃើញដូច្នោះ លោករន្ធត់ចិត្ត ហើយភ័យខ្លាចទៀតផង។ ទេវតាក៏មានប្រសាសន៍ទៅកាន់លោកថា៖ «កុំខ្លាចអី លោកសាការីអើយ! ព្រះអម្ចាស់យល់ព្រមតាមពាក្យទូលអង្វររបស់លោកហើយ។ នាងអេលីសាបិត ជាភរិយារបស់លោក នឹងបង្កើតកូនប្រុសមួយ លោកត្រូវដាក់ឈ្មោះកូននោះថា “យ៉ូហាន”។ កូននោះនឹងធ្វើឲ្យលោកមានចិត្តសប្បាយរីករាយ ហើយមនុស្សជាច្រើនអបអរសាទរនឹងកំណើតកុមារនោះដែរ។ កូនរបស់លោកនឹងមានឋានៈដ៏ប្រសើរឧត្ដមនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ មិនសេពសុរា ឬគ្រឿងស្រវឹងណាមួយសោះឡើយ។ កូននោះនឹងបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* តាំងពីក្នុងផ្ទៃម្ដាយមក។ កូននោះនឹងនាំជនជាតិអ៊ីស្រាអែលជាច្រើនមករកព្រះអម្ចាស់ ជាព្រះរបស់គេវិញ។ កូននោះនឹងមកមុនព្រះអង្គ ហើយមានវិញ្ញាណប្រកបដោយឫទ្ធានុភាព ដូចលោកអេលីយ៉ាបានទទួល ដើម្បីបង្វែរចិត្តឪពុកទៅរកកូន ព្រមទាំងបំបែរចិត្តមនុស្សរឹងទទឹងឲ្យត្រឡប់មកជាមនុស្សសុចរិត និងរៀបចំប្រជារាស្ដ្រមួយជាស្រេចទុកសម្រាប់ទទួលព្រះអម្ចាស់»។ លោកសាការីសួរទៅទេវតា*ថា៖ «តើធ្វើម្ដេចឲ្យខ្ញុំដឹងថា ការនោះពិតជាកើតឡើងមែន ព្រោះរូបខ្ញុំនេះចាស់ហើយ រីឯប្រពន្ធខ្ញុំសោតក៏មានអាយុច្រើនទៀតផង»។ ទេវតាតបវិញថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល ជាអ្នកបម្រើព្រះជាម្ចាស់ ព្រះអង្គបានចាត់ខ្ញុំឲ្យនាំដំណឹងល្អនេះមកប្រាប់លោក ប៉ុន្តែ ដោយលោកពុំព្រមជឿពាក្យខ្ញុំ លោកនឹងទៅជាមនុស្សគ និយាយពុំកើត រហូតដល់ថ្ងៃដែលហេតុការណ៍ទាំងនោះបានសម្រេចតាមពេលកំណត់»។ ក្នុងពេលជាមួយគ្នានោះ ប្រជាជនទន្ទឹងរង់ចាំលោកសាការី ហើយងឿងឆ្ងល់ណាស់ ព្រោះលោកចូលទៅក្នុងទីសក្ការៈយូរដូច្នេះ។ កាលលោកចេញមកវិញ លោកពុំអាចនិយាយទៅគេបានឡើយ។ ប្រជាជនទាំងនោះយល់ថា លោកប្រាកដជាបានឃើញការអស្ចារ្យអ្វីមួយនៅក្នុងទីសក្ការៈជាមិនខាន។ លោកសាការីធ្វើតែកាយវិការឲ្យគេយល់ ព្រោះលោកនៅគនិយាយមិនកើត។ លុះលោកសាការីបានបំពេញការងារតាមវេនចប់សព្វគ្រប់ហើយ លោកក៏វិលត្រឡប់ទៅផ្ទះវិញ។ ក្រោយមក នាងអេលីសាបិត ជាភរិយារបស់លោក ក៏ចាប់មានផ្ទៃពោះ នាងលាក់ខ្លួនអស់រយៈពេលប្រាំខែ។ នាងនឹកគិតថា៖ «ឥឡូវនេះ ព្រះអម្ចាស់បានប្រោសប្រណីដល់រូបខ្ញុំ ព្រះអង្គសព្វព្រះហឫទ័យឲ្យខ្ញុំលែងខ្មាសមនុស្សលោកទៀតហើយ!»។ ប្រាំមួយខែក្រោយមក ព្រះជាម្ចាស់បានចាត់ទេវតាកាព្រីយ៉ែលឲ្យទៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ដើម្បីជួបនឹងស្ត្រីក្រមុំព្រហ្មចារីម្នាក់ ជាគូដណ្ដឹងរបស់កំលោះម្នាក់ឈ្មោះ យ៉ូសែប ដែលត្រូវជាញាតិវង្សព្រះបាទដាវីឌ ស្ត្រីក្រមុំនោះឈ្មោះ នាងម៉ារី។ ទេវតាចូលទៅក្នុងផ្ទះនាងម៉ារី ហើយពោលទៅកាន់នាងថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ ព្រះអង្គគង់ជាមួយនាង»។ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច? ទេវតាពោលទៅកាន់នាងថា៖ «កុំខ្លាចអី ម៉ារីអើយ! ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ។ នាងនឹងមានគភ៌ សម្រាលបានបុត្រមួយ ដែលនាងត្រូវថ្វាយព្រះនាមថា“យេស៊ូ”។ បុត្រនោះនឹងមានឋានៈដ៏ប្រសើរឧត្ដម ហើយគេនឹងថ្វាយព្រះនាមថា “ព្រះបុត្រានៃព្រះដ៏ខ្ពង់ខ្ពស់បំផុត”។ ព្រះជាម្ចាស់នឹងតាំងបុត្រនោះឲ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោរបស់ព្រះអង្គ ព្រះអង្គនឹងគ្រងរាជ្យលើប្រជារាស្ត្រអ៊ីស្រាអែលអស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរ ឥតមានទីបញ្ចប់ឡើយ»។ នាងម៉ារីសួរទៅទេវតាថា៖ «តើធ្វើដូចម្ដេចនឹងឲ្យការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផងដូច្នេះ?»។ ទេវតា*ឆ្លើយទៅនាងវិញថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធ*នឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះ គេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធ ដែលត្រូវប្រសូតមកនោះថា “ព្រះបុត្រារបស់ព្រះជាម្ចាស់”។
លូកា 1:5-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលនៅរាជ្យហេរ៉ូឌ ជាស្តេចស្រុកយូដា នោះមានសង្ឃ១ក្នុងពួកលោកអ័ប៊ីយ៉ា នាមសាការី ប្រពន្ធឈ្មោះអេលីសាបិត ជាពូជលោកអើរ៉ុន អ្នកទាំង២នោះជាមនុស្សសុចរិតនៅចំពោះព្រះ បានកាន់តាមក្រិត្យក្រមនឹងច្បាប់នៃព្រះអម្ចាស់ទាំងប៉ុន្មាន ឥតកន្លែងបន្ទោសបានទេ លោកគ្មានកូនសោះ ដ្បិតអេលីសាបិតជាស្ត្រីអារ ហើយទាំងប្ដីប្រពន្ធក៏ចាស់ណាស់ផង។ រីឯតាមទំលាប់ការងារពួកសង្ឃ ដែលគេចាប់ឆ្នោត នោះត្រូវវេនឲ្យលោកចូលទៅដុតគ្រឿងក្រអូប នៅក្នុងព្រះវិហារនៃព្រះអម្ចាស់ កាលកំពុងតែធ្វើការងារនៃពួកសង្ឃ នៅចំពោះព្រះ តាមវេនលោក ហើយបណ្តាមនុស្ស ដែលនៅខាងក្រៅកំពុងតែអធិស្ឋាន នៅវេលាដុតគ្រឿងក្រអូប នោះមានទេវតានៃព្រះអម្ចាស់លេចមក ឈរខាងស្តាំនៃអាសនាគ្រឿងក្រអូប ឲ្យលោកឃើញ កាលសាការីឃើញទេវតាហើយ លោកក៏ភាន់ភាំង ហើយកើតមានសេចក្ដីភ័យខ្លាច ប៉ុន្តែទេវតានិយាយថា កុំខ្លាចអី សាការីអើយ ព្រោះពាក្យដែលលោកទូលអង្វរ នោះបានទទួលហើយ ឯអេលីសាបិត ប្រពន្ធលោក នឹងបង្កើតកូនប្រុស១ឲ្យលោក ត្រូវឲ្យវាមានឈ្មោះថា «យ៉ូហាន» លោកនឹងមានសេចក្ដីរីករាយ នឹងសេចក្ដីអំណរ ហើយមនុស្សជាច្រើននឹងអរសាទរ ក្នុងកាលដែលវាកើតមកនោះ ដ្បិតវានឹងបានជាធំនៅចំពោះព្រះអម្ចាស់ វានឹងមិនផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងទេ វានឹងបានពេញជាព្រះវិញ្ញាណបរិសុទ្ធ តាំងតែពីផ្ទៃម្តាយមក វានឹងបង្វិលកូនចៅសាសន៍អ៊ីស្រាអែលជាច្រើន