យ៉ូប 15

15
1នោះ​អេលី‌ផាស សាសន៍​ថេម៉ាន ក៏​ឆ្លើយ​ឡើង​ថា 2តើ​គួរ​ឲ្យ​អ្នក​ប្រាជ្ញ​ឆ្លើយ ដោយ​សេចក្ដី​ចេះ​ដឹង​អសារ​ឥត​ការ ឬ​បំពេញ​ចិត្ត​ដោយ​ខ្យល់​ពី​ខាង​កើត​ឬ​ទេ 3តើ​គួរ​នឹង​ជជែក​ដោយ​សំដី​ឥត​ប្រយោជន៍ ឬ​ដោយ​ពាក្យ​អធិប្បាយ​ដែល​បង្កើត​សេចក្ដី​ល្អ​មិន​បាន​ឬ​អី 4អើ អ្នក​បំផ្លាញ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ ហើយ​ឃាត់‌ឃាំង​សេចក្ដី​នឹក‌ជញ្ជឹង នៅ​ចំពោះ​ព្រះ​ផង 5ដ្បិត​សេចក្ដី​អាក្រក់​របស់​អ្នក​បញ្ចេះ​ឲ្យ​មាត់​អ្នក​និយាយ​ចេញ​មក ហើយ​អ្នក​ប្រើ​ពាក្យ​សំដី​របស់​មនុស្ស​ឧបាយ​អាក្រក់ 6គឺ​មាត់​របស់​អ្នក​ដែល​កាត់​ទោស​ដល់​ខ្លួន​ហើយ មិន​មែន​ជា​ខ្ញុំ​ទេ អើ បបូរ​មាត់​របស់​អ្នក​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្លួន​អ្នក។
7តើ​អ្នក​ជា​មនុស្ស​ដំបូង​ដែល​កើត​មក​ឬ តើ​អ្នក​បាន​លេច​មក​មុន​អស់​ទាំង​ភ្នំ​ដែរ​ឬ 8តើ​អ្នក​បាន​ឮ​សេចក្ដី​ប្រឹក្សា​ដ៏​កំបាំង​របស់​ព្រះ​ឬ តើ​អ្នក​ស្មាន​ថា មាន​តែ​ខ្លួន​អ្នក​១​ទេ ដែល​មាន​ប្រាជ្ញា​ឬ​អី 9តើ​អ្នក​ចេះ​អ្វី​ដែល​ពួក​យើង​មិន​ចេះ​ដែរ ឬ​យល់​អ្វី​ដែល​ពួក​យើង​មិន​បាន​យល់​ផង​នោះ 10ខាង​យើង​មាន​ទាំង​មនុស្ស​ក្បាល​ស្កូវ នឹង​មនុស្ស​អាយុ​ច្រើន ដែល​ចាស់​ជាង​ឪពុក​អ្នក​ទៅ​ទៀត 11តើ​អ្នក​រាប់​សេចក្ដី​កំសាន្ត​របស់​ព្រះ​ថា មិន​គ្រាន់​ដល់​អ្នក ព្រម​ទាំង​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល​មក​អ្នក ដោយ​ផ្អែម​ពីរោះ​ផង​ឬ​អី 12ហេតុ​អ្វី​បាន​ជា​អ្នក​បណ្តោយ​ទៅ​តាម​ចិត្ត ហើយ​មិច​ភ្នែក​ដូច្នេះ 13ហេតុ​អ្វី​បាន​ជា​អ្នក​បំបែរ​ចិត្ត​ទៅ​ទាស់​នឹង​ព្រះ ហើយ​បណ្តោយ​ឲ្យ​មាត់​ពោល​សេចក្ដី​យ៉ាង​នេះ​ចេញ​មក 14តើ​មនុស្ស​ជា​អ្វី​ដែល​នឹង​ត្រូវ​បាន​បរិសុទ្ធ ជា​មនុស្ស​កើត​មក​ពី​មនុស្ស​ស្រី ដែល​នឹង​ត្រូវ​បាន​សុចរិត​នោះ 15មើល ទ្រង់​មិន​ទុក​ចិត្ត​នឹង​ពួក​បរិសុទ្ធ​របស់​ទ្រង់ ហើយ​ផ្ទៃ​មេឃ​ក៏​មិន​បរិសុទ្ធ នៅ​ព្រះ‌នេត្រ​ទ្រង់​ដែរ 16ចំណង់​បើ​ម្នាក់​ដែល​គួរ​តែ​ខ្ពើម ហើយ​ស្មោក‌គ្រោក ជា​អ្នក​ដែល​ផឹក​សេចក្ដី​អាក្រក់​ដូច​ជា​ទឹក តើ​នឹង​ជា​យ៉ាង​ណា​ទៅ។
