លេវីវិន័យ 26
26
ព្រះពរ និងបណ្ដាសា
1 «អ្នករាល់គ្នាមិនត្រូវធ្វើរូបព្រះក្លែងក្លាយ មិនត្រូវធ្វើរូបបដិមា ឬស្តូប ហើយក៏មិនត្រូវបញ្ឈរថ្មរចនានៅក្នុងស្រុករបស់អ្នករាល់គ្នា សម្រាប់ថ្វាយបង្គំឡើយ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។
2ចូរប្រារព្ធពិធីបុណ្យសប្ប័ទរបស់យើង ហើយគោរពទីសក្ការៈរបស់យើង ដ្បិតយើងជាព្រះអម្ចាស់។
3 ប្រសិនបើអ្នករាល់គ្នាកាន់តាមច្បាប់របស់យើង ហើយគោរព និងប្រតិបត្តិតាមបទបញ្ជារបស់យើង 4នោះយើងនឹងធ្វើឲ្យមានភ្លៀងធ្លាក់មកលើស្រុករបស់អ្នករាល់គ្នា តាមរដូវកាល។ ដីនឹងផ្ដល់ភោគផល ហើយដើមឈើក៏ផ្ដល់ផ្លែដែរ។ 5អ្នករាល់គ្នានឹងបោកបែនស្រូវ រហូតដល់ពេលបេះផ្លែទំពាំងបាយជូរ ហើយអ្នករាល់គ្នានឹងបេះផ្លែទំពាំងបាយជូរ រហូតដល់ពេលសាបព្រោះ។ អ្នករាល់គ្នាមានអាហារបរិភោគយ៉ាងបរិបូណ៌ ហើយរស់នៅក្នុងស្រុករបស់ខ្លួនយ៉ាងសុខសាន្ត។ 6យើងនឹងធ្វើឲ្យស្រុករបស់អ្នករាល់គ្នាមានសុខសន្តិភាព អ្នករាល់គ្នានឹងសម្រាកយ៉ាងសុខស្រួល គ្មាននរណាមកធ្វើឲ្យភ័យខ្លាចឡើយ។ យើងកម្ចាត់សត្វសាហាវឲ្យអស់ពីក្នុងស្រុករបស់អ្នករាល់គ្នា ហើយក៏គ្មានសង្គ្រាមកើតមាននៅស្រុករបស់អ្នករាល់គ្នាដែរ។ 7អ្នករាល់គ្នាដេញតាមខ្មាំងសត្រូវ ពួកគេនឹងដួលស្លាប់ដោយមុខដាវនៅមុខអ្នករាល់គ្នា។ 8អ្នករាល់គ្នាតែប្រាំនាក់នឹងដេញប្រហារសត្រូវមួយរយនាក់ ហើយអ្នករាល់គ្នាមួយរយនាក់នឹងដេញប្រហារសត្រូវមួយម៉ឺននាក់។ ខ្មាំងសត្រូវនឹងដួលស្លាប់ដោយមុខដាវ នៅមុខអ្នករាល់គ្នា។ 9យើងនឹងសម្តែងចិត្តមេត្តាចំពោះអ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាបង្កើតកូនចៅ និងកើនចំនួនច្រើនឡើង។ យើងនឹងរក្សាសម្ពន្ធមេត្រី*ដែលយើងបានចងជាមួយអ្នករាល់គ្នា។ 10អ្នករាល់គ្នានឹងបរិភោគស្រូវចាស់ បន្ទាប់មក អ្នករាល់គ្នាយកស្រូវចាស់ចេញពីជង្រុក ដើម្បីដាក់ស្រូវថ្មីវិញ។ 11យើងនឹងរស់នៅកណ្ដាលចំណោមអ្នករាល់គ្នា យើងនឹងមិនឃ្លាតឆ្ងាយពីអ្នករាល់គ្នាឡើយ។ 12 យើងនឹងស្ថិតនៅកណ្ដាលចំណោមអ្នករាល់គ្នា ដើម្បីធ្វើជាព្រះរបស់អ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង។ 13យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងបាននាំអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើជាទាសករនៅស្រុកនោះទៀតឡើយ។ យើងបានកាច់បំបាក់នឹមដែលស្ថិតនៅលើអ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាដើរដោយខ្ពស់មុខ។
14ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់តាមយើង ហើយមិនប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់យើងទេ 15ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលច្បាប់របស់យើង ហើយមិនរវីរវល់នឹងវិន័យរបស់យើង គឺមិនប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់យើង ព្រមទាំងផ្ដាច់សម្ពន្ធមេត្រីរបស់យើង 16យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចតទៅ: យើងនឹងធ្វើឲ្យអ្នករាល់គ្នាជួបគ្រោះភ័យ គឺជំងឺរ៉ាំរ៉ៃ និងជំងឺគ្រុន ដែលធ្វើឲ្យអ្នករាល់គ្នាស្រវាំងភ្នែក និងគ្រាំគ្រាចិត្ត។ អ្នករាល់គ្នាសាបព្រោះ តែមិនបានផលអ្វីទេ ដ្បិតខ្មាំងនឹងមកស៊ីបង្ហិនអស់។ 17យើងប្រឆាំងនឹងអ្នករាល់គ្នា ហើយខ្មាំងសត្រូវនឹងមានជ័យជម្នះលើអ្នករាល់គ្នា អស់អ្នកដែលស្អប់អ្នករាល់គ្នានឹងត្រួតត្រាលើអ្នករាល់គ្នា ហើយទោះបីគ្មាននរណាដេញតាមក្ដី ក៏អ្នករាល់គ្នារត់គេចខ្លួនដែរ។
18ទោះបីយ៉ាងនេះក្ដី ប្រសិនបើអ្នករាល់គ្នានៅតែពុំព្រមស្ដាប់យើងទេ យើងនឹងដាក់ទោសអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដង ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ 19យើងនឹងបំបាក់អំនួត ដែលនាំឲ្យអ្នករាល់គ្នាទុកចិត្តលើកម្លាំងខ្លួនឯង។ យើងនឹងធ្វើឲ្យមេឃរាំងស្ងួត ធ្វើឲ្យដីបែកក្រហែង។ 20អ្នករាល់គ្នាខំប្រឹងធ្វើការ តែមិនបានផលអ្វីទេ ព្រោះដីមិនផ្ដល់ភោគផល ហើយដើមឈើក៏គ្មានផ្លែដែរ។
21ប្រសិនបើអ្នករាល់គ្នានៅតែជំទាស់នឹងយើង ហើយមិនព្រមស្ដាប់យើងទេ យើងនឹងវាយអ្នករាល់គ្នាខ្លាំងជាងនេះប្រាំពីរដង ស្របតាមអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ 22យើងនឹងឲ្យសត្វព្រៃមកយាយីអ្នករាល់គ្នា វានឹងប្រហារកូនចៅរបស់អ្នករាល់គ្នា វានឹងបំផ្លាញហ្វូងសត្វរបស់អ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នានៅសល់ចំនួនតិចតួច រហូតដល់ផ្លូវរបស់អ្នករាល់គ្នាគ្មានមនុស្សដើរ។
23ទោះបីយ៉ាងនេះក្ដី ប្រសិនបើអ្នករាល់គ្នាមិនព្រមកែខ្លួនតាមការប្រដៅរបស់យើង ហើយនៅតែមានចិត្តមានះប្រឆាំងនឹងយើង 24យើងក៏ប្រឆាំងនឹងអ្នករាល់គ្នាវិញដែរ យើងវាយអ្នករាល់គ្នាប្រាំពីរដងខ្លាំងជាងនេះ ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ 25យើងនឹងធ្វើឲ្យសង្គ្រាមកើតឡើងនៅក្នុងស្រុករបស់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានផ្ដាច់សម្ពន្ធមេត្រី។ ពេលអ្នករាល់គ្នាជួបជុំគ្នានៅតាមទីក្រុង យើងនឹងធ្វើឲ្យជំងឺរាតត្បាតកើតមានក្នុងចំណោមអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។ 26ពេលណាយើងធ្វើឲ្យអ្នករាល់គ្នាខ្វះខាតម្ហូបអាហារ ស្ត្រីដប់នាក់នឹងដុតនំប៉័ងនៅក្នុងឡតែមួយ។ គេនឹងចែករបបនំប៉័ងឲ្យអ្នករាល់គ្នា អ្នករាល់គ្នានឹងបរិភោគ តែមិនឆ្អែតឡើយ។
27ទោះបីយ៉ាងនេះក្ដី បើអ្នករាល់គ្នាមិនព្រមស្ដាប់យើង ហើយមានចិត្តមានះប្រឆាំងនឹងយើង 28យើងក៏ប្រឆាំងនឹងអ្នករាល់គ្នាវិញយ៉ាងខ្លាំងដែរ។ យើងនឹងវាយប្រដៅអ្នករាល់គ្នាប្រាំពីរដងខ្លាំងជាង ព្រោះតែអំពើបាបដែលអ្នករាល់គ្នាប្រព្រឹត្ត។ 29អ្នករាល់គ្នានឹងបរិភោគសាច់កូនប្រុសកូនស្រីរបស់ខ្លួន។ 30យើងនឹងកម្ទេចកន្លែងសក្ការៈរបស់អ្នករាល់គ្នានៅតាមទួលខ្ពស់ៗ យើងនឹងផ្ដួលរំលំបង្គោលសក្ការៈរបស់អ្នករាល់គ្នា យើងនឹងឲ្យសាកសពរបស់អ្នករាល់គ្នា ដួលដេកជាមួយកម្ទេចរូបព្រះក្លែងក្លាយរបស់អ្នករាល់គ្នា។ ហើយយើងឃ្លាតចេញពីអ្នករាល់គ្នា។ 31យើងនឹងកម្ទេចក្រុងរបស់អ្នករាល់គ្នាឲ្យក្លាយទៅជាទីស្មសាន យើងនឹងបំផ្លាញទីសក្ការៈរបស់អ្នករាល់គ្នា ហើយយើងមិនស្រងក្លិននៃគ្រឿងក្រអូបរបស់អ្នករាល់គ្នាទៀតឡើយ។ 32យើងនឹងបំផ្លាញស្រុករបស់អ្នករាល់គ្នា ធ្វើឲ្យខ្មាំងសត្រូវដែលមករស់នៅក្នុងស្រុកនោះស្រឡាំងកាំង។ 33យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ឲ្យទៅនៅក្នុងចំណោមប្រជាជាតិនានា យើងនឹងយកដាវដេញតាមពីក្រោយអ្នករាល់គ្នា។ ស្រុករបស់អ្នករាល់គ្នានឹងនៅស្ងាត់ជ្រងំ ហើយក្រុងរបស់អ្នករាល់គ្នានឹងគ្មាននរណារស់នៅ។
34ស្រុកទេសនឹងបានសម្រាក ក្នុងពេលដែលអ្នករាល់គ្នាត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក។ ទឹកដីនឹងបានសម្រាកជំនួសឆ្នាំសប្ប័ទ ដែលអ្នករាល់គ្នាពុំបានគោរព។ 35ក្នុងពេលស្រុកស្ងាត់ជ្រងំនោះ ទឹកដីនឹងបានសម្រាក ដ្បិតកាលអ្នករាល់គ្នារស់នៅក្នុងស្រុក ដីពុំបានសម្រាកទេ ព្រោះអ្នករាល់គ្នាមិនគោរពឆ្នាំសប្ប័ទសោះឡើយ។ 36រីឯអស់អ្នកដែលរួចពីស្លាប់ ហើយត្រូវខ្មាំងចាប់ទៅជាឈ្លើយនោះ យើងនឹងធ្វើឲ្យចិត្តរបស់គេភ័យបាក់ស្បាត សូម្បីតែសំឡេងស្លឹកឈើជ្រុះក៏ធ្វើឲ្យគេភ័យ ហើយរត់ដូចរត់គេចពីមុខដាវ។ ពួកគេនឹងដួលស្លាប់ ដោយគ្មាននរណាដេញតាមពីក្រោយ។ 37ពួកគេនឹងជំពប់ដួលគរលើគ្នាដូចដួលនៅមុខដាវ ដោយឥតមាននរណាដេញតាមក្រោយឡើយ។ អ្នករាល់គ្នាពុំអាចតទល់នឹងខ្មាំងសត្រូវទេ។ 38អ្នករាល់គ្នានឹងវិនាសនៅក្នុងស្រុករបស់ប្រជាជាតិនានា ហើយគេនឹងបញ្ចុះសពអ្នករាល់គ្នា នៅក្នុងទឹកដីរបស់ខ្មាំងសត្រូវ។ 39ក្នុងចំណោមអ្នករាល់គ្នា អស់អ្នកដែលរួចពីស្លាប់ នឹងត្រូវវិនាសនៅក្នុងទឹកដីរបស់ខ្មាំងសត្រូវ ព្រោះតែអំពើបាបរបស់ខ្លួន និងអំពើបាបរបស់ដូនតា។
40ពេលពួកគេទទួលសារភាពកំហុសរបស់ខ្លួន និងកំហុសរបស់ដូនតាខ្លួន ហើយទទួលសារភាពថា គេមិនបានស្មោះត្រង់ចំពោះយើង ព្រមទាំងមានចិត្តមានះប្រឆាំងនឹងយើង 41ពេលពួកគេយល់ថា យើងបានប្រឆាំងនឹងពួកគេ ហើយនាំពួកគេទៅរស់នៅលើទឹកដីរបស់ខ្មាំង ពួកគេដែលធ្លាប់តែមានចិត្តរឹងរូស បែរជាឱនលំទោន និងយល់ព្រមទទួលទណ្ឌកម្ម។ 42 ពេលនោះ យើងនឹងនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយយ៉ាកុប អ៊ីសាក និងអប្រាហាំ ហើយយើងក៏នឹកដល់ទឹកដីរបស់ពួកគេដែរ។ 43ក្នុងពេលពួកគេមិនរស់នៅក្នុងស្រុក គឺពេលដែលទឹកដីស្ងាត់ជ្រងំនោះ ទឹកដីនឹងបានសម្រាកដូចនៅឆ្នាំសប្ប័ទ។ ពួកគេទទួលទណ្ឌកម្ម ព្រោះគេបានបោះបង់ចោលវិន័យរបស់យើង និងបែកចិត្តចេញពីច្បាប់របស់យើង។ 44ប៉ុន្តែ ពេលពួកគេរស់នៅក្នុងស្រុករបស់ខ្មាំង យើងនឹងមិនបោះបង់ចោលពួកគេ ហើយយើងក៏មិនបែកចិត្តចេញឆ្ងាយពីពួកគេ រហូតដល់ទៅលុបបំបាត់ពួកគេទាំងស្រុង ឬផ្ដាច់សម្ពន្ធមេត្រីជាមួយពួកគេដែរ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។ 45យើងនឹងជួយពួកគេ ដោយនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយដូនតារបស់ពួកគេ កាលពីមុន ក្នុងពេលយើងបាននាំដូនតារបស់ពួកគេចាកចេញពីស្រុកអេស៊ីប នៅចំពោះមុខប្រជាជាតិនានា ដើម្បីឲ្យយើងធ្វើជាព្រះរបស់គេ។ យើងជាព្រះអម្ចាស់»។
46នេះជាច្បាប់ ព្រមទាំងវិន័យ និងក្រឹត្យវិន័យដែលព្រះអម្ចាស់ប្រទានមកជនជាតិអ៊ីស្រាអែលតាមរយៈលោកម៉ូសេ នៅលើភ្នំស៊ីណៃ។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 26: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.