យូដាស 1

1
ពាក្យ​ជម្រាប​សួរ
1យូដាស ជា​អ្នក​បម្រើ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ហើយ​ជា​ប្អូន​របស់​លោក​យ៉ាកុប សូម​ជម្រាប​មក​អស់​អ្នក​ដែល​ព្រះ​បាន​ត្រាស់​ហៅ ជា​ពួក​ស្ងួន‌ភ្ងា​ក្នុង​ព្រះ ជា​ព្រះ‌វរ‌បិតា ដែល​បម្រុង​ទុក​សម្រាប់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ 2សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​មេត្តា‌ករុណា សេចក្ដី​សុខ​សាន្ត និង​សេចក្ដី​ស្រឡាញ់​យ៉ាង​បរិបូរ។
គោល​បំណង​របស់​សំបុត្រ​នេះ
3ពួក​ស្ងួន‌ភ្ងា​អើយ កាល​ខ្ញុំ​កំពុង​មាន​បំណង​ចង់​សរសេរ​មក​អ្នក​រាល់​គ្នា អំពី​ការ​សង្គ្រោះ ដែល​យើង​បាន​ទទួល​រួម​គ្នា ខ្ញុំ​យល់​ថា ខ្ញុំ​ត្រូវ​តែ​សរសេរ​មក​ដាស់​តឿន​អ្នក​រាល់​គ្នា​ឲ្យ​ខំ​តយុទ្ធ​ដើម្បី​ជំនឿ ដែល​ព្រះ​បាន​ប្រគល់​មក​ពួក​បរិសុទ្ធ ម្ដង​ជា​សូរេច។ 4ដ្បិត​មាន​អ្នក​ខ្លះ​បាន​លួច​ចូល​មក ជា​ពួក​អ្នក​ដែល​មាន​ទោស​កត់​ទុក​តាំង​ពី​ដើម ជា​មនុស្ស​ទមិឡ​ល្មើស ដែល​បំផ្លាស់​ព្រះ‌គុណ​របស់​ព្រះ​នៃ​យើង ឲ្យ​ទៅ​ជា​រឿង​អាស‌អាភាស ហើយ​គេ​មិន​ព្រម​ទទួល​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់ និង​ជា​ចៅហ្វាយ​តែ​មួយ​របស់​យើង​ទេ។
ការ​ជំនុំ​ជម្រះ​មក​លើ​ពួក​គ្រូ​ក្លែង​ក្លាយ
5ឥឡូវ​នេះ ខ្ញុំ​ចង់​រំឭក​អ្នក​រាល់​គ្នា ដែល​បាន​ជ្រាប​សេចក្ដី​ទាំង​នេះ​ម្ដង​រួច​មក​ហើយ​ថា ព្រះ‌អម្ចាស់ ដែល​បាន​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ចេញ​ពី​ស្រុក​អេស៊ីព្ទ ក្រោយ​មក​ព្រះ‌អង្គ​បាន​បំផ្លាញ​អស់​អ្នក​ដែល​មិន​ជឿ ឲ្យ​ត្រូវ​វិនាស។ 6រីឯ​ពួក​ទេវតា​ដែល​មិន​បាន​រក្សា​សណ្ឋាន​ដើម​របស់​ខ្លួន ជា​ទេវតា​ដែល​ចាក​ចេញ​ពី​លំនៅ​ដ៏​ត្រឹម​ត្រូវ​របស់​ខ្លួន ព្រះ‌អង្គ​បាន​ឃុំ​ក្នុង​ទីងងឹត ទាំង​ជាប់​ចំណង​អស់​កល្ប​ជា‌និច្ច រហូត​ដល់​ពេល​ជំនុំ‌ជម្រះ​នៅ​ថ្ងៃ​ដ៏​ធំ​នោះ 7ដូច​ជា​ក្រុង​សូដុម ក្រុង​កូម៉ូ‌រ៉ា និង​ក្រុង​ឯ​ទៀតៗ​ដែល​នៅ​ជុំ​វិញ ដែល​គេ​បាន​ប្រគល់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​សហាយ​ស្មន់ ដូច​ជា​ពួក​ទេវតា​ទាំង​នោះ​ដែរ គេ​ដេញ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​ផ្ទុយ​ពី​ធម្មជាតិ អ្នក​ទាំង​នោះ​ទទួល​ទណ្ឌ​កម្ម នៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់​កល្ប​ជា‌និច្ច ទុក​ជា​ការ​ព្រមាន​ដល់​អ្នក​ឯទៀតៗ។
