យ៉ូប 14
14
1មនុស្សដែលកើតពីស្រីមក សុទ្ធតែមានអាយុខ្លីទាំងអស់ ហើយក៏មានសេចក្ដីលំបាកជានិច្ចផង 2គេចេញមកដូចជាផ្កា រួចត្រូវកាត់ដាច់ទៅ គេរួញថយបាត់ទៅ ដូចជាស្រមោល ឥតនៅស្ថិតស្ថេរឡើយ 3តើទ្រង់បើកព្រះនេត្រទតមកលើមនុស្សបែបយ៉ាងទូលបង្គំនេះ នឹងកោះនាំទូលបង្គំទៅជាគូក្តីនឹងទ្រង់ឬ 4តើអ្នកណាអាចនឹងដកយករបស់ស្អាតចេញពីរបស់ស្មោកគ្រោកបាន គ្មានអ្នកណាធ្វើបានឡើយ 5បើថ្ងៃអាយុរបស់មនុស្សនោះបានកំណត់ស្រេច ហើយចំនួនអស់ទាំងខែនៃជីវិតរបស់គេបានកត់នៅនឹងទ្រង់ បើទ្រង់បានដំរូវព្រំខណ្ឌរបស់គេ មិនឲ្យគេរំលងហួសឡើយ 6នោះសូមទ្រង់បែរព្រះភក្ត្រចេញពីគេទៅ ដើម្បីឲ្យគេបានឈប់សំរាកចុះ គឺបែរចេញដរាបដល់គេបានសំរេចពេលកំណត់ ដូចជាជើងឈ្នួល 7ដ្បិតបើដើមឈើត្រូវកាប់រំលំទៅ នោះមានសង្ឃឹមថា នឹងពន្លកឡើងទៀត ហើយថា នឹងមិនខានមានមែកខ្ចីទៀតឡើយ 8ហើយទោះបើឫសក្រៀមទៅ ហើយគល់ងាប់នៅក្នុងដី 9គង់តែនឹងប៉ិចឡើង ដោយធុំក្លិនទឹក ព្រមទាំងបែកមែកដូចជាដើមថ្មីវិញ 10ឯមនុស្សវិញ គេស្លាប់ ហើយក៏ពុករលួយទៅ អើ មនុស្សប្រគល់វិញ្ញាណទៅ នោះតើគេនៅឯណា 11ឯទឹកភ្លៀងខានមកពីសមុទ្រ រួចស្ទឹងរីងស្ងួតទៅយ៉ាងណា 12នោះមនុស្សក៏ដេកទៅឥតក្រោកឡើងទៀតយ៉ាងនោះដែរ គេនឹងមិនភ្ញាក់ឡើងវិញ ឬអ្នកណាដាស់ឲ្យគេភ្ញាក់ពីដេកឡើងឡើយ ដរាបដល់ផ្ទៃមេឃសូន្យបាត់ទៅ។
13ឱបើទ្រង់នឹងលាក់ទូលបង្គំ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទៅអេះ ហើយទុកទូលបង្គំនៅទីស្ងាត់កំបាំងដរាបដល់សេចក្ដីក្រោធរបស់ទ្រង់ កន្លងបាត់ទៅ ហើយដំរូវឲ្យមានពេលកំណត់ដល់ទូលបង្គំ រួចនឹកចាំពីទូលបង្គំផង 14បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងទៀតឬ បើមាន នោះទូលបង្គំនឹងរង់ចាំអស់រវាងសង្គ្រាមវេទនារបស់ទូលបង្គំ ដរាបដល់កំណត់ដែលទូលបង្គំបានរឥលចេញទៅ 15នោះទ្រង់នឹងហៅ ហើយទូលបង្គំនឹងទូលតប ហើយទ្រង់នឹងមានបំណងព្រះហឫទ័យដល់ស្នាដៃដែលទ្រង់បានធ្វើ 16តែសព្វថ្ងៃនេះ ទ្រង់រាប់អស់ទាំងជំហានទូលបង្គំវិញ តើទ្រង់មិនត្រួតមើលអស់ទាំងអំពើបាបរបស់ទូលបង្គំផងទេឬអី 17សេចក្ដីរំលងរបស់ទូលបង្គំបានខ្ចប់បិទត្រាទុក ហើយទ្រង់បិទភ្ជាប់អំពើអាក្រក់របស់ទូលបង្គំផង។
18ឯភ្នំដែលរលុះបាក់ចុះ នោះត្រូវខ្ទេចខ្ទី ហើយថ្មត្រូវខ្ចាត់ចេញពីកន្លែងទៅ 19ឯទឹកក៏ហូរបន្សឹកថ្ម ហើយជំនន់ក៏ហូរចំរោះដី គឺយ៉ាងនោះដែលទ្រង់បំផ្លាញសេចក្ដីសង្ឃឹមរបស់មនុស្សទៅ 20ទ្រង់កំរាបគេជាដរាប រួចគេបាត់ទៅ ទ្រង់បំផ្លាស់បំប្រែភាពរបស់គេ ហើយកំចាត់គេទៅ 21កូនចៅរបស់គេមានកិត្តិយសឡើង តែគេមិនដឹងទេ វាត្រូវបន្ទាបចុះ តែគេមិនសំគាល់ដឹងអ្វីសោះ 22គេដឹងឈឺតែចំពោះខ្លួនគេ ហើយមានសេចក្ដីទុក្ខព្រួយតែចំពោះចិត្តខ្លួនប៉ុណ្ណោះ។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 14: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.