យ៉ូហាន 2:1-10

យ៉ូហាន 2:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បី​ថ្ងៃ​ក្រោយ​មក មាន​គេ​រៀប​ពិធី​មង្គល​ការ​នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ។ មាតា​ព្រះ‌យេស៊ូ​នៅ​ទី​នោះ ហើយ​គេ​ក៏​បាន​យាង​ព្រះ‌យេស៊ូ និង​អញ្ជើញ​ពួក​សិស្ស*​របស់​ព្រះអង្គ ទៅ​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​នោះ​ដែរ។ ពេល​នោះ គេ​ខ្វះ​ស្រា​ទំពាំង‌បាយជូរ។ មាតា​ព្រះ‌យេស៊ូ​ទូល​ព្រះអង្គ​ថា៖ «គេ​អស់​ស្រា​ទំពាំង‌បាយជូរ​ហើយ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មាតា​ថា៖ «អ្នក​ម្ដាយ​អើយ! កុំ​រវល់​នឹង​រឿង​នេះ​អី ពេល​កំណត់​របស់​ខ្ញុំ​ពុំ​ទាន់​មក​ដល់​នៅ​ឡើយ​ទេ»។ មាតា​របស់​ព្រះអង្គ​ប្រាប់​ទៅ​ពួក​អ្នក​បម្រើ​ថា៖ «បើ​លោក​ប្រាប់​ឲ្យ​ធ្វើ​អ្វី ចូរ​ធ្វើ​តាម​ទៅ»។ នៅ​ទី​នោះ មាន​ពាង​ប្រាំ​មួយ​ដែល​ជន‌ជាតិ​យូដា​ដាក់​ទឹក សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ។ ពាង​នីមួយៗ​មាន​ចំណុះ​ប្រមាណ​ជា​ពីរ​បី​អម្រែក។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​បម្រើ​ថា៖ «សុំ​ដង​ទឹក​មក​ចាក់​ឲ្យ​ពេញ​ពាង​ទាំង​នេះ​ទៅ»។ គេ​ក៏​ដង​ទឹក​ចាក់​ពេញ​ពាង។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ សុំ​ដង​យក​ទៅ​ជូន​លោក​ចៅ‌មហា​ទៅ» គេ​ក៏​ដង​យក​ទៅ​ជូន។ លោក​ចៅ‌មហា​ភ្លក់​ទឹក ដែល​បាន​ប្រែ​មក​ជា​ស្រា​ទំពាំង‌បាយជូរ។ គាត់​មិន​ដឹង​ថា គេ​បាន​ស្រា​នេះ​មក​ពី​ណា​ឡើយ មាន​តែ​ពួក​អ្នក​បម្រើ​ដែល​បាន​ដង​ទឹក​មក​ចាក់​ពាង​ទើប​ដឹង។ គាត់​ហៅ​កូន​កំលោះ​មក និយាយ​ថា៖ «អ្នក​ផង​ទាំង​ពួង​តែង​យក​ស្រា​ទំពាំង‌បាយជូរ​ឆ្ងាញ់​មក​ជូន​ភ្ញៀវ​ជា​មុន លុះ​ភ្ញៀវ​ពិសា​ច្រើន​ហើយ ទើប​គេ​យក​ស្រា​មិន​សូវ​ឆ្ងាញ់​មក​ជូន​តាម​ក្រោយ។ រីឯ​អ្នក​វិញ ម្ដេច​ក៏​ទុក​ស្រា​ឆ្ងាញ់​មក​ទល់​ឥឡូវ​ដូច្នេះ!»។