ឲ្យត្រឡប់វិលមកឯព្រះអម្ចាស់ ជាព្រះនៃគេវិញ វានឹងនាំមុខទ្រង់ ដោយនូវវិញ្ញាណ ហើយនឹងអំណាចរបស់លោកអេលីយ៉ា ដើម្បីនឹងបំបែរចិត្តពួកឪពុកមកឯកូន នឹងពួកចចេសមកឯប្រាជ្ញារបស់មនុស្សសុចរិតវិញ ប្រយោជន៍នឹងរៀបចំមនុស្ស១ពួកទុកជាស្រេច សំរាប់ជារាស្ត្ររបស់ព្រះអម្ចាស់ សាការីសួរទេវតាថា តើខ្ញុំនឹងដឹងសេចក្ដីនោះបាន ដោយសារអ្វី ដ្បិតខ្ញុំសោតក៏ចាស់ហើយ ប្រពន្ធខ្ញុំក៏ចាស់ណាស់ដែរ ទេវតាឆ្លើយតបនឹងលោកថា ខ្ញុំនេះ ឈ្មោះកាព្រីយ៉ែល ដែលឈរនៅចំពោះព្រះ ទ្រង់បានចាត់ខ្ញុំឲ្យមកនិយាយនឹងលោក ហើយប្រកាសប្រាប់ដំណឹងល្អនេះ មើល លោកនឹងត្រូវគ និយាយមិនបាន ដរាបដល់ថ្ងៃដែលការទាំងនេះកើតមក ពីព្រោះលោកមិនបានជឿពាក្យខ្ញុំ ដែលនឹងសំរេចនៅវេលាកំណត់នោះទេ។ ឯបណ្តាមនុស្សគេនៅចាំសាការី ក៏នឹកប្លែកពីលោក ដែលនៅក្នុងព្រះវិហារជាយូរម៉្លេះ កាលលោកចេញមក លោកនិយាយនឹងគេមិនបានទេ គេក៏យល់ឃើញថា លោកបានឃើញការជាក់ស្តែងណាមួយ នៅក្នុងព្រះវិហារជាមិនខាន ដោយលោកធ្វើគ្រឿងសំគាល់ឲ្យដឹង ហើយក៏នៅតែគ កាលវេលាដែលការងារលោកបានសំរេចហើយ នោះលោកក៏ត្រឡប់ទៅផ្ទះវិញ គ្រាក្រោយនោះ អេលីសាបិត ជាប្រពន្ធលោក នាងមានផ្ទៃពោះ រួចក៏លាក់ខ្លួននៅ៥ខែ ដោយថា ព្រះអម្ចាស់ទ្រង់បានប្រោសខ្ញុំយ៉ាងដូច្នេះ ក្នុងគ្រាដែលទ្រង់ទតមកខ្ញុំ ដើម្បីនឹងដោះសេចក្ដីអាមាស់ខ្មាសរបស់ខ្ញុំ នៅកណ្តាលមនុស្សចេញ។ កន្លង៦ខែក្រោយនោះមក ព្រះទ្រង់ចាត់ទេវតាកាព្រីយ៉ែល ឲ្យទៅឯនាងព្រហ្មចារីម្នាក់ ដែលនៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ជាស្ត្រីដែលបានបំរុងទុកឲ្យមនុស្សម្នាក់ឈ្មោះយ៉ូសែប ជាពូជហ្លួងដាវីឌ នាងនោះឈ្មោះម៉ារា ទេវតាក៏ចូលមកឯនាងពោលថា ជំរាបសួរនាង ឱនាងដែលប្រកបដោយព្រះគុណអើយ ព្រះអម្ចាស់ទ្រង់គង់នៅជាមួយនឹងនាង ក្នុងបណ្តាពួកស្រីៗ នាងជាស្ត្រីមានពរពិត នាងមានសេចក្ដីភាំង ដោយឮពាក្យនោះ ហើយរិះគិតក្នុងចិត្ត ពីពាក្យជំរាបសួរយ៉ាងនោះមានន័យដូចម្តេច តែទេវតានិយាយថា កុំខ្លាចអី ម៉ារាអើយ ដ្បិតព្រះបានប្រោសមេត្តាដល់នាងហើយ មើល នាងនឹងមានគភ៌ប្រសូតបានបុត្រា១ ដែលនាងត្រូវថ្វាយព្រះនាមថា «យេស៊ូវ» បុត្រនោះនឹងបានជាធំឧត្តម ហើយគេនឹងហៅទ្រង់ ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងប្រទានរាជ្យនៃហ្លួងដាវីឌ ជាឰយុកោទ្រង់ថ្វាយទ្រង់សោយ ទ្រង់នឹងសោយរាជ្យលើពួកវង្សរបស់យ៉ាកុប នៅអស់កល្បរៀងទៅ ហើយរាជ្យទ្រង់នឹងមិនផុតឡើយ តែម៉ារាសួរទេវតាថា ខ្ញុំមិនស្គាល់ប្រុសណាផង ដូច្នេះ តើធ្វើដូចម្តេចនឹងឲ្យការនេះសំរេចបាន ទេវតាក៏ឆ្លើយថា ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុត នឹងមកគ្របបាំងនាងដោយស្រមោល ហេតុដូច្នេះ បុត្របរិសុទ្ធដែលនឹងប្រសូតមកនោះ ត្រូវហៅថាជាព្រះរាជបុត្រានៃព្រះ