យ៉ូហាន 2

2
ពិធី​មង្គល‌ការ​នៅ​ភូមិ​កាណា
1បី​ថ្ងៃ​ក្រោយ​មក មាន​ពិធី‌មង្គល‌ការ​នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ ហើយ​មាតា​ព្រះ‌យេស៊ូវ​នៅ​ទីនោះ។ 2គេ​បាន​យាង​ព្រះ‌យេស៊ូវ និង​អញ្ជើញ​ពួក​សិស្ស​របស់​ព្រះ‌អង្គ ទៅ​ចូល​រួម​ពិធី​មង្គល​ការ​នោះ​ដែរ។ 3ពេល​អស់​ស្រា​ទំពាំង​បាយ​ជូរ មាតា​ព្រះយេ‌ស៊ូវ​ទូល​ព្រះ‌អង្គ​ថា៖ «គេ​អស់​ស្រា​ទំពាំង​បាយ​ជូរ​ហើយ»។ 4ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​មាតា​ថា៖ «អ្នក​ម្ដាយ​អើយ តើ​ការ​នោះ​អំពល់​អ្វី​ដល់​យើង? ពេល​វេលា​របស់​ខ្ញុំ​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ»។ 5មាតា​ព្រះ‌អង្គ​ប្រាប់​ពួក​អ្នក​បម្រើ​ថា៖ «ចូរ​ធ្វើ​តាម​អ្វី​ដែល​លោក​ប្រាប់​ចុះ»។ 6នៅ​ទី​នោះ មាន​ពាង​ថ្ម​ប្រាំ​មួយ ដែល​សាសន៍​យូដា​ប្រើ​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ ពាង​មួយៗ​ចំណុះ​ទឹក​ពីរ​ឬ​បី​អម្រែក។ 7ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ចាក់​ទឹក​ឲ្យ​ពេញ​ពាង​ទាំង​នេះ​ទៅ» គេ​ក៏​ចាក់​ទឹក​ពេញ​ដល់​មាត់​ពាង។ 8ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ប្រាប់​គេ​ថា៖ «ឥឡូវ​នេះ ចូរ​ដង​យក​ទៅ​ជូន​លោក​ចៅ​មហា​ទៅ» គេ​ក៏​ដង​យក​ទៅ​ជូន។ 9ពេល​ចៅមហា​ភ្លក់​ទឹក ដែល​បាន​ប្រែ​មក​ជា​ស្រា​ទំពាំង​បាយ​ជូរ ហើយ​មិន​ដឹង​ថា​ស្រា​នេះ​មក​ពី​ណា (មាន​តែ​ពួក​អ្នក​បម្រើ​ដែល​ដង​ទឹក​ប៉ុណ្ណោះ​ទើប​ដឹង) ចៅមហា​ក៏​ហៅ​កូន​កំលោះ​មក​និយាយ​ថា៖ 10«មនុស្ស​គ្រប់​គ្នា​តែង​លើក​ស្រា​ទំពាំង​បាយ​ជូរ​ឆ្ងាញ់ មក​ជូន​ភ្ញៀវ​ជា​មុន លុះ​បាន​ពិសា​ច្រើន​ហើយ ទើប​លើក​ស្រា​មិន​សូវ​ឆ្ងាញ់​មក​ជា​ក្រោយ តែ​អ្នក​វិញ បែរ​ជា​ទុក​ស្រា​ឆ្ងាញ់​មក​ទល់​ពេល​នេះ»។ 11ព្រះ‌យេស៊ូវ​ធ្វើ​ទី​សម្គាល់​មុន​ដំបូង​នេះ នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ ទាំង​សម្តែង​សិរី​ល្អ​របស់​ព្រះ‌អង្គ ហើយ​ពួក​សិស្ស​ក៏​ជឿ​ដល់​ព្រះ‌អង្គ។
12ក្រោយ​មក ព្រះ‌អង្គ​យាង​ចុះ​ទៅ​ក្រុង​កាពើ‌ណិម ជា​មួយ​មាតា បង‌ប្អូន និង​ពួក​សិស្ស​ព្រះ‌អង្គ ហើយ​ស្នាក់​នៅ​ទីនោះ​បួន​ប្រាំ​ថ្ងៃ។
ព្រះ‌យេស៊ូវ​សម្អាត​ព្រះ‌វិហារ
