ជនគណនា 1
1
ជនជាតិអ៊ីស្រាអែលនៅក្នុងវាលរហោស្ថានស៊ីណៃ
ការជំរឿនប្រជាជនអ៊ីស្រាអែលនៅវាលរហោស្ថានស៊ីណៃ
1 នៅថ្ងៃទីមួយ ខែពិសាខនៃឆ្នាំទីពីរ ក្រោយពេលប្រជាជនអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅវាលរហោស្ថានស៊ីណៃ ក្នុងពន្លាជួបព្រះអង្គដូចតទៅ៖ 2«ចូរជំរឿនប្រជាជនក្នុងសហគមន៍អ៊ីស្រាអែលទាំងមូល ដោយរាប់ឈ្មោះប្រុសៗទាំងអស់ តាមអំបូរ តាមគ្រួសាររបស់គេ។ 3អើរ៉ុន និងអ្នកផ្ទាល់ ត្រូវជំរឿនប្រជាជនអ៊ីស្រាអែលទាំងអស់ តាមកងពលរបស់ពួកគេ គឺអ្នកដែលអាចបម្រើកងទ័ពបាន និងមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ។ 4ក្នុងកុលសម្ព័ន្ធនីមួយៗត្រូវយកបុរសម្នាក់ដែលជាមេលើក្រុមគ្រួសារ មកជួយអ្នកទាំងពីរក្នុងការជំរឿនប្រជាជន។ 5អស់អ្នកដែលត្រូវមកធ្វើការជាមួយអ្នកទាំងពីរ មានរាយនាមដូចតទៅ: អេលីស៊ើរ ជាកូនរបស់សេដេអ៊ើរ ពីកុលសម្ព័ន្ធរូបេន។ 6ស្លូមាលជាកូនរបស់ស៊ូរីសាដាយ ពីកុលសម្ព័ន្ធស៊ីម្មាន។ 7ណាសូនជាកូនរបស់អមីណាដាប់ ពីកុលសម្ព័ន្ធយូដា។ 8នេថានេលជាកូនរបស់ស៊ូហារ ពីកុលសម្ព័ន្ធអ៊ីសាខារ។ 9អេលាបជាកូនរបស់ហេឡូន ពីកុលសម្ព័ន្ធសាប់យូឡូន។ 10ក្នុងពូជពង្សរបស់យ៉ូសែប គឺអេលីសាម៉ាជាកូនរបស់អាំមីហ៊ូដ ពីកុលសម្ព័ន្ធអេប្រាអ៊ីម និងកាម៉ាលាលជាកូនរបស់ផ្តាស៊ើរ ពីកុលសម្ព័ន្ធម៉ាណាសេ។ 11អប៊ីដានជាកូនរបស់គីដាហូនី ពីកុលសម្ព័ន្ធបេនយ៉ាមីន។ 12អហ៊ីយេស៊ើរជាកូនរបស់អាំមីសាដាយ ពីកុលសម្ព័ន្ធដាន់។ 13ប៉ាគីហ៊ាលជាកូនរបស់អូក្រាន ពីកុលសម្ព័ន្ធអេស៊ើរ។ 14អេលាសាប់ជាកូនរបស់ដេហូអែល ពីកុលសម្ព័ន្ធកាដ។ 15អហ៊ីរ៉ាជាកូនរបស់អេណាន់ ពីកុលសម្ព័ន្ធណែបថាលី»។
16អស់លោកទាំងនេះសុទ្ធតែជាតំណាងរបស់សហគមន៍ ជាមេដឹកនាំកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន និងជាមេទ័ពអ៊ីស្រាអែល។ 17លោកម៉ូសេ និងលោកអើរ៉ុន បាននាំអស់អ្នកដែលមានរាយនាមខាងលើនេះមក 18ហើយនៅថ្ងៃទីមួយនៃខែពិសាខនោះ គេបានប្រមូលផ្ដុំសហគមន៍ទាំងមូល។ ជនជាតិអ៊ីស្រាអែលដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ នាំគ្នាចុះឈ្មោះក្នុងបញ្ជី តាមខ្សែស្រឡាយ តាមអំបូរ និងតាមគ្រួសាររបស់ខ្លួន។ 19លោកម៉ូសេជំរឿនប្រជាជន នៅវាលរហោស្ថានស៊ីណៃ ដូចព្រះអម្ចាស់បានបង្គាប់មកលោក។
20កូនចៅលោករូបេន ជាកូនច្បងរបស់លោកអ៊ីស្រាអែល រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារប្រុសៗទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ នឹងអាចបម្រើកងទ័ពបាន 21ក្នុងកុលសម្ព័ន្ធរូបេនជំរឿនបានទាំងអស់ ៤៦ ៥០០ នាក់។
22កូនចៅលោកស៊ីម្មាន រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារ ចំនួនប្រុសៗទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន 23ក្នុងកុលសម្ព័ន្ធស៊ីម្មានជំរឿនបានទាំងអស់ ៥៩ ៣០០ នាក់។
24កូនចៅលោកកាដ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន 25ក្នុងកុលសម្ព័ន្ធកាដជំរឿនបានទាំងអស់ ៤៥ ៦៥០ នាក់។
26កូនចៅលោកយូដា រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន 27ក្នុងកុលសម្ព័ន្ធយូដាជំរឿនបានទាំងអស់ ៧៤ ៦០០ នាក់។
