លេវីវិន័យ 27
27
អំពីបំណន់ និងតង្វាយមួយភាគដប់
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2«ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើមានគេបន់ព្រះអម្ចាស់ ដោយសន្យាថ្វាយនរណាម្នាក់ទៅព្រះអង្គ គេអាចរួចពីបំណន់របស់ខ្លួនបានដោយបង់ប្រាក់ តាមការវាយតម្លៃរបស់មនុស្ស។ 3ត្រូវវាយតម្លៃមនុស្សដូចតទៅ: មនុស្សប្រុសដែលមានអាយុពីម្ភៃឆ្នាំទៅហុកសិបឆ្នាំ ត្រូវគិតជាប្រាក់ដប់ប្រាំតម្លឹង តាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។ 4ប្រសិនបើជាស្ត្រី ត្រូវគិតជាប្រាក់ប្រាំបួនតម្លឹង។ 5ចំពោះមនុស្សមានអាយុពីប្រាំទៅម្ភៃឆ្នាំ បើក្មេងប្រុសត្រូវគិតជាប្រាក់ប្រាំមួយតម្លឹង ហើយក្មេងស្រីបីតម្លឹង។ 6ក្មេងមានអាយុពីមួយខែទៅប្រាំឆ្នាំ ត្រូវគិតជាប្រាក់មួយតម្លឹងកន្លះសម្រាប់ក្មេងប្រុស ហើយប្រាំបួនជីសម្រាប់ក្មេងស្រី។ 7ចំពោះចាស់ៗមានអាយុពីហុកសិបឆ្នាំឡើងទៅ ត្រូវគិតបួនតម្លឹងកន្លះសម្រាប់មនុស្សប្រុស ហើយបីតម្លឹងសម្រាប់មនុស្សស្រី។ 8ប្រសិនបើអ្នកបន់នោះជាជនក្រីក្រពេក ពុំអាចបង់ប្រាក់តាមការវាយតម្លៃនេះ ត្រូវនាំអ្នកដែលខ្លួនសន្យាថ្វាយនោះ ទៅជួបបូជាចារ្យ ហើយបូជាចារ្យនឹងវាយតម្លៃគាត់ ដោយគិតតាមកម្រិតជីវភាពរបស់អ្នកបន់។
9ប្រសិនបើគេបន់ដោយសន្យាយកសត្វមកថ្វាយព្រះអម្ចាស់ ត្រូវចាត់ទុកសត្វទាំងនោះជាសក្ការៈថ្វាយព្រះអង្គ។ 10មិនត្រូវយកអ្វីមកដោះដូរសត្វដែលត្រូវថ្វាយព្រះអង្គឡើយ គឺមិនត្រូវយកសត្វល្អ មកដូរយកសត្វអាក្រក់ ឬយកសត្វអាក្រក់មកដូរយកសត្វល្អទេ។ បើអ្នកណាយកសត្វមួយមកដូរសត្វមួយទៀត ត្រូវចាត់ទុកសត្វទាំងពីរជាសក្ការៈ។ 11ប្រសិនបើគេបន់ដោយសន្យាថ្វាយសត្វមិនបរិសុទ្ធ គឺសត្វដែលមិនត្រូវថ្វាយព្រះអម្ចាស់ ត្រូវនាំសត្វនោះទៅជូនបូជាចារ្យ 12បូជាចារ្យត្រូវពិនិត្យមើលគុណភាពរបស់សត្វនោះ រួចវាយតម្លៃ។ 13ប្រសិនបើម្ចាស់សត្វចង់លោះសត្វយកទៅវិញ ត្រូវបង់ប្រាក់មួយភាគប្រាំថែមពីលើតម្លៃដែលបូជាចារ្យបានគិត។
14ប្រសិនបើនរណាម្នាក់ចង់ញែកផ្ទះរបស់ខ្លួនទុកជាសក្ការៈថ្វាយព្រះអម្ចាស់ បូជាចារ្យត្រូវពិនិត្យមើលសភាពផ្ទះនោះនៅល្អ ឬមិនល្អ រួចវាយតម្លៃ។ 15ប្រសិនបើម្ចាស់ផ្ទះចង់លោះផ្ទះរបស់ខ្លួន គាត់ត្រូវបង់ប្រាក់មួយភាគប្រាំថែមពីលើតម្លៃដែលបូជាចារ្យបានគិត ហើយផ្ទះនោះនឹងបានជាកម្មសិទ្ធិរបស់ខ្លួនវិញ។
16ប្រសិនបើនរណាម្នាក់ចង់ញែកដីធ្លីរបស់ខ្លួនទុកជាសក្ការៈថ្វាយព្រះអម្ចាស់ ត្រូវវាយតម្លៃដីដោយគិតតាមចំនួនស្រូវដែលសាបព្រោះ គឺស្រូវដប់ពីរថាំងគិតជាប្រាក់ដប់ប្រាំតម្លឹង។ 17ប្រសិនបើអ្នកនោះញែកដីរបស់ខ្លួនទុកជាសក្ការៈ នៅឆ្នាំមេត្តាករុណា ត្រូវវាយតម្លៃដីទៅតាមនោះដែរ។ 18ប្រសិនបើគេញែកដីរបស់ខ្លួនទុកជាសក្ការៈ ក្រោយឆ្នាំមេត្តាករុណា ត្រូវគិតតម្លៃតាមចំនួនឆ្នាំដែលនៅសល់ រហូតដល់ឆ្នាំមេត្តាករុណាខាងមុខ។ 19បើម្ចាស់ដីចង់លោះដីរបស់ខ្លួន គេត្រូវបង់ប្រាក់មួយភាគប្រាំថែមពីលើតម្លៃដី ហើយដីនោះនឹងបានជាកម្មសិទ្ធិរបស់គេវិញ។ 20ប្រសិនបើគេមិនចង់លោះដីទេ តែលក់ទៅឲ្យអ្នកផ្សេង នោះគេមិនអាចលោះយកដីរបស់ខ្លួនមកវិញឡើយ។ 21នៅឆ្នាំមេត្តាករុណា ពេលអ្នកទិញត្រូវចាកចេញ ដីនោះនឹងទៅជាដីដ៏សក្ការៈរបស់ព្រះអម្ចាស់ ដែលគេថ្វាយផ្ដាច់ដល់ព្រះអង្គ ហើយបានទៅជាកម្មសិទ្ធិរបស់បូជាចារ្យ។
