យ៉ូហាន 6:5-14

យ៉ូហាន 6:5-14 ពគប

ឯ​ព្រះ‌យេស៊ូវ​ទ្រង់​ងើប​ព្រះ‌នេត្រ​ឡើង ឃើញ​មនុស្ស​កក‌កុញ​មក​ឯ​ទ្រង់ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ភីលីព​ថា យើង​នឹង​ទិញ​នំបុ័ង​ពី​ណា​មក ឲ្យ​មនុស្ស​ទាំង​អស់​នេះ​បាន​បរិភោគ ទ្រង់​មាន​បន្ទូល​សួរ​ដូច្នេះ ដើម្បី​នឹង​ល្បង​ល​គាត់​ទេ ព្រោះ​ទ្រង់​ជ្រាប​ការ ដែល​ទ្រង់​គិត​ធ្វើ​ហើយ ភីលីព​ទូល​ឆ្លើយ​ថា ទោះ​បើ​ទិញ​នំបុ័ង​អស់​៤០​រៀល ក៏​មិន​គ្រាន់​ឲ្យ​គ្រប់​គ្នា សូម្បី​តែ​បន្តិច‌បន្តួច​ផង មាន​សិស្ស​ទ្រង់​ម្នាក់ ឈ្មោះ​អនទ្រេ ជា​ប្អូន​ស៊ីម៉ូន-ពេត្រុស គាត់​ទូល​ទ្រង់​ថា នៅ​ទី​នេះ​មាន​ក្មេង​ម្នាក់ មាន​នំបុ័ង​ម្សៅ​ឱក​៥​នឹង​ត្រី​តូច​២ ប៉ុន្តែ ដែល​មាន​តែ​ប៉ុណ្ណោះ តើ​មាន​ប្រយោជន៍​អ្វី​ដល់​មនុស្ស​ច្រើន​ទាំង​ម៉្លេះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​អង្គុយ​ទៅ រីឯ​នៅ​ទី​នោះ មាន​ស្មៅ​ច្រើន ដូច្នេះ គេ​ក៏​នាំ​គ្នា​អង្គុយ មាន​ចំនួន​ប្រហែល​ជា​៥​ពាន់​នាក់ រួច​ព្រះ‌យេស៊ូវ​ទ្រង់​យក​នំបុ័ង​នោះ​មក​អរ​ព្រះ‌គុណ រួច​ចែក​ទៅ​ឲ្យ​ពួក​សិស្ស គេ​ក៏​ចែក​ដល់​ពួក​អ្នក​ដែល​អង្គុយ បាន​ចែក​ទាំង​ត្រី​តូច​នោះ​បែប​ដូច្នោះ​ដែរ តាម​តែ​គេ​ចង់​បាន លុះ​គេ​បាន​ឆ្អែត​គ្រប់​គ្នា​ហើយ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ចូរ​ប្រមូល​ចំណិត​ដែល​សល់​នៅ ដើម្បី​កុំ​ឲ្យ​បាត់​អ្វី​ឡើយ ក្រោយ​ដែល​បរិភោគ​រួច​ហើយ នោះ​គេ​ប្រមូល​ចំណិត​នំបុ័ង​ម្សៅ​ឱក ដែល​សល់​ពី​៥​ដុំ​នោះ ដាក់​ពេញ​បាន​១២​កន្ត្រក កាល​មនុស្ស​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទី​សំគាល់ ដែល​ព្រះ‌យេស៊ូវ​ធ្វើ​នោះ គេ​ក៏​និយាយ​ថា លោក​នេះ​ប្រាកដ​ជា​ហោរា​នោះ ដែល​ត្រូវ​មក​ក្នុង​លោកីយ​មែន

អាន យ៉ូហាន 6