លេវីវិន័យ 1
1
1ព្រះយេហូវ៉ាទ្រង់មានបន្ទូលហៅម៉ូសេមក បង្គាប់លោកពីក្នុងត្រសាលជំនុំ 2ឲ្យទៅប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើកាលណាពួកអ្នករាល់គ្នាណាមួយចង់ថ្វាយដង្វាយដល់ព្រះយេហូវ៉ា នោះត្រូវតែយកដង្វាយនោះមកពីហ្វូងសត្វ ទោះបើជាគោ ឬចៀមក្តី។
3បើសិនជាដង្វាយរបស់អ្នកនោះជាគោដែលត្រូវដុតថ្វាយ នោះត្រូវយកឈ្មោល១ដ៏ឥតខ្ចោះ គេត្រូវនាំយកដង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា 4នោះគេត្រូវដាក់ដៃលើក្បាលនៃសត្វនោះ ហើយទ្រង់នឹងទទួលដង្វាយនោះស្នងគេ ដើម្បីឲ្យបានធួននឹងខ្លួនគេ 5ក៏ត្រូវសំឡាប់គោស្ទាវនោះនៅចំពោះព្រះយេហូវ៉ា រួចពួកកូនអើរ៉ុនដែលជាពួកសង្ឃ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនាដែលនៅមាត់ទ្វារត្រសាលជំនុំ 6គេត្រូវឲ្យអារពន្លាត់ស្បែក ហើយកាប់ដង្វាយទៅជាដុំៗ 7រួចពួកកូនអើរ៉ុនដ៏ជាសង្ឃនឹងយកភ្លើងមក ដាក់លើអាសនា ហើយបង្គរឧសនៅលើ 8រួចរៀបដុំសាច់ ហើយក្បាល នឹងខ្លាញ់ ពីលើឧសដែលឆេះនៅលើអាសនា 9តែឯអាការៈខាងក្នុង នឹងជើងទាំងប៉ុន្មាន នោះត្រូវលាងនឹងទឹកចេញ រួចត្រូវឲ្យសង្ឃដុតទាំងអស់នៅលើអាសនាទុកជាដង្វាយដុត គឺជាដង្វាយដែលដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
10បើសិនជាដង្វាយរបស់អ្នកនោះ ជាចៀម ឬពពែ ដែលត្រូវដុតថ្វាយ នោះត្រូវយកឈ្មោល១ដ៏ឥតខ្ចោះ 11គេត្រូវសំឡាប់នៅត្រង់ក្បែរជើងអាសនា ចំពោះព្រះយេហូវ៉ា រួចត្រូវឲ្យពួកកូនអើរ៉ុនដ៏ជាសង្ឃ ប្រោះឈាមនៅជុំវិញលើអាសនា 12គេត្រូវកាប់ឲ្យទៅជាដុំៗ រួចត្រូវឲ្យសង្ឃរៀបទាំងអស់ ព្រមទាំងក្បាល នឹងខ្លាញ់ ពីលើឧសដែលឆេះនៅលើអាសនា 13តែឯអាការៈខាងក្នុង នឹងជើងទាំងប៉ុន្មាន នោះត្រូវលាងនឹងទឹកចេញ រួចត្រូវឲ្យសង្ឃថ្វាយទាំងអស់ នៅលើអាសនា ទុកជាដង្វាយដុត គឺជាដង្វាយដែលដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
14ឬបើសិនជាដង្វាយ ដែលអ្នកនោះថ្វាយដល់ព្រះយេហូវ៉ាជាសត្វស្លាបដែលត្រូវដុតថ្វាយ នោះត្រូវយកជាលលក ឬជាព្រាបជំទើរ 15រួចត្រូវឲ្យសង្ឃយកមកដល់អាសនា ក្តិចបណ្តាច់ក្បាល ដុតនៅលើអាសនា តែត្រូវសំរក់ឈាមនៅខាងអាសនាវិញ 16ហើយយកគែ ព្រមទាំងបោចស្លាប បោះទៅខាងកើតអាសនា ត្រង់កន្លែងចាក់ផេះ 17ត្រូវពុះចំពាក់កណ្តាល ឲ្យមានចំអេងនៅជាប់ទាំងសងខាង មិនត្រូវផ្តាច់ចំហៀងចេញពីគ្នាទេ រួចត្រូវឲ្យសង្ឃដុតលើឧសដែលឆេះនៅលើអាសនា ទុកជាដង្វាយដុត គឺជាដង្វាយដែលដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 1: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.