យូដាស 1:6-8
យូដាស 1:6-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯពួកទេវតាដែលមិនបានរក្សាសណ្ឋានដើមរបស់ខ្លួន ជាទេវតាដែលចាកចេញពីលំនៅដ៏ត្រឹមត្រូវរបស់ខ្លួន ព្រះអង្គបានឃុំក្នុងទីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ច រហូតដល់ពេលជំនុំជម្រះនៅថ្ងៃដ៏ធំនោះ ដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជុំវិញ ដែលគេបានប្រគល់ខ្លួនទៅប្រព្រឹត្តអំពើសហាយស្មន់ ដូចជាពួកទេវតាទាំងនោះដែរ គេដេញតាមសេចក្ដីប៉ងប្រាថ្នាដែលផ្ទុយពីធម្មជាតិ អ្នកទាំងនោះទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។ អ្នកទាំងនោះក៏ដូច្នោះដែរ ពួកគេរវើរវាយ ធ្វើឲ្យខ្លួនទៅជាស្មោកគ្រោក គេបដិសេធសិទ្ធិអំណាច ហើយជេរប្រមាថពួកដែលមានសិរីល្អ ។
យូដាស 1:6-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯពួកទេវតា* ដែលពុំបានរក្សាឋានៈរបស់ខ្លួន តែបែរជាបោះបង់ចោលលំនៅរបស់ខ្លួនផ្ទាល់ទៅវិញនោះ ព្រះជាម្ចាស់បានឃុំគេទុកក្នុងទីងងឹត ហើយគេនៅជាប់ចំណងអស់កល្បជានិច្ច រង់ចាំថ្ងៃដ៏អស្ចារ្យដែលព្រះជាម្ចាស់នឹងវិនិច្ឆ័យទោស។ រីឯក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជិតខាងក៏ដូច្នោះដែរ ពួកអ្នកក្រុងបាននាំគ្នាប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ដូចទេវតាទាំងនោះ គឺកាត់រករួមបវេណីផ្ទុយពីធម្មជាតិ។ ពួកគេបានទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។ ពួកទាំងនេះក៏ប្រព្រឹត្តដូច្នោះដែរ គំនិតរវើរវាយរបស់គេបានធ្វើឲ្យរូបកាយខ្លួនទៅជាសៅហ្មង គេមើលងាយអំណាចរបស់ព្រះអម្ចាស់ និងជេរប្រមាថពួកទេវតាដែលប្រកបដោយសិរីរុងរឿង ។
យូដាស 1:6-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទោះទាំងពួកទេវតាដែលមិនបានរក្សាសណ្ឋានដើមរបស់ខ្លួន គឺជាទេវតាដែលបោះបង់ចោលទីលំនៅចេញ នោះទ្រង់បានឃុំក្នុងសេចក្ដីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ច ទុកសំរាប់នឹងជំនុំជំរះនៅថ្ងៃដ៏ធំនោះ ដូចជាក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ា ហើយអស់ទាំងទីក្រុងនៅជុំវិញដែរ ដែលគេបានប្រគល់ខ្លួនទៅប្រព្រឹត្តសេចក្ដីកំផិតដូចគ្នា ទាំងបណ្តោយទៅតាមសាច់ដទៃ ហើយទ្រង់បានតាំងអ្នកទាំងនោះទុកជាក្បួន ឲ្យគេរងទុក្ខទោស ក្នុងភ្លើងដ៏ឆេះអស់កល្បជានិច្ច ទោះបើមានក្បួនដូច្នោះហើយ គង់តែមនុស្សទាំងនេះធ្វើឲ្យខ្លួនស្មោកគ្រោកវិញ ដោយនឹកតែពីផ្លូវខូចអាក្រក់ ទាំងមើលងាយដល់អស់ទាំងអំណាចគ្រប់គ្រង ហើយជេរប្រមាថដល់ពួកប្រសើរឧត្តមផង