យ៉ូប 15:1-21
យ៉ូប 15:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អេលីផាស សាសន៍ថេម៉ាន ឆ្លើយឡើងថា៖ «តើគួរឲ្យអ្នកប្រាជ្ញឆ្លើយ ដោយសេចក្ដីចេះដឹងអសារឥតការ ឬបំពេញចិត្តដោយខ្យល់ពីខាងកើតឬ? តើគួរនឹងជជែកដោយសម្ដីឥតប្រយោជន៍ ឬដោយពាក្យអធិប្បាយ ដែលបង្កើតសេចក្ដីល្អមិនបានឬ? អើ អ្នកបំផ្លាញសេចក្ដីកោតខ្លាចដល់ព្រះ ហើយឃាត់ឃាំងសេចក្ដីនឹកជញ្ជឹង នៅចំពោះព្រះផង។ ដ្បិតសេចក្ដីអាក្រក់របស់អ្នកបញ្ចេះ ឲ្យមាត់អ្នកនិយាយចេញមក ហើយអ្នកប្រើពាក្យសម្ដី របស់មនុស្សឧបាយអាក្រក់។ គឺមាត់របស់អ្នកកាត់ទោសដល់ខ្លួនហើយ មិនមែនជាខ្ញុំទេ អើ បបូរមាត់របស់អ្នក ធ្វើបន្ទាល់ទាស់នឹងខ្លួនអ្នក។ តើអ្នកជាមនុស្សដំបូងដែលកើតមកឬ? តើអ្នកបានលេចមកមុនអស់ទាំងភ្នំដែរឬ? តើអ្នកបានឮសេចក្ដីប្រឹក្សាដ៏កំបាំងរបស់ព្រះឬ? តើអ្នកស្មានថា មានតែខ្លួនអ្នកមួយទេ ដែលមានប្រាជ្ញា? តើអ្នកចេះអ្វីដែលពួកយើងមិនចេះ? ឬយល់អ្វីដែលពួកយើងមិនបានយល់នោះ? ខាងយើងមានទាំងមនុស្សក្បាលសក់ស្កូវ និងមនុស្សអាយុច្រើន ដែលចាស់ជាងឪពុកអ្នកទៅទៀត។ តើអ្នករាប់ការកម្សាន្តរបស់ព្រះថាតូចតាចពេក ឬជាពាក្យផ្អែមពីរោះសម្រាប់អ្នក? ហេតុអ្វីបានជាអ្នកបណ្តោយទៅតាមចិត្ត ហើយមិចភ្នែកដូច្នេះ? ហេតុអ្វីបានជាអ្នកបំបែរចិត្តទៅទាស់នឹងព្រះ ហើយបញ្ចេញពាក្យយ៉ាងនេះ ពីមាត់របស់អ្នកមក? តើមនុស្សជាអ្វីដែលអាចបានបរិសុទ្ធ? តើមនុស្សកើតមកពីមនុស្សស្រី អាចសុចរិតម្ដេចបាន? មើល៍ ព្រះអង្គមិនទុកចិត្ត នឹងពួកបរិសុទ្ធរបស់ព្រះអង្គ ហើយផ្ទៃមេឃក៏មិនបរិសុទ្ធ នៅព្រះនេត្ររបស់ព្រះអង្គដែរ ចំណង់បើម្នាក់ដែលគួរតែខ្ពើម ហើយស្មោកគ្រោក ជាអ្នកដែលផឹកសេចក្ដីអាក្រក់ដូចជាទឹក តើនឹងជាយ៉ាងណាទៅ។ ខ្ញុំនឹងសម្ដែងឲ្យអ្នកដឹង ចូរស្តាប់ចុះ ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្ដី ដែលខ្ញុំបានឃើញហើយ គឺជាសេចក្ដីដែលពួកអ្នកប្រាជ្ញបានពោលតមក តាំងតែពីបុព្វបុរសគេ ឥតលាក់ទុកឡើយ ជាពួកតែមួយដែលបានគ្រងគ្រងស្រុក ឥតមានសាសន៍ដទៃណា ចូលមកក្នុងពួកគេឡើយ។ គឺថា មនុស្សអាក្រក់រមែងរងទុក្ខ ដោយឈឺចាប់គ្រប់មួយជីវិតរបស់គេ ឯអស់ចំនួនឆ្នាំគេបានលាក់ទុក សម្រាប់មនុស្សគំហកកំហែង។ មានសូរគួរស្ញែងខ្លាចឮដល់ត្រចៀកគេ ក្នុងពេលដែលកំពុងតែចម្រើន នោះមេបំផ្លាញនឹងមកលើគេ។
យ៉ូប 15:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអេលីផាស ជាអ្នកស្រុកថេម៉ានពោលឡើងថា៖ «តើអ្នកប្រាជ្ញ ដែលយកចំណេះដឹងឥតខ្លឹមសារ មកឆ្លើយដែរឬ? តើគេយកសេចក្ដីឥតបានការ ដូចខ្យល់ក្ដៅបក់ពីទិសបូព៌ា មកដាក់ពេញខ្លួនកើតឬ? តើគេយកពាក្យឥតន័យ ឥតផលប្រយោជន៍ មកនិយាយការពារខ្លួនដែរឬ? ចំណែកឯលោកវិញ លោកធ្វើឲ្យគេឯង លែងគោរពកោតខ្លាចព្រះជាម្ចាស់ ហើយលែងឲ្យនរណាអាចស្មឹងស្មាធិ៍ នៅចំពោះព្រះភ័ក្ត្រព្រះអង្គបានទៀត! សេចក្ដីទុច្ចរិតជំរុញឲ្យលោកស្រដីចេញមក លោកប្រើពាក្យពេចន៍របស់មនុស្សមានល្បិច។ មិនមែនខ្ញុំទេ ដែលថ្កោលទោសលោក គឺមាត់របស់លោកផ្ទាល់ថ្កោលទោសលោក ហើយពាក្យសម្ដីរបស់លោក ចោទប្រកាន់ខ្លួនឯង។ ក្នុងចំណោមមនុស្សទាំងអស់ តើលោកកើតមកមុនគេឬ តើលោកកើតមក មុនភ្នំទាំងឡាយឬ? តើលោកបានឮគម្រោងការរបស់ព្រះជាម្ចាស់ ហើយមានតែលោកម្នាក់ឬដែលមានប្រាជ្ញា? តើមានការអ្វីដែលលោកដឹង តែយើងខ្ញុំមិនដឹង? តើមានការអ្វីដែលលោកយល់ តែយើងខ្ញុំមិនយល់? ក្នុងចំណោមយើងខ្ញុំ ក៏មានចាស់ព្រឹទ្ធាចារ្យ ដែលមានវ័យចំណាស់ៗ មានអាយុវែងជាងឪពុករបស់លោកទៅទៀត! ព្រះជាម្ចាស់ឲ្យយើងខ្ញុំមក សម្រាលទុក្ខលោក ដោយពាក្យសម្ដីទន់ភ្លន់ តើប៉ុនហ្នឹងហើយ លោកយល់ថាមិនល្មមឬ? ហេតុអ្វីបានជាលោកមានចិត្តពុះកញ្ជ្រោល និងមើលមកយើងខ្ញុំដោយកំហឹងបែបនេះ? ធ្វើដូច្នេះ លោកដូចជាខឹងនឹងព្រះជាម្ចាស់ ហើយពោលពាក្យប្រឆាំងនឹងព្រះអង្គដែរ។ តើមនុស្សលោកអាចបរិសុទ្ធដូចម្ដេចកើត តើមនុស្សដែលកើតចេញមកពីស្ត្រី អាចសុចរិតដូចម្ដេចកើត? សូម្បីតែពួកទេវតាដ៏វិសុទ្ធរបស់ព្រះអង្គ ក៏ព្រះអង្គទុកចិត្តពុំបាន ហើយសូម្បីតែផ្ទៃមេឃក៏ពុំបរិសុទ្ធ នៅចំពោះព្រះភ័ក្ត្រព្រះអង្គទៅហើយ ចំណង់បើមនុស្សដ៏អាក្រក់ គួរស្អប់ខ្ពើម ដែលចូលចិត្តអំពើទុច្ចរិតដូចគេផឹកទឹក នោះព្រះអង្គរឹតតែមិនទុកចិត្តទៅទៀត! ឥឡូវនេះ សូមស្ដាប់ខ្ញុំ ខ្ញុំនឹងពន្យល់លោក ខ្ញុំនឹងប្រាប់លោកពីការដែលខ្ញុំបានឃើញ គឺសេចក្ដីដែលអ្នកប្រាជ្ញបានទទួល ពីដូនតារបស់ពួកគេ ហើយយកមកថ្លែងប្រាប់ ដោយឥតលាក់លៀម។ ព្រះជាម្ចាស់ប្រទានទឹកដីឲ្យ ដូនតារបស់ពួកគេតែប៉ុណ្ណោះ គ្មានអ្នកដទៃទៀតមកឡូកឡំ ក្នុងទឹកដីនោះឡើយ។ មនុស្សអាក្រក់នឹងរងទុក្ខលំបាកជារៀងរាល់ថ្ងៃ មនុស្សឃោរឃៅនឹងរងទុក្ខអស់មួយជីវិត។ មានសំឡេងដ៏ព្រឺព្រួចលាន់ឮក្នុង ត្រចៀករបស់គេ មេបំផ្លាញនឹងមកប្រហារគេ ក្នុងគ្រាដែលគេកំពុងរស់យ៉ាងសុខសាន្ត។
