លេវីវិន័យ 27:1-34

លេវីវិន័យ 27:1-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «កាល​ណា​មនុស្ស​ណា​បន់​បំណន់ បើ​របស់​ដែល​សន្យា​ថ្វាយ​ជា​មនុស្ស នោះ​ត្រូវ​ជា​របស់​ព្រះ‌យេហូវ៉ា​តាម​ដែល​អ្នក​គិត​ថ្លៃ។ មនុស្ស​ប្រុស​ចាប់​តាំង​ពី​អាយុ​ម្ភៃ​ឆ្នាំ​រហូត​ដល់​ហុកសិប​ឆ្នាំ នោះ​ត្រូវ​គិត​ថ្លៃ​ជា​ប្រាក់​ហាសិប​សេកែល តាម​ប្រាក់​សេកែល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ បើ​ជា​ស្រី​វិញ ត្រូវ​គិត​ថ្លៃ​សាមសិប​សេកែល បើ​មនុស្ស​នោះ​មាន​អាយុ​ចាប់​តាំង​ពី​ប្រាំ​ឆ្នាំ​រហូត​ដល់​ម្ភៃ​ឆ្នាំ នោះ​ខាង​ឯ​ប្រុស​ត្រូវ​គិត​ថ្លៃ​ជា​ម្ភៃ​សេកែល ស្រី​ដប់​សេកែល បើ​មាន​អាយុ​ចាប់​តាំង​ពី​មួយ​ខែ​រហូត​ដល់​ប្រាំ​ឆ្នាំ នោះ​ខាង​ឯ​ប្រុស​ត្រូវ​គិត​ថ្លៃ​ជា​ប្រាក់​ប្រាំ​សេកែល ស្រី​បី​សេកែល បើ​មាន​អាយុ​ហុកសិប​ឆ្នាំ​ឡើង​ទៅ​លើ នោះ​ខាង​ឯ​ប្រុស​ត្រូវ​គិត​ថ្លៃ​ជា​ដប់ប្រាំ​សេកែល ស្រី​ដប់​សេកែល តែ​បើ​អ្នក​នោះ​ក្រ​ពេក គ្មាន​ល្មម​នឹង​សង​តាម​តម្លៃ​ដែល​អ្នក​គិត នោះ​ត្រូវ​នាំ​មក​នៅ​ចំពោះ​មុខ​សង្ឃ ហើយ​សង្ឃ​ត្រូវ​គិត​ថ្លៃ តាម​កម្លាំង​របស់​អ្នក​ដែល​ជាប់​បំណន់​នោះ​វិញ។ ប្រសិន​បើ​សត្វ​វិញ គឺ​ជា​សត្វ​ដែល​គេ​តែង​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​គ្រប់​ទាំង​តង្វាយ​យ៉ាង​នោះ​ដែល​អ្នក​ណា​ថ្វាយ ត្រូវ​ញែក​ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា និង​ផ្លាស់​ប្តូរ​សត្វ​ល្អ​នឹង​សត្វ​អាក្រក់ ឬ​អាក្រក់​នឹង​ល្អ​មិន​បាន​ឡើយ ឬ​ប្រសិន‌បើ​គេ​ចង់​ប្តូរ​សត្វ​នឹង​សត្វ​យ៉ាង​ណា នោះ​ទាំង​សត្វ​ដើម និង​សត្វ​ដែល​យក​មក​ប្តូរ ក៏​ត្រូវ​បាន​ញែក​ទុក​ជា​បរិសុទ្ធ​ទាំង​ពីរ​រូប បើ​ជា​សត្វ​ណា​មិន​ស្អាត ដែល​មិន​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ឡើយ នោះ​ត្រូវ​នាំ​មក​នៅ​ចំពោះ​មុខ​សង្ឃ សង្ឃ​ត្រូវ​វាយ​តម្លៃ​សត្វ​នោះ ទោះ​ជា​ល្អ ឬ​អាក្រក់ បើ​សង្ឃ​វាយ​តម្លៃ​យ៉ាង​ណា សត្វ​នោះ​នឹង​មាន​តម្លៃ​យ៉ាង​នោះ។ ប៉ុន្តែ បើ​គេ​ចង់​លោះ​ចេញ​វិញ នោះ​ត្រូវ​ថែម​មួយ​ភាគ​ក្នុង​ប្រាំ លើ​តម្លៃ​ដែល​អ្នក​បាន​គិត​នោះ​ទៀត។ ប្រសិន​បើ​មនុស្ស​ណា​ចង់​ញែក​ផ្ទះ​ខ្លួន ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា នោះ​សង្ឃ​ត្រូវ​គិត​តាម​តម្លៃ​ផ្ទះ​នោះ​ដែល​ល្អ ឬ​អាក្រក់ ហើយ​តម្លៃ​ណា​ដែល​គិត​នោះ នឹង​ត្រូវ​បាន​ដូច​ជា​សង្ឃ​គិត​ឲ្យ​ពិត តែ​បើ​អ្នក​ដែល​បាន​ថ្វាយ​ផ្ទះ​ចង់​លោះ​មក​វិញ នោះ​ត្រូវ​ថែម​ជា​ប្រាក់​មួយ​ភាគ​ក្នុង​ប្រាំ​លើស​ពី​ថ្លៃ​ដែល​បាន​គិត​ហើយ រួច​ផ្ទះ​នោះ​នឹង​បាន​ជា​របស់​អ្នក​នោះ​វិញ។ ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ចង់​ញែក​ស្រែ ជា​កេរ​របស់​ខ្លួន​មួយ​ចំណែក​ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា នោះ​អ្នក​ត្រូវ​គិត​តាម​តម្លៃ​ដែល​សាប‌ព្រោះ​បាន បើ​ព្រោះ​ស្រូវ​ឱក​ដប់​ថាំង នោះ​ត្រូវ​គិត​ជា​ប្រាក់​ហាសិប​សេកែល បើ​គេ​ថ្វាយ​ស្រែ​របស់​គេ​ចាប់​តាំង​ពី​ឆ្នាំ​សោមនស្ស​មក នោះ​ត្រូវ​តែ​មាន​តម្លៃ​ដូច​ជា​អ្នក​គិត​នោះ​ជា​រហូត​ទៅ តែ​បើ​គេ​ថ្វាយ​ស្រែ​គេ​រំលង​ប៉ុន្មាន​ក្រោយ​ពី​ឆ្នាំ​សោមនស្ស​មក នោះ​សង្ឃ​ត្រូវ​បន្ថយ​តម្លៃ​ដែល​បាន​គិត​ហើយ តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​រហូត​ដល់​ឆ្នាំ​សោមនស្ស​មួយ​ទៀត តែ​បើ​អ្នក​ដែល​បាន​ថ្វាយ​ស្រែ​ចង់​លោះ​មក​វិញ នោះ​ត្រូវ​ថែម​មួយ​ភាគ​ក្នុង​ប្រាំ​លើស​ពី​តម្លៃ​ដែល​អ្នក​បាន​គិត​នោះ រួច​ស្រែ​នោះ​នឹង​បាន​ជា​របស់​អ្នក​នោះ​វិញ បើ​អ្នក​នោះ​មិន​លោះ​ទេ ហើយ​គេ​លក់​ទៅ​ឲ្យ​ម្នាក់​ទៀត នោះ​នឹង​លោះ​វិញ​ពុំ​បាន​ឡើយ គឺ​កាល​ណា​ដល់​ឆ្នាំ​សោមនស្ស ដែល​ស្រែ​នោះ​ត្រូវ​រួច​ចេញ នោះ​នឹង​បាន​ដាច់​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា ដូច​ជា​ស្រែ​ណា​ដែល​បាន​ថ្វាយ​ដល់​ព្រះ​ហើយ​ដែរ ពួក​សង្ឃ​ត្រូវ​បាន​ស្រែ​នោះ​ទុក​ជា​កេរ‌អាករ​វិញ បើ​គេ​ញែក​ស្រែ​ណា​ដែល​គេ​បាន​ទិញ ដែល​មិន​មែន​ជា​កេរ‌អាករ​ខ្លួន ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា នោះ​សង្ឃ​ត្រូវ​គិត​ថ្លែ​ឲ្យ​អ្នក​នោះ តាម​តម្លៃ​ដែល​បាន​គិត រហូត​ដល់​ឆ្នាំ​សោមនស្ស រួច​នៅ​ថ្ងៃ​នោះ គេ​ត្រូវ​ចេញ​ថ្លៃ​ដែល​បាន​គិត​នោះ ទុក​ជា​របស់​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា លុះ​ដល់​ឆ្នាំ​សោមនស្ស ស្រែ​នោះ​នឹង​ត្រឡប់​បាន​ទៅ​ម្ចាស់​ដើម​វិញ គឺ​បាន​ទៅ​អ្នក​ដែល​មាន​ស្រែ​នោះ​ជា​កេរ‌អាករ​ពី​ដើម ឯ​តម្លៃ​ទាំង​ប៉ុន្មាន​ដែល​បាន​គិត​សម្រេច នោះ​ត្រូវ​គិត​តាម​ប្រាក់​សេកែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ គឺ​មួយ​សេកែល​ត្រូវ​ជា​ដប់​កេរ៉ា។ ឯ​កូន​ច្បង​ដែល​កើត​ក្នុង​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន គឺ​ជា​ផល​ដំបូង​ថ្វាយ​ព្រះ‌យេហូវ៉ា​ស្រាប់ ហើយ​គ្មាន​អ្នក​ណា​នឹង​ញែក​ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា​បាន​ឡើយ ទោះ​បើ​ជា​គោ ឬ​ចៀម​ក្តី ដ្បិត​សត្វ​នោះ​ជា​របស់​ព្រះ‌យេហូវ៉ា​ហើយ បើ​ជា​កូន​របស់​សត្វ​ដែល​មិន​ស្អាត នោះ​គេ​ត្រូវ​លោះ​តាម​តម្លៃ​ដែល​អ្នក​គិត​សម្រេច ហើយ​ត្រូវ​ថែម​មួយ​ភាគ​ក្នុង​ប្រាំ​លើស​ទៅ​ទៀត ឬ​បើ​គេ​មិន​លោះ​ទេ នោះ​ត្រូវ​លក់​ទៅ​តាម​តម្លៃ​ដែល​អ្នក​គិត​នោះ។ របស់​អ្វី​ដែល​បាន​ថ្វាយ​ដល់​ព្រះ​ហើយ គឺ​អ្នក​ណា​ដែល​ថ្វាយ​របស់​ទ្រព្យ​ខ្លួន​ទាំង​ប៉ុន្មាន ដាច់​ដល់​ព្រះ‌យេហូវ៉ា ទោះ​ជា​មនុស្ស ឬសត្វ ឬ​ស្រែ​ចម្ការ​ដែល​ជា​កេរ‌អាករ​ខ្លួន​ក្តី នោះ​មិន​អាច​លក់ ឬ​លោះ​វិញ​បាន​ឡើយ គ្រប់​ទាំង​របស់​អ្វី​ដែល​ថ្វាយ​ដាច់​ហើយ ត្រូវ​ទុក​ជា​បរិសុទ្ធ​បំផុត​សម្រាប់​ព្រះ‌យេហូវ៉ា ឯ​អ្នក​ណា​ក្នុង​ពួក​មនុស្ស​ដែល​បាន​ថ្វាយ​ដាច់​ហើយ នោះ​នឹង​លោះ​ចេញ​វិញ​មិន​បាន​ឡើយ គឺ​ត្រូវ​នៅ​រហូត​ដល់​ស្លាប់។ ផល​ពី​ដី​មួយ​ភាគ​ក្នុង​ដប់ ទោះ​បើ​ជា​ផល​ដែល​កើត​ពី​ដី ឬ​ជា​ផ្លែ​ឈើ នោះ​ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​ត្រូវ​តែ​បាន​ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌អង្គ បើ​អ្នក​ណា​ចង់​លោះ​អ្វី​ពី​មួយ​ភាគ​ក្នុង​ដប់​ដែល​ខ្លួន​ថ្វាយ នោះ​ត្រូវ​ថែម​មួយ​ភាគ​ក្នុង​ប្រាំ​លើស​ទៅ​ទៀត។ ឯ​ហ្វូង​សត្វ​ធំ ឬ​តូច​មួយ​ភាគ​ក្នុង​ដប់ គឺ​សត្វ​ណា​ក៏​ដោយ​ដែល​ចូល​ទៅ​ក្រោម​ដំបង នោះ​ត្រូវ​ជា​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទុក​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា។ មិន​ត្រូវ​ពិនិត្យ​មើល​សត្វ​នោះ​ថា​ល្អ ឬ​អាក្រក់​ឡើយ ក៏​មិន​ត្រូវ​ផ្លាស់​ប្តូរ​ដែរ តែ​បើ​ចង់​ប្តូរ​វិញ នោះ​ទាំង​សត្វ​ដើម និង​សត្វ​ដែល​យក​មក​ប្តូរ ត្រូវ​បាន​បរិសុទ្ធ​ដូច​គ្នា សត្វ​ទាំង​នោះ​នឹង​លោះ​វិញ​ពុំ​បាន​ឡើយ»។ នេះ​ហើយ​ជា​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ នៅ​ភ្នំ​ស៊ី‌ណាយ សម្រាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។:៚

ចែក​រំលែក
អាន លេវីវិន័យ 27

លេវីវិន័យ 27:1-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​មាន​គេ​បន់​ព្រះ‌អម្ចាស់ ដោយ​សន្យា​ថ្វាយ​នរណា​ម្នាក់​ទៅ​ព្រះអង្គ គេ​អាច​រួច​ពី​បំណន់​របស់​ខ្លួន​បាន​ដោយ​បង់​ប្រាក់ តាម​ការ​វាយ​តម្លៃ​របស់​មនុស្ស។ ត្រូវ​វាយ​តម្លៃ​មនុស្ស​ដូច​ត​ទៅ: មនុស្ស​ប្រុស​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ទៅ​ហុក‌សិប​ឆ្នាំ ត្រូវ​គិត​ជា​ប្រាក់​ដប់‌ប្រាំ​តម្លឹង តាម​ទម្ងន់​ដែល​ប្រើ‌ប្រាស់​ក្នុង​ទីសក្ការៈ។ ប្រសិន​បើ​ជា​ស្ត្រី ត្រូវ​គិត​ជា​ប្រាក់​ប្រាំ‌បួន​តម្លឹង។ ចំពោះ​មនុស្ស​មាន​អាយុ​ពី​ប្រាំ​ទៅ​ម្ភៃ​ឆ្នាំ បើ​ក្មេង​ប្រុស​ត្រូវ​គិត​ជា​ប្រាក់​ប្រាំ​មួយ​តម្លឹង ហើយ​ក្មេង​ស្រី​បី​តម្លឹង។ ក្មេង​មាន​អាយុ​ពី​មួយ​ខែ​ទៅ​ប្រាំ​ឆ្នាំ ត្រូវ​គិត​ជា​ប្រាក់​មួយ​តម្លឹង​កន្លះ​សម្រាប់​ក្មេង​ប្រុស ហើយ​ប្រាំ​បួន​ជី​សម្រាប់​ក្មេង​ស្រី។ ចំពោះ​ចាស់ៗ​មាន​អាយុ​ពី​ហុក‌សិប​ឆ្នាំ​ឡើង​ទៅ ត្រូវ​គិត​បួន​តម្លឹង​កន្លះ​សម្រាប់​មនុស្ស​ប្រុស ហើយ​បី​តម្លឹង​សម្រាប់​មនុស្ស​ស្រី។ ប្រសិន​បើ​អ្នក​បន់​នោះ​ជា​ជន​ក្រីក្រ​ពេក ពុំ​អាច​បង់​ប្រាក់​តាម​ការ​វាយ​តម្លៃ​នេះ ត្រូវ​នាំ​អ្នក​ដែល​ខ្លួន​សន្យា​ថ្វាយ​នោះ ទៅ​ជួប​បូជា‌ចារ្យ ហើយ​បូជា‌ចារ្យ​នឹង​វាយ​តម្លៃ​គាត់ ដោយ​គិត​តាម​កម្រិត​ជីវ‌ភាព​របស់​អ្នក​បន់។ ប្រសិន​បើ​គេ​បន់​ដោយ​សន្យា​យក​សត្វ​មក​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​ចាត់​ទុក​សត្វ​ទាំង​នោះ​ជា​សក្ការៈ​ថ្វាយ​ព្រះអង្គ។ មិន​ត្រូវ​យក​អ្វី​មក​ដោះ‌ដូរ​សត្វ​ដែល​ត្រូវ​ថ្វាយ​ព្រះអង្គ​ឡើយ គឺ​មិន​ត្រូវ​យក​សត្វ​ល្អ មក​ដូរ​យក​សត្វ​អាក្រក់ ឬ​យក​សត្វ​អាក្រក់​មក​ដូរ​យក​សត្វ​ល្អ​ទេ។ បើ​អ្នក​ណា​យក​សត្វ​មួយ​មក​ដូរ​សត្វ​មួយ​ទៀត ត្រូវ​ចាត់​ទុក​សត្វ​ទាំង​ពីរ​ជា​សក្ការៈ។ ប្រសិន​បើ​គេ​បន់​ដោយ​សន្យា​ថ្វាយ​សត្វ​មិន​បរិសុទ្ធ គឺ​សត្វ​ដែល​មិន​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​នាំ​សត្វ​នោះ​ទៅ​ជូន​បូជា‌ចារ្យ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​គុណ‌ភាព​របស់​សត្វ​នោះ រួច​វាយ​តម្លៃ។ ប្រសិន​បើ​ម្ចាស់​សត្វ​ចង់​លោះ​សត្វ​យក​ទៅ​វិញ ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ​តម្លៃ​ដែល​បូជា‌ចារ្យ​បាន​គិត។ ប្រសិន​បើ​នរណា​ម្នាក់​ចង់​ញែក​ផ្ទះ​របស់​ខ្លួន​ទុក​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​សភាព​ផ្ទះ​នោះ​នៅ​ល្អ ឬ​មិន​ល្អ រួច​វាយ​តម្លៃ។ ប្រសិន​បើ​ម្ចាស់​ផ្ទះ​ចង់​លោះ​ផ្ទះ​របស់​ខ្លួន គាត់​ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ​តម្លៃ​ដែល​បូជា‌ចារ្យ​បាន​គិត ហើយ​ផ្ទះ​នោះ​នឹង​បាន​ជា​កម្មសិទ្ធិ​របស់​ខ្លួន​វិញ។ ប្រសិន​បើ​នរណា​ម្នាក់​ចង់​ញែក​ដី‌ធ្លី​របស់​ខ្លួន​ទុក​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​វាយ​តម្លៃ​ដី​ដោយ​គិត​តាម​ចំនួន​ស្រូវ​ដែល​សាប​ព្រោះ គឺ​ស្រូវ​ដប់‌ពីរ​ថាំង​គិត​ជា​ប្រាក់​ដប់​ប្រាំ​តម្លឹង។ ប្រសិន​បើ​អ្នក​នោះ​ញែក​ដី​របស់​ខ្លួន​ទុក​ជា​សក្ការៈ នៅ​ឆ្នាំ​មេត្តា​ករុណា ត្រូវ​វាយ​តម្លៃ​ដី​ទៅ​តាម​នោះ​ដែរ។ ប្រសិន​បើ​គេ​ញែក​ដី​របស់​ខ្លួន​ទុក​ជា​សក្ការៈ ក្រោយ​ឆ្នាំ​មេត្តា​ករុណា ត្រូវ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់ រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា​ខាង​មុខ។ បើ​ម្ចាស់​ដី​ចង់​លោះ​ដី​របស់​ខ្លួន គេ​ត្រូវ​បង់​ប្រាក់​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ​តម្លៃ​ដី ហើយ​ដី​នោះ​នឹង​បាន​ជា​កម្មសិទ្ធិ​របស់​គេ​វិញ។ ប្រសិន​បើ​គេ​មិន​ចង់​លោះ​ដី​ទេ តែ​លក់​ទៅ​ឲ្យ​អ្នក​ផ្សេង នោះ​គេ​មិន​អាច​លោះ​យក​ដី​របស់​ខ្លួន​មក​វិញ​ឡើយ។ នៅ​ឆ្នាំ​មេត្តា​ករុណា ពេល​អ្នក​ទិញ​ត្រូវ​ចាក​ចេញ ដី​នោះ​នឹង​ទៅ​ជា​ដី​ដ៏​សក្ការៈ​របស់​ព្រះ‌អម្ចាស់ ដែល​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអង្គ ហើយ​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​បូជា‌ចារ្យ។ ប្រសិន​បើ​នរណា​ម្នាក់​ញែក​ដី​មួយ​ដុំ​ថ្វាយ​ជា​សក្ការៈ​ដល់​ព្រះ‌អម្ចាស់ ហើយ​ដី​នោះ​ជា​ដី​ដែល​គាត់​ទិញ គឺ​មិន​មែន​ជា​កេរ‌អាករ បូជា‌ចារ្យ​ត្រូវ​គិត​តម្លៃ​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់ រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា ម្ចាស់​ដី​ត្រូវ​បង់​ប្រាក់​នៅ​ថ្ងៃ​នោះ​តាម​តម្លៃ​ដែល​បូជា‌ចារ្យ​បាន​គិត ហើយ​ប្រាក់​ថ្លៃ​ដី​ត្រូវ​ទុក​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់។ លុះ​ដល់​ឆ្នាំ​មេត្តា​ករុណា ដី​នោះ​នឹង​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ដើម​វិញ។ ការ​វាយ​តម្លៃ​ទាំង​អស់​ត្រូវ​គិត​តាម​ទម្ងន់​ដែល​ប្រើ‌ប្រាស់​ក្នុង​ទីសក្ការៈ គឺ​ឯក‌តា​នីមួយៗ​ស្មើ​នឹង​ម្ភៃ​កេរ៉ា*។ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ញែក​កូន​ដំបូង​ពី​ហ្វូង​សត្វ​របស់​ខ្លួន​ថ្វាយ​ព្រះ‌អម្ចាស់​ឡើយ ដ្បិត​កូន​ដំបូង​របស់​សត្វ គឺ​ទាំង​កូន​គោ ទាំង​កូន​ចៀម ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់ រួច​ស្រេច​ទៅ​ហើយ។ ប្រសិន​បើ​សត្វ​នោះ​ជា​សត្វ​មិន​បរិសុទ្ធ ត្រូវ​ឲ្យ​គេ​លោះ​តាម​តម្លៃ​ដែល​អ្នក​បាន​គិត ដោយ​បន្ថែម​តម្លៃ​មួយ​ភាគ​ប្រាំ​ពី​លើ។ ប្រសិន​បើ​គេ​មិន​ចង់​លោះ​ទេ ត្រូវ​លក់​សត្វ​នោះ​ទៅ​ឲ្យ​អ្នក​ផ្សេង តាម​តម្លៃ​ដែល​បូជា‌ចារ្យ​បាន​គិត។ បើ​នរណា​ម្នាក់​ថ្វាយ​របស់​អ្វី​មួយ ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ គេ​ពុំ​អាច​លក់ ឬ​ក៏​លោះ​យក​តង្វាយ​នោះ​ឡើយ ទោះ​បី​តង្វាយ​នោះ​ជា​មនុស្ស ជា​សត្វ ជា​ដី‌ធ្លី​ក៏​ដោយ។ អ្វីៗ​ដែល​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ នឹង​បាន​ទៅ​ជា​សក្ការៈ​ថ្វាយ​ព្រះអង្គ​រហូត។ រីឯ​មនុស្ស​ដែល​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ គ្មាន​នរណា​មាន​សិទ្ធិ​លោះ​ឡើយ គឺ​ត្រូវ​តែ​ប្រហារ​ជីវិត។ តង្វាយ​មួយ​ភាគ​ដប់​ទាំង​អស់​គឺ​ភោគ‌ផល​ដែល​កើត​ចេញ​ពី​ដី ឬ​ផ្លែ​ឈើ​ក្ដី ត្រូវ​ទុក​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់។ ប្រសិន​បើ​នរណា​ម្នាក់​ចង់​លោះ​តង្វាយ​មួយ​ភាគ​ដប់​មក​វិញ ត្រូវ​បង់​ប្រាក់​ចំនួន​មួយ​ភាគ​ប្រាំ​ថែម​ពី​លើ។ ចំពោះ​ហ្វូង​គោ និង​ហ្វូង​ចៀម ក៏​ត្រូវ​ថ្វាយ​សត្វ​មួយ​ភាគ​ដប់​ទុក​ជា​សក្ការៈ​ដល់​ព្រះ‌អម្ចាស់ដែរ។ ម្ចាស់​មិន​ត្រូវ​រើស​សត្វ​ល្អ ឬ​មិន​ល្អ សម្រាប់​ថ្វាយ​ព្រះអង្គ​ទេ ហើយ​ក៏​មិន​ត្រូវ​យក​សត្វ​ផ្សេង​មក​ដោះ​ដូរ​សត្វ​ដែល​ត្រូវ​ថ្វាយ​នោះ​ដែរ។ ប្រសិន​បើ​គេ​យក​សត្វ​មួយ​មក​ដូរ​យក​សត្វ​មួយ​ទៀត ត្រូវ​ចាត់​ទុក​សត្វ​ទាំង​ពីរ​ជា​សក្ការៈ ហើយ​មិន​អាច​លោះ​យក​ទៅ​វិញ​ទេ»។ នេះ​ហើយ​ជា​បទ‌បញ្ជា ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​លោក​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ីណៃ សម្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល។

ចែក​រំលែក
អាន លេវីវិន័យ 27

លេវីវិន័យ 27:1-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា កាល​ណា​មនុស្ស​ណា​បន់​បំណន់ បើ​របស់​ដែល​សន្យា​ថ្វាយ​ជា​មនុស្ស នោះ​ត្រូវ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា​តាម​ដែល​ឯង​គិត​ថ្លៃ ឯ​មនុស្ស​ប្រុស​ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​រហូត​ដល់​៦០​ឆ្នាំ នោះ​ត្រូវ​គិត​ថ្លៃ​ជា​ប្រាក់​៥០​រៀល តាម​ប្រាក់​រៀល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ បើ​ជា​ស្រី​វិញ ត្រូវ​គិត​ថ្លៃ​៣០​រៀល បើ​មនុស្ស​នោះ​មាន​អាយុ​ចាប់​តាំង​ពី​៥​ឆ្នាំ​រហូត​ដល់​២០​ឆ្នាំ នោះ​ខាង​ឯ​ប្រុស​ត្រូវ​គិត​ថ្លៃ​ជា​២០​រៀល ស្រី​១០​រៀល បើ​មាន​អាយុ​ចាប់​តាំង​ពី​១​ខែ​រហូត​ដល់​៥​ឆ្នាំ នោះ​ខាង​ឯ​ប្រុស​ត្រូវ​គិត​ថ្លៃ​ជា​ប្រាក់​៥​រៀល ស្រី​៣​រៀល បើ​មាន​អាយុ​៦០​ឆ្នាំ​ឡើង​ទៅ​លើ នោះ​ខាង​ឯ​ប្រុស ត្រូវ​គិត​ថ្លៃ​ជា​១៥​រៀល ស្រី​១០​រៀល តែ​បើ​អ្នក​នោះ​ក្រ​ពេក គ្មាន​ល្មម​នឹង​សង​តាម​ដំឡៃ​ដែល​ឯង​គិត នោះ​ត្រូវ​នាំ​មក​នៅ​ចំពោះ​មុខ​សង្ឃ ហើយ​ត្រូវ​ឲ្យ​សង្ឃ​គិត​ថ្លៃ តាម​កំឡាំង​របស់​អ្នក​ដែល​ជាប់​បំណន់​នោះ​វិញ។ បើ​ជា​សត្វ​វិញ គឺ​ជា​សត្វ​ដែល​គេ​តែង​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​គ្រប់​ទាំង​ដង្វាយ​យ៉ាង​នោះ​ដែល​អ្នក​ណា​ថ្វាយ ត្រូវ​ញែក​ទុក​ជា​បរិសុទ្ធ​សំរាប់​ព្រះ‌យេហូវ៉ា នឹង​ផ្លាស់​ប្តូរ​សត្វ​ល្អ​នឹង​សត្វ​អាក្រក់ ឬ​អាក្រក់ នឹង​ល្អ​មិន​បាន​ឡើយ ឬ​បើ​សិន​ជា​គេ​ចង់​ប្តូរ​សត្វ​នឹង​សត្វ​យ៉ាង​ណា នោះ​ទាំង​សត្វ​ដើម នឹង​សត្វ​ដែល​យក​មក​ប្តូរ ក៏​ត្រូវ​បាន​ញែក​ទុក​ជា​បរិសុទ្ធ​ទាំង​២​រូប បើ​ជា​សត្វ​ណា​មិន​ស្អាត ដែល​មិន​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ឡើយ នោះ​ត្រូវ​នាំ​មក​នៅ​ចំពោះ​មុខ​សង្ឃ ត្រូវ​ឲ្យ​សង្ឃ​គិត​តាម​ដំឡៃ​ដែល​សត្វ​នោះ​ល្អ ឬ​អាក្រក់ ហើយ​ដំឡៃ​ណា​ដែល​គិត​នោះ នឹង​ត្រូវ​បាន​ដូច​ជា​លោក​ដ៏​ជា​សង្ឃ​គិត​ឲ្យ​ពិត តែ​បើ​គេ​ចង់​លោះ​ចេញ​វិញ នោះ​ត្រូវ​ឲ្យ​ថែម​១​ភាគ​ក្នុង​៥ លើ​ដំឡៃ​ដែល​ឯង​បាន​គិត​នោះ​ទៀត។ បើ​មនុស្ស​ណា​ចង់​ញែក​ផ្ទះ​ខ្លួន ទុក​ជា​បរិសុទ្ធ​សំរាប់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ឲ្យ​សង្ឃ​គិត​តាម​ដំឡៃ​ផ្ទះ​នោះ​ដែល​ល្អ​ឬ​អាក្រក់ ហើយ​ដំឡៃ​ណា​ដែល​គិត​នោះ នឹង​ត្រូវ​បាន​ដូច​ជា​សង្ឃ​គិត​ឲ្យ​ពិត តែ​បើ​អ្នក​ដែល​បាន​ថ្វាយ​ផ្ទះ​ចង់​លោះ​មក​វិញ នោះ​ត្រូវ​ឲ្យ​ថែម​ជា​ប្រាក់​១​ភាគ​ក្នុង​៥​លើស​ពី​ថ្លៃ​ដែល​បាន​គិត​ហើយ រួច​ផ្ទះ​នោះ​នឹង​បាន​ជា​របស់​ផង​អ្នក​នោះ​វិញ។ បើ​មនុស្ស​ណា​ចង់​ញែក​ស្រែ ជា​កេរ្តិ៍​របស់​ខ្លួន​១​ចំណែក​ទុក​ជា​បរិសុទ្ធ​សំរាប់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ឲ្យ​ឯង​គិត​តាម​ដំឡៃ​ដែល​សាប‌ព្រោះ​បាន បើ​ព្រោះ​ស្រូវ​១០​ថាំង នោះ​ត្រូវ​គិត​ជា​ប្រាក់​៥០​រៀល បើ​គេ​ថ្វាយ​ស្រែ​របស់​គេ​ចាប់​តាំង​ពី​ឆ្នាំ​សោមនស្ស​មក នោះ​ត្រូវ​តែ​មាន​ដំឡៃ​ដូច​ជា​ឯង​គិត​នោះ​ជា​រហូត​ទៅ តែ​បើ​គេ​ថ្វាយ​ស្រែ​គេ​រំលង​ប៉ុន្មាន​ក្រោយ​ពី​ឆ្នាំ​សោមនស្ស​មក នោះ​ត្រូវ​ឲ្យ​សង្ឃ​បន្ថយ​ដំឡៃ​ដែល​បាន​គិត​ហើយ តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​រហូត​ដល់​ឆ្នាំ​សោមនស្ស​១​ទៀត តែ​បើ​អ្នក​ដែល​បាន​ថ្វាយ​ស្រែ ចង់​លោះ​មក​វិញ នោះ​ត្រូវ​ថែម​១​ភាគ​ក្នុង​៥​លើស​ពី​ដំឡៃ​ដែល​ឯង​បាន​គិត​នោះ រួច​ស្រែ​នោះ​នឹង​បាន​ជា​របស់​ផង​អ្នក​នោះ​វិញ បើ​អ្នក​នោះ​មិន​លោះ​ទេ ហើយ​គេ​លក់​ទៅ​ឲ្យ​ម្នាក់​ទៀត នោះ​នឹង​លោះ​វិញ​ពុំ​បាន​ឡើយ គឺ​កាល​ណា​ដល់​ឆ្នាំ​សោមនស្ស ដែល​ស្រែ​នោះ​ត្រូវ​រួច​ចេញ នោះ​នឹង​បាន​ដាច់​ជា​បរិសុទ្ធ​សំរាប់​ព្រះ‌យេហូវ៉ា ដូច​ជា​ស្រែ​ណា​ដែល​បាន​ថ្វាយ​ដល់​ព្រះ​ហើយ​ដែរ ពួក​សង្ឃ​ត្រូវ​បាន​ស្រែ​នោះ​ទុក​ជា​កេរ‌អាករ​វិញ បើ​គេ​ញែក​ស្រែ​ណា​ដែល​គេ​បាន​ទិញ ដែល​មិន​មែន​ជា​កេរ្តិ៍‌អាករ​ខ្លួន ទុក​ជា​បរិសុទ្ធ​សំរាប់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ឲ្យ​សង្ឃ​គិត​ថ្លៃ​ឲ្យ​អ្នក​នោះ តាម​ដំឡៃ​ដែល​បាន​គិត រហូត​ដល់​ឆ្នាំ​សោមនស្ស រួច​នៅ​ថ្ងៃ​នោះ គេ​ត្រូវ​ចេញ​ថ្លៃ​ដែល​បាន​គិត​នោះ ទុក​ជា​របស់​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា លុះ​ដល់​ឆ្នាំ​សោមនស្ស ស្រែ​នោះ​នឹង​ត្រឡប់​បាន​ទៅ​ម្ចាស់​ដើម​វិញ គឺ​បាន​ទៅ​អ្នក​ដែល​មាន​ស្រែ​នោះ​ជា​កេរ្តិ៍‌អាករ​ពី​ដើម ឯ​ដំឡៃ​ទាំង​ប៉ុន្មាន​ដែល​បាន​គិត​សំរេច នោះ​ត្រូវ​គិត​តាម​ប្រាក់​រៀល​ប្រើ​ក្នុង​ទី​បរិសុទ្ធ គឺ​១​រៀល​ត្រូវ​ជា​១០​កាក់។ ឯ​កូន​ច្បង​ដែល​កើត​ក្នុង​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន គឺ​ជា​ផល​ដំបូង​ថ្វាយ​ព្រះ‌យេហូវ៉ា​ស្រាប់ ហើយ​គ្មាន​អ្នក​ណា​នឹង​ញែក​ទុក​ជា​បរិសុទ្ធ សំរាប់​ព្រះ‌យេហូវ៉ា​បាន​ឡើយ ទោះ​បើ​ជា​គោ​ឬ​ចៀម​ក្តី ដ្បិត​សត្វ​នោះ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា​ហើយ បើ​ជា​កូន​របស់​សត្វ​ដែល​មិន​ស្អាត នោះ​ត្រូវ​ឲ្យ​គេ​លោះ​តាម​ដំឡៃ​ដែល​ឯង​គិត​សំរេច ហើយ​ត្រូវ​ថែម​១​ភាគ​ក្នុង​៥​លើស​ទៅ​ទៀត ឬ​បើ​គេ​មិន​លោះ​ទេ នោះ​ត្រូវ​ឲ្យ​លក់​ទៅ​តាម​ដំឡៃ​ដែល​ឯង​គិត​នោះ។ ប៉ុន្តែ​ឯ​របស់​ដែល​បាន​ថ្វាយ​ដាច់​ទៅ​ហើយ គឺ​ដែល​អ្នក​ណា​ថ្វាយ​ដាច់​ដល់​ព្រះ‌យេហូវ៉ា ពី​របស់​ទ្រព្យ​ខ្លួន​ទាំង​ប៉ុន្មាន ទោះ​ជា​មនុស្ស ឬ​សត្វ ឬ​ស្រែ​ចំការ​ដែល​ជា​កេរ្តិ៍‌អាករ​ខ្លួន​ក្តី នោះ​នឹង​លក់ ឬ​លោះ​វិញ មិន​បាន​ឡើយ គ្រប់​ទាំង​របស់​អ្វី​ដែល​ថ្វាយ​ដាច់​ហើយ នោះ​ត្រូវ​ទុក​ជា​បរិសុទ្ធ​បំផុត​សំរាប់​ព្រះ‌យេហូវ៉ា ឯ​អ្នក​ណា​ក្នុង​ពួក​មនុស្ស​ដែល​បាន​ថ្វាយ​ដាច់​ហើយ នោះ​នឹង​លោះ​ចេញ​វិញ​មិន​បាន​ឡើយ គឺ​ត្រូវ​នៅ​រហូត​ដល់​ស្លាប់។ ហើយ​ផល​ពី​ដី​១​ភាគ​ក្នុង​១០ ទោះ​បើ​ជា​ផល​ដែល​កើត​ពី​ដី ឬ​ជា​ផ្លែ​ឈើ នោះ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​ត្រូវ​តែ​បាន​ទុក​ជា​បរិសុទ្ធ​សំរាប់​ទ្រង់ បើ​អ្នក​ណា​ចង់​លោះ​អ្វី​ពី​១​ភាគ​ក្នុង​១០​ដែល​ខ្លួន​ថ្វាយ នោះ​ត្រូវ​ឲ្យ​ថែម​១​ភាគ​ក្នុង​៥​លើស​ទៅ​ទៀត ឯ​ហ្វូង​សត្វ​ធំ ឬ​តូច​១​ភាគ​ក្នុង​១០ គឺ​សត្វ​ណា​ក៏​ដោយ​ដែល​ចូល​ទៅ​ក្រោម​ដំបង នោះ​ត្រូវ​ជា​ដង្វាយ​១​ភាគ​ក្នុង​១០​ទុក​ជា​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា មិន​ត្រូវ​ឲ្យ​ពិនិត្យ​មើល​ពី​សត្វ​នោះ​ល្អ ឬ​អាក្រក់​ទេ ក៏​មិន​ត្រូវ​ផ្លាស់​ប្តូរ​ដែរ តែ​បើ​ចង់​ប្តូរ​វិញ នោះ​ទាំង​សត្វ​ដើម​នឹង​សត្វ​ដែល​យក​មក​ប្តូរ ត្រូវ​បាន​បរិសុទ្ធ​ដូច​គ្នា សត្វ​ទាំង​នោះ​នឹង​លោះ​វិញ​ពុំ​បាន​ឡើយ។ នេះ​ហើយ​ជា​ក្រិត្យ‌វិន័យ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ត្រង់​ភ្នំ​ស៊ី‌ណាយ សំរាប់​ពួក​កូន​ចៅ​អ៊ីស្រាអែល។:៚

ចែក​រំលែក
អាន លេវីវិន័យ 27