យ៉ូប 15:1-21

យ៉ូប 15:1-21 គកស១៦

អេលី‌ផាស សាសន៍​ថេម៉ាន ឆ្លើយ​ឡើង​ថា៖ «តើ​គួរ​ឲ្យ​អ្នក​ប្រាជ្ញ​ឆ្លើយ ដោយ​សេចក្ដី​ចេះ​ដឹង​អសារ​ឥត​ការ ឬ​បំពេញ​ចិត្ត​ដោយ​ខ្យល់​ពី​ខាង​កើត​ឬ? តើ​គួរ​នឹង​ជជែក​ដោយ​សម្ដី​ឥត​ប្រយោជន៍ ឬ​ដោយ​ពាក្យ​អធិប្បាយ ដែល​បង្កើត​សេចក្ដី​ល្អ​មិន​បាន​ឬ? អើ អ្នក​បំផ្លាញ​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ ហើយ​ឃាត់‌ឃាំង​សេចក្ដី​នឹក​ជញ្ជឹង នៅ​ចំពោះ​ព្រះ​ផង។ ដ្បិត​សេចក្ដី​អាក្រក់​របស់​អ្នក​បញ្ចេះ ឲ្យ​មាត់​អ្នក​និយាយ​ចេញ​មក ហើយ​អ្នក​ប្រើ​ពាក្យ​សម្ដី របស់​មនុស្ស​ឧបាយ​អាក្រក់។ គឺ​មាត់​របស់​អ្នក​កាត់​ទោស​ដល់​ខ្លួន​ហើយ មិន​មែន​ជា​ខ្ញុំ​ទេ អើ បបូរ​មាត់​របស់​អ្នក ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្លួន​អ្នក។ តើ​អ្នក​ជា​មនុស្ស​ដំបូង​ដែល​កើត​មក​ឬ? តើ​អ្នក​បាន​លេច​មក​មុន​អស់​ទាំង​ភ្នំ​ដែរ​ឬ? តើ​អ្នក​បាន​ឮ​សេចក្ដី​ប្រឹក្សា​ដ៏​កំបាំង​របស់​ព្រះ​ឬ? តើ​អ្នក​ស្មាន​ថា មាន​តែ​ខ្លួន​អ្នក​មួយ​ទេ ដែល​មាន​ប្រាជ្ញា? តើ​អ្នក​ចេះ​អ្វី​ដែល​ពួក​យើង​មិន​ចេះ? ឬ​យល់​អ្វី​ដែល​ពួក​យើង​មិន​បាន​យល់​នោះ? ខាង​យើង​មាន​ទាំង​មនុស្ស​ក្បាល​សក់​ស្កូវ និង​មនុស្ស​អាយុ​ច្រើន ដែល​ចាស់​ជាង​ឪពុក​អ្នក​ទៅ​ទៀត។ តើ​អ្នក​រាប់​ការ​កម្សាន្ត​របស់​ព្រះ​ថា​តូច​តាច​ពេក ឬ​ជា​ពាក្យ​ផ្អែម​ពី​រោះ​សម្រាប់​អ្នក? ហេតុ​អ្វី​បាន​ជា​អ្នក​បណ្តោយ​ទៅ​តាម​ចិត្ត ហើយ​មិច​ភ្នែក​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​បំបែរ​ចិត្ត​ទៅ​ទាស់​នឹង​ព្រះ ហើយបញ្ចេញ​ពាក្យ​យ៉ាង​នេះ ពី​មាត់​របស់​អ្នក​មក? តើ​មនុស្ស​ជា​អ្វី​ដែល​អាច​បាន​បរិសុទ្ធ? តើ​មនុស្ស​កើត​មក​ពី​មនុស្ស​ស្រី អាច​សុចរិត​ម្ដេច​បាន? មើល៍ ព្រះ‌អង្គ​មិន​ទុក​ចិត្ត នឹង​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​ផ្ទៃ​មេឃ​ក៏​មិន​បរិសុទ្ធ នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ដែរ ចំណង់​បើ​ម្នាក់​ដែល​គួរ​តែ​ខ្ពើម ហើយ​ស្មោក‌គ្រោក ជា​អ្នក​ដែល​ផឹក​សេចក្ដី​អាក្រក់​ដូច​ជា​ទឹក តើ​នឹង​ជា​យ៉ាង​ណា​ទៅ។ ខ្ញុំ​នឹង​សម្ដែង​ឲ្យ​អ្នក​ដឹង ចូរ​ស្តាប់​ចុះ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី ដែល​ខ្ញុំ​បាន​ឃើញ​ហើយ គឺ​ជា​សេចក្ដី​ដែល​ពួក​អ្នក​ប្រាជ្ញ​បាន​ពោល​ត​មក តាំង​តែ​ពី​បុព្វ‌បុរស​គេ ឥត​លាក់​ទុក​ឡើយ ជា​ពួក​តែ​មួយ​ដែល​បានគ្រង​គ្រង​ស្រុក ឥត​មាន​សាសន៍​ដទៃ​ណា ចូល​មក​ក្នុង​ពួក​គេ​ឡើយ។ គឺ​ថា មនុស្ស​អាក្រក់​រមែង​រង​ទុក្ខ ដោយ​ឈឺ​ចាប់​គ្រប់​មួយ​ជីវិត​របស់​គេ ឯ​អស់​ចំនួន​ឆ្នាំ​គេ​បាន​លាក់​ទុក សម្រាប់​មនុស្ស​គំហក‌កំហែង។ មាន​សូរ​គួរ​ស្ញែង​ខ្លាច​ឮ​ដល់​ត្រចៀក​គេ ក្នុង​ពេល​ដែល​កំពុង​តែ​ចម្រើន នោះ​មេ​បំផ្លាញ​នឹង​មក​លើ​គេ។

អាន យ៉ូប 15