13បុណ្យ​រំលង​របស់​សាសន៍​យូដា​ជិត​មក​ដល់​ហើយ ព្រះ‌យេស៊ូវ​ក៏​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម។ 14ពេល​ព្រះ‌អង្គ​ឃើញ​ពួក​អ្នក​លក់​គោ លក់​ចៀម លក់​ព្រាប និង​ពួក​អ្នក​ដូរ​ប្រាក់ អង្គុយ​នៅ​ក្នុង​ព្រះ‌វិហារ 15ព្រះ‌អង្គ​ក៏​យក​ខ្សែ​ធ្វើ​ជា​រំពាត់ ដេញ​គេ​ចេញ​ពី​ព្រះ‌វិហារ​ទាំង​អស់ ទាំង​ចៀម ទាំង​គោ ហើយ​ចាក់​ប្រាក់​របស់​ពួក​អ្នក​ដូរ​ប្រាក់​ចេញ ព្រម​ទាំង​ផ្កាប់​តុ​របស់​គេ​ផង។ 16ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​ពួក​អ្នក​លក់​ព្រាប​ថា៖ «ចូរ​យក​របស់​ទាំង​នេះ​ចេញ កុំ​យក​ដំណាក់​របស់​ព្រះ‌វរបិតា​ខ្ញុំ ធ្វើ​ជា​កន្លែង​ជំនួញ​ឡើយ!» 17សិស្ស​ព្រះ‌អង្គ​ក៏​នឹក​ឃើញ​សេចក្តី​ដែល​មាន​ចែង​ទុក​មក​ថា៖ «សេចក្តីឧស្សាហ៍​ដល់​ដំណាក់​ព្រះ‌អង្គ នឹង​បំផ្លាញ​ទូល​បង្គំ» ។ 18ពេល​នោះ ពួក​សាសន៍​យូដា​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ដែល​លោក​ធ្វើ​ដូច្នេះ តើ​លោក​មាន​ទី​សម្គាល់​អ្វី​បង្ហាញ​យើង?» 19ព្រះ‌យេស៊ូវ​ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​បំផ្លាញ​ព្រះ‌វិហារ​នេះ​ចុះ ហើយ​ក្នុង​រវាង​បី​ថ្ងៃ ខ្ញុំ​នឹង​សង់​ឡើង​វិញ»។ 20ពួក​សាសន៍​យូដា​ទូល​ថា៖ «គេ​សង់​ព្រះ‌វិហារ​នេះ​អស់​សែសិប​ប្រាំមួយ​ឆ្នាំ តែ​លោក​នឹង​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ​ឬ?» 21ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​អំពី​ព្រះ‌វិហារ ដែល​ជា​រូប​អង្គ​ទ្រង់​ទេ។ 22ក្រោយ​ពី​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ទើប​ពួក​សិស្ស​ព្រះ‌អង្គ​នឹក​ឃើញ​ថា ព្រះ‌អង្គ​បាន​មាន​ព្រះ​បន្ទូល​ពាក្យ​នេះ ហើយ​គេ​ក៏​ជឿ​ព្រះគម្ពីរ និង​សេចក្ដី​ដែល​ព្រះ​យេស៊ូវ​មាន​ព្រះ‌បន្ទូល។
23ពេល​ព្រះ‌អង្គ​គង់​នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​វេលា​បុណ្យ​រំលង មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ព្រោះ​គេ​ឃើញ​ទី​សម្គាល់​ដែល​ព្រះ‌អង្គ​បាន​ធ្វើ។ 24ប៉ុន្តែ ព្រះ‌យេស៊ូវ​មិន​ទុក​ចិត្ត​គេ​ទេ ព្រោះ​ព្រះ‌អង្គ​ស្គាល់​មនុស្ស​ទាំង​អស់ 25ហើយ​ព្រះ‌អង្គ​មិន​ត្រូវ​ការ ឲ្យ​អ្នក​ណា​ធ្វើ​បន្ទាល់​ពី​អ្នក​ណា​ឡើយ ដ្បិត​ព្រះ‌អង្គ​ជ្រាប​ពី​ជម្រៅ​ចិត្ត​របស់​មនុស្ស។

ទើបបានជ្រើសរើសហើយ៖

យ៉ូហាន 2: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល