លូកា 1:46-56

លូកា 1:46-56 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ នាង​ម៉ារី​ថ្លែង​ឡើង​ថា៖ «ព្រលឹង​ខ្ញុំ​សូម​លើក​តម្កើង​ព្រះ‌អម្ចាស់* ខ្ញុំ​មាន​ចិត្ត​អំណរ​យ៉ាង​ខ្លាំង ព្រោះ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​របស់​ខ្ញុំ ព្រះអង្គ​ទត​មើល​មក​ខ្ញុំ ដែល​ជា​អ្នក​បម្រើ​ដ៏​ទន់‌ទាប​របស់​ព្រះអង្គ អំណើះ​ត​ទៅ មនុស្ស​គ្រប់​ជំនាន់​នឹង​ពោល​ថា ខ្ញុំ​ជា​អ្នក​មាន​សុភមង្គល​ពិត​មែន ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​បាន​សម្តែង ការ​ប្រសើរ​អស្ចារ្យ​ចំពោះ​រូប​ខ្ញុំ។ ព្រះ‌នាម​របស់​ព្រះអង្គ​ពិត​ជា​វិសុទ្ធ*​មែន! ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះអង្គ នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ ព្រះអង្គ​បាន​សម្តែង​ឫទ្ធិ‌បារមី កម្ចាត់​មនុស្ស​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ ព្រះអង្គ​បាន​ទម្លាក់​អ្នក​កាន់​អំណាច​ចុះ​ពី​តំណែង ហើយ​ព្រះអង្គ​លើក​តម្កើង​មនុស្ស​ទន់‌ទាប​ឡើង។ ព្រះអង្គ​បាន​ប្រទាន​សម្បត្តិ​យ៉ាង​បរិបូណ៌ ដល់​អស់​អ្នក​ដែល​ស្រេក​ឃ្លាន ហើយ​បណ្ដេញ​ពួក​អ្នក​មាន ឲ្យ​ត្រឡប់​ទៅ​វិញ​ដោយ​ដៃ​ទទេ។ ព្រះអង្គ​បាន​ជួយ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ហើយ​តែងតែ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា ដល់​លោក​អប្រាហាំ និង​ពូជ‌ពង្ស​របស់​លោក ជានិច្ច​ត​រៀង​ទៅ ដូច​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង ឥត​ភ្លេច​សោះ​ឡើយ»។ នាង​ម៉ារី​បាន​ស្នាក់​នៅ​ជា​មួយ​នាង​អេលី‌សាបិត​អស់​រយៈ​ពេល​ប្រមាណ​បី​ខែ ទើប​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ចែក​រំលែក
អាន លូកា 1

លូកា 1:46-56 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ម៉ារា​ពោល​ឡើង​ថា៖ «ព្រលឹង​ខ្ញុំ​លើក​តម្កើង​ព្រះ‌អម្ចាស់ វិញ្ញាណ​ខ្ញុំ​ក៏​រីក‌រាយ​នឹង​ព្រះ ជា​ព្រះ‌សង្គ្រោះ​របស់​ខ្ញុំ ដ្បិត​ព្រះ‌អង្គ​បាន​ទត​មើល​សណ្ឋាន ទន់​ទាប​របស់​អ្នក​បម្រើ​ព្រះ‌អង្គ មើល​ចុះ ពី​នេះ​ទៅ​មុខ មនុស្ស​គ្រប់​ជំនាន់​នឹង​ហៅ​ខ្ញុំ​ថា ជា​អ្នក​មាន​ពរ ដ្បិត​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បាន​ប្រោស សេចក្តី​យ៉ាង​ល្អ​វិសេស​ដល់​ខ្ញុំ ព្រះ‌នាម​របស់​ព្រះ‌អង្គ​បរិសុទ្ធ។ ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ គ្រប់​ជំនាន់​ត​រៀង​ទៅ។ ទ្រង់​បាន​សម្តែង​ឫទ្ធិ ដោយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ព្រម​ទាំង​កម្ចាត់​កម្ចាយ​មនុស្ស​អំនួត ដោយ‌សារ​គំនិត​ដែល​នៅ​ក្នុង​ចិត្ត​របស់​គេ។ ទ្រង់​បាន​ទម្លាក់​ស្តេច​ចេញ​ពី​បល្ល័ង្ក ហើយ​លើក​មនុស្ស​រាប‌សា​ឡើង ទ្រង់​បាន​ចម្អែត​មនុស្ស​ឃ្លាន​ដោយ​របស់​ល្អ តែ​បាន​បណ្តេញ​ពួក​អ្នក​មាន​ឲ្យ​ចេញ​ទៅ​ដោយ​ដៃ​ទទេ។ ព្រះ‌អង្គ​បាន​ជួយ​អ៊ីស្រា‌អែល ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដោយ​នឹក​ចាំ​ពី​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​បុព្វ‌បុរស​របស់​យើង គឺ​មក​កាន់​លោក​អ័ប្រា‌ហាំ និង​ពូជ‌ពង្ស​របស់​លោក​ជា​រៀង​រហូត» ។ ម៉ារា​បាន​ស្នាក់​នៅ​ជា​មួយ​អេលី‌សាបិតប្រហែល​ជា​បី​ខែ ទើប​ត្រឡប់​ទៅ​ផ្ទះ​របស់​នាង​វិញ។

ចែក​រំលែក
អាន លូកា 1

លូកា 1:46-56 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ម៉ារា​និយាយ​ឡើង​ថា ព្រលឹង​ខ្ញុំ​លើក​ដំកើង​ព្រះ‌អម្ចាស់ វិញ្ញាណ​ខ្ញុំ​ក៏​រីក‌រាយ​នឹង​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​ខ្ញុំ ដ្បិត​ទ្រង់​បាន​ទត​មើល​សណ្ឋាន​ទាប​ថោក​របស់​ខ្ញុំ ជា​បាវ​បំរើ​ទ្រង់ មើល​ចុះ ពី​នេះ​ទៅ​មុខ គ្រប់​ទាំង​ដំណ​មនុស្ស​នឹង​រាប់​ខ្ញុំ​ថា​ជា​អ្នក​មាន​ពរ ពី​ព្រោះ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ទ្រង់​បាន​ប្រោស​សេចក្ដី​យ៉ាង​ល្អ​វិសេស​ដល់​ខ្ញុំ ព្រះ‌នាម​ទ្រង់​បរិសុទ្ធ ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា​ដល់​គ្រប់​ទាំង​ដំណ​មនុស្ស ដែល​គេ​កោត‌ខ្លាច​ទ្រង់​ត​រៀង​ទៅ ទ្រង់​បាន​សំដែង​ឫទ្ធិ ដោយ​ព្រះ‌ហស្ត​ទ្រង់ ព្រម​ទាំង​កំចាត់‌កំចាយ​មនុស្ស​អំនួត ដោយ‌សារ​គំនិត​ដែល​នៅ​ក្នុង​ចិត្ត​ខ្លួន​គេ ទាំង​ទំលាក់​ស្តេច​ពី​បល្ល័ង្ក​ចេញ ហើយ​លើក​មនុស្ស​រាបសា​ឡើង​វិញ ឯ​មនុស្ស​ឃ្លាន ទ្រង់​បាន​ចំអែត​ដោយ​របស់​ល្អ តែ​ពួក​អ្នក​មាន ទ្រង់​បាន​បណ្តេញ​ឲ្យ​ទៅ​ទទេ​វិញ ទ្រង់​បាន​ជួយ​អ៊ីស្រាអែល ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​បាន​នឹក​ចាំ​ពី​សេចក្ដី​មេត្តា‌ករុណា​ទ្រង់ ដូច​ជា​ទ្រង់​មាន​បន្ទូល​នឹង​ពួក​ឰយុកោ​យើង គឺ​នឹង​លោក​អ័ប្រាហាំ ហើយ​នឹង​ពូជ​លោក​ជា​រៀង​រាប​ដរាប​ត​មក ម៉ារា​ក៏​នៅ​ជា​មួយ​នឹង​អេលី‌សាបិត ប្រហែល​ជា​៣​ខែ ទើប​ត្រឡប់​ទៅ​ផ្ទះ​ខ្លួន​វិញ។

ចែក​រំលែក
អាន លូកា 1

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