ជនគណនា 1

1
ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ស៊ីណៃ
ការ​ជំរឿន​ប្រជា‌ជន​អ៊ីស្រា‌អែល​នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ
1 នៅ​ថ្ងៃ​ទី​មួយ ខែ​ពិសាខ​នៃ​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​ប្រជា‌ជន​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ ក្នុង​ពន្លា​ជួប​ព្រះអង្គ​ដូច​ត​ទៅ៖ 2«ចូរ​ជំរឿន​ប្រជា‌ជន​ក្នុង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដោយ​រាប់​ឈ្មោះ​ប្រុសៗ​ទាំង​អស់ តាម​អំបូរ តាម​គ្រួសារ​របស់​គេ។ 3អើរ៉ុន និង​អ្នក​ផ្ទាល់ ត្រូវ​ជំរឿន​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់ តាម​កង‌ពល​របស់​ពួក​គេ គឺ​អ្នក​ដែល​អាច​បម្រើ​កង‌ទ័ព​បាន និង​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ។ 4ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ​ត្រូវ​យក​បុរស​ម្នាក់​ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ មក​ជួយ​អ្នក​ទាំង​ពីរ​ក្នុង​ការ​ជំរឿន​ប្រជា‌ជន។ 5អស់​អ្នក​ដែល​ត្រូវ​មក​ធ្វើ​ការ​ជា​មួយ​អ្នក​ទាំង​ពីរ មាន​រាយ​នាម​ដូច​ត​ទៅ: អេលី‌ស៊ើរ ជា​កូន​របស់​សេដេ‌អ៊ើរ ពី​កុល‌សម្ព័ន្ធ​រូបេន។ 6ស្លូមាល​ជា​កូន​របស់​ស៊ូរី‌សាដាយ ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន។ 7ណាសូន​ជា​កូន​របស់​អមីណា‌ដាប់ ពី​កុល‌សម្ព័ន្ធ​យូដា។ 8នេថា‌នេល​ជា​កូន​របស់​ស៊ូហារ ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ។ 9អេលាប​ជា​កូន​របស់​ហេឡូន ពី​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន។ 10ក្នុង​ពូជ‌ពង្ស​របស់​យ៉ូសែប គឺ​អេលី‌សាម៉ា​ជា​កូន​របស់​អាំមី‌ហ៊ូដ ពី​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម និង​កាម៉ា‌លាល​ជា​កូន​របស់​ផ្តាស៊ើរ ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។ 11អប៊ីដាន​ជា​កូន​របស់​គីដា‌ហូនី ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។ 12អហ៊ីយេ‌ស៊ើរ​ជា​កូន​របស់​អាំមី‌សាដាយ ពី​កុល‌សម្ព័ន្ធ​ដាន់។ 13ប៉ាគី‌ហ៊ាល​ជា​កូន​របស់​អូក្រាន ពី​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ។ 14អេលា‌សាប់​ជា​កូន​របស់​ដេហូ‌អែល ពី​កុល‌សម្ព័ន្ធ​កាដ។ 15អហ៊ី‌រ៉ា​ជា​កូន​របស់​អេណាន់ ពី​កុល‌សម្ព័ន្ធ​ណែប‌ថាលី»។
16អស់​លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​តំណាង​របស់​សហគមន៍ ជា​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន និង​ជា​មេ‌ទ័ព​អ៊ីស្រា‌អែល។ 17លោក​ម៉ូសេ និង​លោក​អើរ៉ុន បាន​នាំ​អស់​អ្នក​ដែល​មាន​រាយ​នាម​ខាង​លើ​នេះ​មក 18ហើយ​នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ពិសាខ​នោះ គេ​បាន​ប្រមូល​ផ្ដុំ​សហគមន៍​ទាំង​មូល។ ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នាំ​គ្នា​ចុះ​ឈ្មោះ​ក្នុង​បញ្ជី តាម​ខ្សែ​ស្រឡាយ តាម​អំបូរ និង​តាម​គ្រួសារ​របស់​ខ្លួន។ 19លោក​ម៉ូសេ​ជំរឿន​ប្រជា‌ជន នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក។
20កូន​ចៅ​លោក​រូបេន ជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ​ប្រុសៗ​ទាំង​អស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នឹង​អាច​បម្រើ​កង‌ទ័ព​បាន 21ក្នុង​កុល‌សម្ព័ន្ធ​រូបេន​ជំរឿន​បាន​ទាំង​អស់ ៤៦ ៥០០ នាក់។
22កូន​ចៅ​លោក​ស៊ីម្មាន រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ ចំនួន​ប្រុសៗ​ទាំង​អស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន 23ក្នុង​កុល‌សម្ព័ន្ធ​ស៊ីម្មាន​ជំរឿន​បាន​ទាំង​អស់ ៥៩ ៣០០ នាក់។
24កូន​ចៅ​លោក​កាដ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន 25ក្នុង​កុល‌សម្ព័ន្ធ​កាដ​ជំរឿន​បាន​ទាំង​អស់ ៤៥ ៦៥០ នាក់។
26កូន​ចៅ​លោក​យូដា រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន 27ក្នុង​កុល‌សម្ព័ន្ធ​យូដា​ជំរឿន​បាន​ទាំង​អស់ ៧៤ ៦០០ នាក់។