8អ្នក​ទាំង​នោះ​ក៏​ដូច្នោះ​ដែរ ពួក​គេ​រវើ‌រវាយ ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​ស្មោក‌គ្រោក គេ​បដិសេធ​សិទ្ធិ​អំណាច ហើយ​ជេរ​ប្រមាថ​ពួក​ដែល​មាន​សិរីល្អ ។ 9ប៉ុន្តែ ពេល​មហា​ទេវតា​មីកែល​កំពុង​ជជែក​ជាមួយ​អារក្ស ហើយ​ឈ្លោះ​ប្រ‌កែក​អំពី​សព​របស់​លោក​ម៉ូសេ លោក​មិន​ហ៊ាន​ប្រើ​ពាក្យ​ប្រមាថ និង​ដាក់​ទោស​វា​ផង គឺ​លោក​គ្រាន់​តែ​ពោល​ថា «សូម​ឲ្យ​ព្រះ‌អម្ចាស់​ដាក់​ទោស​ឯង​ចុះ»។ 10ប៉ុន្តែ អ្នក​ទាំង​នោះ​ហ៊ាន​ជេរ​ប្រមាថ​អ្វីៗ​ដែល​ខ្លួន​មិន​យល់ ហើយ​បំផ្លាញ​ខ្លួន​គេ​ដោយ​សេចក្តី​ទាំង​នោះ ហាក់​ដូច​ជា​សត្វ​តិរច្ឆាន​ដែល​គ្មាន​វិចារណ​ញ្ញាណ។ 11វេទនា​ដល់​អ្នក​ទាំង​នោះ​ហើយ! ដ្បិត​គេ​បាន​ដើរ​តាម​ផ្លូវ​របស់​កាអ៊ីន ហើយ​បណ្ដោយ​ខ្លួនឲ្យ​ទៅ​រក​សេចក្ដី​ខុស​ឆ្គង​របស់​បាឡាម ព្រោះ​តែ​ចង់​បាន​កម្រៃ ហើយក៏​ត្រូវ​វិនាស​ក្នុង​ការ​បះ‌បោរ​របស់​កូរេ ។ 12មនុស្ស​ទាំង​នេះ​ជា​ស្នាម​ប្រឡាក់ នៅ​ក្នុង​ពិធី​ដែល​អ្នក​រាល់​គ្នា​ប្រកប​អាហារ​ដោយចិត្ត​ស្រឡាញ់ គេ​ស៊ី​ផឹក​ដោយ​ឥត​ក្រែង គេ​បំពេញ​តែ​ក្រពះ​របស់​គេ គេ​ជា​ពពក​គ្មាន​ទឹក ដែល​រសាត់​តាម​ខ្យល់ ជា​ដើម​ឈើ​គ្មាន​ផ្លែ​ក្នុង​រដូវ​ផ្លែ ជា​សេចក្ដី​ស្លាប់​ពីរ​ដង ហើយ​ត្រូវ​រលើង​ឫស 13គេ​ជា​រលក​សមុទ្រ​ដ៏​កំណាច ដែល​បក់​បោក​បែក​ពពុះ​ជា​សេចក្ដី​អាម៉ាស់ ជា​ផ្កាយ​វង្វេង​ទិស ដែល​បម្រុង​ឲ្យ​នៅ​ក្នុង​ទី​ងងឹត​សូន្យ​ឈឹង​អស់​កល្ប​ជា‌និច្ច។ 14ឯ​លោក​ហេ‌ណុក ជា​តំណ​ទី​ប្រាំពីរ​តពី​លោក​អ័ដាម បាន​ថ្លែង​ជា​ទំទាយ​ថា «មើល៍! ព្រះ‌អម្ចាស់​យាង​មក​ជាមួយ​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ទាំង​សល់​សែន 15ដើម្បី​ជំនុំ​ជម្រះ​មនុស្ស​ទាំង​អស់ ហើយ​រំឭក​មនុស្ស​ទមិឡ​ល្មើស​ទាំង​ប៉ុន្មានឲ្យ​ដឹង​ខ្លួន ពី​គ្រប់​ទាំង​អំពើ​ទមិឡ​ល្មើស​ដែល​គេ​បាន​ប្រព្រឹត្ត តាម​របៀប​ទមិឡ​ល្មើស និង​ពី​អស់​ទាំង​សេចក្ដី​អាក្រក់ ដែល​មនុស្ស​ទមិឡ​ល្មើស​មាន​បាប​ទាំង​នោះ បាន​ពោល​ទាស់​នឹង​ព្រះ‌អង្គ»។ 16មនុស្ស​ទាំង​នោះ​ជា​ពួក​ដែល​ចេះ​តែ​រអ៊ូ‌រទាំ ហើយ​ត្អូញ‌ត្អែរ ដោយ​ដើរ​តាម​តែ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន មាត់របស់​គេ​ពោល​សុទ្ធ​តែ​ពាក្យ​អួត​យ៉ាង​សម្បើម ទាំង​បញ្ចើច​បញ្ចើ​មនុស្ស​ដើម្បី​ផល​ប្រយោជន៍។
ពាក្យ​ទូន្មាន និង​ពាក្យ​ដាស់‌តឿន​ផ្សេងៗ
17ពួក​ស្ងួន‌ភ្ងា​អើយ ចូរ​នឹក​ចាំ​ពី​សេចក្ដី​ដែល​ពួក​សាវក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង បាន​ប្រាប់​យើង​ពីមុន។ 18លោក​ទាំង​នោះមាន​ប្រសាសន៍​មក​អ្នក​រាល់​គ្នា​ថា៖ «នៅ​គ្រា​ចុង​ក្រោយ​បង្អស់ នឹង​មាន​មនុស្ស​ចំអក ដែល​ប្រព្រឹត្ត​តាម​តែ​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​ទមិឡ​ល្មើស​របស់​ខ្លួន»។ 19អ្នក​ទាំង​នេះ​ហើយ​ដែល​នាំ​ឲ្យ​មាន​ការបែក​បាក់គ្នា ជា​មនុស្ស​មាន​គំនិត​លោកីយ៍ ហើយ​គ្មាន​ព្រះ‌វិញ្ញាណ​ទេ។ 20រី​ឯ​អ្នក​រាល់​គ្នា​វិញ ពួក​ស្ងួន‌ភ្ងា​អើយ ចូរ​ស្អាង​ខ្លួន​នៅ​ក្នុង​ជំនឿ​ដ៏​បរិសុទ្ធ​បំផុត​របស់អ្នក​រាល់​គ្នា ចូរ​អធិស្ឋាន​តាម​ព្រះ​វិញ្ញាណ​បរិសុទ្ធ 21ចូរ​រក្សា​ជំនឿ​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ទាំង​ទន្ទឹង​រង់​ចាំព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​របស់ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​នាំ​ទៅ​រក​ជីវិត​អស់​កល្ប​ជានិច្ច​ផង។ 22ចូរ​មាន​ចិត្ត​អាណិត​ដល់​អ្នក​ខ្លះ​ដែល​មាន​ចិត្ត​សង្ស័យ 23ហើយ​សង្គ្រោះ​អ្នក​ដទៃ ដោយ​ឆក់​គេ​ឲ្យ​រួច​ផុត​ពី​ភ្លើង ត្រូវ​មាន​ចិត្ត​មេត្តា‌ករុណា​ដល់​មនុស្ស​ឯ​ទៀត​ទាំង​ភ័យ​ខ្លាច ហើយ​ស្អប់​សូម្បី​តែ​អាវ​ដែល​ស្មោក‌គ្រោក ដោយ​សារ​សាច់​ឈាម​របស់​គេ។
ពាក្យ​ប្រសិទ្ធពរ
24រីឯ​ព្រះ‌អង្គ​ដែល​អាច​រក្សា​អ្នក​រាល់​គ្នា​មិន​ឲ្យ​ជំពប់​ដួល ហើយ​ដាក់​អ្នក​រាល់​គ្នា​នៅ​ចំពោះ​សិរី‌ល្អ​របស់​ព្រះ‌អង្គ ដោយ​ឥត​បន្ទោស​បាន ទាំង​មាន​អំណរ 25គឺ​ព្រះ​តែ​មួយ​ព្រះ‌អង្គ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង ដោយ‌សារ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង សូម​ថ្វាយ​សិរី‌ល្អ ឫទ្ធា‌នុភាព ព្រះ‌ចេស្តា និង​អំណាច តាំង​ពី​មុន​សម័យ​កាល​ទាំង​អស់ នៅ​ពេល​នេះ និង​អស់​កល្ប​ជា‌និច្ច​តរៀង​ទៅ។ អាម៉ែន។:៚

ទើបបានជ្រើសរើសហើយ៖

យូដាស 1: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល