យ៉ូប 1:1-5
យ៉ូប 1:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅស្រុកអ៊ូស មានមនុស្សម្នាក់ឈ្មោះយ៉ូប ជាអ្នកគ្រប់លក្ខណ៍ ហើយទៀងត្រង់ ដែលគោរពកោតខ្លាចដល់ព្រះ ក៏ចៀសចេញពីសេចក្ដីអាក្រក់។ លោកបង្កើតបានកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់។ លោកមានចៀមប្រាំពីរពាន់ អូដ្ឋបីពាន់ គោប្រាំរយនឹម និងលាញីប្រាំរយ ក៏មានអ្នកបម្រើយ៉ាងសន្ធឹក បានជាលោកធំជាងមនុស្សទាំងអស់ នៅប្រទេសខាងកើត។ កូនប្រុសៗរបស់លោក គេតែងតែជប់លៀងនៅផ្ទះគេរៀងៗខ្លួនតាមវេន គេក៏បានអញ្ជើញប្អូនស្រីៗរបស់គេទាំងបីនាក់ ឲ្យមកបរិភោគជាមួយគ្នាដែរ។ ក្រោយពេលជប់លៀង លោកយ៉ូបតែងតែប្រាប់គេឲ្យទៅញែកខ្លួនជាបរិសុទ្ធ រួចក្រោកឡើងពីព្រលឹមស្រាង ថ្វាយតង្វាយដុតតាមចំនួនកូនទាំងប៉ុន្មាន ដោយពោលថា៖ «ក្រែងកូនរបស់ខ្ញុំបានធ្វើបាប ហើយមានចិត្តលះចោលព្រះយ៉ាងណា»។ លោកតែងតែធ្វើដូច្នេះជាដរាប។
យ៉ូប 1:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលពីដើម នៅស្រុកអ៊ូស មានបុរសម្នាក់ឈ្មោះយ៉ូប ជាមនុស្សទៀងត្រង់ និងសុចរិត។ លោកគោរពកោតខ្លាចព្រះជាម្ចាស់ ហើយចៀសវាងប្រព្រឹត្តអំពើអាក្រក់។ លោកយ៉ូបមានកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់។ លោកមានចៀមប្រាំពីរពាន់ក្បាល អូដ្ឋបីពាន់ក្បាល គោប្រាំរយនឹម និងលាប្រាំរយក្បាល ហើយលោកក៏មានអ្នកបម្រើជាច្រើនដែរ។ លោកជាមនុស្សមានឈ្មោះល្បីជាងគេ នៅស្រុកខាងកើត។ កូនប្រុសៗរបស់លោកតែងតែទៅជប់លៀងនៅផ្ទះរបស់ពួកគេ តាមវេនរៀងៗខ្លួន ហើយក៏អញ្ជើញបងប្អូនស្រីៗទាំងបីនាក់ទៅចូលរួមដែរ។ ក្រោយពេលជប់លៀង លោកយ៉ូបតែងតែហៅកូនៗរបស់លោក មកធ្វើពិធីជម្រះកាយឲ្យបានវិសុទ្ធ*។ លោកក្រោកពីព្រលឹម ថ្វាយតង្វាយដុតទាំងមូល សម្រាប់កូននីមួយៗ ដ្បិតលោកខ្លាចក្រែងកូនរបស់លោកប្រព្រឹត្តអំពើបាប ហើយប្រមាថព្រះជាម្ចាស់នៅក្នុងចិត្តរបស់ខ្លួន។ លោកយ៉ូបតែងតែប្រព្រឹត្តបែបនេះជានិច្ច។
យ៉ូប 1:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅស្រុកអ៊ូស មានមនុស្សម្នាក់ឈ្មោះយ៉ូប ជាអ្នកគ្រប់លក្ខណ៍ ហើយទៀងត្រង់ ដែលគោរពកោតខ្លាចដល់ព្រះ ក៏ចៀសចេញពីសេចក្ដីអាក្រក់ លោកបង្កើតបានកូនប្រុស៧ នឹងកូនស្រី៣ លោកមានចៀម៧ពាន់ អូដ្ឋ៣ពាន់ គោ៥០០នឹម នឹងលាញី៥០០ ក៏មានបាវព្រាវយ៉ាងសន្ធឹក បានជាលោកធំជាងអស់ទាំងមនុស្ស នៅប្រទេសខាងកើត។ ឯកូនប្រុសៗរបស់លោក គេតែងជប់លៀងគ្នា នៅផ្ទះគេរៀងខ្លួនតាមវេន គេក៏ចាត់ឲ្យទៅហៅប្អូនស្រីគេទាំង៣នាក់ ឲ្យមកបរិភោគជាមួយគ្នា លុះកាលបានជប់លៀងគ្នារួចហើយ នោះយ៉ូបក៏ចាត់ទៅញែកគេចេញជាបរិសុទ្ធ រួចក្រោកឡើងពីព្រលឹមស្រាង ថ្វាយដង្វាយដុតតាមចំនួនកូនទាំងប៉ុន្មាន ដោយនឹកថា ក្រែងកូនអញបានធ្វើបាប ហើយមានចិត្តលះចោលព្រះយ៉ាងណា លោកតែងតែធ្វើដូច្នេះជាដរាប។