22ប្រសិនបើនរណាម្នាក់ញែកដីមួយដុំថ្វាយជាសក្ការៈដល់ព្រះអម្ចាស់ ហើយដីនោះជាដីដែលគាត់ទិញ គឺមិនមែនជាកេរអាករ 23បូជាចារ្យត្រូវគិតតម្លៃតាមចំនួនឆ្នាំដែលនៅសល់ រហូតដល់ឆ្នាំមេត្តាករុណា ម្ចាស់ដីត្រូវបង់ប្រាក់នៅថ្ងៃនោះតាមតម្លៃដែលបូជាចារ្យបានគិត ហើយប្រាក់ថ្លៃដីត្រូវទុកជាសក្ការៈថ្វាយព្រះអម្ចាស់។ 24លុះដល់ឆ្នាំមេត្តាករុណា ដីនោះនឹងបានទៅជាកម្មសិទ្ធិរបស់ម្ចាស់ដើមវិញ។ 25ការវាយតម្លៃទាំងអស់ត្រូវគិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ គឺឯកតានីមួយៗស្មើនឹងម្ភៃកេរ៉ា*។
26មិនត្រូវឲ្យនរណាម្នាក់ញែកកូនដំបូងពីហ្វូងសត្វរបស់ខ្លួនថ្វាយព្រះអម្ចាស់ឡើយ ដ្បិតកូនដំបូងរបស់សត្វ គឺទាំងកូនគោ ទាំងកូនចៀម ជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ រួចស្រេចទៅហើយ។ 27ប្រសិនបើសត្វនោះជាសត្វមិនបរិសុទ្ធ ត្រូវឲ្យគេលោះតាមតម្លៃដែលអ្នកបានគិត ដោយបន្ថែមតម្លៃមួយភាគប្រាំពីលើ។ ប្រសិនបើគេមិនចង់លោះទេ ត្រូវលក់សត្វនោះទៅឲ្យអ្នកផ្សេង តាមតម្លៃដែលបូជាចារ្យបានគិត។
28 បើនរណាម្នាក់ថ្វាយរបស់អ្វីមួយ ដែលជាកម្មសិទ្ធិរបស់ខ្លួនផ្ដាច់ដល់ព្រះអម្ចាស់ គេពុំអាចលក់ ឬក៏លោះយកតង្វាយនោះឡើយ ទោះបីតង្វាយនោះជាមនុស្ស ជាសត្វ ជាដីធ្លីក៏ដោយ។ អ្វីៗដែលគេថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ នឹងបានទៅជាសក្ការៈថ្វាយព្រះអង្គរហូត។ 29រីឯមនុស្សដែលគេថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ គ្មាននរណាមានសិទ្ធិលោះឡើយ គឺត្រូវតែប្រហារជីវិត។
30 តង្វាយមួយភាគដប់ទាំងអស់គឺភោគផលដែលកើតចេញពីដី ឬផ្លែឈើក្ដី ត្រូវទុកជាសក្ការៈថ្វាយព្រះអម្ចាស់។ 31ប្រសិនបើនរណាម្នាក់ចង់លោះតង្វាយមួយភាគដប់មកវិញ ត្រូវបង់ប្រាក់ចំនួនមួយភាគប្រាំថែមពីលើ។ 32ចំពោះហ្វូងគោ និងហ្វូងចៀម ក៏ត្រូវថ្វាយសត្វមួយភាគដប់ទុកជាសក្ការៈដល់ព្រះអម្ចាស់ដែរ។ 33ម្ចាស់មិនត្រូវរើសសត្វល្អ ឬមិនល្អ សម្រាប់ថ្វាយព្រះអង្គទេ ហើយក៏មិនត្រូវយកសត្វផ្សេងមកដោះដូរសត្វដែលត្រូវថ្វាយនោះដែរ។ ប្រសិនបើគេយកសត្វមួយមកដូរយកសត្វមួយទៀត ត្រូវចាត់ទុកសត្វទាំងពីរជាសក្ការៈ ហើយមិនអាចលោះយកទៅវិញទេ»។
34នេះហើយជាបទបញ្ជា ដែលព្រះអម្ចាស់ប្រទានមកលោកម៉ូសេនៅលើភ្នំស៊ីណៃ សម្រាប់ជនជាតិអ៊ីស្រាអែល។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 27: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.