28កូនចៅលោកអ៊ីសាខារ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន 29ក្នុងកុលសម្ព័ន្ធអ៊ីសាខារ ជំរឿនបានទាំងអស់ ៥៤ ៤០០នាក់។
30កូនចៅលោកសាប់យូឡូន រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន 31ក្នុងកុលសម្ព័ន្ធសាប់យូឡូនជំរឿនបានទាំងអស់ ៥៧ ៤០០ នាក់។
32រីឯពូជពង្សរបស់លោកយ៉ូសែប កូនចៅលោកអេប្រាអ៊ីម រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន 33ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីមជំរឿនបានទាំងអស់ ៤០ ៥០០ នាក់។
34កូនចៅលោកម៉ាណាសេ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន 35ក្នុងកុលសម្ព័ន្ធម៉ាណាសេ ជំរឿនបានទាំងអស់ ៣២ ២០០ នាក់។
36កូនចៅលោកបេនយ៉ាមីន រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន 37ក្នុងកុលសម្ព័ន្ធបេនយ៉ាមីនជំរឿនបានទាំងអស់ ៣៥ ៤០០ នាក់។
38កូនចៅលោកដាន់ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន 39ក្នុងកុលសម្ព័ន្ធដាន់ ជំរឿនបានទាំងអស់ ៦២ ៧០០ នាក់។
40កូនចៅលោកអេស៊ើរ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ នឹងអាចបម្រើកងទ័ពបាន 41ក្នុងកុលសម្ព័ន្ធអេស៊ើរ ជំរឿនបានទាំងអស់ ៤១ ៥០០ នាក់។
42រីឯកូនចៅលោកណែបថាលី រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន 43ក្នុងកុលសម្ព័ន្ធណែបថាលី ជំរឿនបានទាំងអស់ ៥៣ ៤០០ នាក់។
44នេះជាចំនួនអស់អ្នកដែលលោកម៉ូសេ លោកអើរ៉ុន និងមេដឹកនាំទាំងដប់ពីរ ជាតំណាងរបស់កុលសម្ព័ន្ធអ៊ីស្រាអែល បានជំរឿន។ 45ចំនួនជនជាតិអ៊ីស្រាអែលទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និងអាចបម្រើកងទ័ពបាន រាប់តាមគ្រួសាររបស់គេ 46ជំរឿនបានទាំងអស់ ៦០៣ ៥៥០ នាក់។
តួនាទីពិសេសរបស់កុលសម្ព័ន្ធលេវី
47គេពុំបានជំរឿនប្រជាជនក្នុងកុលសម្ព័ន្ធលេវីជាមួយអ្នកឯទៀតៗទេ 48ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 49«កុំជំរឿនប្រជាជនក្នុងកុលសម្ព័ន្ធលេវី ជាមួយជនជាតិអ៊ីស្រាអែលឯទៀតៗឡើយ។ 50ចូរប្រគល់ភារកិច្ចឲ្យពួកគេមើលខុសត្រូវក្នុងព្រះពន្លា*នៃសន្ធិសញ្ញា* និងថែរក្សាគ្រឿងបរិក្ខារទាំងប៉ុន្មានដែលមាននៅទីនោះ។ ពួកគេសែងព្រះពន្លា និងគ្រឿងបរិក្ខារទាំងប៉ុន្មាននៅក្នុងព្រះពន្លា ពួកគេបម្រើការងារនៅក្នុងព្រះពន្លា ហើយបោះជំរំនៅជុំវិញព្រះពន្លានោះ។ 51ពេលណាព្រះពន្លាត្រូវចាកចេញ ពួកលេវីត្រូវរុះព្រះពន្លា ពេលណាព្រះពន្លាត្រូវឈប់ ពួកលេវីដំឡើងព្រះពន្លាឡើងវិញ។ រីឯអ្នកផ្សេងដែលចូលមកជិតព្រះពន្លានឹងមានទោសដល់ស្លាប់។ 52ជនជាតិអ៊ីស្រាអែលបោះជំរំនៅតាមកន្លែងរបស់ខ្លួន ក្បែរទង់សញ្ញានៃកងពលរបស់គេរៀងៗខ្លួន។ 53មានតែពួកលេវីប៉ុណ្ណោះ ដែលបោះជំរំនៅជុំវិញព្រះពន្លានៃសន្ធិសញ្ញា។ ធ្វើដូច្នេះ សហគមន៍អ៊ីស្រាអែលមិនបណ្ដាលឲ្យខ្លួនមានទោសឡើយ។ ពួកលេវីមានភារកិច្ចបម្រើការងារ នៅក្នុងព្រះពន្លានៃសន្ធិសញ្ញា»។
54ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមព្រះបន្ទូល ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ ឥតមានចន្លោះត្រង់ណាឡើយ។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 1: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.