យ៉ូប 15:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះអេលីផាស សាសន៍ថេម៉ាន ក៏ឆ្លើយឡើងថា តើគួរឲ្យអ្នកប្រាជ្ញឆ្លើយ ដោយសេចក្ដីចេះដឹងអសារឥតការ ឬបំពេញចិត្តដោយខ្យល់ពីខាងកើតឬទេ តើគួរនឹងជជែកដោយសំដីឥតប្រយោជន៍ ឬដោយពាក្យអធិប្បាយដែលបង្កើតសេចក្ដីល្អមិនបានឬអី អើ អ្នកបំផ្លាញសេចក្ដីកោតខ្លាចដល់ព្រះ ហើយឃាត់ឃាំងសេចក្ដីនឹកជញ្ជឹង នៅចំពោះព្រះផង ដ្បិតសេចក្ដីអាក្រក់របស់អ្នកបញ្ចេះឲ្យមាត់អ្នកនិយាយចេញមក ហើយអ្នកប្រើពាក្យសំដីរបស់មនុស្សឧបាយអាក្រក់ គឺមាត់របស់អ្នកដែលកាត់ទោសដល់ខ្លួនហើយ មិនមែនជាខ្ញុំទេ អើ បបូរមាត់របស់អ្នកធ្វើបន្ទាល់ទាស់នឹងខ្លួនអ្នក។ តើអ្នកជាមនុស្សដំបូងដែលកើតមកឬ តើអ្នកបានលេចមកមុនអស់ទាំងភ្នំដែរឬ តើអ្នកបានឮសេចក្ដីប្រឹក្សាដ៏កំបាំងរបស់ព្រះឬ តើអ្នកស្មានថា មានតែខ្លួនអ្នក១ទេ ដែលមានប្រាជ្ញាឬអី តើអ្នកចេះអ្វីដែលពួកយើងមិនចេះដែរ ឬយល់អ្វីដែលពួកយើងមិនបានយល់ផងនោះ ខាងយើងមានទាំងមនុស្សក្បាលស្កូវ នឹងមនុស្សអាយុច្រើន ដែលចាស់ជាងឪពុកអ្នកទៅទៀត តើអ្នករាប់សេចក្ដីកំសាន្តរបស់ព្រះថា មិនគ្រាន់ដល់អ្នក ព្រមទាំងសេចក្ដីដែលទ្រង់មានបន្ទូលមកអ្នក ដោយផ្អែមពីរោះផងឬអី ហេតុអ្វីបានជាអ្នកបណ្តោយទៅតាមចិត្ត ហើយមិចភ្នែកដូច្នេះ ហេតុអ្វីបានជាអ្នកបំបែរចិត្តទៅទាស់នឹងព្រះ ហើយបណ្តោយឲ្យមាត់ពោលសេចក្ដីយ៉ាងនេះចេញមក តើមនុស្សជាអ្វីដែលនឹងត្រូវបានបរិសុទ្ធ ជាមនុស្សកើតមកពីមនុស្សស្រី ដែលនឹងត្រូវបានសុចរិតនោះ មើល ទ្រង់មិនទុកចិត្តនឹងពួកបរិសុទ្ធរបស់ទ្រង់ ហើយផ្ទៃមេឃក៏មិនបរិសុទ្ធ នៅព្រះនេត្រទ្រង់ដែរ ចំណង់បើម្នាក់ដែលគួរតែខ្ពើម ហើយស្មោកគ្រោក ជាអ្នកដែលផឹកសេចក្ដីអាក្រក់ដូចជាទឹក តើនឹងជាយ៉ាងណាទៅ។ ខ្ញុំនឹងសំដែងឲ្យអ្នកដឹង ចូរស្តាប់ចុះ ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្ដីដែលខ្ញុំបានឃើញហើយ គឺជាសេចក្ដីដែលពួកអ្នកប្រាជ្ញបានពោលតមក តាំងតែពីពួកឰយុកោគេ ឥតលាក់ទុកឡើយ ជាពួកតែ១ដែលបានទទួលគ្រងស្រុក ឥតមានសាសន៍ដទៃណាចូលមកក្នុងពួកគេឡើយ គឺថា មនុស្សអាក្រក់រមែងរងទុក្ខ ដោយឈឺចាប់គ្រប់១ជីវិតរបស់គេ ឯអស់ចំនួនឆ្នាំគេបានលាក់ទុកសំរាប់មនុស្សគំហកកំហែង មានសូរគួរស្ញែងខ្លាចឮដល់ត្រចៀកគេ ក្នុងពេលដែលកំពុងតែចំរើន នោះមេបំផ្លាញនឹងមកលើគេ