យ៉ូហាន 2:1-10

យ៉ូហាន 2:1-10 ពគប

លុះ​៣​ថ្ងៃ​ក្រោយ​មក មាន​វិវាហ‌មង្គល នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ ហើយ​មាតា​ព្រះ‌យេស៊ូវ​ក៏​នៅ​ឯ​ណោះ​ស្រាប់ គេ​បាន​អញ្ជើញ​ព្រះ‌យេស៊ូវ ព្រម​ទាំង​ពួក​សិស្ស​ទ្រង់​ទៅ​ឯ​ការ​នោះ​ដែរ កាល​ស្រា​ទំពាំង‌បាយ‌ជូរ​អស់​ហើយ នោះ​មាតា​ព្រះ‌យេស៊ូវ​ទូល​ទ្រង់​ថា គេ​អស់​ស្រា​ទំពាំង‌បាយ‌ជូរ​ហើយ តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា មាតា​អើយ តើ​ការ​នោះ​អំពល់​អ្វី​ដល់​យើង ពេល​វេលា​ខ្ញុំ​មិន​ទាន់​មក​ដល់​នៅ​ឡើយ មាតា​ទ្រង់​ក៏​ប្រាប់​ដល់​ពួក​បាវ​ថា ការ​អ្វី​ដែល​លោក​ប្រាប់​ឲ្យ​ធ្វើ នោះ​ត្រូវ​ធ្វើ​ចុះ រីឯ​នៅ​ទី​នោះ មាន​ពាង​ថ្ម​៦ តាម​ទំនៀម​ការ​លាង​សំអាត​របស់​សាសន៍​យូដា ពាង​មួយៗ​នោះ​ចំណុះ​ទឹក​បាន​២​ឬ​៣​អម្រែក ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​ចាក់​ទឹក​ឲ្យ​ពេញ​ពាង​ទាំង​នេះ​ទៅ គេ​ក៏​ចាក់​ទឹក​ពេញ​ដល់​មាត់​ពាង រួច​ទ្រង់​មាន​បន្ទូល​ប្រាប់​គេ​ថា ឥឡូវ​នេះ ចូរ​ដង​យក​ទៅ​ជូន​ដល់​លោក ជា​មង្គល‌ការ​ចុះ គេ​ក៏​ដង​យក​ទៅ កាល​អ្នក​មង្គល‌ការ​បាន​ភ្លក់​ទឹក ដែល​បាន​ប្រែ​ទៅ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​ហើយ ឥត​មាន​ដឹង​ជា​មក​ពី​ណា (តែ​ពួក​បាវ​បំរើ​ដែល​ដង​ទឹក​នោះ គេ​ដឹង) នោះ​អ្នក​មង្គល‌ការ​ក៏​ហៅ​ប្ដី​ថ្មោង‌ថ្មី​មក​និយាយ​ថា មនុស្ស​ទាំង‌ឡាយ គេ​តែង‌តែ​លើក​ស្រា​ទំពាំង‌បាយ‌ជូរ​ល្អ​មក​ជា​មុន លុះ​កាល​បាន​ផឹក​ជា​ច្រើន​ហើយ នោះ​ទើប​លើក​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​មិន‌សូវ​ល្អ​មក​ជា​ក្រោយ តែ​នេះ អ្នក​បាន​ទុក​ស្រា​ទំពាំង‌បាយ‌ជូរ​យ៉ាង​ល្អ ដរាប​ដល់​ឥឡូវ​នេះ​វិញ

អាន យ៉ូហាន 2