ចែក​រំលែក
អាន យ៉ូហាន 2

យ៉ូហាន 2:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បី​ថ្ងៃ​ក្រោយ​មក មាន​ពិធី‌មង្គល‌ការ​នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ ហើយ​មាតា​ព្រះ‌យេស៊ូវ​នៅ​ទីនោះ។ គេ​បាន​យាង​ព្រះ‌យេស៊ូវ និង​អញ្ជើញ​ពួក​សិស្ស​របស់​ព្រះ‌អង្គ ទៅ​ចូល​រួម​ពិធី​មង្គល​ការ​នោះ​ដែរ។ ពេល​អស់​ស្រា​ទំពាំង​បាយ​ជូរ មាតា​ព្រះយេ‌ស៊ូវ​ទូល​ព្រះ‌អង្គ​ថា៖ «គេ​អស់​ស្រា​ទំពាំង​បាយ​ជូរ​ហើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​មាតា​ថា៖ «អ្នក​ម្ដាយ​អើយ តើ​ការ​នោះ​អំពល់​អ្វី​ដល់​យើង? ពេល​វេលា​របស់​ខ្ញុំ​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ»។ មាតា​ព្រះ‌អង្គ​ប្រាប់​ពួក​អ្នក​បម្រើ​ថា៖ «ចូរ​ធ្វើ​តាម​អ្វី​ដែល​លោក​ប្រាប់​ចុះ»។ នៅ​ទី​នោះ មាន​ពាង​ថ្ម​ប្រាំ​មួយ ដែល​សាសន៍​យូដា​ប្រើ​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ ពាង​មួយៗ​ចំណុះ​ទឹក​ពីរ​ឬ​បី​អម្រែក។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ចាក់​ទឹក​ឲ្យ​ពេញ​ពាង​ទាំង​នេះ​ទៅ» គេ​ក៏​ចាក់​ទឹក​ពេញ​ដល់​មាត់​ពាង។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ប្រាប់​គេ​ថា៖ «ឥឡូវ​នេះ ចូរ​ដង​យក​ទៅ​ជូន​លោក​ចៅ​មហា​ទៅ» គេ​ក៏​ដង​យក​ទៅ​ជូន។ ពេល​ចៅមហា​ភ្លក់​ទឹក ដែល​បាន​ប្រែ​មក​ជា​ស្រា​ទំពាំង​បាយ​ជូរ ហើយ​មិន​ដឹង​ថា​ស្រា​នេះ​មក​ពី​ណា (មាន​តែ​ពួក​អ្នក​បម្រើ​ដែល​ដង​ទឹក​ប៉ុណ្ណោះ​ទើប​ដឹង) ចៅមហា​ក៏​ហៅ​កូន​កំលោះ​មក​និយាយ​ថា៖ «មនុស្ស​គ្រប់​គ្នា​តែង​លើក​ស្រា​ទំពាំង​បាយ​ជូរ​ឆ្ងាញ់ មក​ជូន​ភ្ញៀវ​ជា​មុន លុះ​បាន​ពិសា​ច្រើន​ហើយ ទើប​លើក​ស្រា​មិន​សូវ​ឆ្ងាញ់​មក​ជា​ក្រោយ តែ​អ្នក​វិញ បែរ​ជា​ទុក​ស្រា​ឆ្ងាញ់​មក​ទល់​ពេល​នេះ»។

ចែក​រំលែក
អាន យ៉ូហាន 2

យ៉ូហាន 2:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​៣​ថ្ងៃ​ក្រោយ​មក មាន​វិវាហ‌មង្គល នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ ហើយ​មាតា​ព្រះ‌យេស៊ូវ​ក៏​នៅ​ឯ​ណោះ​ស្រាប់ គេ​បាន​អញ្ជើញ​ព្រះ‌យេស៊ូវ ព្រម​ទាំង​ពួក​សិស្ស​ទ្រង់​ទៅ​ឯ​ការ​នោះ​ដែរ កាល​ស្រា​ទំពាំង‌បាយ‌ជូរ​អស់​ហើយ នោះ​មាតា​ព្រះ‌យេស៊ូវ​ទូល​ទ្រង់​ថា គេ​អស់​ស្រា​ទំពាំង‌បាយ‌ជូរ​ហើយ តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា មាតា​អើយ តើ​ការ​នោះ​អំពល់​អ្វី​ដល់​យើង ពេល​វេលា​ខ្ញុំ​មិន​ទាន់​មក​ដល់​នៅ​ឡើយ មាតា​ទ្រង់​ក៏​ប្រាប់​ដល់​ពួក​បាវ​ថា ការ​អ្វី​ដែល​លោក​ប្រាប់​ឲ្យ​ធ្វើ នោះ​ត្រូវ​ធ្វើ​ចុះ រីឯ​នៅ​ទី​នោះ មាន​ពាង​ថ្ម​៦ តាម​ទំនៀម​ការ​លាង​សំអាត​របស់​សាសន៍​យូដា ពាង​មួយៗ​នោះ​ចំណុះ​ទឹក​បាន​២​ឬ​៣​អម្រែក ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​ចាក់​ទឹក​ឲ្យ​ពេញ​ពាង​ទាំង​នេះ​ទៅ គេ​ក៏​ចាក់​ទឹក​ពេញ​ដល់​មាត់​ពាង រួច​ទ្រង់​មាន​បន្ទូល​ប្រាប់​គេ​ថា ឥឡូវ​នេះ ចូរ​ដង​យក​ទៅ​ជូន​ដល់​លោក ជា​មង្គល‌ការ​ចុះ គេ​ក៏​ដង​យក​ទៅ កាល​អ្នក​មង្គល‌ការ​បាន​ភ្លក់​ទឹក ដែល​បាន​ប្រែ​ទៅ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​ហើយ ឥត​មាន​ដឹង​ជា​មក​ពី​ណា (តែ​ពួក​បាវ​បំរើ​ដែល​ដង​ទឹក​នោះ គេ​ដឹង) នោះ​អ្នក​មង្គល‌ការ​ក៏​ហៅ​ប្ដី​ថ្មោង‌ថ្មី​មក​និយាយ​ថា មនុស្ស​ទាំង‌ឡាយ គេ​តែង‌តែ​លើក​ស្រា​ទំពាំង‌បាយ‌ជូរ​ល្អ​មក​ជា​មុន លុះ​កាល​បាន​ផឹក​ជា​ច្រើន​ហើយ នោះ​ទើប​លើក​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​មិន‌សូវ​ល្អ​មក​ជា​ក្រោយ តែ​នេះ អ្នក​បាន​ទុក​ស្រា​ទំពាំង‌បាយ‌ជូរ​យ៉ាង​ល្អ ដរាប​ដល់​ឥឡូវ​នេះ​វិញ

ចែក​រំលែក
អាន យ៉ូហាន 2