យ៉ូហាន 6:5-14

យ៉ូហាន 6:5-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​ងើប​ព្រះ‌នេត្រ ឃើញ​មនុស្ស​កក‌កុញ​មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ភីលីព​ថា៖ «តើ​យើង​ទៅ​រក​ទិញ​នំបុ័ង​នៅ​ឯ​ណា​ឲ្យ​មនុស្ស​ទាំង​នេះ​បរិ‌ភោគ​បាន?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដើម្បី​ល្បង​ល​គាត់ ព្រោះ​ព្រះ‌អង្គ​ជ្រាប​ថា​ត្រូវ​ធ្វើ​ដូច​ម្ដេច​ហើយ។ ភីលីព​ទូល​ឆ្លើយ​ថា៖ «ទោះ​បើ​ទិញ​នំបុ័ង​អស់​ប្រាក់​ពីរ​រយ​ដេណារី ក៏​មិន​គ្រប់​គ្នា​ដែរ សូម្បី​តែ​ម្នាក់​បន្តិច»។ មាន​សិស្ស​ម្នាក់ ឈ្មោះ​អនទ្រេ ជា​ប្អូន​ស៊ីម៉ូន-ពេត្រុស ទូល​ព្រះ‌អង្គ​ថា៖ «នៅ​ទី​នេះ​មាន​ក្មេង​ប្រុស​ម្នាក់ មាន​នំបុ័ង​ម្សៅ​ឱក​ប្រាំ និង​ត្រី​តូចៗ​ពីរ ប៉ុន្តែ ដែល​មាន​ប៉ុណ្ណោះ តើ​មាន​ប្រយោជន៍​អ្វី បើ​មនុស្ស​ច្រើន​យ៉ាង​នេះ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​អង្គុយ​ចុះ​ទៅ»។ នៅ​ទី​នោះ មាន​ស្មៅ​ច្រើន ដូច្នេះ គេ​នាំ​គ្នា​អង្គុយ មាន​ចំនួន​ប្រហែល​ជា​ប្រាំ​ពាន់​នាក់។ ព្រះ‌យេស៊ូវ​យក​នំបុ័ង​មក​អរ​ព្រះ‌គុណ ហើយ​ចែក​ទៅ​ឲ្យ​ពួក​សិស្ស គេ​ក៏​ចែក​ដល់​ពួក​អ្នក​ដែល​អង្គុយ។ រីឯ​ត្រី​វិញ ក៏​ធ្វើ​ដូច្នោះ​ដែរ តាម​តែ​គេ​ចង់​បាន។ ពេល​គេ​ឆ្អែត​គ្រប់​គ្នា​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​ប្រមូល​ចំណិត​ដែល​នៅ​សល់ ដើម្បី​កុំ​ឲ្យ​បាត់​អ្វី​ឡើយ»។ គេ​ប្រមូល​ចំណិត​នំបុ័ង​ម្សៅ​ឱក ដែល​សល់​ពី​ប្រាំ​ដុំ ក្រោយ​ពី​បាន​បរិ‌ភោគ​ហើយ​នោះ បាន​ពេញ​ដប់ពីរ​កន្ត្រក។ ពេល​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ទី​សម្គាល់​ដែល​ព្រះ‌យេស៊ូវ​ធ្វើ គេ​និយាយ​ថា «លោក​នេះ​ប្រាកដ​ជា​ហោរា ដែល​ត្រូវ​មក​ក្នុង​ពិភព​លោក​មែន»។

ចែក​រំលែក
អាន យ៉ូហាន 6

យ៉ូហាន 6:5-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​ទត​ឃើញ​បណ្ដា‌ជន​មក​តាម​ព្រះអង្គ​ច្រើន​កុះ‌ករ​យ៉ាង​នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ភីលីព​ថា៖ «តើ​យើង​ទៅ​រក​ទិញ​អាហារ​ឯ​ណា​មក​ចែក​ឲ្យ​អ្នក​ទាំង​នេះ​បរិភោគ​បាន?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដើម្បី​ល្បង​មើល​ចិត្ត​លោក​ភីលីព តាម​ពិត ព្រះអង្គ​ជ្រាប​អំពី​កិច្ចការ​ដែល​ព្រះអង្គ​បម្រុង​នឹង​ធ្វើ​ស្រេច​ទៅ​ហើយ។ លោក​ភីលីព​ទូល​ថា៖ «ទោះ​បី​យើង​យក​ប្រាក់​ពីរ​រយ​ដួង*​ទៅ​ទិញ​នំប៉័ង​ក៏​មិន​គ្រាន់​ដែរ សូម្បី​តែ​ម្នាក់​មួយ​ដុំ​តូចៗ​ក៏​មិន​បាន​ផង»។ មាន​សិស្ស​ម្នាក់​ឈ្មោះ​អនទ្រេ ជា​ប្អូន​របស់​លោក​ស៊ីម៉ូន​ពេត្រុស ទូល​ព្រះអង្គ​ថា៖ «នៅ​ទី​នេះ ក្មេង​ប្រុស​ម្នាក់​មាន​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​តូចៗ​ពីរ​កន្ទុយ។ ប៉ុន្តែ បើ​មាន​តែ​ប៉ុណ្ណឹង ធ្វើ​ម្ដេច​នឹង​ឲ្យ​គ្រាន់​សម្រាប់​មនុស្ស​ដ៏​ច្រើន​យ៉ាង​នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​ឲ្យ​គេ​អង្គុយ​ចុះ»។ នៅ​ទី​នោះ​មាន​ស្មៅ​ច្រើន បណ្ដា‌ជន​ក៏​នាំ​គ្នា​អង្គុយ មាន​មនុស្ស​ប្រុស​ទាំង​អស់​ប្រមាណ​ប្រាំ​ពាន់​នាក់។ ព្រះ‌យេស៊ូ​យក​នំប៉័ង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ប្រទាន​ឲ្យ​អ្នក​អង្គុយ​នៅ​ទី​នោះ។ រីឯ​ត្រី​វិញ ព្រះអង្គ​ក៏​ធ្វើ​ដូច្នោះ​ដែរ ព្រះអង្គ​ប្រទាន​ឲ្យ​គេ តាម​តែ​ម្នាក់ៗ​ចង់​បាន។ លុះ​គេ​បាន​បរិភោគ​ឆ្អែត​ហើយ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​ប្រមូល​នំប៉័ង​ដែល​នៅ​សល់ កុំ​ឲ្យ​បាត់​មួយ​ដុំ​សោះ​ឡើយ»។ ពួក​សិស្ស​នាំ​គ្នា​រើស​សំណល់​នំប៉័ង​ទាំង​ប្រាំ​ដុំ ដែល​បណ្ដា‌ជន​បរិភោគ​សល់ ប្រមូល​ដាក់​បាន​ពេញ​ដប់‌ពីរ​ល្អី។ កាល​មនុស្ស‌ម្នា​ឃើញ​ទី​សម្គាល់​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ​នោះ ក៏​ពោល​ថា៖ «លោក​នេះ​ពិត​ជា​ព្យាការី*​ដែល​ត្រូវ​មក​ក្នុង​ពិភព​លោក​មែន» ។

ចែក​រំលែក
អាន យ៉ូហាន 6

យ៉ូហាន 6:5-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ព្រះ‌យេស៊ូវ​ទ្រង់​ងើប​ព្រះ‌នេត្រ​ឡើង ឃើញ​មនុស្ស​កក‌កុញ​មក​ឯ​ទ្រង់ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ភីលីព​ថា យើង​នឹង​ទិញ​នំបុ័ង​ពី​ណា​មក ឲ្យ​មនុស្ស​ទាំង​អស់​នេះ​បាន​បរិភោគ ទ្រង់​មាន​បន្ទូល​សួរ​ដូច្នេះ ដើម្បី​នឹង​ល្បង​ល​គាត់​ទេ ព្រោះ​ទ្រង់​ជ្រាប​ការ ដែល​ទ្រង់​គិត​ធ្វើ​ហើយ ភីលីព​ទូល​ឆ្លើយ​ថា ទោះ​បើ​ទិញ​នំបុ័ង​អស់​៤០​រៀល ក៏​មិន​គ្រាន់​ឲ្យ​គ្រប់​គ្នា សូម្បី​តែ​បន្តិច‌បន្តួច​ផង មាន​សិស្ស​ទ្រង់​ម្នាក់ ឈ្មោះ​អនទ្រេ ជា​ប្អូន​ស៊ីម៉ូន-ពេត្រុស គាត់​ទូល​ទ្រង់​ថា នៅ​ទី​នេះ​មាន​ក្មេង​ម្នាក់ មាន​នំបុ័ង​ម្សៅ​ឱក​៥​នឹង​ត្រី​តូច​២ ប៉ុន្តែ ដែល​មាន​តែ​ប៉ុណ្ណោះ តើ​មាន​ប្រយោជន៍​អ្វី​ដល់​មនុស្ស​ច្រើន​ទាំង​ម៉្លេះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​អង្គុយ​ទៅ រីឯ​នៅ​ទី​នោះ មាន​ស្មៅ​ច្រើន ដូច្នេះ គេ​ក៏​នាំ​គ្នា​អង្គុយ មាន​ចំនួន​ប្រហែល​ជា​៥​ពាន់​នាក់ រួច​ព្រះ‌យេស៊ូវ​ទ្រង់​យក​នំបុ័ង​នោះ​មក​អរ​ព្រះ‌គុណ រួច​ចែក​ទៅ​ឲ្យ​ពួក​សិស្ស គេ​ក៏​ចែក​ដល់​ពួក​អ្នក​ដែល​អង្គុយ បាន​ចែក​ទាំង​ត្រី​តូច​នោះ​បែប​ដូច្នោះ​ដែរ តាម​តែ​គេ​ចង់​បាន លុះ​គេ​បាន​ឆ្អែត​គ្រប់​គ្នា​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​ប្រមូល​ចំណិត​ដែល​សល់​នៅ ដើម្បី​កុំ​ឲ្យ​បាត់​អ្វី​ឡើយ ក្រោយ​ដែល​បរិភោគ​រួច​ហើយ នោះ​គេ​ប្រមូល​ចំណិត​នំបុ័ង​ម្សៅ​ឱក ដែល​សល់​ពី​៥​ដុំ​នោះ ដាក់​ពេញ​បាន​១២​កន្ត្រក កាល​មនុស្ស​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទី​សំគាល់ ដែល​ព្រះ‌យេស៊ូវ​ធ្វើ​នោះ គេ​ក៏​និយាយ​ថា លោក​នេះ​ប្រាកដ​ជា​ហោរា​នោះ ដែល​ត្រូវ​មក​ក្នុង​លោកីយ​មែន

ចែក​រំលែក
អាន យ៉ូហាន 6