យ៉ូប 13

13
1មើល គ្រប់​ទាំង​អស់​នេះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​ហើយ ត្រចៀក​ខ្ញុំ​ក៏​បាន​ឮ ហើយ​យល់​ផង 2អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ដឹង នោះ​ខ្ញុំ​ក៏​ដឹង​ដែរ ខ្ញុំ​មិន​ថោក​ថយ​ជាង​អ្នក​រាល់​គ្នា​ទេ 3តែ​ខ្ញុំ​ចង់​ទូល​ដល់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​វិញ ខ្ញុំ​ប៉ង​នឹង​ត​តប​នឹង​ព្រះ​តែ​ម្តង 4ឯ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​អ្នក​បង្កើត​សេចក្ដី​កំភូត​ទទេ អ្នក​រាល់​គ្នា​ជា​គ្រូ‌ពេទ្យ​ឥត​ប្រយោជន៍​ទាំង​អស់ 5ឱ​បើ​អ្នក​រាល់​គ្នា​នឹង​នៅ​ស្ងៀម​វិញ​ទៅ​អេះ នោះ​នឹង​សំដែង​ថា អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​មែន 6ដូច្នេះ ចូរ​ស្តាប់​សេចក្ដី​ត​តប​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី​អង្វរ​របស់​បបូរ​មាត់​ខ្ញុំ​សិន 7តើ​អ្នក​រាល់​គ្នា​នឹង​និយាយ​សេចក្ដី​ទុច្ចរិត ដោយ​យល់​ដល់​ព្រះ ព្រម​ទាំង​សេចក្ដី​កំភូត​ផង​ឬ​អី 8តើ​ចង់​យោគ‌យល់​ខាង​ព្រះ ហើយ​តាំង​ខ្លួន​ជា​អ្នក​កាន់​ក្តី​ជំនួស​ទ្រង់​ឬ 9អ្នក​រាល់​គ្នា​សុខ​ចិត្ត​ឲ្យ​ទ្រង់​ស្ទង់​ចិត្ត​នៃ​អ្នក​ឬ​ទេ ឬ​អ្នក​រាល់​គ្នា​គិត​បញ្ឆោត​ទ្រង់​ដូច​ជា​បញ្ឆោត​មនុស្ស​ដែរ 10បើ​អ្នក​រាល់​គ្នា​លំអៀង​ទៅ​ខាង​ណា​ដោយ​សំងាត់ នោះ​ប្រាកដ​ជា​ទ្រង់​នឹង​បន្ទោស​ដល់​អ្នក​រាល់​គ្នា​ហើយ 11តើ​តេជា‌នុភាព​របស់​ទ្រង់​មិន​នាំ​ឲ្យ​អ្នក​រាល់​គ្នា​កោត‌ខ្លាច ហើយ​សេចក្ដី​ស្ញែង​ខ្លាច​របស់​ទ្រង់​មិន​គ្រប​លើ​អ្នក​រាល់​គ្នា​ទេ​ឬ 12សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ពោល​អាង នោះ​សុទ្ធ​តែ​ជា​ផេះ​ទាំង​អស់ សេចក្ដី​ដោះសា​របស់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ជា​ភក់​ទទេ។
13សូម​នៅ​ស្ងៀម​សិន កុំ​ធ្វើ​ខ្ញុំ ខ្ញុំ​ចង់​និយាយ​នឹង​អ្នក​រាល់​គ្នា រួច​តាម​តែ​កើត​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ 14ខ្ញុំ​នឹង​ចាប់​ពាំ​សាច់​របស់​ខ្ញុំ ហើយ​កាន់​ជីវិត​របស់​ខ្ញុំ​ទុក​នៅ​ដៃ​ដូច្នេះ​ធ្វើ​អី 15ទោះ​បើ​ទ្រង់​សំឡាប់​ខ្ញុំ​ក៏​ដោយ គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ ប៉ុន្តែខ្ញុំ​នឹង​ចេះ​តែ​ជជែក​ពី​សេចក្ដី​សុចរិត​នៃ​ផ្លូវ​ខ្ញុំ​នៅ​ចំពោះ​ទ្រង់ 16ហើយ​នេះ​នឹង​បាន​ជា​សេចក្ដី​សង្គ្រោះ​ដល់​ខ្ញុំ​ដែរ គឺ​ថា​មនុស្ស​ទមិល​ល្មើស​នឹង​ចូល​ទៅ​នៅ​ចំពោះ​ទ្រង់​មិន​បាន 17ចូរ​ប្រុង​ស្តាប់​សេចក្ដី​របស់​ខ្ញុំ​ចុះ ហើយ​ឲ្យ​សេចក្ដី​ថ្លែង​ប្រាប់​របស់​ខ្ញុំ​បាន​ចូល​ក្នុង​ត្រចៀក​អ្នក​រាល់​គ្នា​ផង 18មើល ឥឡូវ​នេះ ខ្ញុំ​បាន​រៀប‌រៀង​រឿង​ខ្ញុំ​ដោយ​លំដាប់ ខ្ញុំ​ដឹង​ហើយ ថាខ្ញុំ​នៅ​ខាង​សុចរិត 19តើ​មាន​អ្នក​ណា​ហ៊ាន​តវ៉ា​នឹង​ខ្ញុំ បើ​មាន នោះ​ខ្ញុំ​នឹង​នៅ​ស្ងៀម ហើយ​ព្រម​ប្រគល់​វិញ្ញាណ​ទៅ​វិញ។
20ឱ​សូម​ព្រះ‌ទ្រង់​ប្រោស​សេចក្ដី​តែ​២​មុខ​នេះ ដល់​ទូលបង្គំ​ចុះ នោះ​ទូលបង្គំ​នឹង​មិន​លាក់​ខ្លួន​ពី​ព្រះ‌ភក្ត្រ​ទ្រង់​ឡើយ 21គឺ​សូម​ទ្រង់​ដក​ព្រះ‌ហស្ត​ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ​ចេញ ហើយ​សូម​កុំ​ឲ្យ​សេចក្ដី​ស្ញែង​ខ្លាច​របស់​ទ្រង់ មក​បំភ័យ​ទូលបង្គំ​ទៀត 22នោះ​សូម​ទ្រង់​ហៅ​ទូលបង្គំ​ចុះ ទូលបង្គំ​នឹង​ឆ្លើយ​តប ឬ​សូម​ឲ្យ​ទូលបង្គំ​ទូល​ដល់​ទ្រង់ ហើយ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​មក​វិញ 23តើ​សេចក្ដី​ទុច្ចរិត នឹង​អំពើ​បាប​របស់​ទូលបង្គំ​មាន​ប៉ុន្មាន សូម​ទ្រង់​សំដែង​ឲ្យ​ទូលបង្គំ​បាន​ស្គាល់​អស់​ទាំង​សេចក្ដី​រំលង នឹង​អំពើ​បាប​របស់​ទូលបង្គំ​ផង 24ហេតុ​អ្វី​បាន​ជា​ទ្រង់​លាក់​ព្រះ‌ភក្ត្រ ហើយ​ទុក​ទូលបង្គំ​ដូច​ជា​ខ្មាំង​សត្រូវ​ដូច្នេះ 25ទ្រង់​នឹង​វាយ​ស្លឹក​ឈើ​ដែល​ខ្យល់​ផាត់​ទៅ​មក​ធ្វើ​អី ហើយ​ដេញ​តាម​ចំបើង​ក្រៀម​ឬ​អី 26ហេតុ​អ្វី​បាន​ជា​ទ្រង់​បាន​កត់​ទុក​អស់​ទាំង​សេចក្ដី​ជូរ​ល្វីង​ទាស់​នឹង​ទូលបង្គំ ហើយ​ឲ្យ​ទូលបង្គំ​ទទួល​ទោស​នៃ​បាប​ដែល​បាន​ធ្វើ​ពី​កាល​នៅ​ក្មេង​មក​ដូច្នេះ 27ទ្រង់​ដាក់​ជើង​ទូលបង្គំ​ជាប់​នៅ​ខ្នោះ ក៏​ចំណាំ​មើល​អស់​ទាំង​ផ្លូវ​ច្រក​នៃ​ទូលបង្គំ ហើយ​ទ្រង់​គូស​ព្រំ‌ដែន មិន​ឲ្យ​ដាន​ជើង​ទូលបង្គំ​រំលង​ឡើយ 28ទោះ​បើ​ទូលបង្គំ​ប្រៀប​ដូច​ជា​ឈើ​ដែល​ខ្មូត​ស៊ី​សុស ហើយ​ដូច​ជា​អាវ ដែល​កន្លាត​បាន​កាត់​អស់​ហើយ​ផង។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 13: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល