ប្រសិនបើតង្វាយរបស់អ្នកជាគោដែលត្រូវដុតថ្វាយ ត្រូវយកឈ្មោលមួយល្អឥតខ្ចោះ គេត្រូវយកតង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា គេត្រូវដាក់ដៃលើក្បាលសត្វនោះ ហើយព្រះអង្គនឹងទទួលតង្វាយនោះស្នងគេ ដើម្បីឲ្យបានធួននឹងខ្លួនគេ។ ក៏ត្រូវសម្លាប់គោស្ទាវនៅចំពោះព្រះយេហូវ៉ា រួចពួកកូនលោកអើរ៉ុនដែលជាពួកសង្ឃ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនាដែលនៅមាត់ទ្វារត្រសាលជំនុំ។ គេត្រូវអារពន្លាត់ស្បែក ហើយកាប់តង្វាយទៅជាដុំៗ រួចពួកកូនលោកអើរ៉ុនជាសង្ឃ ត្រូវយកភ្លើងមកដាក់លើអាសនា ហើយបង្គរឧសនៅលើ។ រួចរៀបដុំសាច់ ក្បាល និងខ្លាញ់ ពីលើឧសដែលឆេះនៅលើអាសនា តែអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន ត្រូវលាងទឹក រួចសង្ឃត្រូវដុតទាំងអស់នៅលើអាសនាទុកជាតង្វាយដុត គឺជាតង្វាយចម្អិន សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ ប្រសិនបើតង្វាយរបស់អ្នកជាចៀម ឬពពែ ដែលត្រូវដុតថ្វាយ ត្រូវយកឈ្មោលមួយល្អឥតខ្ចោះ គេត្រូវសម្លាប់នៅក្បែរជើងអាសនា ចំពោះព្រះយេហូវ៉ា រួចត្រូវពួកកូនលោកអើរ៉ុនជាសង្ឃ ប្រោះឈាមនៅជុំវិញលើអាសនា។ គេត្រូវកាប់ជាដុំៗ រួចសង្ឃត្រូវរៀបទាំងអស់ ទាំងក្បាល និងខ្លាញ់ ពីលើឧសដែលឆេះនៅលើអាសនា តែអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន ត្រូវលាងទឹក រួចសង្ឃត្រូវថ្វាយទាំងអស់នៅលើអាសនា ទុកជាតង្វាយដុត គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ ប្រសិនបើតង្វាយដែលអ្នកថ្វាយដល់ព្រះយេហូវ៉ា ជាសត្វស្លាបដែលត្រូវដុតថ្វាយ ត្រូវយកលលក ឬព្រាបជំទើរ។ រួចសង្ឃត្រូវយកមកដល់អាសនា ក្តិចបណ្ដាច់ក្បាល ដុតនៅលើអាសនា តែត្រូវសម្រក់ឈាមនៅខាងអាសនាវិញ។ គាត់ត្រូវយកគែ ព្រមទាំងបោចស្លាប បោះទៅខាងកើតអាសនា ត្រង់កន្លែងចាក់ផេះ។ ត្រូវពុះចំពាក់កណ្ដាល ឲ្យមានចំអេងនៅជាប់ទាំងសងខាង មិនត្រូវផ្តាច់ចំហៀងចេញពីគ្នាទេ រួចសង្ឃត្រូវដុតលើឧសដែលឆេះនៅលើអាសនា ទុកជាតង្វាយដុត គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា»។
អាន លេវីវិន័យ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លេវីវិន័យ 1:3-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