28កូន​ចៅ​លោក​អ៊ីសា‌ខារ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន 29ក្នុង​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ ជំរឿន​បាន​ទាំង​អស់ ៥៤ ៤០០​នាក់។
30កូន​ចៅ​លោក​សាប់យូ‌ឡូន រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន 31ក្នុង​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន​ជំរឿន​បាន​ទាំង​អស់ ៥៧ ៤០០ នាក់។
32រីឯ​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប កូន​ចៅ​លោក​អេប្រាអ៊ីម រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន 33ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ជំរឿន​បាន​ទាំង​អស់ ៤០ ៥០០ នាក់។
34កូន​ចៅ​លោក​ម៉ាណា‌សេ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន 35ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ជំរឿន​បាន​ទាំង​អស់ ៣២ ២០០ នាក់។
36កូន​ចៅ​លោក​បេន‌យ៉ាមីន រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន 37ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ជំរឿន​បាន​ទាំង​អស់ ៣៥ ៤០០ នាក់។
38កូន​ចៅ​លោក​ដាន់ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន 39ក្នុង​កុល‌សម្ព័ន្ធ​ដាន់ ជំរឿន​បាន​ទាំង​អស់ ៦២ ៧០០ នាក់។
40កូន​ចៅ​លោក​អេ‌ស៊ើរ រាប់​តាម​គ្រួសារ តាម​ខ្សែ​ស្រឡាយ តាម​អំបូរ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នឹង​អាច​បម្រើ​កង‌ទ័ព​បាន 41ក្នុង​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ ជំរឿន​បាន​ទាំង​អស់ ៤១ ៥០០ នាក់។
42រីឯ​កូន​ចៅ​លោក​ណែប‌ថាលី រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន 43ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី ជំរឿន​បាន​ទាំង​អស់ ៥៣ ៤០០ នាក់។
44នេះ​ជា​ចំនួន​អស់​អ្នក​ដែល​លោក​ម៉ូសេ លោក​អើរ៉ុន និង​មេ​ដឹក​នាំ​ទាំង​ដប់‌ពីរ ជា​តំណាង​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល បាន​ជំរឿន។ 45ចំនួន​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន រាប់​តាម​គ្រួសារ​របស់​គេ 46ជំរឿន​បាន​ទាំង​អស់ ៦០៣ ៥៥០ នាក់។
តួ‌នាទី​ពិសេស​របស់​កុល‌សម្ព័ន្ធ​លេវី
47គេ​ពុំ​បាន​ជំរឿន​ប្រជា‌ជន​ក្នុង​កុល‌សម្ព័ន្ធ​លេវី​ជា​មួយ​អ្នក​ឯ​ទៀតៗ​ទេ 48ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 49«កុំ​ជំរឿន​ប្រជា‌ជន​ក្នុង​កុល‌សម្ព័ន្ធ​លេវី ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ឡើយ។ 50ចូរ​ប្រគល់​ភារ‌កិច្ច​ឲ្យ​ពួក​គេ​មើល​ខុស​ត្រូវ​ក្នុង​ព្រះ‌ពន្លា*​នៃ​សន្ធិ‌សញ្ញា* និង​ថែ‌រក្សា​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ទី​នោះ។ ពួក​គេ​សែង​ព្រះ‌ពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ពន្លា ពួក​គេ​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ពន្លា ហើយ​បោះ​ជំរំ​នៅ​ជុំ‌វិញ​ព្រះ‌ពន្លា​នោះ។ 51ពេល​ណា​ព្រះ‌ពន្លា​ត្រូវ​ចាក​ចេញ ពួក​លេវី​ត្រូវ​រុះ​ព្រះ‌ពន្លា ពេល​ណា​ព្រះ‌ពន្លា​ត្រូវ​ឈប់ ពួក​លេវី​ដំឡើង​ព្រះ‌ពន្លា​ឡើង​វិញ។ រីឯ​អ្នក​ផ្សេង​ដែល​ចូល​មក​ជិត​ព្រះ‌ពន្លា​នឹង​មាន​ទោស​ដល់​ស្លាប់។ 52ជន‌ជាតិ​អ៊ីស្រា‌អែល​បោះ​ជំរំ​នៅ​តាម​កន្លែង​របស់​ខ្លួន ក្បែរ​ទង់​សញ្ញា​នៃ​កង‌ពល​របស់​គេ​រៀងៗ​ខ្លួន។ 53មាន​តែ​ពួក​លេវី​ប៉ុណ្ណោះ ដែល​បោះ​ជំរំ​នៅ​ជុំ‌វិញ​ព្រះ‌ពន្លា​នៃ​សន្ធិ‌សញ្ញា។ ធ្វើ​ដូច្នេះ សហគមន៍​អ៊ីស្រា‌អែល​មិន​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស​ឡើយ។ ពួក​លេវី​មាន​ភារ‌កិច្ច​បម្រើ​ការ‌ងារ នៅ​ក្នុង​ព្រះ‌ពន្លា​នៃ​សន្ធិ‌សញ្ញា»។
54ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ឥត​មាន​ចន្លោះ​ត្រង់​ណា​ឡើយ។

ទើបបានជ្រើសរើសហើយ៖

ជនគណនា 1: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល