លូកា 1:26-31

លូកា 1:26-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រាំ​មួយ​ខែ​ក្រោយ​មក ព្រះ‌ជាម្ចាស់​បាន​ចាត់​ទេវតា​កាព្រី‌យ៉ែល​ឲ្យ​ទៅ​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ ដើម្បី​ជួប​នឹង​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ម្នាក់ ជា​គូ​ដណ្ដឹង​របស់​កំលោះ​ម្នាក់​ឈ្មោះ យ៉ូសែប ដែល​ត្រូវ​ជា​ញាតិ​វង្ស​ព្រះ‌បាទ​ដាវីឌ ស្ត្រី​ក្រមុំ​នោះ​ឈ្មោះ នាង​ម៉ារី។ ទេវតា​ចូល​ទៅ​ក្នុង​ផ្ទះ​នាង​ម៉ារី ហើយ​ពោល​ទៅ​កាន់​នាង​ថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​នាង​ហើយ ព្រះអង្គ​គង់​ជា​មួយ​នាង»។ ពេល​ឮ​ពាក្យ​នេះ នាង​ម៉ារី​រន្ធត់​យ៉ាង​ខ្លាំង នាង​រិះគិត​ក្នុង​ចិត្ត​ថា តើ​ពាក្យ​ជម្រាប​សួរ​នេះ​មាន​ន័យ​ដូច​ម្ដេច? ទេវតា​ពោល​ទៅ​កាន់​នាង​ថា៖ «កុំ​ខ្លាច​អី ម៉ារី​អើយ! ដ្បិត​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​នាង​ហើយ។ នាង​នឹង​មាន​គភ៌ សម្រាល​បាន​បុត្រ​មួយ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា“យេស៊ូ”។

ចែក​រំលែក
អាន លូកា 1

លូកា 1:26-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រាំ​មួយ​ខែ​ក្រោយ​មក ព្រះ​បាន​ចាត់​ទេវតា​កាព្រីយ៉ែល ឲ្យ​ទៅ​ភូមិ​មួយ​ឈ្មោះ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ ដើម្បី​ជួប​នឹង​ស្ត្រី​ព្រហ្ម‌ចារី​ម្នាក់ ដែល​ជា​គូ​ដណ្តឹង​របស់​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​ពូជ​ព្រះ‌បាទ​ដាវីឌ ហើយ​ស្ត្រី​ព្រហ្មចារី​នោះ​ឈ្មោះ​ម៉ារា។ ទេវតា​ក៏​ចូល​មក​ជួប​នាង ពោល​ថា៖ «ជម្រាប​សួរ​នាង ឱ​នាង​ដែល​ប្រកប​ដោយ​ព្រះ‌គុណ​អើយ! ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​នាង»។ ប៉ុន្តែ នាង​មាន​ចិត្ត​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​ដោយ​ឮ​ពាក្យ​នោះ ហើយ​រិះ‌គិត​ក្នុង​ចិត្ត​ពី​ពាក្យ​ជម្រាប​សួរ​នេះ​មាន​ន័យ​ដូច​ម្តេច។ ទេវតា​ពោល​ទៅ​នាង​ថា៖ «កុំ​ខ្លាច​អី ម៉ារា​អើយ ដ្បិត​ព្រះ​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​នាង​ហើយ។ មើល៍! នាង​នឹង​មាន​គភ៌ ប្រសូត​បាន​បុត្រា​មួយ ហើយ​នាង​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា "យេស៊ូវ"។

ចែក​រំលែក
អាន លូកា 1

លូកា 1:26-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កន្លង​៦​ខែ​ក្រោយ​នោះ​មក ព្រះ‌ទ្រង់​ចាត់​ទេវតា​កាព្រី‌យ៉ែល ឲ្យ​ទៅ​ឯ​នាង​ព្រហ្មចារី​ម្នាក់ ដែល​នៅ​ភូមិ​ណា‌សារ៉ែត ក្នុង​ស្រុក​កាលី‌ឡេ ជា​ស្ត្រី​ដែល​បាន​បំរុង​ទុក​ឲ្យ​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​ពូជ​ហ្លួង​ដាវីឌ នាង​នោះ​ឈ្មោះ​ម៉ារា ទេវតា​ក៏​ចូល​មក​ឯ​នាង​ពោល​ថា ជំរាប​សួរ​នាង ឱ​នាង​ដែល​ប្រកប​ដោយ​ព្រះ‌គុណ​អើយ ព្រះ‌អម្ចាស់​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​នាង ក្នុង​បណ្តា​ពួក​ស្រីៗ នាង​ជា​ស្ត្រី​មាន​ពរ​ពិត នាង​មាន​សេចក្ដី​ភាំង ដោយ​ឮ​ពាក្យ​នោះ ហើយ​រិះ‌គិត​ក្នុង​ចិត្ត ពី​ពាក្យ​ជំរាប​សួរ​យ៉ាង​នោះ​មាន​ន័យ​ដូច​ម្តេច តែ​ទេវតា​និយាយ​ថា កុំ​ខ្លាច​អី ម៉ារា​អើយ ដ្បិត​ព្រះ​បាន​ប្រោស​មេត្តា​ដល់​នាង​ហើយ មើល នាង​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា «យេស៊ូវ»

ចែក​រំលែក
អាន លូកា 1