17ខ្ញុំ​នឹង​សំដែង​ឲ្យ​អ្នក​ដឹង ចូរ​ស្តាប់​ចុះ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​ដែល​ខ្ញុំ​បាន​ឃើញ​ហើយ 18គឺ​ជា​សេចក្ដី​ដែល​ពួក​អ្នក​ប្រាជ្ញ​បាន​ពោល​ត​មក តាំង​តែ​ពី​ពួក​ឰយុកោ​គេ ឥត​លាក់​ទុក​ឡើយ 19ជា​ពួក​តែ​១​ដែល​បាន​ទទួល​គ្រង​ស្រុក ឥត​មាន​សាសន៍​ដទៃ​ណា​ចូល​មក​ក្នុង​ពួក​គេ​ឡើយ 20គឺ​ថា មនុស្ស​អាក្រក់​រមែង​រង​ទុក្ខ ដោយ​ឈឺ‌ចាប់​គ្រប់​១​ជីវិត​របស់​គេ ឯ​អស់​ចំនួន​ឆ្នាំ​គេ​បាន​លាក់​ទុក​សំរាប់​មនុស្ស​គំហក‌កំហែង 21មាន​សូរ​គួរ​ស្ញែង​ខ្លាច​ឮ​ដល់​ត្រចៀក​គេ ក្នុង​ពេល​ដែល​កំពុង​តែ​ចំរើន នោះ​មេ​បំផ្លាញ​នឹង​មក​លើ​គេ 22គេ​គ្មាន​សង្ឃឹម​នឹង​ត្រឡប់​ពី​ទី​ងងឹត​មក​វិញ​ទេ ហើយ​ក៏​ស្មាន​ថា មាន​ដាវ​នៅ​រង់‌ចាំ​គេ​ដែរ 23គេ​ដើរ​ចេញ​ទៅ​ឯ​ទី​នេះ​ផង​នោះ​ផង រក​អាហារ​បរិភោគ​ទាំង​សួរ​ថា តើ​នៅ​ឯ​ណា គេ​ស្មាន​ប្រាកដ​ថា វេលា​លំបាក​ជិត​មក​ដល់​គេ​ហើយ 24មាន​ទុក្ខ​លំបាក នឹង​សេចក្ដី​ចង្អៀត​ចិត្ត​មក​បំភ័យ​គេ ក៏​បង្គ្រប​ឈ្នះ​គេ​ដូច​ជា​ស្តេច​ណា​ដែល​រៀប​ជា​ស្រេច​នឹង​ទៅ​ច្បាំង 25ពី​ព្រោះ​គេ​បាន​លូក​ដៃ​ទៅ​ទាស់​នឹង​ព្រះ ហើយ​ក៏​ប្រព្រឹត្ត​ដោយ​ឆ្មើង‌ឆ្មៃ នៅ​ចំពោះ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា 26គេ​រត់​ទៅ​លើ​ទ្រង់​ដោយ​ក​ត្រង់ ហើយ​បាំង​ខ្លួន​នឹង​ពក​ខែល​យ៉ាង​ក្រាស់ 27ព្រោះ​គេ​មាន​សាច់​មុខ​ធាត់​ពេញ ហើយ​បាន​ឡើង​សាច់​ខ្នន់ៗ​នៅ​ចង្កេះ​ផង 28គេ​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​ស្ងាត់​ឈឹង ក្នុង​ផ្ទះ​ឥត​មាន​មនុស្ស​នៅ ដែល​ហៀប​នឹង​រលំ​ហើយ 29គេ​នឹង​មិន​ដែល​បាន​ជា​អ្នក​មាន ហើយ​ទ្រព្យ​សម្បត្តិ​គេ​ក៏​មិន​គង់​នៅ​ដែរ ឯ​ធន‌ធាន​របស់​គេ ក៏​មិន​បាន​ដុះ‌ដាល​នៅ​ផែនដី​ឡើយ 30គេ​នឹង​ចេញ​ពី​សេចក្ដី​ងងឹត​មិន​រួច អណ្តាត​ភ្លើង​នឹង​ធ្វើ​ឲ្យ​មែក​គេ​ស្វិត​ក្រៀម​ទៅ ហើយ​គេ​នឹង​ត្រូវ​ផាត់​បាត់​ទៅ ដោយ​ខ្យល់​ពី​ព្រះ‌ឱស្ឋ​នៃ​ទ្រង់ 31កុំ​បី​ឲ្យ​គេ​បញ្ឆោត​ខ្លួន ដោយ​ទុក​ចិត្ត​នឹង​សេចក្ដី​អសារ​ឥត​ការ​ឡើយ ដ្បិត​យ៉ាង​នោះ សេចក្ដី​អសារ​ឥត​ការ​នឹង​បាន​ជា​រង្វាន់​ដល់​គេ 32ការ​នោះ​នឹង​បាន​សំរេច​មុន​ពេល​កំណត់​របស់​គេ​ផង ឯ​មែក គេ​នឹង​មិន​បាន​ខៀវ​ស្រស់​ទៀត​ទេ 33គេ​នឹង​រលាស់​ជំរុះ​ផ្លែ​ខ្ចី​របស់​ខ្លួន​អស់​ទៅ ដូច​ជា​ដើម​ទំពាំង‌បាយ‌ជូរ ហើយ​នឹង​ឲ្យ​ផ្កា​ខ្លួន​ជ្រុះ​ចុះ ដូច​ជា​ដើម​អូលីវ​ដែរ 34ដ្បិត​ពួក​មនុស្ស​ទមិល​ល្មើស​នឹង​កើត​ផល​មិន​បាន ហើយ​ភ្លើង​នឹង​ឆេះ​បន្សុស​ទី​លំនៅ​របស់​ពួក​ដែល​ស៊ី​សំណូក​ផង 35គេ​មាន​គភ៌​បង្កើត​ជា​សេចក្ដី​អាក្រក់ ហើយ​ក៏​សំរាល​ចេញ​មក​ជា​សេចក្ដី​ទុច្ចរិត ឯ​ចិត្ត​គេ តែង‌តែ​រៀប​ឧបាយ​ទុក។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 15: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល