លូកា 1:39-47

លូកា 1:39-47 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ ម៉ារា​ក្រោក​ឡើង ហើយ​ប្រញាប់​ប្រញាល់​ធ្វើ​ដំណើ​ទៅ​ភូមិ​មួយ នៅ​តំបន់​ភ្នំ​ក្នុង​ស្រុក​យូដា នាង​ចូល​ទៅ​ក្នុង​ផ្ទះ​សាការី ហើយ​ជម្រាប​សួរ​អេលី‌សាបិត។ កាល​អេលី‌សាបិត​បាន​ឮ​ពាក្យ​ម៉ារា​ជម្រាប​សួរ នោះ​កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង​ក៏​បង្រះ​ឡើង ហើយ​អេលី‌សាបិត​ក៏​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ រួច​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ក្នុង​ចំណោម​ពួក​ស្រីៗ នាង​ជា​ស្ត្រី​មាន​ពរ និង​កូន​ដែល​នៅ​ក្នុង​ផ្ទៃ​របស់​នាង​ដែរ។ ដូច​ម្តេច​ហ្ន៎ បាន​ជា​មាតា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ដូច្នេះ? ដ្បិត​មើល៍ កាល​ខ្ញុំ​បាន​ឮ​ពាក្យ​ជម្រាប​សួរ​របស់​នាង​ភ្លាម នោះ​កូន​នៅ​ក្នុង​ផ្ទៃ​ខ្ញុំ​ក៏​បង្រះ​ឡើង​ដោយ​អំណរ។ នាង​មាន​ពរ​ហើយ ដោយ​នាង​បាន​ជឿ ដ្បិត​សេចក្តី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​នាង នោះ​នឹង​បាន​សម្រេច​ជា​មិន​ខាន»។ ម៉ារា​ពោល​ឡើង​ថា៖ «ព្រលឹង​ខ្ញុំ​លើក​តម្កើង​ព្រះ‌អម្ចាស់ វិញ្ញាណ​ខ្ញុំ​ក៏​រីក‌រាយ​នឹង​ព្រះ ជា​ព្រះ‌សង្គ្រោះ​របស់​ខ្ញុំ

ចែក​រំលែក
អាន លូកា 1

លូកា 1:39-47 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​គ្រា​នោះ នាង​ម៉ារី​ប្រញាប់‌ប្រញាល់​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​មួយ នៅ​តំបន់​ភ្នំ ក្នុង​ស្រុក​យូដា។ នាង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​លោក​សាការី ហើយ​ជម្រាប​សួរ​នាង​អេលី‌សាបិត។ ពេល​នាង​អេលី‌សាបិត​ឮ​នាង​ម៉ារី​ជម្រាប​សួរ ទារក​នៅ​ក្នុង​ផ្ទៃ​នាង​បម្រះ​ឡើង ហើយ​គាត់​ក៏​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ រួច​បន្លឺ​សំឡេង​ឡើង​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ពរ​ដល់​នាង​លើស​ស្ត្រី​នានា ហើយ​ព្រះអង្គ​ក៏​ប្រទាន​ពរ​ដល់​បុត្រ​នាង​ដែរ។ តើ​រូប​ខ្ញុំ​នេះ​មាន​ឋានៈ​អ្វី បាន​ជា​មាតា​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ដូច្នេះ? កាល​ខ្ញុំ​បាន​ឮ​ពាក្យ​ជម្រាប​សួរ​របស់​នាង ស្រាប់​តែ​កូន​នៅ​ក្នុង​ផ្ទៃ​ខ្ញុំ​បម្រះ​ឡើង​ដោយ​អំណរ​សប្បាយ នាង​ពិត​ជា​មាន​សុភមង្គល​មែន ព្រោះ​នាង​បាន​ជឿ ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ប្រាប់​នាង​មុខ​ជា​សម្រេច​មិន​ខាន»។ ពេល​នោះ នាង​ម៉ារី​ថ្លែង​ឡើង​ថា៖ «ព្រលឹង​ខ្ញុំ​សូម​លើក​តម្កើង​ព្រះ‌អម្ចាស់* ខ្ញុំ​មាន​ចិត្ត​អំណរ​យ៉ាង​ខ្លាំង ព្រោះ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​របស់​ខ្ញុំ

ចែក​រំលែក
អាន លូកា 1

លូកា 1:39-47 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ ម៉ារា​ក៏​ក្រោក​ឡើង ទៅ​ឯ​ស្រុក​ភ្នំ​ជា​ប្រញាប់ ដល់​ភូមិ​១​ក្នុង​ខេត្ត​យូដា ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​សាការី ជំរាប​សួរ​ដល់​អេលី‌សាបិត កាល​អេលី‌សាបិត​បាន​ឮ​ពាក្យ​ម៉ារា​ជំរាប​សួរ នោះ​កូន​ក៏​បង្រះ​នៅ​ក្នុង​ផ្ទៃ រួច​គាត់​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក៏​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា ក្នុង​បណ្តា​ពួក​ស្រីៗ គឺ​នាង​ហើយ ជា​ស្ត្រី​មាន​ពរ​ពិត ព្រម​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ​នាង​ផង ដូច​ម្តេច​ហ្ន៎ បាន​ជា​ដល់​ទៅ​ព្រះ‌មាតា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ក៏​មក​សួរ​ដូច្នេះ​ដែរ ដ្បិត​មើល កាល​សំឡេង​នាង​ជំរាប​សួរ​ឮ​មក​ដល់​ត្រចៀក​ខ្ញុំ នោះ​កូន​នៅ​ក្នុង​ពោះ​ខ្ញុំ​ក៏​បង្រះ​ដោយ​សេចក្ដី​អំណរ នាង​មាន​ពរ​ហើយ ដោយ​នាង​បាន​ជឿ ដ្បិត​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​បន្ទូល​មក​នាង នោះ​នឹង​បាន​សំរេច​ជា​មិន​ខាន។ រួច​ម៉ារា​និយាយ​ឡើង​ថា ព្រលឹង​ខ្ញុំ​លើក​ដំកើង​ព្រះ‌អម្ចាស់ វិញ្ញាណ​ខ្ញុំ​ក៏​រីក‌រាយ​នឹង​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​ខ្ញុំ

ចែក​រំលែក
អាន លូកា 1