លេវីវិន័យ 1:3-17
លេវីវិន័យ 1:3-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រសិនបើតង្វាយរបស់អ្នកជាគោដែលត្រូវដុតថ្វាយ ត្រូវយកឈ្មោលមួយល្អឥតខ្ចោះ គេត្រូវយកតង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា គេត្រូវដាក់ដៃលើក្បាលសត្វនោះ ហើយព្រះអង្គនឹងទទួលតង្វាយនោះស្នងគេ ដើម្បីឲ្យបានធួននឹងខ្លួនគេ។ ក៏ត្រូវសម្លាប់គោស្ទាវនៅចំពោះព្រះយេហូវ៉ា រួចពួកកូនលោកអើរ៉ុនដែលជាពួកសង្ឃ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនាដែលនៅមាត់ទ្វារត្រសាលជំនុំ។ គេត្រូវអារពន្លាត់ស្បែក ហើយកាប់តង្វាយទៅជាដុំៗ រួចពួកកូនលោកអើរ៉ុនជាសង្ឃ ត្រូវយកភ្លើងមកដាក់លើអាសនា ហើយបង្គរឧសនៅលើ។ រួចរៀបដុំសាច់ ក្បាល និងខ្លាញ់ ពីលើឧសដែលឆេះនៅលើអាសនា តែអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន ត្រូវលាងទឹក រួចសង្ឃត្រូវដុតទាំងអស់នៅលើអាសនាទុកជាតង្វាយដុត គឺជាតង្វាយចម្អិន សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ ប្រសិនបើតង្វាយរបស់អ្នកជាចៀម ឬពពែ ដែលត្រូវដុតថ្វាយ ត្រូវយកឈ្មោលមួយល្អឥតខ្ចោះ គេត្រូវសម្លាប់នៅក្បែរជើងអាសនា ចំពោះព្រះយេហូវ៉ា រួចត្រូវពួកកូនលោកអើរ៉ុនជាសង្ឃ ប្រោះឈាមនៅជុំវិញលើអាសនា។ គេត្រូវកាប់ជាដុំៗ រួចសង្ឃត្រូវរៀបទាំងអស់ ទាំងក្បាល និងខ្លាញ់ ពីលើឧសដែលឆេះនៅលើអាសនា តែអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន ត្រូវលាងទឹក រួចសង្ឃត្រូវថ្វាយទាំងអស់នៅលើអាសនា ទុកជាតង្វាយដុត គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ ប្រសិនបើតង្វាយដែលអ្នកថ្វាយដល់ព្រះយេហូវ៉ា ជាសត្វស្លាបដែលត្រូវដុតថ្វាយ ត្រូវយកលលក ឬព្រាបជំទើរ។ រួចសង្ឃត្រូវយកមកដល់អាសនា ក្តិចបណ្ដាច់ក្បាល ដុតនៅលើអាសនា តែត្រូវសម្រក់ឈាមនៅខាងអាសនាវិញ។ គាត់ត្រូវយកគែ ព្រមទាំងបោចស្លាប បោះទៅខាងកើតអាសនា ត្រង់កន្លែងចាក់ផេះ។ ត្រូវពុះចំពាក់កណ្ដាល ឲ្យមានចំអេងនៅជាប់ទាំងសងខាង មិនត្រូវផ្តាច់ចំហៀងចេញពីគ្នាទេ រួចសង្ឃត្រូវដុតលើឧសដែលឆេះនៅលើអាសនា ទុកជាតង្វាយដុត គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា»។
លេវីវិន័យ 1:3-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រសិនបើតង្វាយនោះជាគោ ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល គេត្រូវយកគោឈ្មោលល្អឥតខ្ចោះមួយក្បាល នាំទៅត្រង់ទ្វារនៃពន្លាជួបព្រះអម្ចាស់ ដើម្បីទូលសូមព្រះអង្គទទួលយក។ ម្ចាស់តង្វាយដាក់ដៃលើក្បាលសត្វ ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល ព្រះអម្ចាស់នឹងទទួលតង្វាយនោះ ហើយរំដោះគាត់ឲ្យរួចពីបាប។ គេចាក់កគោនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយពួកបូជាចារ្យ*ដែលជាកូនរបស់លោកអើរ៉ុន យកឈាមគោថ្វាយព្រះអម្ចាស់ រួចប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ ដែលស្ថិតនៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ គេត្រូវពន្លាត់ស្បែកគោនោះ ហើយកាប់សាច់ជាដុំៗ។ ពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន យកភ្លើងដាក់នៅលើអាសនៈ រួចបង្គរអុសពីលើ ព្រមទាំងដាក់ដុំសាច់ ក្បាល និងខ្លាញ់ លើគំនរអុសដែលឆេះនៅលើអាសនៈ។ គេត្រូវយកទឹកលាងពោះវៀន និងជើងគោ រួចបូជាចារ្យដុតទាំងអស់នៅលើអាសនៈ។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ប្រសិនបើតង្វាយនោះជាចៀម ឬពពែដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល គេត្រូវយកកូនចៀមឈ្មោល ឬកូនពពែឈ្មោលមួយល្អឥតខ្ចោះ។ គេត្រូវចាក់កសត្វនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ប៉ែកខាងជើងអាសនៈ។ ពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន ប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ គេកាប់សាច់ជាដុំៗ ហើយបូជាចារ្យដាក់ដុំសាច់ ក្បាល និងខ្លាញ់ លើគំនរអុសដែលឆេះនៅលើអាសនៈ។ គេត្រូវយកទឹកមកលាងពោះវៀន និងជើងសត្វ ហើយបូជាចារ្យថ្វាយអ្វីៗទាំងអស់ទៅព្រះអម្ចាស់ រួចដុតនៅលើអាសនៈ។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ប្រសិនបើតង្វាយនោះជាសត្វស្លាប ដែលត្រូវថ្វាយតង្វាយដុតទាំងមូលចំពោះព្រះអម្ចាស់ គេត្រូវយកលលក ឬព្រាបជំទើរមកថ្វាយ។ បូជាចារ្យយកសត្វនោះទៅថ្វាយនៅលើអាសនៈ គាត់ត្រូវកាត់ក្បាលវាចេញ រួចដុតនៅលើអាសនៈ។ បន្ទាប់មក គាត់ត្រូវសម្រក់ឈាមសត្វនោះ នៅលើគែមរបស់អាសនៈ។ គាត់ត្រូវយកគែវាចេញ ព្រមទាំងបោចរោមវា ហើយបោះចោលនៅខាងកើតអាសនៈ ត្រង់កន្លែងដាក់ផេះ។ គាត់ត្រូវពុះសត្វត្រង់ចន្លោះស្លាប តែមិនផ្ដាច់វាចេញជាពីរចំណែកទេ រួចហើយបូជាចារ្យត្រូវដុតសត្វនោះលើអុសដែលឆេះនៅលើអាសនៈ។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់»។
លេវីវិន័យ 1:3-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើសិនជាដង្វាយរបស់អ្នកនោះជាគោដែលត្រូវដុតថ្វាយ នោះត្រូវយកឈ្មោល១ដ៏ឥតខ្ចោះ គេត្រូវនាំយកដង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា នោះគេត្រូវដាក់ដៃលើក្បាលនៃសត្វនោះ ហើយទ្រង់នឹងទទួលដង្វាយនោះស្នងគេ ដើម្បីឲ្យបានធួននឹងខ្លួនគេ ក៏ត្រូវសំឡាប់គោស្ទាវនោះនៅចំពោះព្រះយេហូវ៉ា រួចពួកកូនអើរ៉ុនដែលជាពួកសង្ឃ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនាដែលនៅមាត់ទ្វារត្រសាលជំនុំ គេត្រូវឲ្យអារពន្លាត់ស្បែក ហើយកាប់ដង្វាយទៅជាដុំៗ រួចពួកកូនអើរ៉ុនដ៏ជាសង្ឃនឹងយកភ្លើងមក ដាក់លើអាសនា ហើយបង្គរឧសនៅលើ រួចរៀបដុំសាច់ ហើយក្បាល នឹងខ្លាញ់ ពីលើឧសដែលឆេះនៅលើអាសនា តែឯអាការៈខាងក្នុង នឹងជើងទាំងប៉ុន្មាន នោះត្រូវលាងនឹងទឹកចេញ រួចត្រូវឲ្យសង្ឃដុតទាំងអស់នៅលើអាសនាទុកជាដង្វាយដុត គឺជាដង្វាយដែលដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ បើសិនជាដង្វាយរបស់អ្នកនោះ ជាចៀម ឬពពែ ដែលត្រូវដុតថ្វាយ នោះត្រូវយកឈ្មោល១ដ៏ឥតខ្ចោះ គេត្រូវសំឡាប់នៅត្រង់ក្បែរជើងអាសនា ចំពោះព្រះយេហូវ៉ា រួចត្រូវឲ្យពួកកូនអើរ៉ុនដ៏ជាសង្ឃ ប្រោះឈាមនៅជុំវិញលើអាសនា គេត្រូវកាប់ឲ្យទៅជាដុំៗ រួចត្រូវឲ្យសង្ឃរៀបទាំងអស់ ព្រមទាំងក្បាល នឹងខ្លាញ់ ពីលើឧសដែលឆេះនៅលើអាសនា តែឯអាការៈខាងក្នុង នឹងជើងទាំងប៉ុន្មាន នោះត្រូវលាងនឹងទឹកចេញ រួចត្រូវឲ្យសង្ឃថ្វាយទាំងអស់ នៅលើអាសនា ទុកជាដង្វាយដុត គឺជាដង្វាយដែលដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ ឬបើសិនជាដង្វាយ ដែលអ្នកនោះថ្វាយដល់ព្រះយេហូវ៉ាជាសត្វស្លាបដែលត្រូវដុតថ្វាយ នោះត្រូវយកជាលលក ឬជាព្រាបជំទើរ រួចត្រូវឲ្យសង្ឃយកមកដល់អាសនា ក្តិចបណ្តាច់ក្បាល ដុតនៅលើអាសនា តែត្រូវសំរក់ឈាមនៅខាងអាសនាវិញ ហើយយកគែ ព្រមទាំងបោចស្លាប បោះទៅខាងកើតអាសនា ត្រង់កន្លែងចាក់ផេះ ត្រូវពុះចំពាក់កណ្តាល ឲ្យមានចំអេងនៅជាប់ទាំងសងខាង មិនត្រូវផ្តាច់ចំហៀងចេញពីគ្នាទេ រួចត្រូវឲ្យសង្ឃដុតលើឧសដែលឆេះនៅលើអាសនា ទុកជាដង្វាយដុត គឺជាដង្វាយដែលដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។